គ្រាន់តែ​បើក​ដំណើរការ​សាកល្បង​ថ្ងៃ​ដំបូង AEON Mall 2 មាន​មនុស្ស​ចូល​លេង​កកកុញ

គ្រាន់តែ​បើក​ដំណើរការ​សាកល្បង មិនទាន់បាន​សម្ពោធ​ជា​ផ្លូវការ​ផង ផ្សារ​ទំនើប AEON Mall 2ដែលជា​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ ដែល​ស្ថិតនៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​មាន​មនុស្សម្នា​ចូល​លេង​ច្រើន​កកកុញ​យ៉ាង​នឹកស្មាន​មិន​ដល់។

ជាមួយ​ការ​នឹង​បើកទ្វារ​សាកល្បង​ទទួល​អតិថិជន​នៅ​ថ្ងៃ​ដំបូង​នេះ គេ​ឃើញ​មាន​វត្តមាន​នៃ​បណ្តា​ហាង​លក់ទំនិញល្បីៗ ក្រុមហ៊ុន​លក់​គ្រឿង​អេឡិចត្រូនិក ក្រុមហ៊ុន​លក់​រថយន្ត ហាង​លក់​សម្លៀកបំពាក់​ទាន់សម័យ ហាង​លក់​សម្ភារ​ក្មេង ក៏ដូចជា​ហាង​អាហា​រដ្ឋា​ន​ដ៏​សម្បូរបែប​មួយចំនួន​បាន​បើក​ដំណើរការ ក្រោម​ការគាំទ្រ​ពី​សំណាក់​អ្នក​មក​ចូលរួម​ក្នុង​ការបើក​សាកល្បង​នេះ​យ៉ាងច្រើន​កុះករ។

គួរ​បញ្ជាក់ថា​ផ្សារ​ទំនើប AEON Mall 2 ស្ថិតនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​នេះ គ្របដណ្ដប់​នៅលើ​ផ្ទៃដី​សរុប​ប្រមាណ151,000ម៉ែត្រការ៉េ ដែលមាន​ទីលាន​ខាងក្រៅ​ជាទី​ចំណត​យានយន្ត​ធំ​ទូលាយ ដែល​អាច​ផ្ទុក​រថយន្ត​បាន​ប្រមាណ​ជា 2,500 គ្រឿង និង​ម៉ូតូ​ជាង2,000គ្រឿង។

បើ​មិនមាន​ការប្រែប្រួល​ទេ ផ្សារ​ទំនើប AEON Mall ទី2 នឹង​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី20 ខែមិថុនា​ខាងមុខនេះ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

Advertisement