មុន​ចាប់ផ្តើម​អាជីវកម្ម អ្នក​គួរ​មាន​ទំនាក់ទំនង​ជាមួយ​អតិថិជន​គោលដៅ​ជាមុនសិន

លោក ឆាក់ សុជាតិ

ការបង្កើត​អាជីវកម្ម​មួយ​មិនមែនជា​ការលំបាក​នោះទេ ប៉ុន្តែ​ការលំបាក​គឺ ធ្វើយ៉ាងណា​ដើម្បីឱ្យ​អាជីវកម្ម​ដំណើរការ​ទៅមុខ​បាន​រហូត មិនមាន​ឈប់​ឬ​បញ្ចប់​កណ្ដាល​ទីនោះ​ឡើយ ហើយ​ដើម្បីឱ្យ​អាជីវកម្ម​ដំណើរការ​ទៅមុខ​បាន​ជោគជ័យ លុះត្រាតែ​អ្នកជំនួញ​បង្កើត​អតិថិជន​គោលដៅ​ជាមុន ដែល​នេះ​ជាការ​លើកឡើង​របស់លោក ឆាក់ សុជាតិ អ្នកជំនួញ​វ័យក្មេង​ម្នាក់​នៅ​កម្ពុជា។

លោក ឆាក់ សុជាតិ ដែលជា​អគ្គនាយក​ក្រុមហ៊ុន Three Natural Life មានប្រសាសន៍ថា​បច្ចុប្បន្ន​លោក​មាន​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន4 នៅក្នុង​ដៃ ដោយ​ក្រុមហ៊ុន​ទាំងនោះ​មានដូចជា ក្រុមហ៊ុន​ផលិត​សាប៊ូ​ម៉ាក Dr. Natural ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ ក្រុមហ៊ុន​ផលិត​ប្រេងឆា និង​ស្ករស ជាដើម​ដែល​ផលិតផល​ទាំងនេះ​កំពុងមាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន​នៅ​ទូទាំងប្រទេសកម្ពុជា។

ពិសេស​ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ​ដែល​ចំណាយ​ទុន​ប្រមាណ​ជា 5លាន​ដុល្លារ​សាងសង់ឡើង បច្ចុប្បន្ន​ផលិត និង​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​មិន​គ្រប់​ទៀតផង ហើយ​កំពុង​ពិចារណា​សហការជាមួយ​វិនិយោគិន​បរទេស​ដើម្បី​បោះទុន​វិនិយោគ​បន្ថែម​សម្រាប់​ពង្រីក​អាជីវកម្ម នេះ​ឱ្យ​កាន់តែ​ធំ​បំពេញតម្រូវការ​អតិថិជន​ឱ្យបាន​គ្រប់គ្រាន់ ចំណែក​ផលិតផល​ដទៃទៀត​ទន្ទឹមគ្នា​នោះ​ក៏​កំពុងមាន​ការគាំទ្រ​ច្រើន​គួរសម​ពី​អតិថិជន​ដែរ។

លោក​ថា មុននឹង​សម្រេចចិត្ត​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង លោក​មិនមែន​ធ្វើ​ទៅតាម​ក្តី​ស្រមៃ ឬ​តាម​ការស្រឡាញ់ ឬ​ធ្វើ​ទៅតាម​ការនឹកឃើញ​នោះទេ ពោលគឺ​មុននឹង​បង្កើត លោក​បាន​សិក្សា​ពី​ទីផ្សារធ្វើ​ផែនការ​ច្បាស់លាស់ និង​ទំនាក់ទំនង​ជាមួយ​អតិថិជន​គោលដៅ​បានជា​ច្រើន ហើយ ដូចជា​ទំនាក់ទំនង​នៅក្នុង​សិក្ខាសាលា ការតាំង​ពិ​ព័​ណ៍​ពាណិជ្ជកម្ម ការចូលរួម​កម្មវិធីផ្សេងៗ និង​ទំនាក់ទំនង​សង្គម​ខាងក្រៅ​ទៀតផង “មុននឹង​ចាប់ផ្តើម ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​អតិថិជន​គោលដៅ​របស់ខ្ញុំ​បាន​ប្រហែល 30 ទៅ40%រួចទៅហើយ។ បង​ដឹង​ទេ? សម្រាប់​ផលិតផល​មួយ​បើសិន​មាន​អតិថិជន​គាំទ្រ​ពី10 ទៅ20%រួចហើយនោះ វា​នឹង​ដើរទៅ​មុខ​ដោយ​រលូន​ចុះ​ចំណែក​ខ្ញុំ​ដែល​បាន​ទំនាក់ទំនង30 ទៅ40%នៃ​អតិថិជន​គោលដៅ​រួចហើយនោះ វា​ប្រាកដ​ណាស់​ថា ទំនិញ​ខ្ញុំ​ប្រាកដជា​ទទួលបាន​ជោគជ័យ​នៅលើ​ទីផ្សារ​មិន​ខាន។

លោក​បាន​ប្រាប់​ឱ្យដឹងថា សម្រាប់​អតិថិជន​ដែល​លក់​ផលិតផល​ទាំង​ប៉ុន្មាន​មុខ​ខាងលើនេះ គឺ​មាននៅ​ពាសពេញ​ប្រទេស នៅទីណា​ក៏​ជា​អតិថិជន​របស់​យើង​ដែរ ដូច្នេះ​ពេល​ដើរទៅ​ណា​មក​ណាត្រូវបង្កើត​ទំនាក់ទំនង (Build Connection) ជាប់​ជាប្រចាំ ប៉ុន្តែ​យើង​ត្រូវតែ​មើល​ដែរ​ថា តើ​មនុស្ស​ប្រភេទ​ណា​ដែលជា​អតិថិជន​គោលដៅ​ពិតប្រាកដ​របស់​យើង “ខ្ញុំ​ឧទាហរណ៍​ថា យើង​បង្កើត​គម្រោង​លក់​អចលនទ្រព្យ ដីធ្លី ផ្ទះល្វែង ឬ​ផ្ទះ​វីឡា​ជាដើម ហើយ​បើ​យើង​ទៅ​ទំនាក់ទំនង​ជាមួយ​សិស្ស-និស្សិត ឬ​ប្រជាជន​តាម​ទីជនបទ សួរថា តើ​ពួកគាត់​មាន​ប្រាក់​ទិញ​ផលិតផល​អចលនទ្រព្យ​របស់​យើង​ដែរឬទេ?

ដូច្នេះ​អតិថិជន​របស់​យើង​គឺ អ្នកធ្វើការ​រាជការ អ្នកធ្វើការងារ​ឯកជ​ន ឬ​អ្នកជំនួញ​ជាដើម អ៊ីចឹង​មុននឹង​ចាប់ផ្តើម​អាជីវកម្ម​អ្វីមួយ​ត្រូវ​សម្លឹងមើល​អតិថិជន​គោលដៅឱ្យចំៗ ចៀសវាង​ការបរាជ័យ។

លោក​បន្តថា ក្រៅតែពី​ទំនាក់ទំនង​ក្នុង​ការងារ លោក​ក៏​តែង​ព្យាយាម​ធ្វើការ​ទំនាក់ទំនង​ជាមួយ​សង្គម​ខាងក្រៅ​ឱ្យបាន​កាន់តែច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​ផងដែរ ទោះជា​ពេលខ្លះ​គេ​មិន​ចាប់អារម្មណ៍​ជាមួយ​យើង​ក៏ដោយ ក៏​យើង​នៅតែ​រក​វិធីសាស្ត្រ​និយាយ​ជាមួយ​គេ​ដោយ​ស្និទ្ធស្នាល​ឱ្យបាន។

ត្រង់ចំណុច​នេះ​លោក​បានលើកឡើង​តាមរយៈ​បទពិសោធ​ផ្ទាល់ខ្លួន​ថា​ថ្ងៃមួយ ថ្ងៃ​ដែល​មិត្ត​ភ័ក្តិ​របស់លោក​រៀបការ​គឺជា​ថ្ងៃ​ដែល​លោក​ត្រូវ​ឡើង​យន្តហោះ​ទៅ​បំពេញការងារ​នៅក្រៅ​ប្រទេស​ដែរប៉ុន្តែ​យ៉ាងណា​ក៏​លោក​បាន​ឆ្លៀតពេល​ទៅមុន​ម៉ោង​ទៅ​ចងដៃ​ជូនពរ​មិត្ត​ភ័ក្តិ​ឱ្យបាន​មួយ​ភ្លែត​ក៏​គ្នា​អស់ចិត្ត​ដែរ។ រឿង​មួយទៀត អតីត​បុគ្គលិក​របស់​លោក​ម្នាក់ ដែល​ឈប់​ធ្វើការ​យូរ​ឆ្នាំ​មកហើយ បានមក​អញ្ជើញ​ការ​នៅឯ​ខេត្ត​ឆ្ងាយ ក៏​លោក​មិន​បោះបង់ចោល​ដែរ លោក​សុខចិត្ត​ចំណាយ​ប្រាក់​ចាក់​សាំង​រថយន្ត​ធ្វើដំណើរ​តែម្នាក់ឯង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ដើម្បី​បាន​ចូលរួម​មង្គលការ​របស់​អតីត​បុគ្គលិក​ម្នាក់​នោះ លើកទឹកចិត្ត​ដល់​អ្នក​ដែល​គេ​ធ្លាប់ធ្វើ​ការឱ្យ​យើង ដែល​គេ​ធ្លាប់ជួយ​ឱ្យ​ក្រុមហ៊ុន​យើង​ដំណើរការបាន​រហូតមក​ទល់​បច្ចុប្បន្ន។

ងាក​មក​មើល​ទីផ្សារ​បច្ចុប្បន្ន​វិញ មិន​ខ្វះ​ទេ​អ្នកជំនួញ​បរាជ័យ ពោលគឺ​ក្នុងចំណោម​អ្នកបង្កើត​ក្រុមហ៊ុន​ចំនួន 100នាក់ មាន​ចន្លោះ​ពី50 ទៅ80%ហើយ​ដែល​បរាជ័យ ដោយសារ​ពួកគាត់​បង្កើតឡើង​ដោយ​មិនបាន​រៀបចំ​គម្រោង​ផែន​ការឱ្យ​ច្បាស់ និង​មិនបាន​បង្កើត​អតិថិជន​គោលដៅ​ជាមុន។ ដោយ​ពួកគេ​ទាំងនោះ ភាគច្រើន​ជា​អ្នកមាន​លុយ មិន​ចូលចិត្ត​ធ្វើការ​ឱ្យគេ បង្កើត​ក្រុមហ៊ុន​ទៅតាម​ការនឹកឃើញ ទៅតាម​ការស្រឡាញ់ ដើម្បីឱ្យ​គ្រាន់​តែមាន​ការងារ​ធ្វើ​បំបាត់​ការ​អផ្សុក​តែប៉ុណ្ណោះ អារម្មណ៍​បែបនេះ​នៅពេល​ធ្វើយូរៗទៅនឹង​ធុញ ហើយនឹង​ឆាប់​បោះបង់ចោល​មិន​ខាន។

លោក ឆាក់ សុជាតិ អគ្គនាយក​ក្រុមហ៊ុន Three Natural Life

សម្រាប់​បទពិសោធ​ផ្ទាល់​របស់​សហគ្រិន​វ័យក្មេង​រូបនេះ ដើមឡើយ​លោក​កើតចេញពី​គ្រួសារ​ក្រីក្រ​នៅ​ជនបទ​មួយ ដោយសារតែ​ស្ថានភាព​គ្រួសារ​ជួប​ការលំបាក ជាប់បំណុល​ធនាគារ​ដោះ​ស្រាយមិន​ចេញ ក៏​ដាច់ចិត្ត​ធ្វើដំណើរ​មក​ភ្នំពេញ រៀន​បណ្តើរ​រក​ការងារ​ធ្វើ​បណ្តើរ មុនដំបូង​ធ្វើការ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​មួយ​ដែលមាន​ប្រាក់ខែ 200ដុល្លារ។ លុះ​ធ្វើការ​យូរ​ទៅ​ក្រុមហ៊ុន​មាន​ទំនុកចិត្ត​ក៏​លក់​ភាគហ៊ុន​ចំនួន 3%មកឱ្យ​ក្នុង​ទឹកប្រាក់ 2ពាន់​ដុល្លារ។

កាលណោះ​ដោយសារ​ឃើញ​សក្តានុពល​នៃ​វិស័យ​សារព័ត៌មាន លោក​ក៏បាន​សម្រេចចិត្ត​ទិញ​ទាំង​មិនមាន​លុយ​នៅជាប់​ខ្លូន​មួយ​រៀល​សោះ។ នៅពេល​ទិញ លោក​បាន​សុំ​ប្រធាន​បង់​ពាក់កណ្តាល​សិន (ស្មើនឹង1,000ដុល្លារ) លុះដល់​ប្រធាន​យល់ព្រម លោក​ក៏​ដាច់ចិត្ត​ទៅ​ខ្ចីលុយ​មិត្ត​ភ័ក្តិ​របស់​បងប្រុស​របស់​លោក​មក​ទិញ​ភាគហ៊ុន​នោះ។ ក្រោយមក​លោក​ក៏បាន​លក់​ភាគហ៊ុន​នោះ​បន្ត ដោយ​ចំណេញ​បាន​ប្រាក់​មួយចំនួនធំ ទើប​ចាប់ផ្តើម​ចេញទៅ​រកស៊ី​ផ្ទាល់ខ្លួន ធ្វើ​រោងចក្រ​ផលិត​ប្រេងឆា ស្ករស​លក់​នៅតាម​ទីផ្សារ​នានា លុះ​មានការ​គាំទ្រ​ច្រើន​ហើយ ក៏បាន​សហការ​ជាមួយ​អ្នកវិនិយោគ​បរទេស​សាងសង់​ក្រុមហ៊ុន​ផលិត​សាប៊ូ និង​ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ​ឡើង ចែកចាយ​បន្ថែមទៀត​នៅលើ​ទីផ្សារ​ហើយ​បច្ចុប្បន្ន​ក៏​កំពុង​ពង្រីក​ទុន​បន្ថែម​ដើម្បីឱ្យ​រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិត​បាន​កាន់តែច្រើនឡើងៗ ហើយក៏​កំពុង​សម្លឹងមើល​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ទៀតផង​ដែរ។

អ្វីដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ និង​ពុំមាន​ការបរាជ័យ​បែបនេះ​គឺ​មុននឹង​ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​ជំនួញ យុវជន​ឆាក់  សុជាតិ បាន​ខិតខំ​សិក្សា​ជំនាញផ្សេងៗជាច្រើន​ដើម្បី​ធ្វើជា​ធាតុ​ផ្សំ​សម្រាប់​ឱ្យ​អាជីវកម្ម​ជោគជ័យ ឬ​ហៅថា គ្រឿងផ្សំ​ដើម្បីឱ្យ​សម្ល​ឆ្ងាញ់។ គ្រឿងផ្សំ​អាជីវកម្ម​ជោគជ័យ​ទាំងនោះ​គឺ ជំនាញ​កុំព្យូទ័រ ជំនាញ​គ្រប់គ្រង​ធនធានមនុស្ស ជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ ទីផ្សារ និង​ជំនាញ​គួបផ្សំ​មួយចំនួនទៀត​ដែលជា​តម្រូវការ​ជាក់ស្តែង ក្នុង​ការដឹកនាំ​ក្រុមហ៊ុន​ឆ្ពោះទៅរក​គោលដៅ​ជោគជ័យ។

តាមរយៈ​បទពិសោធ​នេះ លោក​បាន​ផ្តាំផ្ញើ​ទៅដល់​អតិថិជន​ទាំងអស់​ថា ធ្វើជា​មនុស្ស​ត្រូវមាន​គោលដៅ​មួយ​ច្បាស់លាស់ ហើយ​បើ​ចង់​ធ្វើជា​អ្នកជំនួញ​ត្រូវ​ខំរៀន​ជំនាញ​ឱ្យបាន​ច្បាស់លាស់ ហើយ​សម្លឹង​រកឱ្យឃើញ​នូវ​អ្វី​ដែលជា​តម្រូវ​ការពិត​ប្រាកដ​ក្នុង​ទីផ្សារ​សិក្សា​ឱ្យបាន​ច្បាស់លាស់ ពី​ផលិតផល​របស់ខ្លួន និង​ត្រូវ​ចេះ​បង្កើត​ទំនាក់ទំនង​ឱ្យបាន​ច្រើន​ជាមុន​តាម​ដែល​អាច​ធ្វើបាន ទើប​អាជីវកម្ម​ដែល​បង្កើតឡើង​នោះ​ទទួលបាន​ជោគជ័យ ប្រសើរ​ជាង​ការបង្កើត​តាម​ការនឹកឃើញ ឬ​បង្កើតឡើង​តាមចិត្ត​ចង់​ទាំង​ប្រថុយប្រថាន ដែល​អាជីវកម្ម​ប្រភេទ​នេះ​ជួនកាល​ដំណើរការ​ទៅ​ជោគជ័យ និង​ជួនកាល​មិន​ជោគជ័យ​ក៏បាន។ ក្រុមហ៊ុន​បែបនេះ​គឺមាន​ឱកាស និង​មាន​ហានិភ័យ​នៅ​ទន្ទឹមគ្នា​ជានិច្ច៕

Advertisement