ជ្រោយចង្វារ​កំពុង​ក្លាយជា​បណ្តុំ​សំណង់​អគារ​ដ៏​សម្បូរបែប

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century 21 MEKONG / លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal  

ដោយមាន​អំណោយផល​ពី​ធម្មជាតិ ស្ថិតនៅតាម​ដង​ទ​ន្ល ជា​ដី​ជ្រោយ​ដែលមាន​ទន្លេ​នៅ​សងខាង និង​នៅក្បែរ​ទន្លេរ​មេគង្គ​ដ៏​ធំ មាន​ទេសភាព​ស្រស់បំព្រង និង​ខ្យល់អាកាស​ស្រស់ស្អាត​បរិសុទ្ធ​ផងនោះបាន​ធ្វើឱ្យ​ទឹកដី​ជ្រោយចង្វារ​ក្លាយជា​តំបន់​មួយ​ដែល​ប្រមូលផ្ដុំ​ទៅដោយ​សំណង់​អគារប្រណីតៗដ៏​សម្បូរបែប​មិន​ចាញ់​តំបន់​បឹង​កេងកង​ឡើយ ទាំង​សំណង់​លំនៅឋាន​ជា​លក្ខណៈ​គ្រួសារ សំណង់​លំនៅឋានទំនើបៗនៅក្នុង​បុរី និង​សំណង់​ខុន​ដូ-អា​ផាត​មិនខ្ពស់ៗជាច្រើន។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal  បាន​លើកឡើងថា វា​ជា​រឿង​ធម្មតា​ទេ នៅពេលដែល​តំបន់​ក្នុង​ទីក្រុង​ភ្នំពេញ​មានការ​កើនឡើង​នូវ​ចំនួន​អគារធំៗច្រើន ដូចជា​សំណង់​អគារ​ខុន​ដូ-អា​ផាត​មិន និង​សំណង់​លំនៅឋាន​ផង​នោះ វា​ធ្វើឱ្យ​តំបន់​ដែល​ស្ថិត​នៅជាប់​ទីក្រុង​ក្លាយជា​មុខសញ្ញា​ក្នុងការ​អភិវឌ្ឍ និង​មាន​តម្រូវការ​ខ្ពស់​ជា​បន្ទាប់។ ជាក់ស្ដែង​ដូចជា​តំបន់​ជ្រោយចង្វារ​ជាដើម ពីមុន​មាន​ភាព​ទូលាយ​ស្រឡះ​ល្ហល្ហេវ ប៉ុន្តែ​បច្ចុប្បន្ននេះ​ទីនោះ​បានក្លាយ​ទៅជា​តំបន់​ដ៏​មាន​សក្ដានុពល ជាពិសេស​លើ​ផ្នែក​សំណង់​លំនៅឋាន​ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​មានការ​កើនឡើង​ខ្ពស់។

លោក​ឧកញ៉ា​បាន​បន្ថែមទៀតថា កាលពី​ប៉ុន្មាន​ឆ្នាំមុន ដី​នៅជាប់​ផ្លូវធំ​ក្នុង​តំបន់​ជ្រោយចង្វារ​មានតម្លៃ​ទាប​នៅឡើយ ពោលគឺ​ប្រមាណ​ជា1,000 ទៅ1,500ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែឥឡូវ​បាន​កើនឡើង​ខ្ពស់​រហូតដល់2,500 ទៅដល់ 3,500ដុល្លារ​ឯណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោក​ឧកញ៉ា​បាន​បន្តទៀតថា ប្រសិនបើ​បរិយាកាស​សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​ភាពល្អប្រសើរ​ដូចជា​ពេល​បច្ចុប្បន្ននេះ មិនយូរ​ទៀត​ទេ​តំបន់​ជ្រោយចង្វារ​នឹង​ក្លាយជា​តំបន់​ពិសេស​មួយ​ដែលអំណោយផល​លើ​វិស័យ​សំណង់​លំនៅដ្ឋាន​សម្រាប់​ការរស់នៅ ក៏ដូចជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្មផ្សេងៗដែល​នឹង​ធ្វើឱ្យ​កើតមាន​វត្តមាន​របស់​អគារធំៗ និងខ្ពស់ៗមិន​ក្រោម15 ទៅ20ជាន់​ជាច្រើន​ប្រៀបដូចជា​តំបន់​កៅ​លូន​ដែល​ស្ថិតនៅ​ជ្រោយ​ម្ខាង​នៃ​ទីក្រុង​ហុងកុង​ដូច្នោះ​ដែរ។

ជាក់ស្តែងថ្មីៗនេះ​ក៏មាន​គម្រោង​ខុន​ដូ Residences Bel Air ដែលមាន​លក្ខណៈ​ទំនើប​ស្តង់ដារ​បែប​បារាំង​កម្ពស់ 18ជាន់​ត្រៀម​សាងសង់​ក្រោម​ការបណ្តាក់ទុន​រូ​ម​គ្នា​រវាង​អ្នកវិនិយោគ​ជនជាតិខ្មែ​រ និង​បរទេស​សង់​នៅ​តំបន់​ជ្រោយចង្វារ​បែរមុខ​ទៅ​ទន្លេមេគង្គ​នេះ​ផងដែរ។ លោក ជា ឡាយ​ឃាង​អគ្គនាយក ខុន​ដូ Residences Bel Air បាន​មានប្រសាសន៍​យល់ស្រប​ទៅនឹង​ការលើកឡើង​របស់​អ្នកជំនាញ​ខាងលើ​ថា ហេតុផល​ដែល​ជំ​រុញឱ្យ​រូបលោក​បោះទុន​ជាច្រើន​លាន​ដុល្លារ​លើ​ការសាងសង់​អគារ​ខុន​ដូ Residences Bel Air ព្រោះ​ជ្រោយ-ចង្វារ​ជា​តំបន់​មួយ​ដែលមាន​សក្ដានុពល។

ក្រៅពី​មាន​ភាព​អំណោយផល​ពី​ធម្មជាតិ​នូវ​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ​ស្ថិតនៅ​ទិសខាងកើត​ឆៀង​ខាងជើង​អមដោយ​ដង​ទន្លេ​ព័ទ្ធជុំវិញ ជ្រោយចង្វារ​ក៏​ជា​តំបន់ ដែល​ជិត​ងាយស្រួល​ធ្វើដំណើរ​មកកាន់​កណ្តាល​រាជធានី​ភ្នំពេញ។ លោក​បាន​បន្តថា សម្រាប់​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​ចាប់ផ្តើម​មាន​ទំនោរ​ក្នុងការ​រស់នៅ​បែប​អគារ​សហកម្មសិទ្ធិ​ជាបណ្តើរៗដែរ ហើយ និង​រឿង​ដែល​ពួកគាត់​តែងមាន​ការបារម្ភ​គឺ​សុវត្ថិភាព​នៃ​អគ្គិភ័យ​ព្រោះ​វា​ជាការ​រស់នៅ​លើ​ខុន​ដូ​ដ៏​ខ្ពស់​មួយ ហេតុដូច្នេះ​ទើប​លោក​មានការ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់បំផុត​លើ​បច្ចេកទេស​នៃ​ការសាងសង់ ដោយមាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព និង​បំពាក់​ដោយ​ឧបករណ៍​ការពារ​អគ្គិភ័យ​ដ៏​ទំនើប​ប្រកបដោយ​ភាពជឿជាក់ ធ្វើយ៉ាងណា​ធានាបាន​នូវ​សុវត្ថិភាព​ខ្ពស់​ដល់​អ្នករស់នៅ​លើ​ខុន​ដូ​របស់លោក។

ចំណែក​លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century 21 MEKONG បាន​មានប្រសាសន៍​ស្រដៀង​គ្នា​នឹង​លោក ជា ឡាយ​ឃាង ដែរ​ថា តំបន់​ជ្រោយចង្វារ​ជា​តំបន់​អភិវឌ្ឍ​ន៍ទី2 បន្ទាប់ពី​តំបន់ភ្នំ​ពេញ​ថ្មី(ប៉ែក​ពាយព្យ​រាជធានី​ភ្នំពេញ) ដែល​អ្នកវិនិយោគធំៗកំពុង​នាំគ្នា​សម្លឹង​បែរ​ទិស​ទៅ​អភិវឌ្ឍ​នៅ​ទីនោះ​ម្ដង ដោយសារតែ​ទីតាំង​ខាងលើ​មាន​ភាព​អំណោយផល​ពី​ធម្មជាតិ​លើ​ការរស់នៅ មាន​ដង​ទន្លេ​សងខាង​ដែល​ផ្តល់នូវ​ភាពស្រស់​ស្រាយ​បរិសុទ្ធ មានផ្លូវធំៗ មាន​ស្ពាន​ឆ្លងកាត់​ច្រើន និង​មាន​ទីតាំង​ភូមិសាស្ត្រ​នៅ​ជិត​ទីតាំងសំខាន់ៗរបស់​រាជធានី​ភ្នំពេញ​ច្រើនជាងគេ​ក្នុងចំណោម​តំបន់​ជាយក្រុង​ទាំង4ទិស ដូចជា​ផ្លូវជាតិ​លេខ1 ផ្លូវជាតិ​លេខ2 លេខ3 លេខ4 និង​ផ្លូវជាតិ​លេខ5។

លោក​ថា ក្រៅពី​សំណង់​លំនៅឋាន​រស់នៅ​បែប​ស៊ី​វិ​ល័យ​សម័យ​ទំនើប​ហើយ តំបន់​ជ្រោយចង្វារ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​ដ៏​សម្បូរបែប ខណៈដែល​អ្នកវិនិយោគធំៗពិសេស​ក្រុមហ៊ុន OCIC បាននិងកំពុង​ត្រៀម​អភិវឌ្ឍ​សំណង់ពិសេសៗ អគារខ្ពស់ៗ នៅ​ទីនោះ​បន្ថែមទៀត។

គួរ​បញ្ជាក់ថា ចាប់តាំងពី​តំបន់​គល់ស្ពាន​ជ្រោយ-ចង្វារ​ឆ្ពោះទៅ​ទិសខាងកើត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A សំណង់​គ្រប់​ប្រភេទ​បាន​លេចចេញ​រូបរាង​ព្រោងព្រាត ដែល​ក្នុងនោះ​រួមមាន​ដូចជា បុរី​សុភមង្គល បុរី ​The Mekong Royal បុរី​ប៉េង​ហួត បុរី​អរ​គី​ដេ​វីឡា និង​បុរី The Flora ជាដើម៕

Advertisement