គូលែន​ខ្មែរ ផ្លែ​ច្រើន លក់បាន​តម្លៃ​ខ្ពស់​ខ្លាំង​នៅលើ​ទីផ្សារ

ដោយ​សង្កេតឃើញថា​បច្ចុប្បន្ន​ផ្លែ​គូលែន​ដែល​ដាក់លក់​នៅលើ​ទីផ្សារ​កម្ពុជា ភាគច្រើន​នាំចូល​ពី​ប្រទេសជិតខាង​នោះ កសិករ​ខ្មែរ​ម្នាក់​បានសម្រេច​ចិត្ត​ចំណាយ​ថវិកា​ជាច្រើន​ដើម្បី​បង្កាត់​ពូជ​គូលែនពី​ប្រទេស​ថៃ និង​នាំ​ចូលមក​ដាំ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​ទទួលបាន​ជោគជ័យ​ក្នុង​ការដាំដុះ និង​ទទួលបាន​ទិន្នផល​ល្អ ព្រមទាំង​មានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ទៀតផង។

លោក គីម សំអឿន ម្ចាស់​ចម្ការ​គូលែន​ឈ្មោះ “ហា​វ៉ៃ​ខ្មែរ” មាន​ទីតាំងនៅ​ក្នុងភូមិ​ស្រ​យ៉ង់ ឃុំ​ស្រ​យ៉ង់​ស្រុក​គូលែន ខេត្តព្រះវិហារ បាន​មានប្រសាសន៍ថា លោក​បានសម្រេច​ចិត្ត​ចំណាយ​ថវិកា​ជាច្រើន​ទិញ​ចម្ការ​គូលែន​នៅឯ​ប្រទេស​ថៃ​ដើម្បី​បង្កាត់​ពូជ​សម្រាប់​នាំចូល​មក​ដាំ​ដុះ​សាកល្បង​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​អំឡុង 2ឆ្នាំមុន។ ជា​លើកដំបូង​លោក​បាន​យកមក​ដាំ​សាកល្បង​ត្រឹមតែ 50ដើម​ប៉ុណ្ណោះ ហើយ​មកទល់ពេលនេះ​វា​បាន​ហុច​ផល​ជាបណ្តើរៗហើយ “ដើម​គូលែន​យើង​មិនមែន​បណ្តុះ​គ្រាប់​ដាំ​នោះទេ គឺ​យើង​ផ្សាំ​យក​មែក​ពី​ដើមមុនៗដែល​វា​មាន​ផ្លែ​ស្រាប់ ដូច្នេះ​នៅពេល​យើង​ផ្សាំ​បាន​ហើយ​យកមក​ដាំ​ពេល​ដល់​រដូវ​វា​ផ្លែ គឺ​វា​ចាប់ផ្តើម​ផ្លែ​តែម្ដង គ្រាន់តែ​ថា​វា​ឱ្យ​ផ្លែ​តិច ដោយសារតែ​ដើម​វា​នៅ​តូច​នៅឡើយ។

លោក​បន្តថា ចាប់ពី​ឆ្នាំ​ទី1 ឬ​ឆ្នាំ​ទី2ឡើងទៅ វា​នឹង​ចាប់ផ្តើម​ហុច​ផល​ឱ្យ​ជាបណ្តើរៗ ហើយ​ផ្លែ​នឹង​កាន់តែ​ច្រើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ លុះ​នៅពេល​វា​អាយុ​បាន5 ទៅ6ឆ្នាំ វា​នឹង​ចាប់ផ្តើម​ផ្លែ​ពេញទំហឹង ដោយ​ក្នុង​មួយ​ដើម​ហុច​ផល​ឱ្យ​ក្នុង​ចន្លោះ​ពី 70គីឡូក្រាម ទៅដល់300 ឬ400គីឡូក្រាម​ក្នុង​មួយឆ្នាំ​ក៏មាន អាស្រ័យ​លើ​ការថែទាំ​របស់​ម្ចាស់​ចម្ការ និង​ដើម​ល្អ ឬ​មិនល្អ។ ហើយ​សម្រាប់​ការដាំ​សាកល្បង​ចំនួន 50ដើមដំបូង​នោះ ឥឡូវ​យើង​ប្រមូល​ផល​បាន​ប្រមាណ​ពី2 ទៅ3តោន​ក្នុង​មួយឆ្នាំ​ដោយ​មិនទាន់បាន​ដាក់លក់​នៅលើ​ទីផ្សារ​នៅឡើយ​ទេ គ្រាន់តែ​បេះ​ចែក​បងប្អូន​ពិសា​សាកល្បង និង​លក់រាយ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​តែប៉ុណ្ណោះ។

ដោយសារ​វា​មានឱជារស​ផ្អែម​ឆ្ងាញ់​ជាប់មាត់​នោះ ធ្វើឱ្យ​ផ្លែ​របស់​វា​លក់បាន​ថ្លៃ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ 20,000រៀល មាន​ប៉ុន្មាន​ក៏​គេ​ទិញយក​អស់​ដែរ។ នេះ​គ្រាន់តែ​ចែកចាយ​នៅក្នុង​ភូមិ-ឃុំ​ប៉ុណ្ណោះ មិនមាន​លក់​ឱ្យ​ម៉ូយធំៗនៅតាម​ផ្សារ ឬ​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅឡើយ​ទេ។

លោក​បន្តថា បច្ចុប្បន្ន​លោក​ដាំ​បាន​ប្រមាណ​ជា 3,000ដើម​ហើយ​នៅលើ​ផ្ទៃដី​ប្រហែល​ជិត 20ហិកតា និង​កំពុងតែ​ពង្រីក​បន្ថែម​ទៀតផង ដោយ​មួយថ្ងៃ​អាច​ដាំ​បាន​ចន្លោះ​ពី50 ទៅ100ដើម ដើម្បីឱ្យ​គ្រប់​តាម​ផែនការ​នៅលើ​ផ្ទៃដី​ដាំ​ដុះ​ចំនួន 150ហិកតា​នៅក្នុង​ខេត្តព្រះវិហារ​សម្រាប់​ទុក​ចែកចាយ​ទិន្នផល​របស់​វា​នៅលើ​ទីផ្សារ​ផង និង​បង្កាត់​ពូជ​ទុក​លក់​បន្ត​ជូនទៅ​អតិថិជន​នៅតាម​បណ្តា​ខេត្តផ្សេងៗទៀតផង។ ហើយ​បច្ចុប្បន្ន​មានគ្រួសារ​អ្នកធូរធារ​មួយចំនួន​បានមក​ទិញ​ពូជ​ពី​ចម្ការ​របស់លោក​យកទៅ​ដាំ​បន្ត​នៅតាម​បណ្តា​ខេត្ត​ផ្សេងខ្លះៗហើយ ដោយ​អ្នកខ្លះ​កុម្ម៉ង់​ទិញ 2,000ដើម អ្នកខ្លះ1,000ដើម ឬ100 ទៅ200ដើម​ក៏មានដែរ។ សម្រាប់​ពូជ​ដែល​គេ​លក់​នៅក្នុង​ប្រទេស​ថៃ​ដំបូង​ឡើយ តម្លៃ​មួយ​ដើម​ស្មើនឹង 15ដុល្លារ ប៉ុន្តែ​សម្រាប់​ពូជ​ដែល​លក់​ចេញ​នៅ​កម្ពុជា​យើង​វិញ មិន​ថ្លៃ​ដូច​នៅ​ប្រទេស​ថៃ​ទេ។

សម្រាប់​បច្ចេកទេស​ដាំ​ដុះ​វិញ គេ​មិន​បណ្តុះ​ចេញពី​គ្រាប់​ដូច​ដំណាំ​មួយចំនួន​ទៀតឡើយ ពោលគឺ​កសិករ​គ្រាន់តែ​ផ្សាំ​មែក​ដែលល្អៗទុក​រយៈពេល 3ខែ រួច​កាត់​យកមក​ដាក់​ក្នុង​ថង់​ដែល​ដី​នៅក្នុង​ថង់​នោះ​ត្រូវតែមាន​ជីជាតិ​ល្អ និង​រក្សាទុក​រយៈពេល 3ខែ​ទៀត​ដើម្បីឱ្យ​កូន​គូលែន​ចេញ​ឫស​បានល្អ ទើប​យកទៅដាក់​ដាំ​នៅក្នុង​រណ្តៅ​ទំហំ 40សង់ទីម៉ែត្រ 4ជ្រុង និង​ដាក់​ដាំ​ចន្លោះ​ឆ្ងាយ​ពីគ្នា 5ម៉ែត្រ​ក្នុង​មួយដើមៗ ឬ​ចន្លោះ10ម៉ែត្រ​មួយ​ក៏​រឹតតែ​ល្អ ព្រោះ​បើ​ដាំ​ចម្ងាយ​ពីគ្នា 5ម៉ែត្រ​មួយ នៅពេល​ដើម​គូលែន​អាយុ​បាន 10ឆ្នាំ ដើម​វា​ធំ​ខ្លាំង ដែល​តម្រូវ​ឱ្យគេ​កាប់​ដើមមួយៗចោល​វិញ តែបើ​ដាំ​ចម្ងាយ​ពីគ្នា 10ម៉ែត្រ​មួយ​ដើម គេ​មិនបាច់​កាប់​ដើម​ចោល​ខ្លះ​ទេ ទោះជា​មែក​ធំ​ក៏​វា​មិន​ទើស​គ្នា និង​ចង្អៀត​ដី​ដែរ។

មុននឹង​ចាប់ផ្តើម​ដាំ​កសិករ​គួរ​ភ្ជួរ​ដី​ហាល​ចោល​ជាមុន​ដើម្បីឱ្យ​ស្មៅ​ងាប់​អស់​ក៏បាន ឬ​មិនបាច់​ភ្ជួរ​ដី​មុន​ក៏បាន គ្រាន់តែ​លំបាក​ថែទាំ​ស្មៅ​នៅពេល​ក្រោយ​តែប៉ុណ្ណោះ។ បន្ទាប់មក​គេ​ត្រូវ​កាប់​រណ្តៅ​ទំហំ 40សង់ទីម៉ែត្រ 4ជ្រុង ហើយ​យក​កូន​គូលែន​ដែល​ផ្សាំ​ហើយ​នោះមក​ដាក់​ដាំ (កុំ​ភ្លេច​ដកថង់​ចេញ​ផង)ហើយ​ក្នុង​រណ្តៅ​នោះ​មិនចាំបាច់​ក្រាល​ជី​ទេ គ្រាន់តែ​យក​ដីផុសៗមក​ដាក់ចូល ហើយ​មិនចាំបាច់​សង្កត់​ឱ្យ​ដី​នោះ​ហាប់​ណែន​ឡើយ តែ​ត្រូវយក​ឈើ​មួយ​ដើម​មក​ដោត​ក្បែរ​កូនដើម​គូលែន​នោះ និង​ចង​ជាប់​គ្នា ដើម្បី​កុំឱ្យ​ត្រូវ​ខ្យល់​បក់បោក​ដួល រួច​មើលថែទាំ​ជាប្រចាំ បើ​ខែវស្សា​មិនបាច់​ស្រោច​ទឹក​ទេ តែបើ​ខែប្រាំង​វិញ​ត្រូវ​ស្រោច​ទឹក​មួយថ្ងៃ​ម្ដង ឬ2ថ្ងៃ​ម្តង​បើ​កូន​ធំ ស្រោច​ទឹក​មួយ​សប្តាហ៍​ម្ដង​ក៏បាន​ដែរ។

រហូតដល់2ខែ នៅពេលដែល​កូន​គូ​លេន​ចាក់ឫស​លូតលាស់​បានល្អ​ហើយ គេ​ត្រូវដាក់​ជី​ដោយ​វាស់ដី​ចេញពី​គល់​មួយ​ចំអាម​ជុំវិញ ហើយ​កាយ​ដី​រោយ​ជី​ជុំវិញ​ដើម​នោះ​រួច​កប់​ដី​ចោល​ទៅវិញ ហើយ​ស្រោច​ទឹក​បន្តទៀត វា​នឹង​លូតលាស់​ល្អ​មិន​ខាន។ តែ​កសិករ​ត្រូវ​ចេះ​ពី​របៀប​តុបតែង​ដើម មានន័យថា នៅពេល​ដើម​គូលែន​ធំ​ឡើង អាយុ​បាន 2ឆ្នាំ វា​ចាប់ផ្តើម​បែកមែក​សាខា​លូត​កម្ពស់​ប្រហែល​ជាជាង 2ម៉ែត្រ បើ​មើលឃើញថា មែក​ណា​មិនសូវ​ល្អ គេ​ត្រូវកា​ត់វា​ចោល​ខ្លះ ដើម្បី​កុំឱ្យ​វា​លូត​កម្ពស់​ឡើង​ខ្លាំងពេក​ពិបាក​ថែទាំ និង​ពិបាក​ប្រមូល​ផល។ ម្យ៉ាងទៀត​ពេលដែល​យើង​កាត់​មែក​ដែល​មិនល្អ​ចោល គឺ​វា​អាច​ស្រូបយក​ជីជាតិ​ទៅ​ចិញ្ចឹម​មែកល្អៗដែល​យើង​ទុក​ទាំង​ប៉ុន្មាន​ឱ្យ​វា​លូតលាស់​បានល្អ បាន​លឿន ឆាប់​ផ្តល់​ផល និង​ផ្តល់​ផល​បាន​កាន់តែ​ច្រើនឡើង​ទៀតផង៕

Advertisement