ភ្នាក់ងារ​អចលនវត្ថុ​គ្មាន អាជ្ញាប័ណ្ណ​នឹងមិន​ទទួលបាន​កម្រៃជើងសា

បច្ចុប្បន្ន​មាន​អ្នករកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​ជាច្រើន​បាន​ធ្វើជា​ភ្នាក់ងារ​អចលនវត្ថុ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ និង​ជំនាញ​វិជ្ជាជីវៈ​ត្រឹមត្រូវ​ធ្វើឱ្យ​ទីផ្សារ​នេះ​ជះឥទ្ធិពល​មិនល្អ​ដល់​ក្រុមហ៊ុន​ស្របច្បាប់​មួយចំនួន ព្រមទាំង​អតិថិជន​ជា​អ្នកទិញ​ទៀតផង ហេតុនេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) នឹង​បើក​វគ្គ​បណ្តុះបណ្តាល​មួយ​នៅ​ពាក់កណ្ដាល​ខែមិថុនា​នេះ។ នេះ​បើតាម​ការ​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំត្រីមាស​របស់លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។

ទោះបីជា​យ៉ាងណា សម្រាប់​ពេល​បច្ចុប្បន្ននេះ​គ្រប់គ្នា​នៅតែ​អាច​ធ្វើជា​ឈ្មួញកណ្តាល ឬ​ជា​ភ្នាក់ងារ​ទិញ-លក់​អចលនទ្រព្យ​បាន បើទោះជា​គ្មាន​អាជ្ញាប័ណ្ណ​ក៏ដោយ។ ប៉ុន្តែ​សម្រាប់​ពេលអនាគតឆាប់ៗខាងមុខ ប្រសិនបើ​គ្មាន​អាជ្ញាប័ណ្ណ​ទេ ភ្នាក់ងារ​អាច​ប្រឈម​នឹង​ការមិនទទួលបាន​កម្រៃ​ជើងសា។

លោក​បណ្ឌិត គីម ហ៊ាង បានឱ្យដឹងថា បច្ចុប្បន្ននេះនរណាៗក៏​អាច​គួ​ក​ជេរ​ដី​បានដែរ។ ពេល​លក់បាន យកលុយ​ដាក់​ហោប៉ៅ គ្មាន​បង់ពន្ធ​អ្វី 1រៀល​ហើយ​អត់​មាន​អាជ្ញាប័ណ្ណ​ទៀត។ តែ​នៅពេលឆាប់ៗខាងមុខនេះ រឿងនេះ​នឹងត្រូវ​បញ្ចប់​ហើយ។ នេះ​មិនមែនជា​ការព្រមាន​ទេ ប៉ុន្តែ​យើង​ត្រូវធ្វើ​ទៅតាម​ច្បាប់​ព្រោះ​ប្រទេស​គេ​រីកចម្រើន គឺ​គេ​ធ្វើទៅ​តាមច្បាប់ ប្រទេស​យើង​ក៏​ត្រូវតែ​ធ្វើទៅ​តាមច្បាប់​ដែរ។

លោក​បាន​បញ្ជាក់ថា៖ “អ្នកណា​ដែល​ចង់​ធ្វើជា​អ្នក​គួ​ក​ជេរ​ដីធ្លី  ជា​ភ្នាក់ងារ​អចលនវត្ថុ ទី1 ត្រូវតែ​រៀន​ពេល​រៀន​ហើយ​ត្រូវ​ប្រឡង​យក​សញ្ញាបត្រ (certificate)មាន​វិញ្ញាបនបត្រ​ហើយ ត្រូវ​ប្រឡង​យក​អាជ្ញាប័ណ្ណ ពេល​មាន​អាជ្ញាប័ណ្ណ​ហើយ ត្រូវ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ដីធ្លី​ស្របច្បាប់​ណាមួយ។ ពេល​មាន​លក្ខខណ្ឌ​គ្រប់​ហើយ ទើប​អ្នកនោះ​អាច​លក់ និង​មាន​សិទ្ធិ​យក​កម្រៃជើងសា (កុំមីស្យុង) បាន។ ពេល​ឱ្យ​កុំមីស្យុង​នេះ​គេ​ត្រូវ​មើល​លេខ​កូដ​សម្គាល់​យើង​ជា​ភ្នាក់ងារ​អចលនវត្ថុ​លេខ​ប៉ុន្មាន? បើជា​ភ្នាក់ងារ​អចលនវត្ថុ​ស្របច្បាប់​ទើប​ទទួលបាន​កម្រៃជើងសា​ត្រឹមត្រូវ។

ដោយ​មើលឃើញ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ដែល​បាន​ជំរុញ​ស​ន្ទ​ស្សន៍​នៃ​ការទិញ-លក់​ដីធ្លី និង​លំនៅឋាន​ពី​សំណាក់​ប្រជាជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក  ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​កាលពីពេលថ្មីៗនេះ​បានចេញ​ប្រកាស​មួយ​ដែល​តម្រូវឱ្យ​អ្នករក​ស៊ីក្នុង​វិស័យនេះ​ត្រូវតែមាន​សញ្ញាបត្រ​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ ទើប​ពួកគេ​អាច​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សម្រាប់ប្រកប​វិជ្ជាជីវៈ​នេះ។ ហេតុនេះ​ទើប​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​កំពុង​សហការ​ជាមួយ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​បង្កើត និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មួយ​ឡើង​សម្រាប់​ក្រុមហ៊ុន និង​ភ្នាក់ងារ​អចលនវត្ថុ​ដែល​ចង់​ប្រកប​អាជីវកម្ម/រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​ដោយ​ភាពស្របច្បាប់​នៅ​កម្ពុជា។

លោក ឃាង ពុ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ស្លឹករឹត​បាន​ថ្លែងថា៖ “ពេលណា​មាន​ធនធានមនុស្ស​ច្រើន​ក្នុង​វិស័យនេះ​នឹង​ធ្វើឱ្យ​ការអភិវឌ្ឍ​ក្នុង​វិស័យនេះ​កាន់​តែមាន​ភាពល្អប្រសើរ និង​ធានាបាន​នូវ​ទំនុកចិត្ត​ពី​អ្នកវិនិយោគ។ ការបើក​សាលា ឬ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​វិស័យនេះ​ច្រើន គឺជា​ការណ៍​ដែល​គួរតែ​ធ្វើ មិន​ថា​អ្នកណា​បើក​នោះទេ ព្រោះ​បើ​យើង​បង្កើត​សាលា​បាន​ច្រើន​យើង​នឹង​បណ្តុះបណ្តាល​ធនធានមនុស្ស​បាន​ច្រើន​ដែល​វា​នឹង​ជួយ​ដល់​វិស័យនេះ​បាន​កាន់តែ​ល្អប្រសើរ​ដែរ។

ចំពោះ​កម្មវិធីសិក្សា​វិញ សម្រាប់​ជំហាន​ដំបូង ដើម្បី​ក្លាយជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​នឹងត្រូវ​សិក្សា​រយៈពេល 75ម៉ោង រីឯ​ភ្នាក់ងារ​វាយតម្លៃ​អចលនទ្រព្យ​វិញ​នឹងត្រូវ​សិក្សា​រយៈពេល 100ម៉ោង។ ហើយ​សមាគម​ជា​អ្នករៀបចំ​កម្មវិធីសិក្សា និង​ចាត់ចែង​បញ្ជូន​គ្រូ​ជំនាញ ទាំង​គ្រូខ្មែរ និង​ជនបរទេស​សម្រាប់​វគ្គ​សិក្សា​ទាំងមូល។ ជំហាន​បន្ទាប់ (អាច​ក្នុង​រយៈពេល2 ឬ3ឆ្នាំ​ខាងមុខ) នឹងត្រូវ​រៀបចំ​កម្មវិធីសិក្សា​ជា​ថ្នាក់​បរិញ្ញាបត្ររង និង​បរិញ្ញាបត្រ​ទៅតាម​លក្ខខណ្ឌ​តម្រូវ​ថែមទៀត។

បើតាម​លោក​ប្រធាន​សមាគម​ឱ្យដឹង គឺ​សាលា​មាន​ស្រាប់​ហើយ នៅតែ​បញ្ជូន​គ្រូ និង​បង្កើត​កម្មវិធី​ឱ្យ​គាត់​ប៉ុណ្ណោះ “សមាគម​នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​រយៈ​ពេល 75ម៉ោង​មួយ ​ដើម្បី​អូសទាញ​អ្នក​មិនទាន់មាន​អាជ្ញាប័ណ្ណ​ឱ្យបាន​រៀនសូត្រ​ត្រឹមត្រូវ​ដើម្បី​ទទួលបាន​អាជ្ញាប័ណ្ណ​ស្របច្បាប់ ថ្ងៃក្រោយ​នរណា​ដែល​ចង់បាន​កុំមីស្យុង ទាល់តែ​ទៅ​រៀន​យក​វិញ្ញាបនបត្រ​សិន ទើប​អាចធ្វើ​ការយក​កុំមីស្យុង​បាន។ តែ​ការរៀន 75ម៉ោង​មិន​គ្រប់​ទេ ត្រូវ​ប្រឡង​ឱ្យ​ជាប់​ទៀតហើយ​ត្រូវយក​វិញ្ញាបនបត្រ​ទៅសុំ​អាជ្ញាប័ណ្ណ​នៅ​ក្រសួង និង​ទៅធ្វើ​ការ​នៅ​ក្រុមហ៊ុន​ស្របច្បាប់​ណាមួយ​ផងដែរ។

គណៈអធិបតីក្នុងកិច្ចប្រជុំសមាជិកទូទៅប្រចាំត្រីមាសទី1 ឆ្នាំ2018

អគ្គនាយិកា​ក្រុមហ៊ុន AMATAK Property service Co, Ltd លោកស្រី តាំង ហួរ បាន​ថ្លែង​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា កម្មវិធី​នេះ​ពិតជា​អាច​ទៅមុខ​បាន ពីព្រោះ​កម្មវិធី​នេះ​ក៏មាន​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផងដែរ។ កម្មវិធី​នេះ​ល្អ ព្រោះ​វា​នឹង​ជួយ​ដល់​ភ្នាក់ងារ​អចលនវត្ថុ​ឱ្យមាន​ការយល់ដឹង​ពី​ការងារ​ទាក់ទង​អចលនទ្រព្យ ដូចជា​ប្រភេទ​ដី វា​មាន​ប្រភេទ​ខុសគ្នា និង​គេហដ្ឋាន រួមទាំង​អចលនទ្រព្យផ្សេងៗទៀត ព្រោះ​វា​មានតម្លៃ​ទីផ្សារ​ក៏​ខុសគ្នា​ដែរ។

លោកស្រី តាំង ហួរ បានបញ្ជាក់​ដឹង​ដែរ​ថា៖ “អត្ថប្រយោជន៍​នៃ​ការបណ្តុះបណ្តាល​នេះ គឺ​ដើម្បីឱ្យ​យើង​ធ្វើ​អ្វីមួយ​មាន​ភាពច្បាស់លាស់ ពេល​គាត់​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់ គាត់​ពិតជា​មានការ​យ​ល់​ដឹង​ពី​ទីផ្សារ​ដែល​អាច​ចៀសវាង​នូវ​ការបោកប្រាស់ ការ​ក្លែងបន្លំ​ដែល​កន្លងមក​ធ្លាប់មាន​កើតឡើង​នូវ​ភាពមិនច្បាស់លាស់​ពី​ភ្នាក់ងារ​មួយចំនួន​ដែល​ពុំមាន​អាជ្ញាប័ណ្ណ អ្នកខ្លះ​ពុំ​ស្គាល់​ទាំង shop house ថា​យ៉ាងម៉េច​ផង​ក្នុង​វិស័យ​អចលនទ្រព្យ។ ជាហេតុ​នាំឱ្យ​ប៉ះពាល់​ដល់​វិស័យនេះ។ ដូច្នេះ​យើង​នឹងធ្វើ​ឱ្យ​អ្វី​ដែលជា​ភាពមិនច្បាស់លាស់ និង​មិន​ស្របច្បាប់​ទាំងនោះ មាន​ភាពរលូន និង​ប្រសើរឡើង​ជាង​មុន។

លោកស្រី​បានឱ្យដឹងថា ការ​ចូលរៀន​តម្រូវឱ្យ​បង់ប្រាក់ តែ​មិន​ច្រើន​ទេ​សម្រាប់​ចំណេះដឹង​ដើម្បី​បម្រើឱ្យ​ក្រុមហ៊ុន​យើង ព្រោះ​ដើម្បី​ជំរុញ​ដល់​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ចីរភាពយើង​ទាមទារ​ឱ្យមាន​ធនធានមនុស្ស​ជា​មូលដ្ឋានគ្រឹះ និង​ការប្រកួតប្រជែង​ដោយ​ភាពស្របច្បាប់​ជាមួយនឹង​វិជ្ជាជីវៈ​ត្រឹមត្រូវ។

លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល CVEA បាន​ថ្លែងថា ដោយសារ​កម្ពុជា​មិនទាន់មាន​ច្បាប់​កំណត់​ពី​ជំនាញ​អ្នករកស៊ី​ដីធ្លី​ដូច​បណ្ដា​ប្រទេស​ជាច្រើន​លើ​ពិភពលោក ទើប​អ្នកគ្មាន​អាជ្ញាប័ណ្ណ​អាច​ចូលមក​ប្រកួតប្រជែង​ជាមួយ​អ្នកមាន​អាជ្ញាប័ណ្ណ​បាន។ “អ្នករកស៊ី​គ្មាន​អាជ្ញាប័ណ្ណ​បាន​បង្ក​ហានិភ័យ​ច្រើនណាស់​ក្នុង​វិស័យនេះ ហេតុនេះ​អ្នកមាន​បំណង​ចង់​ជួល-ទិញ-លក់​គួរ​ស្វែងរក​ការពិគ្រោះ​យោបល់​ជាមួយ​ក្រុមហ៊ុន​អចលនវត្ថុ​ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។ ការធ្វើការ​ជាមួយ​អ្នករកស៊ី​ដែលមាន​អាជ្ញាប័ណ្ណ និង​មាន​ជំនាញ​ច្បាស់លាស់​នឹងធ្វើ​ឱ្យ​ពួកគាត់​អាចកាត់បន្ថយ​ហានិភ័យ និង​អាច​ស្វែងរក​ផលចំណេញ​ក្នុង​វិស័យនេះ​បាន”៕

សមាជិកចូលរួមក្នុងកិច្ចប្រជុំសមាជិកទូទៅប្រចាំត្រីមាសទី1 ឆ្នាំ2018
Advertisement