ប្រវត្តិ​ក្រុមហ៊ុន Pass App មុន​ទទួលបាន​ជោគជ័យ

ត្រឹមតែ​មួយប៉ប្រិចភ្នែក​សោះ រ៉ឺម៉ក​សណ្ដោង​របស់​ខ្មែរ​ដែល​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ​ធ្លាប់ប្រើ​ប្រាស់​ក្នុងការ​ធ្វើដំណើរ​ទៅមក​កាលពី​អំឡុង​ប៉ុន្មាន​ឆ្នាំមុន​នោះ ស្ទើរតែ​បាត់​មុខ​អស់ពីលើ​ទីផ្សារ​ដឹកជញ្ជូន​អ្នកដំណើរ និង​ត្រូវបាន​ជំនួស​ដោយ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ម៉ែត្រ(ហៅថា​កង់​បី​ឥណ្ឌា)វិញ​នាពេល​បច្ចុប្បន្ននេះ។

លោក តុ​ប និមល ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Pass App Technology មានប្រសាសន៍ថា ការណ៍​ដែល​ប្រជាពលរដ្ឋ​យើង​មាន​ទំនោរ​ឈប់​ប្រើប្រាស់​ម៉ូតូ​កង់​បី​ខ្មែរហើយ​ងាក​មក​ជិះ​កង់​បី​ម៉ែត្រ ឬ​ហៅថា​កង់​បី​ឥណ្ឌា​នេះ​វិញ គឺ​ដោយសារតែ​កង់​បី​ឥណ្ឌា​ប្រភេទ​ថ្មី​បានផ្តល់​ភាពងាយស្រួល​ខ្លាំង​ជាង​ក្នុងការ​ធ្វើដំណើរ។ ងាយស្រួល​នៅត្រង់ថា គ្រាន់តែអតិថិជន​ដោ​ន​ឡូត App ដាក់​នៅក្នុង​ទូរស័ព្ទដៃ​របស់ខ្លួន​ហើយ​គាត់​អាច​កុម្ម៉ង់​ហៅ​ជិះ​តាក់ស៊ី​ម៉ែត្រ ឬ​កង់​បី​ម៉ែត្រ​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ក្នុង រាជធានី​ភ្នំពេញ ដោយមាន​កំណត់​តម្លៃ​ស្រាប់ មិនចាំបាច់​តថ្លៃ​ដូច​កង់​បី​ខ្មែរ​ពីមុន​នោះទេ។ “យើង​ដឹង​ទាំងអស់គ្នា​ហើយ​ថា​កាលពីមុន មុននឹង​ធ្វើដំណើរ លុះត្រាតែ​យើង​ទៅ​ឈរ​ចាំ​បក់ដៃ​ហៅ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​នៅតាម​ដងផ្លូវ ហើយ​ធ្វើការ​តថ្លៃ​គ្នា​រួច​ទើប​សម្រេច​ថា​ជិះ ឬ​មិន​ជិះ​ជា​ក្រោយ​ទៅតាម​តម្លៃ​ដែល​បាន​តថ្លៃ​គ្នា​ហើយ ប៉ុន្តែ​សម្រាប់​កង់​បី​ម៉ែត្រ​វិញ គ្រាន់តែ​អតិថិជន​កុម្ម៉ង់​តាមរយៈ​Appដែល​ដោ​ន​ឡូត​ទុក​នោះ គឺ​នឹងមាន​សមាជិក​កង់​បី​ម៉ែត្រ​ទៅ​ទទួល​ដល់ផ្ទះ ទោះជា​នៅក្នុង​បុរី ឬ​នៅ​ទីកន្លែង​ផ្សេង​ណាក៏ដោយ និង​មិនចាំបាច់​តថ្លៃ​គ្នា​នាំ​តែ​ខាត​ពេល​ទៀតផង គឺ​គិតថ្លៃ​ក្នុង1គីឡូម៉ែត្រ​ត្រឹមតែ 1,200រៀល​ប៉ុណ្ណោះ។

លោក​ថា កាលពី​ប៉ុន្មាន​ឆ្នាំមុន​លោក​បាន​បង្កើត​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ក្នុង​រាជធានី​ភ្នំពេញ​សាកល្បង ដែល​កាលនោះ​មាន​រ៉ឺម៉ក​ម៉ូតូ​កង់3 ត្រឹមតែ 7គ្រឿង​ប៉ុណ្ណោះ ហើយ​បាន​ព្យាយាម​ទៅ​ទទួល​ដឹក​អតិថិជន​គ្រប់​ទីកន្លែង​នៅក្នុង​ទីក្រុង​ភ្នំពេញ ដោយ​គិតថ្លៃ 1,200រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូម៉ែត្រ ហើយ​ក៏មាន​អតិថិជន​ដឹងតៗគ្នា និង​ងាក​មក​ប្រើ​សេវា​កម្មនេះ​កាន់តែច្រើនឡើងៗពីមួយថ្ងៃ​ទៅមួយថ្ងៃ ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​លោក​សហការ​ជាមួយ​សមាជិក​រ៉ឺម៉ក​ម៉ូតូ​កង់3ខ្មែរ ម៉ូតូ​កង់3ឥណ្ឌា និង​រថយន្ត​តាក់ស៊ីផ្សេងៗបង្កើតបានជា​ក្រុមហ៊ុន​ធំ​មួយ។

ក្រុមអ្នករត់ម៉ូតូកង់បីមកចុះឈ្មោះនៅក្រុមហ៊ុន Pass App Technology

លោក​បញ្ជាក់​បន្ថែមថា រហូតមកដល់​ខែឧសភា ឆ្នាំ2017 លោក​ចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន​ថ្មី មួយ​ឈ្មោះថា Pass App Technology ដោយមាន​សមាជិក​ដំបូង​ត្រឹមតែ 100គ្រឿង​ប៉ុណ្ណោះ ហើយ​រហូតមកទល់​ប​ច្ចុ​ប្បន្ន ទាំង​សមាជិក​ម៉ូតូ​កង់3ខ្មែរ ម៉ូតូ​កង់3ឥណ្ឌា និង​រថយន្ត​តាក់ស៊ី​សរុប​ទាំងអស់​មាន​រហូតដល់​ទៅ 7,000គ្រឿង​ឯណោះ។ សមាជិក​ទាំងនោះ​ភាគច្រើន​ជា​អ្នករត់​កង់​បី និង​តាក់ស៊ី​អាជីព ខ្លះទៀត​ចេញពី​អាជីវករ បុគ្គលិក​ក្រុមហ៊ុន​ឯកជន និង​ជា​មន្ត្រីរាជការ​ក៏មាន ដោយ​ពួកគាត់​បានមក​ប្រកប​របរ​ដឹក​អ្នកដំណើរ​ក្រៅ​ម៉ោង ដើម្បី​រកប្រាក់​ចំណូល​ប​ន្ថែ​ម​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

កត្តា​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​មាន​សមាជិក​កើនឡើង​ឆាប់រហ័ស​នេះ គឺ​ដោយសារតែរ​បរជា​អ្នកបើក​កង់​បី​ម៉ែត្រ​នេះ ក៏​អាច​រកប្រាក់​កម្រៃ​បាន​ច្រើន​គួរសម មិន​ចាញ់​អ្នកធ្វើការ​ក្នុង​ការិយាល័យ​ប៉ុន្មានឡើយ ដែលជា​មធ្យម​អ្នក​ដែល​ប្រឹង​ដឹក​អតិថិជន​អាច​រកប្រាក់​បាន​ចន្លោះ​ពី8ម៉ឺន​រៀល ទៅដល់10ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ហើយ​ចំណែក​អ្នក​ដែល​មិនសូវ​ប្រឹង​អាច​បាន​ប្រាក់ចំណូល​ប្រហែល 6ម៉ឺន​រៀល​ដែរ​ក្នុង​មួយថ្ងៃ ដែល​កត្តា​នេះហើយ​បានធ្វើឱ្យ​បងប្អូន​អ្នករត់​កង់​បី​ម៉ែត្រ​បានប្រាប់តៗគ្នា​ទៅ​អ្នក​ដែល​ស្គាល់ ដូចជា​មិត្ត​ភ័ក្តិ បងប្អូន ដើម្បី​ចូល​ជា​សមាជិក​របស់​ក្រុមហ៊ុន។ ម្យ៉ាងទៀត​ដោយសារ​សេវាកម្ម​ល្អ មិន​មានការ​កាត់ថ្លៃ​ផ្ដេសផ្ដាស​នេះហើយ​បានធ្វើឱ្យ​អតិថិជន​មានការ​គាំទ្រ​កាន់តែច្រើនឡើងៗជា​រៀងរាល់ថ្ងៃ​ដោយ​ពួកគាត់​បានប្រាប់តៗគ្នា​ពី​ម្នាក់​ទៅ​ម្នាក់​អំពី​តម្លៃ និង​សេវា​កម្មនេះ។ “ឧទាហរណ៍​បើសិនជា​គាត់​ចង់​ជិះ​រ៉ឺម៉ក​កង់​បី​ម៉ែត្រ គាត់​គ្រាន់តែ​កុម្ម៉ង់​ហៅ​តាមរយៈ App ហើយ​ទោះជា​គាត់​ឈរ​ទីណា​ក៏ដោយ​ក៏​ផែនទី​នឹង​ចង្អុលបង្ហាញ​ពី​ទីតាំង​នោះ​តែម្តង ហើយអ្នកបើក​រ៉ឺម៉ក​កង់​បី​ម៉ែត្រ នឹង​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​អតិថិជន​ដែល​អាច​មើលគ្នា​ឃើញ​ទៀតផង។

គួរតែ​បញ្ជាក់​ផងដែរ​ថា លោក តុ​ប និមល បានបញ្ចប់​បាក់​ឌុប​ក្នុង​ឆ្នាំ2001 នៅ​វិទ្យាល័យ​ព្រះសីហនុ ខេត្តកំពង់ចាម ក្រោយពី​ចប់​បាក់​ឌុប លោក​ក៏បាន​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ។ ក្រោយពេល​ចប់ លោក​ក៏បាន​ចេញ​ធ្វើការ​នៅតាម​ក្រុមហ៊ុន​ឯកជន តែ​ដោយ​គិតថា ការធ្វើការងារ​ឱ្យគេ​បានត្រឹមតែ​ផ្គត់ផ្គង់​ខ្លួនឯង មិនបាន​ជួយ​អ្វី​ច្រើន​ដល់​គ្រួសារ​នោះ លោក​ក៏បាន​ចេញ​រកស៊ី​ខ្លួនឯង​ដោយ​ការបើក​ក្រុមហ៊ុន​ចំនួន 2លើក ប៉ុន្តែ​ការរកស៊ីដំបូងៗនោះ ដោយសារតែ​មិនទាន់មាន​បទពិសោធ​គ្រប់គ្រាន់ និង​កង្វះ​ទុន​ផង​នោះ បានធ្វើឱ្យ​ក្រុមហ៊ុន​ផ្អាក​ដំណើរការ​ទៅវិញ។ ប៉ុន្តែ​យ៉ាងណា​ការបរាជ័យ គឺជា​បទពិសោធ​ដ៏​ល្អ​សម្រាប់​ឱ្យ​លោក​ឈានឆ្ពោះ​ទៅរក​ភាពជោគជ័យ​នា​ថ្ងៃ​អនាគត ដូចជា​ក្រុមហ៊ុន Pass App Technology ដែល​លោក​បាន​បើក​ចុងក្រោយ​នេះឯង និង​ដែល​បច្ចុប្បន្ន​កំពុងមាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អតិថិជន។

ចំពោះ​សំនួរ​ដែល​សួរថា បើសិន​ជាមាន​ក្រុមហ៊ុន​បរទេស​ចូលមក​ផ្តល់​សេវាកម្ម​ដូចគ្នានេះ​កាន់តែច្រើនឡើងៗដូច្នេះ(មាន​គូប្រជែង​ច្រើនឡើង) តើ​ក្រុមហ៊ុន​របស់លោក​មានកា​រ​បារម្ភ​ដែរឬទេ?។

ត្រង់ចំណុច​នេះ​លោក​បាន​ឆ្លើយថា មិនមាន​ការព្រួយបារម្ភ​ទេ ព្រោះ​ជាធម្មតា​ការធ្វើ​អាជីវកម្ម​អ្វី​ក៏ដោយ គឺ​តែងតែមាន​ការប្រកួតប្រជែង​ដោយ​ចៀស​មិន​រួច​ឡើយ សំខាន់​គឺ​ក្រុមហ៊ុន​យើង​ផ្តល់​សេវាកម្ម​ល្អ គុណ​ភាពល្អ​ទៅដល់​អតិថិជន ប្រាកដជា​អតិថិជន​មានការ​គាំទ្រ​កាន់តែច្រើនឡើងៗថែមទៀត​មិន​ខាន ហើយ​ទម្លាប់​ប្រជាជន​ខ្មែរ​មាន​ទំនោរ​ប្រើ​សេវាកម្ម​របស់​ប្រជាជន​ខ្លួនឯង ជាជាង​សេវាកម្ម​បរទេស៕

Advertisement