វិស័យ​អចលនទ្រព្យ​មុនពេល​បោះឆ្នោត​មាន​ស្ថានភាព​បែបណា?

“ទោះបី​ស្ថិតក្នុង​ពេលមុន​បោះឆ្នោត កំពុង​បោះឆ្នោត ឬ​ក្រោយ​បោះឆ្នោត​ក្ដី​ក្នុង​បណ្ដា​ឆ្នាំ​កន្លងមកនេះ​បញ្ហា​អចលនទ្រព្យ​មិនមាន​ការប្រែប្រួល​ខ្លាំង​ទេ ខណៈ​បច្ចុប្បន្ននេះ​ទីផ្សារ​ដីធ្លី​នៅ​កន្លែង​ណា​ក៏មាន​ការកើនឡើង​ខ្ពស់​ដែរ ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ភ្នំពេញ​តែម្ដង។

ទាំងអស់នេះ​បង្ហាញ​ពី​ជំនឿ​ជឿជាក់ថា ប្រទេស​កម្ពុជា​ពិតជា​មាន​ស្ថិរភាព និង​ការវិនិយោគ​លើ​អចលនទ្រព្យ​អាច​ទទួល​ប្រាក់ចំណេញ​បាន។ នេះ​បើតាម​ប្រសាសន៍​របស់់​ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បានបញ្ជាក់​កាលពី​ខែឧសភា​កន្លងទៅនេះ។

ការ​ថ្លែង​របស់​ឯកឧត្តម គឺ​ស្របពេល​មានការ​លេចឡើង​នូវ​វត្តមាន​ផ្សារ​ទំនើប​អន្តរជាតិ អុ​ី​អន​ដែល​បាន​បើក​ដំណើរការ​សាកល្បង​កាលពី​ចុងខែ​ឧសភា និង​គម្រោង​វិនិយោគថ្មីៗទៀត​នៅក្នុង​ខណ្ឌសែន​សុខ ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ និង​ដីធ្លី​ក្នុង​ខណ្ឌ​នេះ​ហក់​ឡើង​ខ្ពស់ និង​ក្លាយទៅជា​គោលដៅ​វិនិយោគ បើទោះបីជា​កៀក​នឹង​ពេល​បោះឆ្នោត​ក៏ដោយ។ តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​នៅមាន​វិនិយោគិន​ខាង​អចលនទ្រព្យ​ខ្លះ​បាន​បង្អង់​ល្បឿន​នៃ​ការទិញ-លក់​ដោយនៅ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​បោះឆ្នោត​សិន​ថា តើ​អាច​នឹងមាន​បញ្ហា​អ្វី​កើតឡើង​ឬទេ?

ការ​ហក់​ឡើង​ខ្ពស់​នៃ​តម្លៃ​អចលនទ្រព្យ​នេះ​ត្រូវបាន​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ពន្យល់​ឱ្យដឹងថា ការកើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ​ក្នុង​ទីតាំងខាងលើ​នោះ(ខណ្ឌ​សែន​សុខ) គឺ​ដោយសារតែ​តំបន់​នោះ​មាននូវ​អ្វី​ដែលជា​តម្រូវការ​សម្រាប់​ការរស់នៅ​ស្ទើរ​គ្រប់​ទៅហើយ ដូច​ជាមាន​សាលារៀន ផ្សារ​ទំនើប​លំនៅឋាន​ស្នាក់​នៅមាន​លក្ខណៈ​ស្ដង់ដារ កន្លែង​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​នេះ​កំពុងមាន​ការអភិវឌ្ឍ​ខ្លាំង​ដែល​សុទ្ធតែជា​ប្រភេទ​ហេដ្ឋារចនាសម្ព័ន្ធ​ធំ។

លោក​បញ្ជាក់ថា កាលពី 3ឆ្នាំមុន ផ្ទះ​លក់​ក្នុង​បុរី​ពិភពថ្មី​មានតម្លៃ​តែ​ជាង 20ម៉ឺន​ទេ ប៉ុន្តែ​ឥឡូវ​តម្លៃ​បាន​ហក់​ឡើង​រហូតដល់​ជាង 40ម៉ឺន​ដុល្លារ។ គួរ​បញ្ជាក់ដែរថា គម្រោង​ខ្នាត​ធំ​ដែល​បាននិងកំពុង​សាងសង់ និង​គម្រោង​ដែល​បាន​បើក​ដំណើរការ​ហើយ​នៅក្នុង​ខណ្ឌ​សែន​សុខ​រួមមាន​ផ្សារ​ម៉ាក្រូ​របស់​ថៃ គម្រោង​វិនិយោគ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កន្លែង​រៀបចំ​អាពាហ៍ពិពាហ៍​អន្តរជាតិ ឌឹ ព្រី​មៀមលែ​ន និង​ផ្សារ​ទំនើប​ធំ​ទី2 របស់​ជប៉ុន អុ​ី​អន​ម៉​ល ដែល​បាន​បើក​ដំណើរការ​សាកល្បង​រួចហើយ​កាលពី​ចុងខែ​កន្លងទៅ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន cencury21mekong បាន​មានប្រសាសន៍​អំពី​បញ្ហា​នេះ​ថា ពាក់ព័ន្ធ​នឹង​ការកើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ វា​អាច​កើតមាន​ឡើងជា​ករណី​ពិសេសគឺ​កើនឡើង​តែ​ម្តុំ​អុ​ី​អន​ម៉​ល​ហ្នឹងឯង។

លោក​បាន​បន្តថា ជាទូទៅ​យើង​ត្រូវ​មើលឃើញថា តម្លៃ​ផ្ទះ​បុរី​វា​អាច​កើនឡើង​តែ​មិនអាច​ឡើង​ខ្លាំង​រហូតដល់100%បានទេ។ យើង​ទទួលស្គាល់ថា វា​កើនឡើង តែ​វា​មិនអាច​ស្ទុះ​ឡើង​ខ្លាំងពេក​ទេ គឺ​ត្រឹមតែ​ខ្ពស់ជាង​តម្លៃ​ពីមុន​តិចតួច។ ចំណែក​ផ្ទះ​នៅក្នុង​បុរី​ពិភពថ្មី​ជិត​ផ្សារ​ទំនើប​អុ​ី​អន​ម៉​ល​ទី2វិញ ទិញ​ថ្លៃ17-18ម៉ឺន​ដុល្លារ​អាមេរិក ឥឡូវ​កើន​ដល់30-40ម៉ឺន​ដុល្លារ​អាមេរិក​ដែល​យើង​អាច​និយាយបានថា ជា​លក្ខណៈពិសេស​ដោ​យក​ន្លែ​ង មិនអាច​សន្និដ្ឋានថា​ជាត​ម្លៃ​ទីផ្សារ​រួម​ក្នុង​ខណ្ឌ​សែន​សុខ​បានទេ។

លោក សុខ​នី​ម គិតថា គឺ​គ្រាន់តែ​ជា​តម្រូវការ​ជុំវិញ​ផ្សារ​អុ​ី​អន និង​ផ្សារ​ម៉ាក្រូ​ប៉ុណ្ណោះ ដោយសារ​វា​ជា​ផ្ទះ​បែប shophouse(ផ្ទះ​ដែល​អាចធ្វើ​អាជីវ​កម្មបាន)។ តែ​ជាទូទៅ​ទីផ្សារ​អចលនទ្រព្យ​នៅមាន​តម្លៃ​ធម្មតា​ទោះបីជា​កៀក​ពេល​បោះឆ្នោតជាតិ​ដែល​គេ​បាន​សង្កេតឃើញថា វា​តែងតែមាន​ការជាប់គាំង​តម្លៃ​ក្នុង​រយៈពេល​កន្លងមក​ក៏ដោយ វា​ក៏​មិនមាន​អ្វី​ជា​ក្តីបារម្ភ​ខ្លាំងពេក​ដែរ គឺ​ទីផ្សារ​នៅមាន​ដំណើរការ មិនមាន​ភាពស្ងប់ស្ងាត់​នោះទេ។

លោកស្រី សេង ហ្គិ​ច​អ៊ាង ជា​អ្នក​ទីផ្សារ​នៅ​ក្រុមហ៊ុន សាន់​នី ប្រ​ភើ​ធី (Sunny Property) មានប្រសាសន៍ថា ការកើនឡើង​ខុសប្លែក​ពី​ឆ្នាំ​បោះឆ្នោតមុនៗ មកពី​មាន​វិនិយោគិន​ចិន​ចូលមក​ច្រើន ហើយ​ពួកគេ​ពុំ​ខ្វល់​ពី​នយោបាយ​ទេ ដោយ​គេ​គិតថា​កម្ពុ​ជាមាន​ស្ថិរ​ភាពជា​បន្ត ទោះបី​បោះឆ្នោត​រួច​ក៏ដោយ​ទើប​គេ​នៅតែ​បន្ត​បោះទុន​វិនិយោគ​ខាង​អចលនទ្រព្យ​នេះ។ ដូច្នេះ​ទើប​ធ្វើឱ្យ​ស្ថានភាព​អចលនទ្រព្យ​នៅតែមាន​ទីផ្សារ​ធម្មតា។

ដោយឡែក​អ្នកវិភាគ​អចលនទ្រព្យ និង​សេដ្ឋកិច្ច លោក ង៉ែត ជូ ត្រូវបាន​គេ​ស្រង់​សម្តី​ថា នៅក្នុង វិស័យនេះ​មានការ​បំពុល​ព័ត៌មាន​ច្រើន​ទាក់ទង​នឹង​ការបង្ហាញ ឬ​លើកឡើង​ពី​គម្រោង​អភិវឌ្ឍន៍​នានា​តាមរយៈ​អ្នកវិនិយោគ​មួយចំនួន​នៅក្នុង​វិស័យនេះ​ដើម្បី​ទាក់ទាញ​អតិថិជន ប្រយោជន៍​ដើម្បី​ធ្វើឱ្យ​ពួកគេ​លក់​គម្រោង​របស់​ពួកគេ​ឆាប់​ដាច់។ លោក​បន្តថា ប៉ុន្តែ​ជាក់ស្តែង​យើង​ឃើញ​គម្រោងព្រលានយន្តហោះ​ថ្មី​ក្នុង​ខេត្តកណ្តាល​ជា​ឧទាហរណ៍​ស្រាប់ អ្នកវិនិយោគ​មួយចំនួន​បាន​ប្រឈមមុខ​នឹង​ហានិភ័យ ព្រោះ​នៅពេលដែល​រដ្ឋាភិបាល​បានប្រកាស​សាងសង់​ព្រលាន​ថ្មី​នោះ អ្នកខ្លះ​បាន​ខ្ចីលុយ​ធនាគារ​ទៅ​ទិញ​ប៉ុន្តែ​បច្ចុប្បន្ន​គម្រោង​នោះបាន​ស្ងប់ស្ងាត់​ទៅវិញ ហើយ​ចលនា​នៃ​ការទិញ-លក់​ដីធ្លី​នៅ​តំបន់​នោះ​ក៏​ស្ងប់ស្ងាត់​ទៅវិញ​ដែរ។

លោក​បាន​បន្តថា “ហេតុនេះ​មុននឹង​សម្រេចចិត្ត​វិនិយោគ ខ្ញុំ​សុំឱ្យ​ប្រជាពលរដ្ឋ​ប្រមូល​ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​ជាមុនសិន មុននឹង​ធ្វើការ​សម្រេច​ចិត្ត​វិនិយោគ​ដើម្បី​កាត់បន្ថយ​ហានិភ័យ។ លោក​បាន​បន្តទៀតថា “នៅពេល​យើង​មិនសូវ​ស្វែងយល់​សិក្សា និង​តាមដាន​ព័ត៌មាន​ឱ្យបាន​ជាក់លាក់​ទេ​នឹង​ធ្វើឱ្យ​ការវិនិយោគ​របស់​យើង​មាន​ហានិភ័យ​ខ្ពស់។

លោក ង៉ែត ជូ បាន​បន្តថា ការសិក្សា​និង​ប្រមូល​ព័ត៌មាន​បាន​ត្រឹម​ត្រូវជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់ធ្វើ​ការសម្រេច​ចិត្ត និង​អាច​កាត់បន្ថយ ឬ​បញ្ចៀស​បាន​នូវ​ហានិភ័យ​ជាជាង​យើង​វិនិយោគ​បែបប្រថុយប្រថាន ព្រោះ​បើ​ការវិនិយោគ​ពឹង​លើ​ព្រេងសំណាង មិនមែនជា​ជម្រើស​របស់​អ្នកវិនិយោគ​ឆ្លាត​វៃ​នោះឡើយ៕

Advertisement