ការប្រមូល​ពន្ធ​នៅ​កម្ពុជា​មានការ​កើនឡើង 20%ជា​រៀងរាល់ឆ្នាំ

ស្រប​ពេលដែល​រោងចក្រ​សហគ្រាស និង​ក្រុមហ៊ុន​ឯកជន​នានា មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​បានធ្វើឱ្យ​ចំណូល​ពន្ធ​នៅ​កម្ពុជា​មានការ​កើនឡើង​ប្រមាណ​ជា 20%ជា​រៀងរាល់ឆ្នាំ។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ។

ក្នុងជំនួប​ជាមួយ​វិស័យ​ឯកជន ធុរជន និង​ពាណិជ្ជករ ដែល​រៀបចំឡើង​ដោយ​សហគមន៍​អឺរ៉ុប ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​មានប្រសាសន៍ថា តាមរយៈ​ការអនុវត្ត​យ៉ាង​យកចិត្តទុកដាក់​នូវ​កំណែទម្រង់រដ្ឋបាល និង​គោលនយោបាយ​សារពើពន្ធ ព្រមទាំង​ការធ្វើ​ទំនើបកម្ម​ពន្ធដារ ដោយ​អនុវត្ត​ស្របតាម​យុទ្ធសាស្ត្រកៀរគរ​ចំណូល​រយៈពេល​មធ្យម  ចាប់ពី​ឆ្នាំ2014-2018 ជា​លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ និង​អាករ​គ្រប់​ប្រភេទ​ចាប់តាំងពី​ឆ្នាំ2012មក អគ្គនាយកដ្ឋាន​ពន្ធដា​រតែង​សម្រេចបានគ្រប់​និង​លើស​ផែនការ​កំណត់ ពិសេស​ឆ្នាំ2017កន្លងទៅនេះ​ជា​កំណត់​ថ្មី​របស់​ពន្ធដារ​ដែល​ស​ម្រេច​បាន​នេះ បាន​ឆ្លុះបញ្ចាំង 113% នៃ​ផែនការ​ច្បាប់។

លទ្ធផល​សម្រេចបាន​នេះ​ក្នុង​បរិបទ​មួយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់ ៖1.មិនមាន​ការបង្កើន​អត្រាពន្ធ ឬ​បង្កើត​ពន្ធ​ថ្មី។ ទី2. មានតែ​ពង្រឹង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ពន្ធដារ​មាន​ស្រាប់។ 3.ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ឱ្យអស់​សក្តានុពល​ដែលមាន​ស្រាប់ និង​ទី4.ធានា​ឱ្យបាន​នូវ​ភាពងាយស្រួល សមធម៌ និង​ភាពត្រឹមត្រូវ​ក្នុងការ​បង់ពន្ធ ខណៈដែល​គោលដៅ​នៃ​ការប្រមូល​ពន្ធ​កំណត់ដោយ​ច្បាប់​ត្រូវបាន​កើនឡើង​ក្នុង​រង្វង់​ប្រមាណ 20% ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

ឯកឧត្តម​បញ្ជាក់ថា អគ្គនាយកដ្ឋាន​ពន្ធដា​រ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ ដើម្បី​ប្រែក្លាយ​អគ្គនាយកដ្ឋាន​ពន្ធដារ ទៅជា​អង្គភាព​សាធារណៈ​មួយ​ដែល​ត្រូវបាន​ទទួលស្គាល់​លើ​គុណភាព និង​ជំនាញ​ក្នុងការប្រមូល​ចំណូល​ពន្ធ ក៏ដូចជា​ការបញ្ជ្រាប​ព័ត៌មាន​ពន្ធដារ ដោយ​ធ្វើឱ្យ​ការផ្តល់សេវា​សាធារណៈរ​បស់​រាជរដ្ឋាភិបាល​សារពើពន្ធ​កាន់តែ​មាន​ប្រសិទ្ធភាព គុណភាព​ខ្ពស់​រហ័ស សាមញ្ញ ស័ក្តិសិទ្ធិភាព​គួរឱ្យ​ទុកចិត្ត ក្នុងន័យ​ថា ប្រព័ន្ធ​ពន្ធដារ​កម្ពុជា​កាន់តែ​សាម​ញ្ញា ងាយស្រួល សម្រាប់​អ្នក​ជាប់ពន្ធ ប៉ុន្តែ​លំបាក​ក្នុងការ​គេចវេះ។

ដើម្បី​ធ្វើ​ទំនើប ពន្ធដារ និង​បង្កើន​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានដាក់​ឱ្យប្រើ​ប្រា​ស់នូ​វប្រ​ព័ន្ធ​តាមដាន លំហូរ​ឯកសារ​ចេញ-ចូល (Tracking Document System) សេវា Call Center ទូរស័ព្ទ 1277, GDT Live Chat ក្នុងន័យ​ពង្រឹង​សេវា និង​ការឆ្លើយតប​នានា​ជូន​អ្នក​ជាប់ពន្ធ​ឱ្យបាន​ប្រសើរ ការបង់ពន្ធ​តាម​ប្រព័ន្ធ​ធនាគារ និង​ការបង់ពន្ធ​តាម​ប្រព័ន្ធអន​ឡាញ (E-Payment) កម្មវិធី​ពិនិត្យ​លិខិត​សវនកម្ម (Audit Checking Application) តាមរយៈ​ទូរស័ព្ទដៃ​ដែល​អាច​ទាញយក​ពី Appstore ឬ Playstore ដោយ​ឥត​បង់ថ្លៃ និង​បំពេញ​នូវព័ត៌មាន​ដែល​បាន​តម្រូវ។ បន្ថែម​ពីនេះ​ទៀត ក្នុងពេលឆាប់ៗខាងមុខ អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​ផ្តល់​លទ្ធភាព​ឱ្យ​អ្នក​ជាប់ពន្ធ​អាចដាក់​លិខិត​ប្រកាស​ពន្ធ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Filing) បន្ថែម​ពីលើ​ការបង់ប្រាក់​ពន្ធ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក E-Payment ដែល​កំពុង​បានដាក់​ឱ្យប្រើ​ប្រាស់។

ជាមួយគ្នានេះ​លោក Anaud Darc ប្រធានសភា​ពាណិជ្ជកម្ម​អុ​ឺ​រ៉ុ​ប (EUROCHAM) បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការផ្តល់​នូវ​ការគាំទ្រ​ដល់​វិស័យ​ឯកជន ក្នុងការ​ពង្រឹង​នូវ​ការប្រកួតប្រជែង​ដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព និង​សមធម៌​ក្នុងចំណោម​សហគ្រាស​ទាំងឡាយ ទាំង​សហគ្រាស​ជា​អ្នក​ជាប់ពន្ធ​ធំ សហគ្រាស​ជា​អ្នក​ជាប់ពន្ធ​តូច តាមរយៈ​ការធ្វើកំណែទម្រង់ គោលនយោបាយ និង​រដ្ឋាភិបាល​សារពើពន្ធ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​បាន និង​កំពុង​អនុវត្ត​ជាពិសេស​ក្នុង​រយៈពេល 5ឆ្នាំ​ចុង​ក្រោយនេះ។

គួរ​បញ្ជាក់ថា ក្នុង​រយៈពេល 4ខែ ដើមឆ្នាំ2018 ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​ប្រមូលបាន​សរុប​មាន​ចំនួន 3,638.31 ពាន់​រៀល​ប្រមាណ​ជា 909.57លាន​ដុល្លារ​អាមេរិក ស្មើនឹង​ប្រមាណ​ជា 47.29% នៃ​ផែនការ​កំណត់។ ប្រសិនបើ​ធៀប​នឹង​រយៈពេល 4ខែ ដើមឆ្នាំ2017 ឃើញថា ការប្រមូល​ពន្ធអាករ​គ្រប់​ប្រភេទ(តាម​ប្រព័ន្ធ​អន​ឡាញ)ក្នុង​រយៈពេល 4ខែ ឆ្នាំ2018 កើនឡើង​ចំនួន 389.96ពាន់​លាន​រៀល ស្មើនឹង 97.49 លាន​ដុល្លារ​អាមេរិក ស្មើនឹង12.01%៕

Advertisement