តម្លៃ​ដី​ក្នុង​ខណ្ឌដង្កោ មាន​សម្ទុះ​ឡើង​ខ្លាំង រយៈពេល 5ឆ្នាំ​ចុង​ក្រោយនេះ

ស្រប​ពេលដែល​វិស័យ​សំណង់​បាន និង​កំពុង​រីកលូតលាស់​ខ្លាំង​នៅក្នុង​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បច្ចុប្បន្ន​វិស័យនេះ​បាន​ងាក​ទៅ​ខណ្ឌដង្កោ​វិញ​ម្ដង ជាហេតុ​នាំឱ្យតម្លៃ​ដី​នៅ​ភាគខាងត្បូង​រាជធានី​បាន​ហក់​កាន់តែ​ខ្ពស់​ឡើង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

លោក ហ៊ឹម សីហា ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន VTrust Appraisal មានប្រសាសន៍​ឱ្យដឹងថា របាយការណ៍​ស្រាវជ្រាវ នៅ​ត្រីមាស​ទី1 ដើមឆ្នាំ2018 របស់​ក្រុមហ៊ុន VTrust Appraisal សហការ​ជាមួយ​ក្រុមហ៊ុន Zillenium បាន​រកឃើញថា អត្រាកំណើន​តម្លៃ​ដីធ្លី​ជា​មធ្យម​នៅក្នុង​ខណ្ឌដង្កោ​ពី​ឆ្នាំ2002 ដល់​ឆ្នាំ2007 បាន​កើនឡើង​ប្រមាណ​ជា 35%។ លោក​ថា “ខណ្ឌដង្កោ​និយាយ​ជាទូទៅ នៅ​សង្កាត់​ដង្កោ និង​សង្កាត់​ជើងឯក តម្លៃ​ដី​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយសារ​តែមាន​គម្រោង​ទីក្រុង​រណប ING City និង​គម្រោង​ព្រលានយន្តហោះ​ថ្មី ដែលមាន​ទីតាំងនៅ​ស្រុក​កណ្តាលស្ទឹង ខេត្ដ​កណ្តាល។

តម្លៃ​ដីធ្លី​នៅ​ខណ្ឌដង្កោ​អាច​ខ្ពស់ ឫ​ទាប​អាស្រ័យ​លើ​ចម្ងាយ​ផ្លូវ​ពី​វត្តភ្នំ​ដែលជា​ចំណុចកណ្ដាល​របស់​រាជ​ធានី​ភ្នំពេញ។ តាម​បណ្តោយ​ផ្លូវធំ ដី​ទំនេរ​ចម្ងាយ​ប្រហែល10គីឡូម៉ែត្រ​ពី​វត្តភ្នំ អាចមាន​តម្លៃ 450ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​តម្លៃ​ដី​អាច​ត្រឹមតែ 10ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ប្រសិនបើ​មាន​ចម្ងាយ​ប្រហែល 25គីឡូម៉ែត្រ​ពី​វត្តភ្នំ។ ទោះជា​យ៉ាងណាក៏ដោយ ដី​ទំនេរ​ដែលមាន​ចម្ងាយ2 ទៅ3គីឡូម៉ែត្រ​ពី​សង្កាត់​ដង្កោ​នៅតាម​បណ្តោយ​ផ្លូវ​ចំការ​ដូង (ឫ​ផ្លូវ217) អាចមាន​តម្លៃ​ចាប់ពី 400ដុល្លារ ទៅ 800ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ដែលជា​តម្លៃ​ខ្ពស់បំផុត​នៅក្នុង​សង្កាត់​ដង្កោ។

ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​មួយចំនួន​ដូចជា​បុរី​ពិភពថ្មី លឹម​ឈាង​ហាក់ និង​សូ​នី​ជាដើម បាន​សាងសង់​គម្រោង​លំនៅឋាន​មួយចំនួន​នៅក្នុង​សង្កាត់​ដង្កោ។ ចំពោះ​ការអភិវឌ្ឍ​លំនៅឋាន ខណ្ឌដង្កោ មាន​ចំនួន​លំនៅឋាន​ច្រើនជាងគេ​លំដាប់​ទី3 បន្ទាប់ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សែន​សុខ។ ការផ្គត់ផ្គង់​លំនៅឋាន​នៅ​ខណ្ឌដង្កោ​បាន​ឈានដល់​ចំនួន 17,664ខ្នង​ផ្ទះ ដែល​ក្នុងនោះ​ចំនួន 11,386ខ្នង​ផ្ទះ​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ។

ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើនប្រជាជន​ប្រចាំឆ្នាំ 8ភាគរយ​នៃ​ខណ្ឌ​មួយ​នេះ អ្នក​អភិវឌ្ឍន៍​មាន​គម្រោង​សាងសង់​លំនៅឋាន​ចំនួន 3,000ខ្នង​បន្ថែមទៀត​នៅត្រឹម​ឆ្នាំ2018នេះ។ ទន្ទឹមនឹង​នេះដែរ ការផ្គត់ផ្គង់​លំនៅឋាន​ថ្មី​ក៏​ដើម្បី​ឆ្លើយតប​ទៅនឹង​ការពង្រីក​ទីក្រុង​នៅក្នុង​ខណ្ឌដង្កោ​ផងដែរ។

គម្រោង​អភិវឌ្ឍន៍សំខាន់ៗដូច ING City និង​គម្រោង​អាកាសយានដ្ឋាន​ភ្នំពេញ​នឹង​ដើរតួ​ជា កាតាលីករ​ដើម្បី​ទាក់ទាញ​គម្រោង​អភិវឌ្ឍន៍​ដទៃទៀត​នៅក្នុង​ខណ្ឌដង្កោ ហើយ​ប្រការនេះ​នឹងធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​កាន់តែ​ប្រសើរឡើង​នៅក្នុង​តំបន់។ ជាមួយនឹង​ការរីកចម្រើន​ផ្នែក​នគរូបនីយកម្ម ឆាប់រហ័ស​នៅក្នុង​រាជធានី​ភ្នំពេញ ខណ្ឌដង្កោ​ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្លាស់ប្តូរ​ទៅជា​តំបន់​ទីក្រុង​ពេញលេញ​ក្នុង​រយៈពេល2ទសវត្សរ៍​ខាងមុខ​ទៀត។

លោក សន ស៊ា​ប ស្ថាបនិក និង​ជានា​យក​ក្រុមហ៊ុន Key Real Estate Co., Ltd មានប្រសាសន៍ថា ក្រោយពី​វិស័យ​សំណង់​បាន​រីក​ឡើង​ខ្លាំង​នៅ​ភាគ​ខាងលិច និង​ភាគ​ខាងជើង​រាជធានី​ភ្នំពេញរួចមក និន្នាការ​នៃ​ការសាងសង់​សំណង់​លំនៅឋាន​នានា រួម​នឹង​អគារ​ពាណិជ្ជកម្ម ក៏ដូចជា​ផ្សារ​ទំនើប​កំពុង​បែ​ឆ្ពោះទៅ​ភាគខាងត្បូង​ជាបណ្តើរៗហើយ ពិសេស​នៅក្នុង​ខណ្ឌដង្កោ​នេះ​តែម្តង។

លោក​បន្តថា នៅពេល​សំណង់​កើនឡើង​ខ្លាំង​នៅក្នុង​ខណ្ឌ​ខាងលើ​រួច សកម្មភាព​សំណង់ និង​បន្ត​ឆ្ពោះទៅ​ភាគ​ខាងកើត​វិញ​ម្តង ពិសេស​នៅ​តំបន់​អរិយ​ក្សត្រ​ក្នុងស្រុក​ល្វាឯម និង​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ក្រោយ​ពេលដែល​រដ្ឋាភិបាល​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​រួច​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​នេះ។

អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ មានប្រសាសន៍ថា ជាទូទៅ​នៅពេលដែល​ទីក្រុង​ភ្នំពេញ​មាន​លក្ខណៈ​ចង្អៀត ទីតាំង​ភូមិសាស្ត្រ​នេះ​នឹង​ពង្រីក​កាន់តែ​ធំឡើងៗ ដោយ​បច្ចុប្បន្ន​វិស័យ​សំណង់​បាន​រីកដុះដាល​ក្នុង​រង្វង់ 20គីឡូម៉ែត្រ​ជុំវិញ​រាជធានី​ភ្នំពេញ ហើយ​នៅ​រយៈពេល​ប្រមាណ​ជា 10ឆ្នាំក្រោយ​ទៀត វា​នឹង​រីក​កាន់តែ​ធំ​រហូតដល់ 40គីឡូម៉ែត្រ​ជុំវិញ​រាជធានី​ភ្នំពេញ៕

Advertisement