តើ​កាត​ធនាគារ​ប្រភេទ​ណា​ដែល​ល្អ​ស័ក្តិសម​សម្រាប់​អ្នកប្រើប្រាស់?

បច្ចុប្បន្ន​ពេលដែល​សង្គម​កម្ពុជា​ស្ថិតនៅក្នុង​ស្ថានភាព​សេដ្ឋកិច្ច​រីកចម្រើន ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ខាង​ផ្នែក​ហិរញ្ញវត្ថុ​នៅតាម​គ្រឹះស្ថាន​ធនាគារពាណិជ្ជ និង​មីក្រូហិរញ្ញវត្ថុ​ក៏​កំពុង​តែមានការប្រកួតប្រជែង​គ្នា ដែល​ផ្តល់​ភាពងាយស្រួល និង​ជម្រើស​ជាច្រើន​ដល់​អ្នកប្រើប្រាស់​ផងដែរ។ ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ភាគ​ធំ​បាននិងកំពុង​ប្រើប្រាស់​កាត​ធនាគារ​ជាច្រើន​ប្រភេទ​ដើម្បី​ចរាចរ​ទឹកប្រាក់​របស់ខ្លួន​តាមរ​យៈ​គណនី​ប្រាក់​សន្សំ ក៏ដូចជា​គណនី​ចរន្ត​សម្រាប់​ការធ្វើ​អាជីវកម្មផ្សេងៗ ដែល​ប្រភេទ​កាត​ទាំងនោះ​រួមមាន​កាត​អេ​ធី​អឹម (ATM) កាត​ឥណទាន(Credit Card) កាត​ឥណ​ពន្ធ (Debit Card) របស់​ក្រុមហ៊ុន ម៉ា​ស្ទ័​រកា​ត (Master card) វី​សា​កាត (Visa card) និង យូ​ញៀន​ផេ​យ (UnionPay) ជាដើម។

អ្នកប្រើប្រាស់​មួយចំនួន​នៅ​មិនទាន់​យល់ច្បាស់​ពី​ភាពខុសគ្នា​នៃ​ការប្រើប្រាស់ និង​អត្ថប្រយោជន៍ផ្សេងៗគ្នា​រវាង​ប្រភេទ​កាត​ធនាគារ​ខាងលើ​នៅឡើយ​ទេ ហើយ​មិនដឹងថា​តើ​គួរ​ជ្រើសរើស​កាតធនាគារ​ប្រភេទ​មួយណា​ដែល​ល្អ​សម្រាប់​ការប្រើប្រាស់? ឡា​រ៉ែ​ន នឹង​លើកយក​ចំណុច​នេះ​មក​បកស្រាយ ដើម្បីឱ្យ​អ្នកប្រើប្រាស់​កាត​ធនាគារ​ទាំងឡាយ​អស់​ចម្ងល់ និង​បាន​យល់​កាន់តែច្បាស់ឡើង។

ជាទូទៅ​កាត​ឥណ​ពន្ធ ឬ​កាត​ឥណទាន ជា​គោលនយោបាយ​ទូទាត់​ប្រាក់​ក្នុង​វិស័យ​ធនាគារ ដើម្បី​កាត់បន្ថយ​ការចាយវាយ​សាច់ប្រាក់​សុទ្ធ​នៅលើ​ទីផ្សារ ដែលមាន​ចំនួន​ច្រើន​ហើយក៏​ជា​គោលនយោបាយ​របស់​ធនា​គារ​កណ្តាល ដែល​គាំទ្រ​នូវ​ការប្រើប្រាស់​កាត​ទាំងនេះ។ ការប្រើប្រាស់​កាត​ធនាគារ​ទាំងនេះ​ធ្វើឱ្យ​ទឹកប្រាក់​ដែលមាន​ចំនួន​ច្រើន​ចរាចរ​នៅក្រៅ​ធនាគារ និង​ចរាចរ​តាមរយៈ​ធនាគារ គឺ​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​សាច់ប្រាក់​បានច្បាស់លាស់​ពីព្រោះ​កាត​ធនាគារ​ក៏ដូចជា​ប្រាក់​សម្រាប់​ចាយ​ទូទៅ​ដែរ គ្រាន់តែ​វា​បំប្លែង​ទៅជា​កាត សម្រាប់​ចរាចរ​ជំនួស​សាច់ប្រាក់​តែប៉ុណ្ណោះ។

យោងតាម​វេ​ប​សាយ​ធនាគារជាតិ​បានឱ្យដឹងថា​ប័ណ្ណទូទាត់ប្រាក់​ដែល​ប្រើប្រាស់​ទូលំទូលាយ​នាពេល​បច្ចុប្បន្ន​មាន 4ប្រភេទ គឺ​ប័ណ្ណឥណទាន (Credit Card)  ប័ណ្ណ​ឥណ​ពន្ធ (Debit  Card)ប័ណ្ណ​អេ​ធី​អឹម (ATM) និង​ប័ណ្ណ​បង់ប្រាក់​ជាមុន (Prepaid Card) ។

1-ប័ណ្ណឥណទាន(Credit Card): ជា​ប័ណ្ណ​មួយ​ប្រភេទ​ដែល​ធនាគារនីមួយៗចេញ​ឱ្យ​អតិថិជន​របស់ខ្លួន​ប្រើ ដោយ​អតិថិជន​មិនចាំបាច់​ដាក់​ប្រាក់​តម្កល់​ក្នុង​គណនី​ទេ ធនាគារ​នឹងសិក្សា​ពី​ចំណូល​អតិថិជន​របស់​ខ្លួន​ដោយ​ផ្តល់នូវ​ទឹកប្រាក់​ក្នុង​ការឱ្យ​អតិថិជន​ប្រើប្រាស់​ជាមុន លើ​ការទូទាត់​ការទិញ​ទំនិញ និង​សេវា​ផ្សេង ហើយ​អតិ​ជន​ត្រូវ​បង់ប្រាក់​សងបញ្ចូល​ក្នុង​កាត​វិញ​រៀងរាល់ខែ​នូវ​ចំនួន​ទឹកប្រាក់​ដែល​បាន​ប្រើ​អស់ បន្ទាប់ពី​ធនាគារ​ចេញ​វិក័យប័ត្រ​ជូន​នៅ​រៀងរាល់​ចុងខែ​នីមួយ។

ប័ណ្ណឥណទាន​គឺ​ធនាគារ​ចេញ​ឱ្យ​អ្នកប្រើប្រាស់​ដោយ​ផ្តល់នូវ​កម្រិត​ឥណទាន​មានកំណត់​មួយ ដែល​អ្នកប្រើប្រាស់​អាចយ​ក​ទៅ​ចាយ​ទិញ​ទំនិញ និង​សេវា​ឬ​អាច​ដក​សាច់ប្រាក់​សម្រាប់​ប្រើប្រាស់​ជាមុន តាមរយៈ​ម៉ាស៊ីន​ដក​ប្រាក់ ដែល​ការដក​ប្រាក់​នេះ​នឹងត្រូវ​គិតថ្លៃ​សេវា​ពី​ធនាគារ​ដែល​ចេញ​ប័ណ្ណឥណទាន​ឱ្យប្រើ​ប្រាស់ ។ ធនាគារពាណិជ្ជ​ជាច្រើន​បាន​ផ្តល់ទៅឱ្យ​អតិថិជន​របស់​ពួកគេ​នូវ​ប័ណ្ណឥណទាន​ជា​ប្រភេទ ​Visa Master និង UnionPay ជាដើម។

2-ប័ណ្ណ​ឥណ​ពន្ធ(Debit Card): ជា​ប័ណ្ណ​មួយ​ប្រភេទ​ដែល​អាចធ្វើ​ការទូទាត់​ជំនួស​ឱ្យ​សាច់ប្រាក់​នៅពេល​ទិញ​ទំនិញ ឫ​សេវាកម្មផ្សេងៗដូច​ប័ណ្ណឥណទាន​ដែរ គ្រាន់តែ​ប័ណ្ណ​ឥណ​ពន្ធ​តម្រូវឱ្យ​ម្ចាស់​ប័ណ្ណ​ត្រូវដាក់​ប្រាក់​ចូលក្នុង​គណនី​របស់​ខ្លូន​ជាមុន​ទើប​អាច​ចាយ​ទូទាត់​ទំនិញ ឫ​សេវា​កម្មបាន។ បើ​មើល​តាម​មុខងារ​របស់​វា ប័ណ្ណ​ឥណ​ពន្ធ​អាច​ត្រូវបានគេ​ហៅថា​ជា​មូល​ប្ប​ទា​នប​ត្រ​អេឡិចត្រូនិក ដោយសារតែ​សាច់ប្រាក់​ត្រូវបាន​ដក​ដោយផ្ទាល់​ចេញពី​គណនី​របស់​អ្នក​កាន់​ប័ណ្ណ​តាម​កម្រិត​សមតុល្យ​ដែលមាន។ អតិថិជន​ទាំងឡាយ​អាចធ្វើ​ការដកសាច់ប្រាក់​របស់ខ្លួន​ពី​កាត​ឥណ​ពន្ធ​នេះ​តាមរយៈ​ម៉ាស៊ីន​ដក​ប្រា​ក់បាន​ដូច​ប័ណ្ណឥណទាន​ដែរ តែ​មិន​អស់ថ្លៃ​សេវា​នៃ​ការដក​ប្រាក់​នោះទេ។

ធនាគារនីមួយៗបាន​សហការ​ជាមួយ​ក្រុមហ៊ុន​កាត​ទាំងឡាយ​ដែលមាន​ដូចជា​វី​សា​កាត (Visa card) ម៉ា​ស្ទ័​រកា​ត(Master card) និង​យូ​ញៀន​ផេ​យ (UnionPay)  ជេ​ស៊ី​បី (JCB) អា​មេ​រិច​ខេន អិ​ច​ស្ព្រេ​ស(American Express)។ល។ ដើម្បី​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍ផ្សេងៗគ្នា​ដល់​អ្នកប្រើប្រាស់ ប៉ុន្តែ​តើ​មាន​ចំណុច​ខុសគ្នា​បែបណាខ្លះ​ចំពោះ​ម៉ាក​កាត​អន្តរជាតិ​ទាំងនេះ? វា​មាន​លក្ខណៈ​ខុសគ្នា​នៅលើ​ទីផ្សារ​ទៅតាម​ប្រទេសនីមួយៗហើយ​វា​មាន​ចំណុច​ពិសេស​ផ្ទាល់ខ្លួន​របស់​វា។

3-ប័ណ្ណ​អេ​ធី​អឹម(ATM): ជា​ប័ណ្ណ​ដែល​អាច​ប្រើ​បាន ជាមួយ​ម៉ាស៊ីន​ATMសម្រាប់ធ្វើ​ប្រតិបត្តិការ ដូចជា ការមើល​សមតុល្យ​គណនី និង​ការដក​ប្រាក់​ជាដើម។ ប័ណ្ណ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ប័ណ្ណ​ឥណ​ពន្ធ​ដែរ ព្រោះថា​ប័ណ្ណ​នេះ​ត្រូវបាន​ភ្ជាប់​ដោយផ្ទាល់​ទៅ​គណនី​ធនាគារ​មួយ ប៉ុន្តែ​មិនអាច​ត្រូវបាន​ប្រើ​សម្រាប់​ទិញ​ទំនិញ​ជា​លក្ខណៈ​អន្តរជាតិបាន​នោះទេ តែ​អាច​ប្រើប្រាស់​សម្រាប់​ការទូទាត់​ការទិញ​ទំនិញ ឫ​សេវា ក្នុង​ហាង​មួយចំនួន​ក្នុងស្រុក​បាន​ប្រសិនបើ​ហាង​ឫ​ក្រុមហ៊ុន​ទាំង​នោះបាន​សហការ​ជាមួយ​ធនាគារ ដែល​បានចេញ​កាត​អេ​ធី​អឹម​នោះ។

4- ប័ណ្ណ​បង់ប្រាក់​ជាមុន(Prepaid Card):  ជា​ប័ណ្ណ​មួយ​ប្រភេទ​ដែល​ប្រាក់​ត្រូវបាន​បញ្ចូល​តាមរយៈ​ការដាក់​ប្រាក់​ក្នុងគណ​នីមួយ​ដែល​ភ្ជាប់​ទៅនឹង​ប័ណ្ណ​នោះ ហើយ​ចំនួន​ប្រាក់​នោះ​អាច​ត្រូវបានចំណាយ​នៅតាម​ហាង​លក់ទំនិញ​ដែល​ចូលរួម​ជា​សមាជិក។ នៅក្នុង​ករណីខ្លះ ប័ណ្ណ​នេះ​ត្រូវបាន​រៀបចំឡើង​សម្រាប់​ប្រើតែ​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ-ណិ​ត​ប៉ុណ្ណោះ ដូច្នេះហើយ​វា​អាច​មិនមាន​រូបរាងជា​រូបវន្ត​នោះទេ។ ជាធម្មតា ការប្រើប្រាស់​ប័ណ្ណ​បង់ប្រាក់​ជាមុន​ទាំងនេះ​រួមមាន ប័ណ្ណ​ទូរស័ព្ទ ប័ណ្ណ​អំណោយ និង​ប័ណ្ណ​ធ្វើដំណើរ ជាដើម។

ប្រតិ​ប​តិ្ត​ការ​ប័ណ្ណទូទាត់ប្រាក់​ខាងលើនេះ​មានការ​កើនឡើង​ទាំង​ប្រតិបត្តិការ​ជា​ប្រាក់រៀល និង​ជា​ប្រាក់​ដុល្លារ​អាមេរិក ប៉ុន្តែ​ចំនួន​ប្រតិបត្តិការ​ជា​ប្រាក់​ដុល្លារ​អាមេរិក​មាន​រហូត​ដល់​ជាង70%។

អ្នកជំនាញ​សេដ្ឋកិច្ច​បាន​ពន្យល់​ស្រដៀង​គ្នា ថា​ប័ណ្ណឥណទាន គេ​ប្រើប្រាស់​សម្រាប់​អភិវឌ្ឍ​ការទូទាត់​តាម​បណ្តា​ធនាគារ។ ទី1គឺ​សំដៅ​ទៅលើ​ការគ្រប់គ្រង​សាច់ប្រាក់ ដើម្បី​កុំឱ្យ​សាច់ប្រាក់នៅ​រាយប៉ាយ ម្យ៉ាង​យើង​មិនចាំបាច់​យកប្រាក់​សុទ្ធ​តាម​ខ្លួន​ឡើយ​ដែល​អាចជួយ​បង្ការ​ហានិភ័យ​នៃ​ការបាត់បង់ ឬ​ត្រូវ​ចោរលួច​ជាដើម​បាន។ ទី2ជា​លក្ខណៈ​កម្ចី​ឯកជន​ដែល​ធនាគារ អាចឱ្យ​យើងខ្ចីប្រាក់​មុន​បាន ពេល​ដាច់​ខែ​ត្រូវយក​ប្រាក់​ទៅ​ទូទាត់​ឱ្យគេ​វិញ ពោលគឺ​ទូទាត់់​សមតុល្យ​ចុងក្រោយ​សរុប​នៃ​របាយការណ៍​កាត​ឥណទាន​ទៅតាម​កាលបរិច្ឆេទ​កំណត់។

ខុសពី​កាត​ឥណ​ពន្ធ​ទាល់តែ​យកប្រាក់​ទៅ​ដាក់​ក្នុង​គណនី​ធនាគារ​ទើប​យើង​អាច​ដក​ប្រាក់​នោះ​ចាយ​បាន។ ក៏ប៉ុន្តែ​វា​មាន​ផលប្រយោជន៍​ដូចគ្នា​ក្នុង​ការជួយ​ដល់​អ្នកធ្វើការ អ្នករកស៊ី ឫ​អ្នកធ្វើ​ពាណិជ្ជកម្ម​ដែល​រកស៊ី​មាន​ចំនួន​ទឹកប្រាក់ច្រើនៗមាន​ភាពងាយស្រួល​ក្នុងការ​ប្រើ​វា។ ទាំងអស់នេះ​ចាត់ទុកថា​ជា​បច្ចេកវិទ្យា​ឌីជីថល​ដែល​ជំរុញឱ្យមាន​ការអភិវឌ្ឍ​ក្នុង​វិស័យសេដ្ឋកិច្ច​រីកចម្រើននាពេល​បច្ចុប្បន្ន​នេះដែរ។

គិត​ត្រឹម​ខែកុម្ភៈ​ឆ្នាំ2018នេះ​ប្រទេស​កម្ពុ​ជាមាន​ម៉ាស៊ីន​ATMចំនួន1,518គ្រឿង ប័ណ្ណ​ឥណ​ពន្ធ (Debit Card) ចំនួន1.8លាន និង​ប័ណ្ណឥណទាន (Credit Card) មាន76ម៉ឺន​ប័ណ្ណ៕

Advertisement