សេដ្ឋកិច្ចជាតិ​ផ្លាស់ប្តូរ​កាន់តែ​ទំនើប ពី​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម

បច្ចុប្បន្ននេះ រចនាសម្ព័ន្ធ​នៃ​សេដ្ឋកិច្ចជាតិ​កាន់តែ​មាន​ទំនើបកម្ម និង​បាន​ផ្លាស់ប្តូរ​ពី​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម​ដែល​នេះ គឺជា​ដំណើរ​នៃការកសាង​ជាតិ​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ដែល​កម្ពុជា​សម្រេចបាន​នូវ​សេដ្ឋកិច្ច​ខ្ពស់​ប្រមាណ7.7% បើ​គិតពី​ឆ្នាំ2000 ដល់​ឆ្នាំ2017។ នេះ​បើតាម​ការ​ថ្លែង​របស់លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-កូរ៉េ (CKCC)។

លោក​បាន​បញ្ជាក់់ថា ប្រការនេះ​បានធ្វើឱ្យ​ទំហំ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (ផ.ស.ស) GDP គិត​តាម​ថ្លៃ​បច្ចុប្បន្ន មានការ​កើនឡើង​ប្រមាណ 6ដង។ ពោលគឺ ពី​ប្រមាណ​តែ​ជាង 3ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ2000 ឡើងដល់​ប្រមាណ​ជាង 24ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2018។

លោក វិស្សុត បាន​ថ្លែងថា ប្រាក់ចំណូល​របស់​ប្រជាជន​ម្នាក់​ធៀប​នឹង ផ.ស.ស(GDP) បាន​កើនឡើង​ប្រមាណ 5ដង ពោលគឺ ពី​ប្រមាណ​តែ 288ដុល្លារ​ក្នុង​ឆ្នាំ2000 ឡើងដល់ 1,563ដុល្លារ​ក្នុងឆ្នាំ2018 ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា​បានក្លាយ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ2015កន្លងទៅ។ ក្រៅពី​ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ហើយ កម្ពុជា​ក៏មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ដ៏​ល្អប្រសើរ​ផងដែរ។ ជាក់ស្តែង អត្រា​អតិផរណា​មាន​កម្រិត​ទាប គឺ​ក្នុង​រង្វង់ 3.0% និង​អត្រា​ប្តូរប្រាក់​ក្នុង​កម្រិត4,037រៀល/ដុល្លារ ដែល​ធ្វើឱ្យមាន​កំណើន​នៃ​ចំណូល​ពិត​របស់​ប្រជាពលរដ្ឋ។

លោក​បាន​បន្តថា ទំហំ​ពាណិជ្ជកម្ម​ក៏មាន​ការកើនឡើង​ពី​ប្រមាណ​តែ​ជាង 3ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ2000 ឡើងដល់​ប្រមាណ​ជាង 28ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ2018 ក្នុងខណៈដែល​ដំណើរការ​នៃ​ការធ្វើពិពិធ​កម្ម​ក្នុងការ​នាំចេញ ទាំង​លើ​មុខទំនិញ និង​ទាំង​ទីផ្សារ​នាំចេញ​កាន់​តែមាន​សម្ទុះ​ល្អជា​លំដាប់។

ទុនបម្រុង​អន្តរជាតិ​ក៏មាន​កើន​ឡើងជា​បន្តបន្ទាប់​គួរឱ្យកត់សម្គាល់​ផងដែរ ក្នុងខណៈដែល​ប្រាក់​បញ្ញើ​ធនាគារ​នៅ​បន្ត​រក្សា​ទំហំ​ធៀប​នឹង​ផ.ស.ស (GDP)ដែល​ឆ្លុះ​ប​ញ្ចំ​ង​ឱ្យឃើញ​ពី​ការកើនឡើង​នូវទំនុកចិត្ត​លើ​វិស័យ​ធនាគារ។

លោក វ​ង្សី វិស្សុត​បាន​ពន្យល់​ដូច្នេះ​ថា សេដ្ឋកិច្ចកម្ពុជា​បន្តរ​ក្សា​កំណើន​ខ្ពស់ ប៉ុន្តែ​តម្រូវឱ្យ​មានការ​ព​ន្លឿ​ន​លើ​ការកែទម្រង់​រចនាសម្ព័ន្ធ។ បើ​យើង​មើល​ពី​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ឃើញថា​វិស័យ​កសិកម្ម​នៅ​ឆ្នាំ2000 មាននៅ​ក្នុង​ចំណែក​នៃ​ផ.ស.ស​ដល់​ទៅ 36% ឥឡូវ​នៅសល់តែ 23%ប៉ុណ្ណោះ។ តែ​យើង​មាន​កំណើន​លើ​វិស័យ​ឧស្សាហកម្ម​ដែល​ពីមុន​មានតែ 23%នៃ​ផ.ស.ស ឥឡូវ​កើន​ដល់ 31% គឺ​មិនទាន់​ដល់​រយៈពេល​រំពឹងទុក​ឆ្នាំ2025ផង ត្រឹមតែ​ឆ្នាំ2017ប៉ុណ្ណោះ សេដ្ឋកិច្ច​យើង​អាច​សម្រេចបាន។

លោក​បាន​បញ្ជាក់ថា៖ “នេះ​បញ្ជាក់ថា ប្រទេស​យើង​លែង​ពឹង​ទៅលើ​វិស័យ​កសិកម្ម​ហើយ គឺ​ពឹង​ទៅលើ​ឧស្សាហកម្ម​ច្រើនជាង។ មានន័យថា វិស័យ​កសិកម្ម​ជា​វិស័យ​ដែលមាន​ផលិតភាព​ទាប ព្រោះ​យើង​ឃើញថា ចំណែក​កសិកម្ម​ក្នុង​សេដ្ឋកិច្ច​នៃ GDP មាន23% តែ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដល់​ទៅ42%។ រីឯ​វិស័យ​ឧស្សាហកម្ម​វិញ មាន31%នៃ​ផ.ស.ស កម្លាំង​ពលកម្ម​ត្រឹមតែ 25% តែមាន​ផលិតភាព​ខ្ពស់។ ប្រទេស​យើង​កាលណា​វិស័យ​ឧស្សាហកម្ម​កាន់តែ​រីកចម្រើន​ខ្លាំង ផលិតភាព​យើង​កាន់តែ​ខ្ពស់​ធ្វើឱ្យ​សេដ្ឋកិច្ច​កាន់តែ​ល្អ។ លោក​បន្តថា៖ “ចំពោះ​សេដ្ឋកិច្ចកម្ពុជា​បន្ត​រក្សា​កំណើន​ខ្ពស់7% ទ្រទ្រង់​មកដល់​សព្វថ្ងៃ​ក៏​ដោយសារតែ​វិស័យ​ឧស្សាហកម្ម​ដឹកមុខ​ដែរ។ ចំណែក​វិស័យ​កសិកម្ម​ពិតមែនតែ​រួម​តូច​ក្នុង​ចំណែក​នៃ​សេដ្ឋកិច្ច​មែន តែ​ទំហំ​នៃ​កិច្ច​អភិវឌ្ឍ​ធំ ព្រោះតែ​វិស័យ​ឧស្សាហកម្ម​កើន​លឿន​ជាង ហើយ​ផលិតភាព​វា​ក៏​ខ្ពស់ជាង​ដែរ ទើប​យើង​ឃើញ​វិស័យ​កសិកម្ម​មាន​ល្បឿន​យឺត​ដូច្នេះ។

លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ សេដ្ឋវិទូ និង​ជា​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ និង​សន្តិភាព(CICP)បានបញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា៖ “តាមពិតទៅ ទោះជា​ប្រទេស​យើង​មាន​លក្ខខណ្ឌ​អំណោយផល​ទៅខាង​ឧស្សាហកម្ម​ច្រើន​ទៅ​ថ្ងៃ​អនាគត​ក៏ដោយ ក៏​យើង​មិនអាច​ចោល​វិស័យ​កសិកម្ម​បានដែរ ព្រោះ​វា​ជា​ស្នូល​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​យើង​មិនអាចបោះបង់ចោល​បានទេ។ ទោះបីជា​កាលពី​ជាង 10ឆ្នាំមុន​វិស័យ​កសិកម្ម​មាននៅ​ក្នុង​ចំណែក​នៃ​ផ.ស.ស​ដល់​ទៅ 36%ឥឡូវ​នៅសល់តែ 23%ក៏ដោយ។ ចំពោះ​វិស័យ​កសិកម្ម​ដែល​យើង​ឃើញថា មាន​ចំណែក​ក្នុង​ផ.ស.ស​តូច​នោះ តែបើ​គិតពី​ទំហំ​វិញ គឺមាន​ទំហំ​ធំ គ្រាន់តែ​វា​មាន​កំណើន​យឺត​ដូច្នេះ​យើង​ត្រូវធ្វើ​ការអភិវឌ្ឍ​វិស័យ​ចម្រុះផ្សេងៗទៀតផង​ដែរ។

លោក​បណ្ឌិត​បានបញ្ជាក់​ថា តែ​យើង​ក៏​ទទួលស្គាល់ថា មាន​កំណើន​ទៅលើ​វិស័យ2 មែន គឺ​សេវាកម្ម និង​ឧស្សាហកម្ម​ដែល​កំណើន​នេះ​ជា​និន្នាការ​សកល។ តែ​ការកើនឡើង​ជា​និន្នាការ​សកល​វាមិនមាន​អ្វី​ប្លែក​ទេពី​ព្រោះ​គ្រប់​ប្រទេស​លើ​សកលលោក​ក៏​គេ​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ដូច្នេះ​ដែរ ហើយ​នេះ​ជា​រឿង​ត្រឹមត្រូវ​ដោយសារតែ​គេ​មិនអាច​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​តែមួយ​មុខ​បានទេ។

យោងតាម​ប្រព័ន្ធ​ទិន្នន័យ​ស្ដីពី​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រដែ​ល​បាន​កែសម្រួល​ឱ្យស្រប​តាម អាទិភាព​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ធនធាន 144លាន​ដុល្លារ​ស្មើនឹង13%នៃ​ហិរញ្ញប្បទាន​សរុប​ក្នុង​ឆ្នាំ2017 ត្រូវ​បានផ្តល់​សម្រាប់​គាំទ្រ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម។សម្រាប់​រយៈពេល5ឆ្នាំ (ឆ្នាំ2014-2018) ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការដែល​បានគាំទ្រ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​បាន​កើន​ដល់ 697លាន​ដុល្លារ គិត​ជា​មធ្យម 139លាន​ដុល្លារ​ក្នុង​មួយឆ្នាំ៕

Advertisement