ការសាងសង់​ស្ពាន​អាកាស​ថ្មី​អាចជួយ​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ

ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ជួយ​កាត់បន្ថយ​ពេលវេលា និង​សន្សំសំចៃ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ អាជ្ញាធរ​រាជធានី​បានគ្រោង​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ថ្មី​មួយទៀត​នៅចំណុចប្រសព្វ​ផ្លូវជាតិ​លេខ3 និង​លេខ4 ត្រង់​រង្វង់​មូល​ចោមចៅ​ក្នុងពេលឆាប់ៗនេះ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា មកទល់​បច្ចុប្បន្ន​ការពិភាក្សា​រវាង​អាជ្ញាធរ​រាជធានី រួម​នឹង​អ្នកជំនាញ​ពាក់ព័ន្ធផ្សេងៗលើ​ការសាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ បាន​ឈានដល់​ទីបញ្ចប់​ទាំងស្រុង​ហើយ ទាំង​គម្រោង​ប្លង់​សាងសង់ ប​ចេ្ច​ក​ទេស និង​ថវិកា​ដោយ​គ្រាន់តែ​រង់ចាំ​ពេលវេលា​មកដល់​ដើម្បី​រៀបចំ​ពិធីបើកការដ្ឋាន​សាងសង់​តែប៉ុណ្ណោះ។

ស្ពាន​អាកាស​ចោមចៅ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ដែល​កើតមាន​ជាអន្លើៗនាពេល​កន្លងមក​ក៏ដូចជា​នាពេល​បច្ចុប្បន្ន​ដែរ ដោយសារ​ស្ពាននេះ​ជា​ចំណុច​ត​ភ្ជាប់​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ការដឹកជញ្ជូន​តាមផ្លូវ​ជាតិ​លេខ3 និង​ផ្លូវជាតិ​លេខ4 ឆ្ពោះទៅ​ខេត្ត​ដែលមាន​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​នៅ​កម្ពុជា ដើម្បី​បញ្ជូន និង​ផ្លាស់ប្តូរ​ទំនិញចេញ-ចូលមកក្នុង និង​ទៅ​ក្រៅប្រទេស។

លោក​បាន​បញ្ជាក់ថា “ពិត​ជាមាន​សារៈសំខាន់​ណាស់ ព្រោះ​វា​ជា​ផ្លូវ​ដឹកជញ្ជូន​ទំនិញ​សំខាន់​ជាងគេ​ដែល​អាចឱ្យ​វិនិយោគិន អាជីវករ និង​ប្រជាពលរដ្ឋ​ទូទៅ ទទួលបាន​ផលចំណេញ​សម្រាប់​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​របស់​ពួកគេ ដែល​មិន​ត្រឹមតែ​ចំណេញ​ពេលវេលា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ចំណេញ​ថវិកា​ក្នុងការ​ចំណាយ​លើ​សាំង​រថយន្ត និង​ម៉ូតូ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទៀតផង។

លោក​ថា ដោយសារតែ​បញ្ហា​កកស្ទះ​ចរាចរណ៍​នេះហើយ ទើប​កន្លងមក​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានដាក់​មន្ត្រី​ជំនាញ​ផ្នែក​ចរាចរណ៍​ឱ្យទៅ​សម្រួល​នៅ​ខ្សែ​ផ្លូវ​ខាងលើ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ទោះជា​ដូច្នេះ​ក្ដី ក៏​គេ​នៅតែ​មិនអាច​បញ្ចៀស​ការកកស្ទះ​នោះបាន​ដែរ ជាហេតុ​ធ្វើឱ្យ​សាលា​រាជធានី​ភ្នំពេញ​គ្រោង​ចំណាយ​ថវិកា​ត្រៀម​សាងសង់​ស្ពាន​នេះ​ឡើង​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន។

ក្រៅពី​ការសាងសង់​ស្ពាន​អាកាស​ខាងលើ​ហើយ បច្ចុប្បន្ន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ភ្នំពេញ ក៏បាន និង​កំពុង​ជួសជុល​សាងសង់​ពង្រីក​ផ្លូវជាតិ​លេខ4 ឱ្យមាន​ទំហំ​កាន់តែ​ធំឡើងៗ ដោយមាន​ការចាក់​បេតុង និង​ក្រាល​កៅស៊ូ​ពង្រីក​ផ្លូវ​ឱ្យ​កាន់តែ​ទូលាយ សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក និង​ដាក់លូ​បង្ហូរទឹក​ចេញ​កុំឱ្យ​ភ្លៀង​លិច​ផ្លូវ​ដូច​ឆ្នាំ​កន្លង​ទៅទៀត។

គម្រោង​នេះ​ត្រូវបាន​សាទរ​ដោយ​ប្រជាពលរដ្ឋ អាជីវករ អ្នករកស៊ី​លើ​វិស័យ​ដឹកជញ្ជូន រួមទាំង​អ្នករត់​តាក់ស៊ី អ្នកបើកបរ​ម៉ូតូឌុប ម៉ូតូ​កង់​បី​ជាដើម ដែល​អាចជួយ​សម្រួល​ដ​ល់​ការធ្វើដំណើរ​បានលឿន លែង​សូវ​កកស្ទះ លែង​លិច​ទឹក ដែល​ធ្វើឱ្យ​ពួកគាត់​លែង​សូវ​ចំណាយលុយ​ច្រើន​ក្នុង​ការចាក់​សាំង​រថយន្ត ឬ​ម៉ូតូ​ដូចកាលពីមុនៗទៀត។

លោក ជា សុធី អ្នករត់​ម៉ូតូ​កង់​បី​នៅត្រង់ចំណុច​អូ​ឌឹ​ម​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​បាន​និយាយថា លោក​តែង​ដឹក​ភ្ញៀវ​ចេញចូល​តាមផ្លូវ​ជាតិ​លេខ4 ឆ្លងកាត់​រង្វង់​មូល​ចោមចៅ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​រកប្រាក់​ផ្គត់ផ្គង់​គ្រួសារ។

លោក​ថា កន្លងមក​ផ្លូវជាតិ​លេខ4 ចាប់ពី​ចំណុចកំបូល រហូតដល់​រង្វង់​មូល​ចោមចៅ​នេះ មានការ​កកស្ទះ​ស្ទើរ​រាល់ថ្ងៃ​មិន​ថា​ពេលព្រឹក ឬ​ពេល​ល្ងាច​នោះទេ ដែល​វា​ជា​បញ្ហា​ធ្វើឱ្យ​គាត់​ជួប​ការលំបាកយ៉ាង​ខ្លាំ​នៅពេល​ចេញដំណើរ​ដឹក​ភ្ញៀវម្តងៗ ខាតបង់​ទាំង​ពេលវេលា ខាត​ទាំង​ថវិកា​ក្នុង​ការចំណាយ​ចាក់​សាំង​ម៉ូតូ។ លើសពីនេះ​ផ្លូវ​ដែលមាន​ជង្ហុកជ្រៅៗ នៅពេល​មេឃ​រាំង​ខ្លាំង ធូលី​ហុយ​ទ្រលោម ស្ទើរ​មើលផ្លូវ​មិនឃើញ ហើយ​បើ​នៅពេល​មេឃ​ភ្លៀង​ខ្លាំង​វិញ ទឹក​ជន់​លិច​មើលផ្លូវ​មិនឃើញ ធ្វើឱ្យ​រថយន្ត​មិនសូវ​ហ៊ាន​បើកបរទៅខាងៗដងផ្លូវ​ឡើយ ខ្លាច​ធ្លាក់​លូ​ហើយ​ប្រឹង​មក​បើកប​ញ្ច្រៀ​ត​ចូល​កណ្តាលផ្លូវ បង្ក​ការកកស្ទះ​រាប់​ម៉ោង​ពេល​មេឃ​ភ្លៀងម្តង។

តែ​យ៉ាងណាក៏ដោយ ក្នុងនាម​អ្នករស់នៅ​ទីនោះ លោក​មានការ​សប្បាយចិត្ត​នៅពេល​ឃើញ​អាជ្ញាធរ​ចុះ​ជួសជុល​ផ្លូវជាតិ​លេខ4ត្រង់ចំណុច​ខាងលើ​ឡើងវិញ ពិសេស​រៀបចំ​ពង្រីក​ផ្លូវ​ឱ្យ​កាន់តែ​ធំ​ទូលាយ ថែមទាំង​មាន​គម្រោង​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ដែលជា​កត្តា​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​នេះ ដែល​វា​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​គាត់​ចំណេញ​ថវិកា​ក្នុងការ​ចំណាយ​លើការចាក់​សាំង​ជាដើម “មិន​ថា​ខ្ញុំ មិន​ថា​គេ​ផ្សេង​ទេ តែ​កាលណា​ផ្លូវ​ល្អ ងាយស្រួល​ធ្វើដំណើរ យើង​ពិតជា​រីករាយ​សប្បាយចិត្ត​ណាស់ ព្រោះ​ជាធម្មតា​ពេល​ស្ទះម្តងៗ អ្នកណា​មិន​ធុញ ពិសេស​អ្នកជិះម៉ូតូ​ដូច​ពួកយើង ជួនកាល​ស្ទះ​កណ្តាល​ថ្ងៃ​ក្តៅ តើ​លំបាក​យ៉ាងណា? ជាពិសេស​ធុំ​ស្អុយ​ក្លិន​ផ្សែង​ម៉ូតូ ឡាន​គ្រប់​ប្រភេទ​ដែលជា​បញ្ហា​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ជិះម៉ូតូ​ដូច​ពួកយើង ហើយ​បើសិន​បាន​ស្ពាន​នេះ​ធ្វើ​ហើយ ផ្លូវ​ល្អ​ហើយ យើង​នឹង​លែង​លំបាក លែង​ចំណាយលុយ​ចាក់​សាំង​ច្រើន​ទៀត ហើយ​ម៉ូយ​ក៏​គេ​លែង​រអ៊ូ​ថា​យូរ ថា​ក្តៅ​ទៀត​ដែរ។

ប្រភពព័ត៌មាន​ក្រៅផ្លូវការ​មួយ​បានឱ្យដឹងថា ស្ពាន​នេះ​អាច​នឹង​សាងសង់​ក្នុងពេលឆាប់ៗ នេះ ដោយ​អាច​នឹង​ដំណើរការ​បុកគ្រឹះ​នៅ​មុនពេល​បោះឆ្នោតជាតិ​ឆ្នាំ2018។ សូមជម្រាបថា នៅរាជធានី​ភ្នំពេញ​ស្ពាន​អាកាស​ត្រូវបាន​សាងសង់​ឡើងជា​បន្តបន្ទាប់ ក្នុងនោះ1.ស្ពាន​អាកាស​ក្បាលថ្នល់ 2.ស្ពាន​អាកាស​ស្ទឹងមានជ័យ 3.ស្ពាន​អាកាស 7មករា(ពេទ្យ​លោកសង្ឃ) 4.ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី 5មករា(ស្ពាន​តិច​ណូ) 5.ស្ពាន​អាកាស​ផ្សារ​ដី​ហុយ 6.ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ និង​បន្ទាប់ពី​ស្ពាន​នេះ អាជ្ញាធរ​រាជធានី​នឹង​សាងសង់​ស្ពាន​ទី7 មួយទៀត គឺ​ស្ពាន​អាកាស​ក្បាលថ្នល់2 ត្រង់ចំណុច​ច្រមុះជ្រូក​កាត់​ពី​ផ្លូវ​ព្រះមុនីវង្ស​ក្នុង​សង្កាត់​បឹងត្របែក​ឆ្ពោះទៅ​មហាវិថី​សម្ដេច​តេ​ជោ​ហ៊ុន សែន (ផ្លូវ60ម៉ែត្រ) ក្នុង​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ៕

Advertisement