ដាំ​ខ្ញី​លើដី​មិន​ដល់ 1ហិកតា​ផង អាច​លក់បាន​ជាង 60លាន​រៀល​ក្នុង1ឆ្នាំ

កសិករ​ដាំ​ខ្ញី​នៅក្នុង​ភូមិ​ចុង​កោះ​ខាងកើត ឃុំ​ខ្សាច់​ជ​ន្លា ស្រុក​ស្អាង ខេត្តកណ្តាល មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង ដ្បិត​ដំណាំ​ខ្ញី​ឆ្នាំនេះ​ឡើងថ្លៃ​ខ្ពស់ 1គីឡូក្រាម 6,000រៀល ហើយ​ខ្ញី​ដែល​ដាំបាន​មិន​ដល់​មួយ​ហិកតា​ផង​នោះ ត្រូវ​ម៉ួ​យ​ម៉ៅ​យក​ទាំងអស់​ក្នុងតម្លៃ​ដល់​ទៅ 66លាន​រៀល​ឯណោះ។

លោក វ៉ា ម៉េង​ឡាយ កសិករ​ដាំ​ខ្ញី​នៅក្នុង​ភូមិ​ឃុំ​ខាងលើ​មានប្រសាសន៍ថា គ្រួសារ​លោក​បាន​ចាប់យក​មុខរបរ​ដាំ​ខ្ញី​នេះ​តាំងពី​ឆ្នាំ2004 រហូតមកទល់​បច្ចុប្បន្ន ដោយសារ​ដំណាំ​ប្រភេទ​នេះកសិករ​ជាច្រើន​មើលរំលង មិនសូវ​ដាំ​ដុះ​នៅ​ខេត្តផ្សេងៗក្នុងប្រទេស​កម្ពុជា ទើប​ធ្វើឱ្យ​ដំណាំ​ខ្ញី​មាន​ទីផ្សារ​ខ្ពស់​ជា​រៀងរាល់ឆ្នាំ មិន​លំបាក​លក់​ចេញ​ទេ​ក្រោយពី​ប្រមូល​ផល​រួច។

លោក​បន្តថា កាលពី​ឆ្នាំមុន​ខ្ញី​មានតម្លៃ​ទាប​ត្រឹមតែ 2,000 ទៅ2,500រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​ដោយសារ​ឆ្នាំនេះ​មិនសូវមាន​កសិករ​ដាំ បានធ្វើឱ្យ​ទីផ្សារ​ខ្ញី​ឡើងថ្លៃ​ខ្ពស់កប់ពពក ដោយ​លក់បាន​មួយ​គីឡូក្រាម​ដល់​ទៅ 6,000រៀល ដែលជា​តម្លៃ​មិន​ធ្លាប់មាន​នៅលើ​ទីផ្សារ​ក្នុង​ឆ្នាំកន្លងៗមក ធ្វើឱ្យ​គ្រួសារ​របស់លោក​មានកា​រ​សប្បាយចិត្ត និង​មាន​កម្លាំង​ដាំ​ខ្ញី​នៅឆ្នាំក្រោយៗទៀតផង។

យ៉ាងណាក៏ដោយ លោក​មិន​បានដឹង​ច្បាស់​ថា តើ​បណ្ដាលមកពី​មូលហេតុ​អ្វី​បានជា​ធ្វើឱ្យ​មើម​ខ្ញី​ឡើងថ្លៃ​ខ្លាំង​ក្នុងឆ្នាំនេះ​ទេ ប៉ុន្តែ​ប្រហែលជា​មកពី​មិនសូវមាន​កសិករ​ដាំ​ច្រើន​ដូចឆ្នាំមុនៗ ទើប​ធ្វើឱ្យ​ម៉ូយ​ដណ្តើម​គ្នា​ទិញ ហើយ​ម៉ៅ​យក​ទាំង​ចម្ការ​តែម្តង ដែល​ធ្វើឱ្យ​ម្ចាស់​ចម្ការ​មិន​លំបាក​ចំណាយ​ថ្លៃ​ពលកម្ម​ក្នុងការ​ដកយក​មើម​ដឹក​ទៅ​លក់​នៅ​ផ្សារ​នោះឡើយ។ ទោះជា​ដំណាំ​ខ្ញី​ត្រូវ​ប្រើ​រយៈពេល​ដាំ​ដុះ​ខ្លី និង​ឆាប់​បាន​ប្រមូល​ផល​ក៏ដោយ ក៏​គេ​អាច​ដាំ​បានតែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ដោយសារតែ​ត្រូវ​រង់ចាំ​ដល់​រដូវ​អស់​ទឹកភ្លៀង​សិន​ទើប​អាច​ដាំ​បានជា​ថ្មី ព្រោះថា បើសិន​ជាមាន​ភ្លៀងធ្លាក់​ខ្លាំង កូន​ខ្ញី​អាច​នឹង​រលួយ​ងាប់​ដើម​ទៅវិញ​ធ្វើឱ្យ​យើង​ខាតបង់​លុយកាក់​ច្រើន​ក្នុង​ការទិញ​ពូជ​យកមក​ដាំ។

ជាទូទៅ​ខ្ញី​ត្រូវបាន​គេ​ដាំ​នៅ​ចន្លោះ​ខែមករា​ដល់​ខែកុម្ភៈ​រៀងរាល់ឆ្នាំនីមួយៗ ហើយ​រហូតដល់​ខែមិថុនា កក្កដា ឬ​ខែសីហា​ទើប​គេ​ប្រមូល​ផល​អស់ និង​អាស្រ័យទៅលើ​ទឹកទន្លេ​ក្នុង​រដូវវស្សា​ថា តើឡើង​លឿន ឬ​យឺត បើ​ទឹកទន្លេ​ក្នុង​រដូវវស្សា​ឡើង​លឿន គេ​ត្រូវតែ​ប្រញាប់​ដក​លក់​មិនអាច​ទុក​យូរ​បានទេ។ ចំពោះ​វិធីសាស្ត្រ​ដាំ​ដុះ​វិញ ខ្ញី​មិនមែនជា​ដំណាំ​ដែល​លំបាក​ថែទាំ ដូច​ដំណាំ​មួយចំនួនទៀត​នោះទេ ព្រោះថា មិនសូវមាន​សត្វល្អិត​យក​យាយី​ឡើយ។

កសិករ​ខាងលើ​ដដែល​បាន​អះអាងថា មុននឹង​ដាំ គេ​ត្រូវ​ភ្ជួរ​ដី​ហាល​ចោល​ឱ្យ​ឆ្អិន​ចំនួន4 ទៅ6លើក ដើម្បីឱ្យ​ងាប់​ស្មៅ​អស់ និង​សម្លាប់​មេរោគ​ចង្រៃ​ចោល​ជាមុន។ នៅ​រៀង​រាល់ពេល​ភ្ជួរ​រួច កសិករត្រូវ​រាស់​បំបែក​ដុំ​ដីធំៗឱ្យ​បែក​អស់​ជាមុន​ដើម្បីឱ្យ​ដី​ម៉ដ្ឋ​ល្អ រួច​ទើប​លើក​រង​ឱ្យ​ខ្ពស់​ផុតពី​ទឹក ចំណែក​រងនីមួយៗមាន​ទំហំ​ទទឹង​ជិត 2ម៉ែត្រ។

បន្ទាប់​ពីលើ​ករង​រួចហើយ គេ​ត្រូវយក​ពូជ​មើម​ខ្ញី​មក​កាត់ចោល​ខ្លះ​ទុក​តែ​ខ្នែង​ណាល្អៗ រួច​ទុកចោល (មិនបាច់​យក​អ្វី​គ្រប​ទេ) រយៈពេល 3ថ្ងៃ ទៅ 1សប្តាហ៍ ទើប​គេ​យក​មើម​ខ្ញី​ពូជ​នោះ​ទៅ​ដាក់​ដាំនៅលើ​រងនីមួយៗ ចន្លោះ​ពីគ្នា​ប្រហែលជា(3តឹក​កន្លះ)35សង់ទីម៉ែត្រ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ។ នៅពេល​ដាក់​ដាំ​រួច គេ​ត្រូវធ្វើ​ធ្នើរ និង​យក​ចំបើង​ស្ងួត​ទៅ​គ្របពីលើ ទុកចោល​រយៈពេល​ប្រហែលជា 10ថ្ងៃ​នៅពេល​ឃើញ​មើម​ខ្ញី​ដុះ​ពន្លក​ឡើង​ហើយ ទើប​ចាប់ផ្តើម​ស្រោច​ទឹក​មួយថ្ងៃម្តងៗ រហូតដល់​កូន​ខ្ញី​អាយុ3ខែ បាន​គេ​អាចដាក់​ជី​ដើម្បី​ជំនួយ​មើម​ឱ្យ​រីក​ធំ​មាន​ទម្ងន់​កាន់តែ​ធ្ងន់។

គួរ​បញ្ជាក់ដែរថា ខ្ញី​ជិត​មួយ​ហិកតា​នេះ ត្រូវបាន​កសិករ​ខាងលើ​ចំណាយ​ដើមទុន​អស់​ប្រមាណ​ជា 20លាន​រៀល សម្រាប់​យកទៅ​ចំណាយ​លើ​ការទិញ​ពូជ ភ្ជួរ​រាស់​ដី ទិញ​សាំង​សម្រាប់​ចាក់​ម៉ាស៊ីនបូមទឹក​ស្រោច និង​ទិញ​ជី​ដាក់​ជំនួយ​មើម ដែលជា​ជីធម្មជាតិ​តែប៉ុណ្ណោះ​ចៀសវាង​កុំឱ្យ​ខូច​ដី។ ក្នុងដំណាក់កាលដំបូងៗ នៅពេលដែល​ដើម​ខ្ញី​នៅតូចៗនោះ ដើម្បីឱ្យ​ចំណេញ​ផ្ទៃដី និង​កុំឱ្យ​ខាត​ពេលវេលា​ផង​នោះ កសិករ​ខាងលើ​បាន​យក​កូន​ខ្ទឹម​ទៅ​ដាក់​ដាំ​នៅតាម​ចន្លោះ​រងនីមួយៗ ហើយ​នៅពេល​វា​ធំ គាត់​បាន​ដក​ប្រមូល​លក់ បាន​ប្រាក់​ប្រមាណ​ជាង20លាន​រៀល រួច​បាត់ទៅហើយ៕

Advertisement