CPL កំពុង​ទទួល​បានការ​គាំទ្រ​ខ្លាំង​លើ​ ការបណ្តុះបណ្តាល​ជំនាញ​លក់​អចលនទ្រព្យ

ដើម្បី​ជួយ​ឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ​នៅក្នុង​រាជធានី​ភ្នំពេញ​ក៏ដូចជា​នៅតាម​ខេត្ត​នានា​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការលក់​អចលនទ្រព្យ​ប្រកបដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ និង​ទទួលបាន​ជោគជ័យ ក្រុមហ៊ុនស៊ី​ភី​អែល ខេ​ម​បូ​ឌា ប្រ​ភើ​ធី លី​មី​ធី​ត (CPL) បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​លក់​អចលនទ្រព្យ​នេះ​ជា​រៀងរាល់ខែ ហើយ​ទទួលបាន​ការចាប់អារម្មណ៍ និង​ចូល​រូ​ម​ពី​សិក្ខាកាម​ជាច្រើន​រហូត​សឹង​មិនមាន​កន្លែង​អង្គុយ​ទៀតផង។

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន CPL និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា មានប្រសាសន៍ថា ដោយ​មើលឃើញថា វិស័យ​អចលនទ្រព្យ​នៅតែ​បន្ត​រីកចម្រើន​ទៅមុខ​ឥតឈប់ឈរ ហើយ​ភ្នាក់ងារ​មួយចំនួន​នៅតាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​មិនទាន់មាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​ក្លាយខ្លួនជា​ភ្នាក់ងារ​អចលនទ្រព្យ​ឱ្យស្រប​តាមផ្លូវ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន CPL បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង​ដើម្បីឱ្យ​ពួកគាត់​មានចំណេះ និង​ជំនាញ​ពិតប្រាកដ​ក្នុង​វិស័យនេះ​ដើម្បី​ទទួលជោគជ័យគ្រប់ៗគ្នា។

លោក​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​នេះ​ចាប់ផ្តើម​រៀបចំឡើង​នៅ​ដើមឆ្នាំ2018 ដោយមាន​ការចូលរួម​ពី​សិក្ខាកាម​ដែលមាន​បំណង​ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ​នៅក្នុង​រាជធានី​ភ្នំពេញនិង​តាម​បណ្តា​ខេត្ត ហើយ​អ្វីដែល​ពិសេស​ជាងនេះទៀត​នោះ គឺមាន​ថៅកែ​ពុះ​ដីឡូត៍​លក់ ឧកញ៉ា និង​បណ្ឌិត​មួយចំនួន​ក៏បាន​មក​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ខាងលើ​នេះដែរ ដែល​ធ្វើឱ្យ​លោក​ឧកញ៉ា​មានការ​ភ្ញាក់ផ្អើល និង​នឹកស្មាន​មិន​ដល់​ថា​មានការ​គាំទ្រ​ដល់​ថ្នាក់​នេះឡើយ “គោលបំណង​របស់​CPL គឺ​យើង​គ្រាន់តែ​ចង់​ធ្វើការ​បណ្តុះបណ្តាល​លើ​ភ្នាក់ងារ​អចលនទ្រព្យ​ដើម្បី​ឱ្យមាន​ជំនាញ​ត្រឹមត្រូវ​ដើម្បី​អាច​ផ្តល់​សេវាកម្ម​ក្នុង​ការលក់​ជូន​អតិថិជន​ឱ្យទទួល​បាន​ជោគជ័យប៉ុន្តែ​ជាក់ស្តែង គឺមាន​ទាំង​ថៅកែ​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍ លោក-​ឧកញ៉ា លោក​បណ្ឌិត មក​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នេះ​កាន់តែច្រើនឡើងៗ រហូត​គ្មាន​កន្លែង​អង្គុយ និង​មិន​ហ៊ាន​ទាំង​ទទួល​ការ​កក់​ឈ្មោះ​ចូលរៀន​ទុក​មុន​ទៀតផង”។

ចាប់ពី​ដើមឆ្នាំ2018 មក​ក្រុមហ៊ុន​បណ្តុះបណ្តាល​បាន 3វគ្គ​ហើយ ដែលមាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន 250នាក់។ ក្រោយពី​បានទទួល​ការបណ្តុះបណ្តាល​រួច មាន​សិក្ខាកាម​ជាច្រើន​បានចេញ​ទៅរក​ស៊ី​ធ្វើជា​ឈ្មួញកណ្តាល​ក្នុង​ការទិញ-លក់​ដី និងទទួលបាន​ជោគជ័យ​លើ​ការងារ​របស់ខ្លួន​ជាច្រើន ដោយ​លក់បាន​ច្រើន​កន្លែងផ្សេងៗគ្នា និង​ទទួលបានកម្រៃជើងសា​ច្រើន​គួរឱ្យ​ចាប់អារម្មណ៍​ជាខ្លាំង។

ជំនាញ​ដែល​សិក្ខាកាម​ទទួលបាន​ពី​វគ្គ​បណ្តុះបណ្ដាល​ខាងលើ រួមមាន​ការយល់ដឹង​អំពី​ផ្លូវច្បាប់​ពាក់ព័ន្ធ​ក្នុង​ការទិញ-លក់អចលនទ្រព្យ ចៀសវាង​ការកើតមាន​បញ្ហាផ្សេងៗ ជំនាញ​ចរចា​ក្នុង​ការលក់​យ៉ាង​មាន​ប្រសិទ្ធភាព ជំនាញ​រៀបចំ​ឯកសារ​មើល​ប្លង់​កម្មសិទ្ធិ​ដីធ្លី និង​ជំនាញ​វាយតម្លៃ​អចលនទ្រព្យ​ជាដើម។ ត្រង់ចំណុច​នេះ​លោក​ឧកញ៉ា​បាន​បញ្ជាក់ថា ក្រុមហ៊ុន​បានរៀបចំ​ប្រព័ន្ធ(System) មួយ​នៅក្នុង​កុំព្យូទ័រ​ដែល​ជួយ​សម្រួល​ដល់​ទាំង​អ្នកលក់ និង​អ្នកទិញ ដោយ​គ្រាន់តែ​វាយ​បញ្ចូល​ឈ្មោះ​ទីតាំង​ដី​ត្រង់ចំណុច​ណាមួយ រួចហើយ​ប្រព័ន្ធ​នោះ​នឹង​បង្ហាញ​ពី​តម្លៃ​ឱ្យ​អ្នកលក់ និង​អ្នកទិញ​អាច​ទទួលយកបាន​ទាំងសងខាង​ដោយ​មិន​លម្អៀង​ដូច​មាត់​មនុស្ស​ចេះតែ​ថា​នោះទេ។ ជាធម្មតា​យើង​ដឹង​ហើយ​ថា អ្នកលក់​ចង់បាន​តម្លៃ​ខ្ពស់ ចំណែក​អ្នកទិញ​ចង់បាន​តម្លៃ​ទាប ដូច្នេះ​ដើម្បីឱ្យ​ការចរចា​លើ​ការទិញ-លក់​ឆាប់​ត្រូវ​គ្នា ភាគី​ទាំងពីរ​អាច​បញ្ចូល​ទីតាំង​ដី​ទៅក្នុង​ប្រព័ន្ធ​នេះ នឹង​ឆាប់​រក​ចំណុចកណ្តាល​ត្រូវ​គ្នា​បាន​ឆាប់រហ័ស។

លោក​ឧកញ៉ា​បញ្ជាក់ថា ក្រៅពី​គ្រូ​បណ្តុះបណ្តាល​វគ្គ​ខាងលើ​ហើយ ក្រុមហ៊ុន​ក៏មាន​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​តំបន់​អាស៊ី​ដែលមាន​បទពិសោធ​ខ្ពស់ និង​យូរ​ឆ្នាំ​ដើម្បី​ផ្លាស់ប្តូរ​ចំណេះ ជំនាញ និង​បទពិសោធ​ដល់​បុគ្គលិក និង​សិក្ខាកាម​នៅ​វគ្គ​បន្តបន្ទាប់​ទៀត ឱ្យ​ពួកគេ​មាន​សមត្ថភាព​កាន់តែខ្លាំង​ឡើងដូច​បណ្តា​ប្រទេស​នៅក្នុង​តំបន់។

សិក្ខាកាម​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ខាងលើ លោក​បណ្ឌិត ជា ចំរើន មានបាន​ប្រសាសន៍ថាទោះបី​លោក​មាន​សញ្ញាបត្រ​បណ្ឌិត ធ្លាប់ធ្វើ​ការងារធំៗជាច្រើន​ក៏ដោយ ក៏ប៉ុន្តែ​លោក​នៅ​មិនទាន់មាន​ជំនាញ​ខាង​ទិញ-លក់​ដីធ្លី​នៅឡើយ​ទេ ដែល​នេះ​ជាហេតុ​ធ្វើឱ្យ​លោក​រួម​នឹង​សហការី​ជាច្រើន​នាក់​សម្រេចចិត្ត​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នេះ ដើម្បី​បាន​យល់ដឹង​កាន់តែច្បាស់​ក្នុងការ​ប្រកប​របរ​លើ​ជំនាញ​អចលនទ្រព្យ​នេះ។ លោក​បញ្ជាក់​ដូច្នេះ​ថា “ថ្វីដ្បិតតែ​ខ្ញុំ​មាន​សញ្ញាបត្រ​ដល់​ថ្នាក់បណ្ឌិត​ក៏ដោយ ប៉ុន្តែ​នៅក្នុង​អាជីវកម្ម​នេះ​វា​មាន​ជំនាញ​ខុសពី​ជំនួញ​អាជីព ឬ​អាជីវកម្មផ្សេងៗទៀត។ នៅពេលដែល​ខ្ញុំ​ចូលនិវត្តន៍ ខ្ញុំ​គិតថា​នឹង​ប្រើ​ពេលវេលា​ដែល​នៅ​សេសសល់​សម្រាប់​ចូលរួម​ការងារ​លើ​វិស័យ​អចលន-ទ្រព្យ​នេះ​នៅពេល​បច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត”។

លោក​បាន​បន្ថែមថា សម្រាប់​អាជីវ​កម្មនេះ គេ​ផ្តោតលើ​ចំណុច​សំខាន់3 ទី1. សមត្ថភាព ទី2.គឺ​អាជីព ទី3.គឺ​សម្ព័ន្ធមេត្រីភាព។ សមត្ថភាព​ត្រូវមាន​ធាតុ​ផ្សំ​មួយចំនួនទៀត គឺ​ចំណេះដឹង ទេពកោសល្យ និង​គុណធម៌ ចំណែក​អាជីព គឺ​ផ្តោតលើ​មុខរបរ ព្រោះថា នៅពេល​បន្តទៅទៀត​យើង​នឹងមាន​មុខរបរ​ផ្នែក​អចលនទ្រព្យ ទិញ លក់ ជូ​ល ដីធ្លី​ផ្ទះសំបែង ហើយ​ដើម្បី​ប្រកប​អាជីព​នេះ​បាន​លុះត្រាតែ​យើង​មក​រៀន​ពី​អ្នក​ដែលមាន​បទពិសោធ​ជោគជ័យ លើ​អាជីព​នេះ​ពិសេស គឺ​លោក​ឧកញ៉ា ចេង ខេង តែម្តង​ដែលមាន​បទពិសោធ​ជោគជ័យ​លើ​វិស័យនេះ​យូរ​ឆ្នាំ ហើយ​លោក​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​នេះ​ឡើង​ទុក​សម្រាប់​មនុស្ស​ជំនាន់ក្រោយៗទៀត​ដើម្បី​ផ្តល់​ការងារ​ឱ្យ​ពួកគេ​បាន​កាន់តែច្រើន។

លោក​បាន​បញ្ជាក់ថា ការ​មក​សិក្សា​វគ្គ​នេះ សិក្ខាកាម​ទទួលបាន​ចំណេះដឹង​ច្រើន ដូចជា​ចំណេះដឹង​ពី​ច្បាប់ វិធីសាស្ត្រ​វាយតម្លៃ​អចលនទ្រព្យ វិធីសាស្ត្រ​លក់​អចលនទ្រព្យ វិធីសាស្ត្រ និង​យុទ្ធសាស្ត្រ​ទាក់ទាញ​ឱ្យ​អតិថិជន​ចាប់អារម្មណ៍​ទិញ​ជាដើម ដូចជា​ថា តើ​ហេតុអ្វី​បានជា​យើង​ត្រូវ​ទិញ​ដី ព្រោះ​យើង​ដឹង​ហើយ​ថា​ដី​ទិញ​ទុក​អាច​ឡើងថ្លៃ តែបើ​ទុក​លុយ​យូរ លុយ​អាច​ចុះថោក៕

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន CPL
ក្រុមសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលរបស់ក្រុមហ៊ុន CPL
Advertisement