បច្ចេកវិទ្យា​ឌីជីថល​ត្រូវបាន​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​ទីផ្សារ

បច្ចេកវិទ្យា​ឌីជីថល​បាន​ជំរុញ​ឱ្យអ្វីៗនៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការផ្លាស់ប្ដូរ។ បច្ចុប្បន្ន​យើង​ឃើញ​មាន​ដំណើរការ​កម្មវិធី​អន​ឡាញ​ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជាច្រើន​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ការប្រើប្រាស់​បច្ចេកវិទ្យា​តាមរយៈ​កម្មវិធី​ក្នុង​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​លើ​អាជីវកម្ម​ទូទាត់​ប្រាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទៀតសោត ក៏​កំពុង​តែមាន​ប្រជាប្រិយភាព​ផងដែរ ព្រោះ​វា​ជួយ​សម្រួល​ដល់​ការទិញ​ទំនិញ ការ​វេរ​លុយ និង​ការបង់ថ្លៃ​សេវាកម្មផ្សេងៗជាដើម។ល។

ក្រៅពីនេះទៀត​យើង​ឃើញ​មាន​ធនាគារធំៗ ដូចជា​ធនាគារ​ABA ធនាគារ​អេស៊ីលីដា​ជាដើម ក៏មាន​កម្មវិធីផ្សេងៗប្រើ​នៅលើ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​នដែល​អតិថិជន​របស់​ធ​នាគារ​អាច​ចូល​មើល​គណនី​របស់ខ្លួន​បាន និង​អាច​ទូទាត់​សេវាកម្ម ដូចជា​បង់ថ្លៃ​ទឹកភ្លើង ថ្លៃ​ត​បណ្ដាញ​អុីន​ធើ​ណិ​ត ទិញ​ទំនិញ បង់ថ្លៃ​សាលា បញ្ចូល​ទឹកប្រាក់​តាម​ទូរស័ព្ទដៃ និង​ផ្ទេរប្រាក់ ជាដើម​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង។

ទាំងនេះ​សបញ្ជាក់​ឱ្យឃើញថា យុទ្ធសាស្ត្រ​ទីផ្សារ​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល​ស្មា​ត​ហ្វូ​ន​កំពុង​តែមាន​ប្រជាប្រិយ​ភាពខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​វា​មាន​ភាពបត់បែន រហ័ស ងាយស្រួល និង​មាន​សុវត្ថិភាព ដែល​វា​បានបង្ហាញ​ពី​សេដ្ឋកិច្ចកម្ពុជាក្នុង​ជំហាន​មួយ​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល​ដែលមាន​ការផ្លាស់ប្ដូរ ការ​ជឿនលឿន ច្នៃប្រឌិត និង​ប្រកបដោយ​បច្ចេកវិទ្យា​ថ្មី។

កម្មវិធី Pi Pay ក៏ដូចជា Aeon Wallet Cambodia គឺជា​វេទិកា​ទូទាត់​ប្រាក់​ប្រកប​ដោយភាព​ច្នៃប្រឌិត និង​មិនចាំបាច់​ដាក់​សាច់ប្រាក់​តាម​ខ្លួន​នៅពេល​ប្រតិបត្តិ​ការទូទាត់​នោះទេ។ វា​ជា​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​តាម Mobile App ដែល​អតិថិជន​អាច Download ដាក់​ក្នុង​ទូរស័ព្ទដៃ​ដោយ​គ្រាន់តែ​បញ្ចូល​ប្រាក់​នៅតាម​បញ្ជរ Pi Pay ឫ​បញ្ជរ Aeon Wallet Cambodia ហើយ​បន្ទាប់មក​ក៏​អាចធ្វើ​ប្រតិបត្តិ​ការទិញ​ទំនិញ និង​ទូទាត់​ប្រាក់​ដោយ​មិនចាំបាច់​ប្រើប្រាស់​សាច់ប្រាក់​ដែល​ធ្វើឱ្យ​អ្នកមាន​ទំនុកចិត្ត និង​សុវត្ថិភាព។

ផ្នែក​ធ្វើដំណើរ​វិញ យើង​អាចធ្វើ​ការហៅ​រ៉ឺម៉ក ឬ​តាក់ស៊ី​ជិះ​តាមរយៈ​កម្មវិធី​របស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ដូចជា PassApp, Grab Cambodia, Taxi Cambodia, We Go Taxi ជាដើម។ តាមរយៈ​ទូរស័ព្ទដៃ​របស់​ពួកគេ អតិថិជន​មានការ​ពេញចិត្ត​ជាមួយ​នឹង​តម្លៃថោក​គួរសម​នៃ​សេវា​កម្មនេះ​ព្រោះ​គេ​អាច​កំណត់​គោលដៅ​ធ្វើដំណើរ និង​មើលឃើញ​ពី​ចម្ងាយ​ដែល​ពួកគេ​កំពុង​ជិះ​បាន​យ៉ាង​ងាយស្រួល​ផងដែរ។

អ្នកជំនាញ​ទីផ្សារ​បាន​ហៅ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​របស់​ក្រុមហ៊ុន​អាជីវកម្ម​នាពេល​បច្ចុប្បន្ន​ថា ជា​យុទ្ធសាស្ត្រ​ទីផ្សារ ពីព្រោះថា ការផ្តល់​សេវាកម្ម​ឱ្យ​ដល់ដៃ​អតិថិជន​តាមរយៈ​បច្ចេកវិទ្យា​គឺជា​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ឬ​អាជីវកម្ម​នោះ ដោយសារ​នៅលើ​ពិភពលោក​បច្ចុប្បន្ន​គេ​ផ្តោតទៅលើ​បច្ចេកវិទ្យា​ច្រើន ហើយ​កម្ពុជា​យើង​ក៏​គេសង្កេតឃើញថា​មាន​កំណើន​ច្រើន​គួរសម​ក្នុង​ការប្រើ​យុទ្ធសាស្ត្រ​ទីផ្សារ​តាមរយៈ​បច្ចេកវិទ្យា ឌីជីថល​នេះ។

លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ហ្វ័​រ​តេបាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ “ទីផ្សារ​ប្រសិនបើ​គេ​យក​មនុស្ស​ម្នាក់​ទាក់ទង​អតិថិជន​ក្នុង1ថ្ងៃ បាន​អតិថិជន​តែ3-5នាក់​ប៉ុណ្ណោះ តែបើ​គេ​ប្រើ​បច្ចេកវិទ្យា វិញ​អាចបាន​ដល់​ទៅ​មនុស្ស​រាប់ម៉ឺន រាប់សែន​នាក់ នេះ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​មួយ ដែល​យុទ្ធសាស្ត្រ​មួយ​នេះ​ធ្វើឱ្យ​តម្លៃ​ដើម​ធ្លា​ក់ទាប”។ លោក​បន្តថា យុទ្ធសាស្ត្រ​ទីផ្សារ​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល​កំពុងតែ​មានកំ​ណើ​ន ព្រោះថា​ប្រជាជន​កម្ពុជា​មិន​ថា​ចាស់ ឬ​ក្មេង​នោះទេ នរណាៗក៏មាន​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​នទំនើបៗប្រើ​ដែរ សូម្បីតែ​ពលរដ្ឋ​នៅ​ទីជនបទ ព្រោះ​វា​មាន​ភាពងាយស្រួល​ខ្លាំង​ក្នុងការ​ប្រើប្រាស់់ និង​ទាន់សម័យ លើកលែងតែ​អ្នកប្រើប្រាស់​ទូរស័ព្ទ​ធម្មតា​ដែល​មិនមែនជា Smart Phone តែប៉ុណ្ណោះ។

លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន ​ហ្វ័​រ​តេ

ទាក់ទង​នឹង​ការប្រើប្រាស់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​វិញ ការប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​នៅ​ប្រទេស​កម្ពុ​ជាមាន​លក្ខណៈ​ពេញនិយម​យ៉ាងខ្លាំង ដូច្នេះហើយ​ទើប​បណ្តា​ក្រុមហ៊ុន​អាជីវកម្ម​ជាច្រើន​អាច​ប្រើប្រាស់​បណ្ដាញ​នេះ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ទំនិញ និង​សេវាកម្ម​របស់​ក្រុមហ៊ុន​គេ​បាន ដូច​ជាការផ្តល់ព័ត៌មាន​ទៅកាន់​អតិថិជន កម្មវិធី​ប្រូ​ម៉ូ​សិន ដំណោះស្រាយ​បញ្ហា​របស់​អតិថិជន ការលើកទឹកចិត្ត​ដល់​អតិថិជន ការណែនាំ​ក្នុងការ​ប្រើប្រាស់​ផលិតផល និង​សេវាកម្មផ្សេងៗទៀត​ដែលមាន​ប្រយោជន៍​ដល់​ពួកគេ និង​ការធ្វើឱ្យ​អតិថិជន​ចុច​គាំទ្រ ឬ​បញ្ចេញ​មតិយោបល់ ហើយ​និង​អនុញ្ញាតឱ្យ​អតិថិជន​អាច​ទាញយក​កម្មវិធី​​ចូល​មើល ឬ​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​បាន​កាន់តែ​ងាយស្រួល​ទៀតផង។

លោក យក់ ចំរើន​ឫទ្ធិ បាន​បញ្ជាក់ថា ចំពោះ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ គេ​អាច​ប្រើប្រាស់​ក្នុង​យុទ្ធសាស្ត្រ​បាន​ច្រើន​មុខ ដូចជា​ម៉ា​កេ​ធី​ង​គឺ គេ​ធ្វើយ៉ាងណា​ឱ្យ​អតិថិជន​ស្គាល់​អំពី​ក្រុមហ៊ុន​របស់គេ ឯ​ក្រុម​ sales វិញ​ធ្វើយ៉ាងណា​ផ្សព្វផ្សាយ​លក់​ផលិតផល​របស់ខ្លួន​ឱ្យបាន​ច្រើន។ ដូច្នេះ​គេហទំព័រ​ហ្វេ​ស​ប៊ុ​កវា​មាន​ប្រយោជន៍​ត្រង់​ថា​វា​ជា​ social media។ លោក​បាន​បន្តទៀតថា ឱ្យតែ​មានការ​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន គេ​អាច​ទំនាក់ទំនង​ព័ត៌មាន អាចផ្តល់ព័ត៌មានព្រោះ​វា​មានតម្លៃ​ថោក មិន​ចំណាយ​ពេលវេលា​ច្រើនដូច្នេះ​តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ គឺ​ងាយស្រួល​បំផុត។ ក្នុង​អត្ថប្រយោជន៍ផ្សេងៗច្រើនយ៉ាង​ទៀតការបង្កើត​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រៅពី​សម្រាប់​ផ្សព្វផ្សាយ​ពី​អាជីវកម្ម​របស់​ពួកគេ និង​បង្កើន​អតិថិជន​ហើយ គេ​អាច​ពង្រឹង​អាជីវកម្ម​ឱ្យ​ក្រុមហ៊ុន​របស់គេ​កាន់តែ​រីកចម្រើន​ទៅមុខ​បាន​ទៀតផង។

ជាក់ស្តែង​ការផ្សព្វផ្សាយ​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ធនាគារ​មួយចំនួនធំ​ដូចជា កម្មវិធី សេវាកម្ម​ដែល​បាន​បង្កើតថ្មីៗ ធនាគារ​ទាំងនោះ​បានធ្វើ​ការទាក់ទាញ​ដល់​អតិថិជន​ខ្លួន​ឱ្យ​ងាក​មក​សាកល្បង​ប្រើប្រាស់​នូវ​អ្វី​ដែលជា​បច្ចេកវិទ្យា​ទំនើប​របស់ខ្លួន។

ក្នុងពេល​ប​ច្ចុ​ប្ប​នេះ​ថ្វីដ្បិតតែ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​មិនទាន់មាន​សេវា​គ្របដណ្ដប់​នៅ​ទូទាំងប្រទេស​ពេញលេញ​នៅឡើយ​ជាពិសេស​នៅតាម​ទីជនបទ ប៉ុន្តែ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​នឹង​កំពុង​បំពេញ​នូវ​ប្រព័ន្ធ​ទំនើបកម្ម​នៃ​បច្ចេកវិទ្យា​ឌីជីថល​នេះ​ឱ្យបាន​សព្វគ្រប់​នៅ​ឆ្នាំ2020។ នេះ​បើតាម​ប្រសាសន៍​របស់​ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

ចំពោះ​ប្រព័ន្ធ​សេវា​អុីន​ធើ​ណិ​ត 3Gវិញ នៅតាម​ទីក្រុង-ខេត្ត​នៅ​ទូទាំងប្រទេស សេវា​អុីន​ធើ​ណិ​ត​មាន​ល្បឿន​តែ60% ហើយ​សម្រាប់​សេវា​អុីន​ណិ​ត​4G ដែល​ប្រើ​នៅតាម​បណ្ដា​ជនបទ​មាន​សេវា​ល្បឿន​លឿន​បំផុត​ត្រឹមតែ 17%ប៉ុណ្ណោះ ចំណែក​នៅ​ទី​ក្រុងមាន​ដល់57% ដូច្នេះ​រាជរដ្ឋាភិបាល​ត្រូវ​អន្ដរាគមន៍​ និង​ធ្វើ​ទំនើបកម្ម​លើ​វិស័យ​សេវា​អុីន​ធើ​ណិ​ត​នេះ​ឱ្យមាន​ភាពល្អប្រសើ​ជាង​នេះ ដោយសារ​ការប្រើប្រាស់​ប្រព័ន្ធ​សេវា​អុីន​ធើ​ណិ​ត​តាម​ទូរស័ព្ទ​វា​អាចជួយ​ដល់​ចំណូល​ថវិកាជាតិ​ផងដែរ។ តាម​ការដាក់​ស​ន្ទ​ស្សន៍​នៅ​ឆ្នាំ2020 ប្រព័ន្ធ​អុីន​ធើ​ណិ​ត​នឹងមាន​ល្បឿន​លឿន​នៅតាម​ទីក្រុង​ដល់100% ចំណែក​នៅតាម​ជនបទ​នឹងមាន​ល្បឿន​លឿន​ប្រមាណ 80% ហើយ​នឹងមាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​គ្រប់ 100%នៅ​ទូទាំងប្រទេស៕

Advertisement