របរ​ចិញ្ចឹម​ក្រួច​ឆាប់​បាន​ផល និង​មាន​ទីផ្សារ​លក់​ចេញ​ច្រើន

ការចិញ្ចឹម​សត្វ​ក្រួច​គឺជា​របរ​មួយ​ថ្មី​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទើប​ចាប់ផ្តើម​ចិញ្ចឹម​យកសា​ច់លក់​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារតែ​ការចិញ្ចឹម​ក្រួច​ឆាប់​ទទួលបាន​ផល​ និង​ងាយស្រួល​លក់​ចេញ​នៅតាម​ទីផ្សារ​នានា ដែល​ភាគច្រើន​គេ​យកទៅ​អាំង​លក់​នៅតាម​ដងផ្លូវ និង​លក់​នៅតាម​បណ្តា​ភោជនីយដ្ឋានផ្សេងៗទៀត។

លោក ឃុ​ត សាវ​រី ម្ចាស់​កសិ​ដ្ឋា​ន​ចិញ្ចឹម​ក្រួចនៅ​ភូមិ​ស្វាយ​ធំ សង្កាត់​អំ​ពឹ​លក្រុង​កំពត ខេត្តកំពត​បានឱ្យដឹង​ថា លោក​បាន​ចាប់យក​របរ​ចិញ្ចឹម​ក្រួច​នេះ អស់​រយៈពេល​ប្រមាណ​ជា 8ឆ្នាំ​មកហើយ ដោយ​មិនបាន​រៀន​ពីសា​លាប​ច្ចេកទេស ឬ​រៀន​បន្ត​ពី​អ្នកណាម្នាក់​នោះទេ ពោលគឺ​លោក​បាន​ព្យាយាម​ចិញ្ចឹម និង​បង្កាត់​ពូជ​តាម​ការយល់​ដឹងខ្លួន​ឯង​ជាច្រើនលើក​ច្រើនសា ទើប​ទទួលបាន​ជោគជ័យ និង​ដឹង​ពី​បច្ចេកទេស​ចិញ្ចឹម​ដោយ​ខ្លួនឯង។

លោក​និយាយថា ដំបូង​ឡើយ​លោក​បានឃើញ​គេ​ចិញ្ចឹម​នៅក្នុង​ខេត្តបាត់ដំបងពេលនោះ​លោក​បាន​ទិញ​ពង​ក្រួច​យកមក​ភ្ញាស់​សាកល្បង​ចំនួន 4លើក​ជា​បន្ត-បន្ទាប់​ទើប​ទទួលបាន​លទ្ធផល។ ក្រោយពី​ដឹង​ពី​បច្ចេកទេស​ចិញ្ចឹម​ហើយ លោក​ក៏បាន​ទិញ​មេ​ក្រួច​យកមក​ចិញ្ចឹម​ដោយខ្លួនឯង​ដែលមាន​ចំនួន​កាន់តែច្រើនឡើងៗជា​បន្តបន្ទាប់ រួច​ក៏​ចាប់ផ្តើម​បង្កើតជា​កសិដ្ឋាន​ដោយ​ធ្វើ​ទ្រុង​ចិញ្ចឹម​ឱ្យ​ផុតពី​ដី​ដើម្បី​ការពារ​ពី​ជំងឺ​ផ្សេង។

ការចិញ្ចឹម​ក្រួច​អាចមាន​ចំនួន​តិច ឬ​ច្រើន​អាស្រ័យ​ទៅតាម​ទំហំ​ដី ឬ​កសិដ្ឋាន​ដែល​យើង​ចង់បាន ប៉ុន្តែ​ដើម្បី​ចិញ្ចឹម​ក្រួច​ឱ្យបាន​លទ្ធផល​ល្អ គេ​ត្រូវ​ចេះ​ជ្រើស​រើសយក​ពូជ​ណា​ដែលមានមាឌធំៗមក​ទុក​បង្កាត់​ពូជ​ជា​ឧទាហរណ៍​មេ​ក្រួច​ចំនួន80ក្បាល​គេ​ត្រូវដាក់​ក្រួច​ឈ្មោល​ចំនួន20ក្បាល​ដើម្បីឱ្យ​វា​រស់នៅ​ជាមួយគ្នា​ដើម្បី​បន្ត​ពូជ​ចេញ​ជា​ស៊ុត​សម្រាប់​យកមក​ភ្ញាស់ យក​កូនចិញ្ចឹម​យកសា​ច់លក់​នៅលើ​ទីផ្សារ​នេះ។

ដំណាក់កាល​ដំបូង​គេ​ដា​ក់វា​ឱ្យ​ធ្វើការ​បង្កាត់​ពូជ ដោយ​ដាក់​ក្រួច​ញី​ឱ្យនៅ​ជាមួយ​ក្រួច​ឈ្មោល និង​ថែទាំ​ដោយ​ការផ្តល់​ចំណី និង​ផ្តល់​ទឹក​ឱ្យបាន​គ្រប់គ្រាន់ ដែល​ចំណី​របស់​វា គេ​អាច​ផលិត​ដោយ​ខ្លួនឯង​ក៏បាន ឬ​រក​ទិញ​ពី​ក្រុមហ៊ុន​លក់​ចំណី​សត្វ​ក៏បាន ហើយ​សម្អាត​ទីកន្លែង​ចិញ្ចឹម​ជាប្រចាំ​ដើម្បីឱ្យ​ក្រួច​មាន​សុខ​ភាពល្អ កុំ​ឱ្យមាន​មេរោគ​ដែល​អាច​បង្ក​ទៅជា​ជំងឺផ្សេងៗបាន។ បន្ទាប់ពី​វា​រស់នៅ​ជាមួយគ្នា​បាន​ប្រមាណ​ជា 1ខែ 20ថ្ងៃ​មក ក្រួច​ញី​ចាប់ផ្តើម​ផ្ដល់​ស៊ុត​ជា​បន្តបន្ទាប់ រួចហើយ​គេ​ត្រូវ​ជ្រើសរើស​ស៊ុត​ណា​ដែលល្អៗយកទៅដាក់​នៅលើ​ធ្នើរ​ក្នុង​ទូ​ភ្ញាស់​ដែល​គេ​រៀបចំ​ទុកជា​ស្រេច ចំណែក​ទូ​ភ្ញាស់​ពង​ក្រួច​នោះ​ម្ចាស់​កសិដ្ឋាន​ចាំបាច់​ត្រូវ​រៀបចំ​ប្រព័ន្ធ​ទឹក-ភ្លើង​ឱ្យបាន​ល្អ​ទុកជាមុន ដូចជាដាក់​កង្ហារ​បឺត​កម្ដៅ​ចេញ នៅពេលដែល​អាកាសធាតុ​ក្តៅ​ខ្លាំង និង​ត្រូវដាក់​ធុង​ទឹក​ពីក្រោម​ដើម្បីឱ្យ​ទូ​មាន​សំណើម​ហប់​ជាប្រចាំ។ អំឡុងពេល 16ថ្ងៃក្រោយ​មក​ពង​ក្រួច​ចាប់ផ្តើម​ញាស់ ដែល​ពេល​នោះគេ​ត្រូវយក​កូន​ក្រួចតូចៗទាំងនោះ​ទៅ​ដាក់​ក្នុង​ទ្រុង​មួយ​ដាច់ដោយឡែក ធ្វើការ​ថែទាំ​ដាក់​ទឹក​ដាក់​ចំណី​ឱ្យ​រយៈពេល​ត្រឹមតែ 1ខែ​កន្លះ​ក្រោយមក​ក្រួច​នឹង​ធំធាត់​អាច​ចាប់​លក់បាន ដែលជា​ទូទៅ​ក្រួច1ក្បាល​មានតម្លៃ​ចន្លោះ​ពី 2,000 – 2,500រៀល។

កសិករ​ខាងលើ​អះអាងថា មកទល់​បច្ចុប្បន្ន​លោក​បាន​បង្កើត​កសិដ្ឋាន​យ៉ាង​ធំ​មួយ​ក្នុង​ទី​រួម​ខេត្តកំពត​នោះ ដោយ​មួយថ្ងៃ​អាច​ផលិត​ក្រួច​សាច់​លក់​ចេញ​បាន​ប្រមាណ​ជា400 ទៅ500ក្បាល​ក្នុង​មួយថ្ងៃ នេះ​ សម្រាប់​រដូវវស្សា​ដែល​មិនសូវមាន​បុណ្យទានផ្សេងៗ រីឯ​នៅ​រដូវប្រាំង​នៅពេលដែល​សម្បូរ​បុណ្យទាន​ច្រើន លោក​អាច​ផលិត​បាន​ចំនួន600 ទៅ700ក្បាល ក្នុង​មួយថ្ងៃ​សម្រាប់​ចាប់​លក់​ទៅឱ្យ​ម៉ូយ​ដែលមាន​ទាំង​ម៉ូយ​នៅក្នុង​ខេត្តកំពត បណ្តា​ខេត្ត​មួយចំនួនទៀត និង​ទីក្រុង​ភ្នំពេញ​ផងដែរ។ ហើយ​ដោយសារតែ​សាច់​ក្រួច​មានការ​កុម្ម៉ង់​ទិញ​កាន់តែច្រើនឡើងៗ លោក​បានសម្រេច​បង្កើត​កសិដ្ឋាន​ធំ​មួយទៀត​នៅ​ក្រុងព្រះសីហនុ ដែលមាន​សមត្ថភាព​ផលិត​ក្រួច​សាច់​លក់បាន​ចំនួន​ដល់​ទៅ500 ទៅ600ក្បាល​ក្នុង​មួយថ្ងៃ​សម្រាប់​រដូវវស្សា ចំណែក​រដូវប្រាំង​វិញ​លក់​ចេញ​បាន​ចន្លោះ​ពី1,500 ទៅ2,000ក្បាល​ក៏មានដែរ។

លោក​និយាយថា របរ​ចិញ្ចឹម​ក្រួច​លក់​នៅតែមាន​តម្រូវការ​នៅលើ​ទីផ្សារ ដោយសារតែ​ម៉ូយ​ងាយស្រួល​យកទៅ​អាំង ឬ​ធ្វើ​ម្ហូប​លក់ និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន ហើយ​នៅពេលឆាប់ៗលោក និង​បង្កើត​សាខា​មួយទៀត​នៅ​ខេត្តសៀមរាប​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ខេត្ត​នោះ​ឱ្យមាន​ភាពងាយស្រួល និង​មាន​មហិច្ឆតា​បង្កើត​ឱ្យបាន​គ្រប់​ខេត្ត-ក្រុង​ទៀតផង។ ជាមួយគ្នានេះ លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​សូម​ឱ្យជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក ជាជាង​គាំទ្រ​ផលិតផល​នាំចូល​ពី​ក្រៅប្រទេស ដើម្បី​រួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ ក៏ដូចជា​ការចូលរួម​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​យើង​ឱ្យបានកាន់តែច្រើនឡើងៗផងដែរ៕

Advertisement