កម្ពុជានឹងមានសាលា​បណ្តុះបណ្តាល​ ជំនាញ​អចលនទ្រព្យ​នៅចុងឆ្នាំ2018

បើ​គ្មាន​ការប្រែប្រួល​ទេនោះ សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដីធ្លី និង​ជំនាញ​លក់​អចលន-ទ្រព្យ និង​ចាប់ផ្តើម​ទទួល​សិស្ស​ឱ្យ​ចូលរៀន​ចាប់ពី​ខែសីហា ឆ្នាំ2018ខាងមុខ​នេះហើយ។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។

លោក​បណ្ឌិត​បាន​មានប្រសាសន៍​នៅក្រោយពេល​ចុះ​អនុ​ស្សរណៈ​យោគយល់​គ្នា​ជាមួយ​លោក​បណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​សប្តាហ៍​មុន​ថា ឆ្លងតាម​ការពិភាក្សា​ជាច្រើនលើក​ច្រើនសា​អស់​រយៈពេល​ជា​យូរ​មក ភាគី​ទាំង​ពីរបាន​ឯកភាព និង​ព្រមព្រៀងគ្នា​បើកទទួល​សិស្ស​ឱ្យចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ដីធ្លី នៅ​ថ្ងៃទី8 ខែសីហា ឆ្នាំ2018ខាងមុខនេះ ដើម្បី​អបអរសាទរ​ខួប10ឆ្នាំ​នៃ​ការបង្កើត​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។

លោក​បន្តថា វគ្គ​សិក្សា​ដំបូង​នេះ រំពឹងថា យ៉ាងហោច​នឹងមាន​និស្សិត និង​អ្នក​កំពុង​បម្រើ​ការងារ​លើ​វិស័យ​អចលនទ្រព្យ​ចំនួន 500នាក់​ចូលរៀន​ជា​លើកដំបូង​សម្រាប់​ផ្តល់​ជា​មូលដ្ឋានគ្រឹះ​ដើម្បី​តម្រង់ទិស​ពួកគាត់​ឱ្យមាន​ជំនាញ ចំណេះដឹង និងវិជ្ជាជីវៈ​កាន់តែច្បាស់​ក្នុងការ​បំពេញការងារ​ឱ្យ​កាន់-តែ​ប្រសើរឡើង។ ចំណែក​និស្សិត​ដែល​ចង់​បម្រើ​ការងារ​លើ​វិស័យ​អចលនទ្រព្យ​ក៏​ចាំបាច់​ត្រូវ​ចូលរៀន​វគ្គ​សិក្សា​នេះ​បន្ថែម​ដែរ ដោយសារ​នៅ​ថ្ងៃ​អនាគត​ដ៏​ឆាប់​ខាងមុខ ការជ្រើសរើស​បុគ្គលិក​ចូលធ្វើការ​លើ​វិស័យ​ដីធ្លី​ចាំបាច់​តម្រូវឱ្យមាន​វិញ្ញាបនបត្រ​ផ្នែក​នេះ​ជា​ចាំបាច់ “កន្លងមកអ្នកណាៗក៏​អាច​រកស៊ី​ក្នុង​វិស័យ​ដីធ្លី​នេះ​បានដែរ ប៉ុន្តែ​ចាប់ពី​កម្ពុជា​បង្កើត​សាលា​នេះ​ឡើង អ្នក​មិនបាន​ចូលរៀន​មិនមាន​ជំនាញ​វិជ្ជាជីវៈ មិនអាច​ធ្វើការ​លើ​វិស័យនេះ​បានទេ ដោយសារតែ​ក្រុមហ៊ុន​ត្រូវការ​បុគ្គលិក ដែលមាន​ជំនាញ​វិស័យ​ដីធ្លី​នេះ​ជា​ចាំបាច់ បើសិនជា​មិនមាន​សញ្ញាបត្រ​នេះ​ទេ គឺ​គេ​មិន​ទទួល​យកមក​ធ្វើការ​នោះឡើយ”។

ជាមួយគ្នានេះដែរ លោក​បណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​មានប្រសាសន៍ថា វគ្គ​សិក្សា​ដំបូង​នេះ​បង្រៀន​ដោយ​សាស្ត្រាចារ្យ​ក្នុងស្រុក​ដែលមាន​បទពិសោធ​យូរ​ឆ្នាំ និង​មានចំណេះដឹង​សិក្សា​មកពី​សាលាល្បីៗនៅក្រៅ​ប្រទេស រួម​នឹង​ជំនាញ​ពាក់ព័ន្ធ​ផ្លូវច្បាប់​ដែល​ភាគច្រើន​បង្រៀន​ដោយ​មេធាវី​ដែលមាន​ជំនាញ​ផ្នែក​អចលនទ្រព្យ​នេះដែរ។ វគ្គ​សិក្សា​ថ្មី​នេះ​រួមមាន 6មុខវិជ្ជា និង​ចែកជា 2វគ្គ គឺ​វគ្គ 75ម៉ោង និង120ម៉ោង ដែល​បានរៀបចំ​រួចជាស្រេច និង​បាន​ឆ្លងកាត់​ការពិភាក្សា​ជាមួយ​អ្នកជំនាញ​ពាក់ព័ន្ធ​ជាច្រើនលើក​ច្រើនសា ដែល​នឹង​ជួយ​លើកកម្ពស់​ធនធានមនុស្ស​ឱ្យ​កាន់តែ​ប្រសើរឡើង ផ្តល់នូវ​ជំនាញ​វិជ្ជាជីវៈ​បន្ថែមទៀត សម្រាប់​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ក្នុងការ​វិនិយោគ​លើ​វិស័យ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា។

ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ហៅ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ថា ជា​សមិទ្ធផល​ថ្មី​មួយទៀត​សម្រាប់​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា។ ឯកឧត្តម​បន្តថា យើង​បានដឹងហើយថា សំណង់​អគារខ្ពស់ៗ បុរី​លំនៅឋាន និង​សកម្មភាព​ពុះ​ដីឡូត៍​លក់បាន​រីកចម្រើន​គួរឱ្យកត់សម្គាល់​ជាខ្លាំង​ដែល​បានជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​ប្រសើរឡើង​ក្នុងការ​កាត់បន្ថយ​អត្រា​ភាពក្រីក្រ ជួយ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​រីកចម្រើន​ឡើងជា​លំដាប់ រហូតដល់​ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល់​រហ័ស​នាម​ឱ្យ​ថា ជា​កូន​ខ្លា​សេដ្ឋកិច្ច​អាស៊ី “ក្រៅពី​វិស័យ​វាយ​ន​ភណ្ឌ ទេសចរណ៍ វិស័យ​អចលនវត្ថុ​គឺជា​ចលករ​ដ៏​សំខាន់​ក្នុង​ការជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឱ្យនៅ​ថេរ​ចំនួន 7ភាគ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ”។

ឯកឧត្តម​បន្តថា សាលា​បណ្តុះបណ្តាល​នេះ គឺជា​បរិបទ​មួយ​ថ្មី​សម្រាប់​វិស័យ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុងតែ​រីកដុះដាលយ៉ាងខ្លាំង​ដែល​ទាមទារ​ឱ្យ​អ្នកផ្តល់​សេវាកម្ម​ផ្នែក​នេះ មាន​ជំនាញ និង​ក្រមសីលធម៌​ច្បាស់លាស់​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ដែល​គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ខែសីហាឆាប់ៗខាងមុខ។ ឯកឧត្តម​សង្កត់ធ្ងន់ថា“កន្លងមក​ក្រសួង​ធ្លាប់​ចេញ​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ចំនួន150 នៅ​កម្ពុជា​ដែលមាន​រយៈពេល 3ឆ្នាំ ហើយ​នៅពេល​ផុតកំណត់​អាជ្ញា​ប័ណ្ណ គាត់​ត្រូវ​បន្ត​ថ្មី គឺ​តម្រូវឱ្យ​គាត់​មាន​វិញ្ញាបនបត្រ​ឆ្លងកាត់​ការសិក្សា​ច្បាស់លាស់ ដែល​ពួកគាត់​ត្រូវ​មក​ចូលរៀន​វគ្គ​ថ្មី​នេះ​ទាំងអស់គ្នា ដើម្បី​ពង្រឹងសមត្ថភាព កែសម្រួល​ជំនាញ​វិជ្ជាជីវៈ​របស់គាត់ និង​ដឹង​ពី​ក្រមសីលធម៌​សម្រាប់​អាជីព ដើម្បី​ផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្ពស់​ពី​អតិថិជន ដែល​នេះ​ជា​ឱកាស​មាស ឱកាស​ពេជ្រដែល​ជួយ​តម្រង់ទិស​ឱ្យ​គាត់​មាន​សមត្ថភាព​ប្រសើរឡើង និង​អាចមាន​ការឡើង​ប្រាក់ខែ​ពី​ក្រុមហ៊ុន​បន្ថែម​ទៀតផង”។

កន្លងមក អ្នកណា​ក៏មាន​សិទ្ធិ​រកស៊ី​អចលនទ្រព្យ​លក់​ដី​នេះដែរ មិនថាតែ​អ្នកជំនាញ ឬ​អ្នក​ម៉ូតូឌុប​នោះទេ ប៉ុន្តែ​ជួនកាល​អ្នកខ្លះ​ចំណាយពេល​ឥតប្រយោជន៍អ្នកខ្លះ​លក់បាន​ក៏​ទទួលបាន​ប្រាក់​កម្រៃជើងសាតែ​អ្នកខ្លះ​លក់បាន​ហើយ​មិន​ទទួលបាន​ប្រាក់​កម្រៃជើងសា និង​ថែមទាំង​មានរឿង​ដល់​ខ្លួនឯង​ថែមទៀតដូច្នេះ​ជំនាញ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់ដើម្បី​ផ្តល់ឱកាស​ឱ្យ​អ្នក​មានបំណង​រកស៊ី​ផ្នែក​អចលនទ្រព្យ អាចមាន​ឱកាស​ចូលរៀន​មានចំណេះដឹង​ផ្នែក​ដីធ្លី កសាង​មូលដ្ឋានគ្រឹះ សម្រាប់​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ​ពិតប្រាកដ ចូលរួម​ប្រកួតប្រជែង​ជាមួយ​អ្នក​អាជីព​នៅក្រៅ​ប្រទេស។

គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា​បានដាក់​គោលដៅ​របស់ខ្លួន​ឱ្យក្លាយ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅត្រឹម​ឆ្នាំ2030 ហើយនឹង​ក្លាយជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050 ដូច្នេះ​រាជរដ្ឋាភិបាល​បានដាក់​ចក្ខុវិស័យ​ច្បាស់លាស់ ដើម្បី​ពង្រឹង និង​បង្កើន​ចំណូល​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ខ្ពស់។ ដើម្បី​សម្រេចបាន​គោលដៅ​នេះ គ្រប់​វិស័យ​ទាំងអស់​មិន​ថា​វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ ឬ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​នោះទេ សូម្បី​វិស័យ​អចលនទ្រព្យ​ត្រូវតែមាន​សម្ទុះ​ទៅមុខ​ជា​លំដាប់ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

យោងតាម​ទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចាប់តាំងពី​ឆ្នាំ2000 ដល់​ឆ្នាំ2017 ក្រសួង​បានចេញ​អាជ្ញាប័ណ្ណ​ដល់​គម្រោង​ជាច្រើន​ដែលមាន​ដើមទុន​ជាង 32,000លាន​ដុល្លារ​ដែលជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​លើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ៕

Advertisement