ការប្រមូល​ពន្ធ​នៅក្នុង​ខែឧសភា មាន​ចំនួន​ច្រើន​គួរឱ្យកត់សម្គាល់

ការប្រមូល​ពន្ធ​ក្នុង​ខែឧសភា ឆ្នាំ2018 កន្លងទៅនេះ​បាន​កើនឡើង​ចំនួន 65.92ប៊ី​លាន​រៀល (ស្មើនឹង 16.48លាន​ដុល្លារ​អាមេរិក) កើនឡើង​ប្រមាណ​ជា13.99% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017កន្លងទៅ។

ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានឱ្យដឹង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ពន្ធ​ក្នុង​ខែឧសភា ឆ្នាំ2018 ថា​ក្នុង​រយៈពេល5ខែ ដើមឆ្នាំ2018 នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ-អាករ​បាន​ចំនួន 4,171.82 ប៊ី​លាន​រៀល (ប្រមាណ​ជា 1,042.96លាន​ដុល្លារ​អាមេរិក) ឬ​ស្មើនឹង 59.23%។ ប្រសិនបើ​ប្រៀបធៀប​រយៈពេល5ខែ ដើមឆ្នាំ2017 ឃើញថា​ការប្រមូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​មានការ​កើនឡើង 452.05ប៊ី​លាន​រៀល (ប្រមាណ​ជា 113 លាន​ដុល្លារ​អាមេរិក)ស្មើនឹង 12.15%។

ទន្ទឹមនឹង​ការកើនឡើង​នៃ​ការប្រមូល​ពន្ធ​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​រំពឹងថា ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ2018 អាច​ប្រមូលបាន​គ្រប់​ផែន​ការដែល​កំណត់ដោយ​ច្បាប់។ ជាមួយគ្នានេះ​ឯកឧត្តម​បាន​ណែនាំ​ដល់​គ្រប់​អង្គភាព​ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់​វិន័យ​ការងារ និង​ត្រូវមាន​ភាពទន់ភ្លន់​តែ​ម៉ឺងម៉ាត់ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​ក្នុងការ​ឆ្លើយតប​ទៅកាន់​អ្នក​ជាប់ពន្ធ សំដៅ​ឱ្យ​ពួកគាត់​រីករាយ​ទទួលយក និង​ស្ម័គ្រចិត្ត​បង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណា​កាត់បន្ថយ​ជា​អតិបរមា​នូវ​ការ​រអ៊ូរទាំ របស់​អ្នក​ជាប់ពន្ធ និង​ផ្តល់​កិច្ចសហការ​ល្អ៕

Advertisement