ចិញ្ចឹម​មាន់​យក​ស៊ុត​លក់ ចំណេញ​ស្រួល​ជាង​ចិញ្ចឹម​យក​សាច់

ដោយ​សង្កេតឃើញថា ស៊ុតមាន់​ភាគច្រើន​ត្រូវបាន​នាំចូលពី​ប្រទេសជិតខាង បុរស​ខ្មែរ​ម្នាក់​បានសម្រេច​ចិត្ត​លាឈប់​ពី​ការងារ​ដែលមាន​ប្រាក់ខែ​ខ្ទង់ពាន់​ដុល្លារ មក​ធ្វើ​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ស៊ុត​លក់​ផ្ទាល់ខ្លួន ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅលើ​ទីផ្សារ រហូត​ផ្គត់ផ្គង់​សឹងតែ​មិន​គ្រប់​ឱ្យ​ម៉ូយ​ដែល​កុម្ម៉ង់​យក​ប្រចាំថ្ងៃ​ទៀតផង។

លោក តាក់ សីហា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ស៊ុត​មួយកន្លែង​ដែល​ស្ថិតក្នុង​ភូមិ​សុ​បិ​ន្ត ឃុំ​ត្រា​ចពង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​មានប្រសាសន៍ថា លោក​បានចាប់ផ្តើម​ចិញ្ចឹម​មាន់​យក​ពង​នេះ​ចាប់តាំងពី​មេសា ឆ្នាំ2018មក ដោយ​ទិញ​មេមាន់​ចំនួន 6,000ក្បាល (មួយ​ក្បាល​តម្លៃ 2ម៉ឺន​រៀល) យកមក​បំប៉នចំណី និង​ថែទាំ​នៅក្នុង​កសិដ្ឋាន​លើ​ផ្ទៃដី​ទំហំ​ជិត​មួយ​ហិកតា។ រយៈពេល​មួយខែ​ក្រោយមក មេមាន់​ទាំងនោះ​ក៏​ចាប់ផ្តើម​ផ្ដល់​ស៊ុត​ជា​បន្តបន្ទាប់ ដោយ​មួយថ្ងៃ​លោក​អាច​ប្រមូល​ស៊ុត​បាន​ចំនួន​ជាង 5,500គ្រាប់​សម្រាប់​ដឹក​យកទៅលក់​ឱ្យ​ម៉ូយ​នៅលើ​ទីផ្សារ​នានា ជាពិសេស​ផ្សារ​នៅក្នុង​ទីក្រុង​ភ្នំពេញ។ លោក​បញ្ជាក់ថា “ការចិញ្ចឹម​មាន់ អាស្រ័យ​លើ​ម្ចាស់​កសិដ្ឋាន បើសិន​ចង់​ឆាប់​បាន​ផល​ត្រូវ​ទិញ​មេមាន់​ដែលធំៗស្រាប់​យកមក​បំប៉នតែ​ក៏ត្រូវ​ចំណាយលុយ​ច្រើន​ដែរ តែបើ​មិនសូវមាន​លុយ​ទេ អាច​ទិញកូនតូចៗយកមក​ចិញ្ចឹម​យូរ​បន្តិច​ទើប​អាច​ទទួលបាន​ពង​ដូចគ្នា”។

លោក​ថា នៅលើ​ទីផ្សារ ការលក់​ពងមាន់​មានតម្លៃខុសៗគ្នា ប៉ុន្តែ​សម្រាប់​លោក លោក​បោះ​ឱ្យ​ម៉ូយ​ដុំ​ដែល​គេ​ទទួល​ទិញច្រើនៗជា​រៀងរាល់ថ្ងៃ​ដោយ​លក់​ក្នុងតម្លៃ 300រៀល​ក្នុង​មួយគ្រាប់ និង2ថ្ងៃ​ត្រូវ​ដឹក​ទៅឱ្យ​ម៉ូយ​នៅឯ​ក្រុងភ្នំពេញ​ម្តង ប៉ុន្តែ​បច្ចុប្បន្ន​ពងមាន់​ដែល​ប្រមូលបាន​មិនទាន់​គ្រប់​ឱ្យ​ម៉ូយដែល​រង់ចាំ​ទទួល​ទិញ​នៅលើ​ទីផ្សារ​នៅឡើយ​ទេ ជាហេតុ​ធ្វើឱ្យ​លោក​លៃលក​រក​ដើមទុន​បន្ថែមទៀត​សម្រាប់​ពង្រីក​កសិដ្ឋាន​ឱ្យបាន​កាន់តែ​ធំ​ឡើង។ “មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន ដោយសារតែ​ប្រជាជន​ខ្មែរ​បច្ចុប្បន្ន​បាន​ងាក​មក​គាំទ្រ​ផលិតផល​កសិកម្ម​ក្នុងស្រុក​កាន់តែច្រើនឡើងៗ ដើម្បី​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​កសិករ​ខ្មែរ និង​អ្វីដែល​សំខាន់​នោះ​គឺ​ពងមាន់​ក្នុងស្រុក ពេល​ពង​ភ្លាម យកមក​លក់​ភ្លាម ដូច្នេះ​ពង​មានគុណ​ភាពល្អ​ជាង​ពងមាន់​នាំចូល ព្រោះ​ពងមាន់​នាំចូល​ត្រូវ​ចំណាយពេល​ដឹក​មក​យូរថ្ងៃ ទម្រាំ​បានមក​ដាក់លក់​នៅលើ​ទីផ្សារ”។

ចំពោះ​វិធិ​សាស្ត្រ​ចិញ្ចឹម​វិញ លោក​ប្រាប់ថា មុននឹង​ទិញ​មេមាន់​មក​ចិញ្ចឹម គេ​ត្រូវ​រៀបចំ​ទ្រុងមាន់​ធ្វើ​ពី​សំណាញ់​ដែក​ឱ្យ​ស្អាត​រួច​ជាមុន ដើម្បី​ទុកដាក់​មេមាន់​ឱ្យ​ផុតពី​លើដី​ដើម្បី​ការពារ និង​ទប់ស្កាត់​ជំងឺ​ដ​ង្កា​ត់ផ្សេងៗផង និង​ងាយស្រួល​ក្នុង​ការប្រមូល​អាចម៍មាន់​ទុក​លក់​ឱ្យ​កសិករ​ធ្វើជា​ជីធម្មជាតិ​ផង ដែល​អាចម៍មាន់​នេះ មួយ​បាវ​លក់បាន​តម្លៃ 5,000រៀល​ដែរ ហើយ​មួយថ្ងៃ​ប្រមូលបាន10បាវ សម្រាប់​ទុកជា​ប្រាក់​ចំណាយ​ទិញ​ចំណី​ផ្គត់ផ្គង់​មាន់​ដែលមួយថ្ងៃៗត្រូវ​ចំណាយ​អស់​ប្រហែល 220ដុល្លារ​សម្រាប់​មេមាន់​ទាំង 6,000ក្បាល​នេះ និង​ថ្លៃ​ពលកម្ម​របស់​កម្មករ 4នាក់​ដែល​មើលថែទាំ​មាន់​ផងដែរ។

ក្រៅពី​ធ្វើ​ទ្រុង​ឱ្យ​ស្អាត​ហើយ​នោះការចិញ្ចឹម​មាន់​នេះយើងត្រូវ​ចេះ​ចាក់​ថ្នាំ​វ៉ាក់សាំង​ឱ្យមាន់​ដើម្បី​ការពារ​ពី​ជំងឺផ្សេងៗផងដែរ ជាពិសេស​ជំងឺរាក។ ពេល​ឃើញ​មាន់​រាក ត្រូវ​ចាក់​ថ្នាំ​ព្យាបាល​ភ្លាម​តែម្ដង ព្រោះ​បើ​ទុកចោល​យូរ អាច​បណ្ដាលឱ្យ​ឆ្លង​ពី​មាន់​មួយ​ទៅ​មាន់​មួយ​បាន។

យ៉ាងណាក៏ដោយ លោក​បាន​បញ្ជាក់ថា ការចិញ្ចឹម​មាន់​យក​ពង​នេះ ចំណេញ​ជាង​ចិញ្ចឹម​មាន់​យក​សាច់ ដោយសារ​មានការ​គាំទ្រ​ច្រើន​នៅលើ​ទីផ្សារ​នាពេល​បច្ចុប្បន្ន និង​បើសិន​មានការ​គាំទ្រ​ច្រើនការចិញ្ចឹម​មាន់​យក​ពង​លក់​នេះ​ក៏​ទទួលបាន​ផលចំណេញ​ច្រើន​តាម​នោះដែរ និង​ដល់ពេល​មេមាន់​ចាស់ មាន​អាយុ1ឆ្នាំ 3ខែ គេ​អាច​ជម្រុះ​ចោល ដោយ​អាច​យកសា​ច់លក់ ដែល​បាន​តម្លៃ​ខ្ពស់ជាង​មាន់​ចិញ្ចឹម​យក​សាច់​ធម្មតា​ទៀតផង ព្រោះ​មាន់​ចិញ្ចឹម​យក​ពង​នេះ​មាន​សាច់​ស្វិត​ជាង​មាន់​ចិញ្ចឹម​យក​សាច់ និង​មាន​រសជាតិ​ឆ្ងាញ់​ជាង​ទៀតផង៕

Advertisement