ចូល​ជា​សមាជិក BNI នឹង​ធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​ដំណើរការ​ទៅមុខ​ដោយ​មិនចេះ​រីងស្ងួត

Business Network International (BNI) ជា​បណ្តាញ​អ្នក​ធុរកិច្ច​អន្តរជាតិ​ត្រូវបាន​នាំ Franchiseមកកាន់​ទីផ្សារ​កម្ពុជា​ជា​លើកដំបូង​កាលពី​ឆ្នាំ2013 ដើម្បី​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងឡាយ​ឱ្យមាន​ឱកាស​ជួបជុំគ្នា និង​ទទួលបាន​ការគាំទ្រ​លើ​ផលិតផល​របស់​គ្នា​ទៅវិញទៅមក​ដោយ​មិនចេះ​រីងស្ងួត ហើយ​ថែមទាំង​ពង្រីក​ចង្វាក់​ផលិតកម្ម និង​សេវាកម្ម​របស់ខ្លួន​កាន់តែ​ធំឡើងៗថែម​ទៀតផង។

លោក វ៉ិ​ច​ទ័​រ ស៊ី (Victor Si) ប្រធាន​ក្រុម SupperChapter មានប្រសាសន៍​ក្នុងការ​ធ្វើ​បទ​បង្ហាញ​អំពី​អត្ថប្រយោជន៍​ទៅដល់​សមាជិក​ក្នុង​ក្រុម​របស់លោក​ថា ការចូល​ជា​សមាជិក BNI គឺ​ម្ចាស់​អាជីវកម្ម​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ដោយ​សមាជិក​ក្នុង​ក្រុមនីមួយៗនឹង​ជួយ​គាំទ្រ​ផលិតផល​របស់​សមាជិក​ក្នុង​ក្រុម​ទៅវិញទៅមក​ដោយមាន​កា​រ​បញ្ចុះតម្លៃ​ទាប​ជាង​ទីផ្សារ​ខាងក្រៅ​ទៀតផង។

ក្រៅពី​ទទួលបាន​អត្ថប្រយោជន៍​ខាងលើ​ហើយម្ចាស់​អាជីវកម្ម​​មានឱកាស​ជួបជុំគ្នា​ដើម្បី​បង្ហាញ​ទៅដល់​សមាជិកថ្មីៗឱ្យបាន​ស្គា​ល់ពី​ផលិតផលក៏ដូចជា​សេវាកម្ម​របស់​សមាជិកម្នាក់ៗ និង​មានឱកាស​ចូលរួម​វគ្គ​បណ្តុះបណ្តាលផ្សេងៗទាក់ទង​ទៅនឹង​ចំណេះ និង​ជំនាញ​ក្នុង​ការធ្វើទំនាក់ទំនង​ឱ្យ​កាន់តែ​ប្រសើរឡើង​ក្នុង​គោលដៅ​ធ្វើឱ្យ​អាជីវកម្ម​ទទួលជោគជ័យ​ក្នុង​យុគសម័យ​នៃ​ការប្រកួតប្រជែង​នៅលើ​ទីផ្សារសេរី​បែបនេះ ដោយសារ BNI មាន​កន្លែង​សម្រាប់​ចែករំលែក និង​ពង្រឹង​ទំនាក់ទំនង​ល្អ។

គេ​គ្រប់គ្នា​តែង​ដឹង​ហើយ​ថា ការធ្វើ​អាជីវកម្ម​តែងតែ​ជួប​នឹងបញ្ហា​កើតឡើង​ដែល​ម្ចាស់​អាជីវកម្ម​មិនអាច​គេចផុត​ឡើយ ហើយ​ពេលខ្លះ​ម្ចាស់​អាជីវកម្ម​មួយចំនួន​មិន​ហ៊ាន​ពិភាក្សា​ជាមួយ​ក្រុមគ្រួសារ​នោះទេ តែ​នៅក្នុង BNI ម្ចាស់​អាជីវកម្ម​ជាច្រើន​ដែលមាន​បទពិសោធ​យូរ​ឆ្នាំ និង​ជោគជ័យ​លើ​អាជីវកម្ម​របស់ខ្លួន​នឹង​រង់ចាំ​ជួយ​ធ្វើការ​ប្រឹក្សា​ផ្លាស់ប្តូ​យោបល់នឹងចែករំលែក​បទពិសោធ ក្នុង​បំណង​ជួយ​ដោះស្រាយ​បញ្ហាលំបាក​របស់​សមាជិក​ក្នុង​ក្រុម​ដើម្បី​ចៀស​ផុតពី​ហានិភ័យ ក៏ដូចជា​កុំឱ្យមានការបរាជ័យ​លើ​អាជីវកម្ម​ដែរ។

គួរ​បញ្ជាក់ថា BNI ឈរលើ​ទស្សន​វិទ្យា 2ធំៗ គឺ​​ ទី1. អ្នក​ឱ្យ គឺជា​អ្នកទទួល (Givers Gain) មានន័យថា អ្នក​ឱ្យ​កាន់តែច្រើន នោះ​យើង​នឹង​ទទួលបាន​កាន់តែច្រើន ហើយ​ទី2 គឺ​ធ្វើជា​កសិករ​មិនមែនជា​អ្នកប្រមាញ់​ទេ (Farming not Hunting) ព្រោះ​ប្រសិនបើ​យើង​តាំង​ចិត្តជា​អ្នកប្រមាញ់ នៅពេលដែល​ស្វែងរក​មួយកន្លែង​មិនបាន យើង​នឹង​បន្តទៅ​មួយកន្លែង​ផ្សេងទៀត ដល់​ដំណាក់កាល​ចុងក្រោយ​យើង​នឹង​អស់​កន្លែង​សម្រាប់​ប្រមាញ់ តែ​សម្រាប់​កសិករ​វិញ គឺ​គាត់​ដាំ​ដុះ​នៅទីនេះ(នៅ​មួយកន្លែង) គាត់​ថែរក្សា ហើយ​ប្រមូល​ផល​នៅទីនេះ ដែល​ផលរបរ​របស់គាត់​នឹង​ប្រមូលបាន​មិនចេះ​រីងស្ងួត​ឡើយ៕

Advertisement