កម្ពុជាត្រូវការបន្លែប្រមាណ200 ទៅ400តោនក្នុងមួយថ្ងៃ

ប្រទេសកម្ពុជាយើងសព្វថ្ងៃមានតម្រូវការនាំចូលបន្លែប្រមាណ200 ទៅ400តោនក្នុងមួយ​ថ្ងៃហើយក្នុងមួយឆ្នាំត្រូវចំណាយទឹកប្រាក់ប្រមាណពី150លាន ទៅ400លានដុល្លារលើការនាំ​​​ចូលបន្លែពីបរទេស។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​​ ប្រមាញ់និងនេសាទនៅក្នុងពិធីសម្ពោធបើកផ្សារណាត់បន្លែសុវត្ថិភាព និងផលិត​ផលធម្មជាតិនៅក្រុងកំពង់ចាម។

ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា ដោយសារកំណើនរបស់ប្រជាពលរដ្ឋ ធ្វើឱ្យតម្រូវការបន្លែបង្ការមានកំណើនខ្ពស់ឡើងដែលត្រូវនាំចូលពីបរទេស ព្រោះផលិតផលក្នុងស្រុកមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានគ្រប់គ្រាន់នៅឡើយ។

ឯកឧត្ដមបានបញ្ជាក់ថា រដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច សន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ជំរុញការលើកកម្ពស់ផលិតផលកសិកម្ម ពាណិជ្ជកម្ម ការអភិវឌ្ឍតាមបែបវិបុលកម្ម បែបប្រពលវប្បកម្ម និងកសិ-ពាណិជ្ជកម្មតាមរយៈការដាំដុះដោយប្រើប្រាស់បច្ចេកទេសទំនើបដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារប្រកបដោយបរិមាណគុណភាព សុវត្ថិភាព និងស្តង់ដារ គឺជាកត្តាចម្បង។

ហេតុដូច្នេះហើយទើបមានការរៀបចំផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពដើម្បីបង្កើនការយល់ដឹងអំពីបន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពជាសកម្មភាពមួយជំរុញផលិតកម្មស្បៀងបង្កើនការយល់ដឹងអំពីសុវត្ថិភាពក្នុងចំណោមមហាជនអ្នកលក់-អ្នកទិញ និងអ្នកបរិភោគបន្លែទូទៅនិងជួយផ្សារភ្ជាប់ទំនាក់ទំនងទីផ្សាររវាងអ្នកផលិត និងខ្សែចង្វាក់អ្នកផលិត និងព័ត៌មានទីផ្សារនៃបន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព។

នេះជាឱកាសដែលកសិករអ្នកផលិតជួបជុំជជែកគ្នាពីតម្រូវការការផ្គត់ផ្គង់នៃផលិតផលដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នាទាំងសេដ្ឋកិច្ច និងសុខភាពក្នុងក្របខ័ណ្ឌធានាទីផ្សាររយៈពេលវែងប្រយោជន៍សម្រាប់កសិករលើកទឹកចិត្តក្នុងការផលិតលើកស្ទួយផលិតផលកសិកម្មរបស់ជាតិពិសេសការចូលរួមការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងតាមរយៈគោលការណ៍ទីផ្សារនៃបន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាពនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលយើង។

លោក ហ៊ាន វណ្ណហន ​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទធ្លាប់មាន​ប្រសាសន៍ថា​ កង្វះ​បន្លែ​ផ្គត់ផ្គង់​ក្នុង​ស្រុក​តម្រូវ​ឱ្យ​រដ្ឋាភិបាល ​និង​ប្រជាកសិករ​ខ្មែរ​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​បង្កើន​ផល​ដាំដុះ​ដើម្បី​ទប់​លំហូរ​ចូល​នៃ​បន្លែ​ពី​ប្រទេស​ក្បែរ​ខាង។

រីឯលោក ចន្ទ សុផល បានបញ្ជាក់នៅក្នុងហ្វេសប៊ុករបស់លោកថា បន្លែសម្រាប់ការ​ផ្គត់ផ្គង់​ក្នុង​ស្រុកនាពេលបច្ចុប្បន្នប្រជាកសិករបានបង្កើន​ការដាំដុះច្រើនជាងមុន។

Advertisement