ប្រជាពលរដ្ឋខ្មែរនឹងមានទឹកស្អាតប្រើទូទាំងប្រទេសនៅឆ្នាំ2030

តាមរបាយការណ៍ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋដែលទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតមានចំនួន 6,747គ្រួសារ ស្មើនឹង53% ហើយក្រសួងរំពឹងថានឹងឡើងដល់ 92% នៅឆ្នាំ2022 និងនៅឆ្នាំ2030 ប្រជាពលរដ្ឋនឹងទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត 100%តែម្ដង។ 

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឱ្យដឹងនៅក្នុងពិធីចុះពិនិត្យទីតាំងស្ថានីយសាងសង់រោងចក្រផលិតទឹកស្អាតនៅស្ថានីយទឹកឈូថា ដោយសារតម្រូវការទឹកមានការកើនឡើងឥតឈប់ឈរ ក្រសួង អង្គភាពរដ្ឋាករទឹក និងមន្ទីរឧស្សាហកម្ម និងសិប្បកម្ម បានខិតខំទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA ដើម្បីស្នើសុំជំនួយឥតសំណងពីរាជរដ្ឋាភិបាលជប៉ុនក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀត។

ជាលទ្ធផលអង្គភាពរដ្ឋាករទឹកខេត្តកំពតកំពុងអនុវត្តប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដោយអនុវត្តការកសាងបានចំនួន98% ហើយ។ ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកឆៅនៅទឹកឈូ មានសមត្ថភាពផលិតបាន 8,250ម៉ែត្រគុបក្នុងមួយថ្ងៃ បំពង់នាំទឹកឆៅពីស្ថានីយទឹកឈូទៅរោងចក្រផលិតទឹកស្អាតមានប្រវែង 5.3គីឡូម៉ែត្រ សាងសង់រោងចក្រផលិតទឹកស្អាតមួយកន្លែងនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរដែលមានសមត្ថភាពផ្គត់ផ្គង់បាន 7,500ម៉ែត្រគុប ក្នុងមួយថ្ងៃ ព្រមទាំងពង្រីកបណ្តាញចែកចាយបានប្រវែង 89.9គ.មដែលអាចផ្គត់ផ្គង់ក្នុងក្រុងកំពតទាំងមូលបាន និងមួយផ្នែកនៃស្រុកទឹកឈូ ដែលមាន 6ឃុំទៀតផង។

ក្នុងការចូលរួមចំណែកលើកកម្ពស់សុខភាពពលរដ្ឋ ក្រសួងបានខិតខំសហការជាមួយដៃគូឯកជន និងភាគីផ្តល់ជំនួយនានាដើម្បីពង្រីកបណ្តាញសេវាទឹកស្អាតនេះ ឱ្យបានដល់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ឱ្យបាន100%ទូទាំងប្រទេសនៅត្រឹមឆ្នាំ2030៕

Advertisement