អ្នកជំនាញ​កសិកម្ម​ជំរុញ​ឱ្យ​ប្រជាជនងាក​មក​ដាំ​បន្លែ​សុវត្ថិភាព ដើម្បី​កាត់បន្ថយ​បន្លែ​គីមី

ដើម្បី​កាត់បន្ថយ​ហានិភ័យ​រឿង​បន្លែ​ធ្លាក់​ថ្លៃ និង​ការហូរចូល​បន្លែ​គីមី​ពី​ប្រទេសជិតខាង កសិករ​ត្រូវតែមាន​ផែនការ​ច្បាស់លាស់ និង​ចងក្រង​គ្នា​ជា​ក្រុម ហើយ​ងាក​មក​ដាំ​បន្លែ​សរីរាង្គ និង​បន្លែ​សុវត្ថិភាព​ឱ្យបាន​ផុលផុស ដើម្បី​ទប់ស្កាត់​ការ​នាំចូល​បន្លែ​គីមី​មក​ក្នុងប្រទេស​ដែលនាំឱ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ។

លោក អ៊ុក សុគន្ធ ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​ស្អាង​បាន​មានប្រសាសន៍ថា កត្តា​ដែល​ធ្វើឱ្យ​តម្លៃ​បន្លែ​ចុះថោក គឺ​មកពី​ប្រជាកសិករ​ចូលចិត្ត​ដាំ​តាម​គ្នា គ្មាន​ផែនការ​ច្បាស់លាស់ និង​ច្រើន​សម្រុក​ដាំ​នៅ​រដូវ​បុណ្យទាន ទើប​ធ្វើឱ្យ​បន្លែ​ជន់​ច្រើន និង​ចុះថោក ហើយ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នេះ​បាន កសិករ​ត្រូវតែចងក្រង​គ្នា​ជា​ក្រុម ត្រូវមាន​ផែនការ​ច្បាស់លាស់ និង​ត្រូវ​ដាំ​ប្រភេទ​បន្លែផ្សេងៗគ្នា​ទៅតាម​តំបន់ ទើប​អាច​កាត់បន្ថយ​មិនឱ្យ​បន្លែ​ជន់​ច្រើន​លើ​ទីផ្សារ​ដែលជា​ហេតុ​ធ្វើឱ្យ​តម្លៃ​ចុះថោក​បាន។ ទន្ទឹមនឹងនោះ​ដើម្បី​អាច​កាត់បន្ថយ​ការធ្លាក់​ថ្លៃ និង​កាត់បន្ថយ​ការ​នាំចូល​បន្លែ​គីមី​បាន​នោះ កសិករត្រូវតែ​ងាក​មក​ដាំ​បន្លែ​សរីរាង្គ និង​បន្លែ​សុវត្ថិភាព​វិញព្រោះ​នៅពេលដែល​យើង​ដាំ​បាន​ច្រើន អ្នក​ទទួលទានប្រាកដជា​ងាក​មករក​បន្លែ​សរីរាង្គ និង​បន្លែ​សុវត្ថិភាព​ជាក់​ជាមិនខាន ហើយ​ក្រុម​ឈ្មួញ​ដែល​នាំ​បន្លែ​គីមី​ចូល ប្រាកដជា​កាត់បន្ថយ ឬ​អាច​លែង​នាំចូល​តែម្ដង។​​ ជាមួយគ្នា​នោះដែរ លោក អ៊ុក សុគន្ធ ក៏បាន​ផ្តាំផ្ញើ​ទៅ​ប្រជាកសិករ​ផងដែរ​ថា “ត្រូវ​គិតថា យើង​គឺជា​អ្នក​ផលិត​ចំណីអាហារ​ឱ្យទៅ​អ្នក​ទទួលទាន ហើយ​សូមកុំ​ធ្វើខ្លួន​ជា​អ្នក​ផលិត​សារធាតុពុល​ឱ្យទៅ​អ្នក​ហូប ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើឱ្យ​ខូចសុខភាព​របស់​អ្នក​ហូប​ទេ តែ​វា​ថែមទាំង​ប៉ះពាល់​ខ្លាំង​ដល់​ទាំង​អ្នក​ដាំ ឬ​អ្នក​ផលិត​ខ្លួនឯង​ទៀតផង”។

លោក ទ្រី ណា​រ៉េត និង​លោក ហ៊ុយ ថេ​ង កសិករ​នៅ​ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល បានធ្វើការ​ប្រៀបធៀប​កាលពី​នៅ​ដាំ​បន្លែ​ធម្មតា​តាម​ទម្លាប់ និង​ការដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់​ថា មាន​ភាពខុសគ្នា​ឆ្ងាយ​ណាស់ ទាំង​សុខភាព ក៏ដូចជា​ជីវភាព​ដែរ។ ព្រោះ​ការដាំ​បន្លែ​តាម​ទម្លាប់​គឺ​យើង​ត្រូវ​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​ក្នុងការ​ថែទាំ ហើយ​ត្រូវ​ប្រើ​លុយ​ក្នុង​ការជួល​កម្លាំង​ពលកម្ម​មនុស្ស​ដើម្បី​មើលថែ និង​ធ្វើ​ស្មៅ​ជាប្រចាំ ព្រមទាំង​ត្រូវ​ចំណាយលុយ​ទិញ​ជី និង​ថ្នាំពុល​ដើម្បី​បាញ់សម្លាប់​សត្វល្អិត​ចង្រៃ​ថែមទៀត។ ដែល​ការបាញ់​ថ្នាំម្តងៗ វា​ធ្វើឱ្យប៉ះពាល់​ខ្លាំងណាស់​ដល់​សុខភាព ហើយ​មិនមែន​តែ​ខ្លួនឯង​ម្នាក់​នោះទេ សូម្បីតែ​ប្រពន្ធ​កូន​ក៏​រង​ផលប៉ះពាល់​ផងដែរ។ ក្រោយ​បន្លែ​បាន​ផល លក់​រួច​យកមក​ទូទាត់​ថ្លៃឈ្នួល ថ្លៃ​ជី ថ្លៃ​ថ្នាំ ក៏ដូចជា​ថែទាំ​សុខភាព​រួច គឺ​ស្ទើរតែ​គ្មាន​នៅសល់​អ្វី​ទេ។ ប៉ុន្តែ​ក្រោយពី​ងាក​មក​ដាំ​បន្លែ​ក្នុង​មុង​នេះ​ម្ដងវិញ ឃើញថា​អាច​កាត់បន្ថយ​ការចំណាយ​ច្រើនហើយ​ប្រើពេល​ខ្លី​ជាង និង​ទទួលបាន​ទិន្នផល​ច្រើនជាង ពេល​លក់​ចេញ​ក៏បាន​តម្លៃ​ខ្ពស់ជាង និង​ធ្វើឱ្យ​ជីវភាព​ប្រសើរឡើង​ជាង​មុន។

គួរ​បញ្ជាក់ថា នៅ​ទូទាំង​ស្រុក​ស្អាង មាន16ឃុំ និង​មាន​ផ្ទៃដី​សរុប 51,495ហិកតា ក្នុងនោះ​ដីស្រែប្រាំង​ចំនួន 9200ហិកតា ស្រែវស្សា2,700ហិកតា និង​ដី​អនុផល​ចំនួន 5,720ហិកតា ក្នុងនោះ​ដី​អនុផល​សម្រាប់​រដូវប្រាំង​មាន​ចំនួន 2,920ហិកតា និង​រដូវវស្សា​ចំនួន 2,807ហិកតា និង​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង 80ភាគរយ​ជា​កសិករ ហើយ​ចូលចិត្ត​ប្រកប​របរ​ដាំ​បន្លែ​ចម្រុះ​ក្នុងនោះ​បន្លែ​យក​មើម​មាន​ប្រមាណ 111ហិកតា បន្លែ​យក​ស្លឹក4,068ហិកតា និង​បន្លែ​យក​ផ្លែ​ចំនួន 941ហិកតា៕

Advertisement