ក្រៅពី​ព្រះសីហនុ តើ​ខេត្ត​ណា​ទៀត​ដែល​ដីធ្លី​មាន​សក្តានុពល​ខ្លាំង?

បច្ចុប្បន្ន​តម្លៃ​ដី​នៅ​ខេត្ត​ព្រះសីហនុ​កំពុង​ឡើងថ្លៃ​ខ្ពស់​ខ្លាំង ដោយសារ​វិនិយោគិន​ចូលទៅ​បណ្តាក់ទុន​ជាច្រើន​នៅ​ទីនោះ ហើយ​បន្ទាប់ពី​ខេត្ត​មួយ​នេះខេត្ត​មួយចំនួនទៀត​ក៏មាន​សក្តានុពល​ខ្លាំង​ដែរ ដូចជា​ខេត្តសៀមរាប កំពត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ក្រុង​បាវិត​ខេត្តស្វាយរៀង ជាដើម។

លោក គឹម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា មានប្រសាសន៍ថាបន្ទាប់ពី​ខេត្ត​ព្រះសីហនុ គឺ​ខេត្តសៀមរាប​ដែលមាន​ចរន្ត​ដីធ្លី និង​សំណង់​ខ្លាំង​ទន្ទឹមគ្នា​ដែរ ដោយសារ​ខេត្ត​នោះ​មាន​សក្តានុពល​ខ្លាំង​ខាង​វិស័យ​ទេសចរណ៍​ដែល​ធ្វើឱ្យ​សំណង់​សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះល្វែង និង​សកម្មភាព​ពុះ​ដីឡូត៍​លក់​នៅ​ទីនោះ​កំពុងមាន​សកម្មភាព​ខ្លាំង​ដូច​ទីក្រុងធំៗផ្សេងទៀត​ដែរ។

លោក​ថា បន្ទាប់ពី​ខេត្តសៀមរាប គឺ​ខេត្តកំពត ជា​ខេត្ត​ជាប់មាត់​សមុទ្រ​ដូច​ខេត្ត​ព្រះសីហនុ​ដែរ និង​មាន​សក្តានុពល​ខាង​វិស័យ​ទេសចរណ៍​ខ្លាំង​ផងដែរធ្វើឱ្យ​សកម្មភាព​ទិញ-លក់​អចលនទ្រព្យ​នៅ​ទីនោះ​កំពុង​កញ្ជ្រោល​ឡើង​ខ្លាំង ខណៈដែល​អ្នកវិនិយោគធំៗជនជាតិខ្មែរ និង​ជនបរទេស​ចាប់ផ្តើម​បោះទុន​សម្រាប់​ទិញ​អចលនទ្រព្យ​នៅ​ទីនោះ​ដើម្បី​ទុក​លក់​បន្ត ឬ​ពុះ​ឡូត៍​លក់​ស្វែងរក​ប្រាក់ចំណេញ​ទៅ​ថ្ងៃ​ខាងមុខ។

ក្រៅពី​ខេត្ត​ទេសចរណ៍​ខាងលើ ក្រុង​ប៉ោយប៉ែត​ដែលជា​តំបន់​ជាប់​ព្រ​ដែន​ជាមួយ​ប្រទេស​ថៃ​ក៏​វិស័យ​អចលនទ្រព្យ​មាន​សក្តានុពល​ខ្លាំង​ដូចគ្នា​ដែរ ដោយសារ​វា​ជា​ច្រក​អន្តរជាតិ និង​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​កម្ពុជា-ថៃ។ បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​បាន​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​មួយ​សំខាន់​ដែលមាន​ការរីកលូតលាស់​ខ្លាំង​ផ្នែក​ខាង​សំណង់​សណ្ឋាគារ កាស៊ីណូ រោងចក្រ សហគ្រាស​នានា រីកដុះដាល​យ៉ាង​លឿន​នៅ​ទីនោះ។ ផ្អែកលើ​ការរីកដុះដាល​ខាង​សំណង់​នេះ បានធ្វើឱ្យ​តម្លៃ​ដី​នៅ​តំបន់​ព្រំដែន​ភាគ​ខាងលិច​ប្រទេស​កម្ពុ​ជាមួយនេះ​កំពុងមាន​សក្តានុពល​ខ្លាំង​ដែរ តាមរយៈ​ការសាងសង់​សំណង់ផ្ទះ​ល្វែង និង​ការ​ពុះ​ដីឡូត៍​លក់​កំពុងមាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន។ ក្រុង​ប៉ោយប៉ែត​សម្បូរ​ទៅដោយ​អ្នក​ចំណាកស្រុក​មកពី​បណ្តា​ខេត្តផ្សេងៗទៅ​រស់-នៅ​ទីនោះ ដើម្បីប្រកបមុខរបរ​អាជីវក​ម្មផ្សេងៗទៅតាម​ជំនាញ​របស់​គ្រួសារនីមួយៗ ដែល​ពូក​គាត់​មាន​តម្រូវការ​ចាំបាច់​ក្នុង​ការទិញ​ផ្ទះ ឬ​ទិញ​ដី​សាងសង់​ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន​សម្រាប់​រក្សា​លំនឹង​គ្រួសារ ជាជាង​ជួល​ផ្ទះ​គេ​រស់នៅ​បណ្តោះអាសន្ន​នោះ។

បន្ទាប់ពី​ក្រុង​ប៉ោយប៉ែត តំបន់​ព្រំដែន​ដែលមាន​សក្តានុពល​មួយទៀត គឺ​ក្រុង​បាវិត ខេត្តស្វាយរៀង ជា​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា-វៀតណាម ស្ថិត​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​ដែល​បច្ចុប្បន្ន នៅ​ទីនោះ​ក៏មាន​សកម្ម​ភាពរស់រវើក​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន និង​ជាទី​ប្រជុំជន​ដែលមាន​មនុស្ស​រស់នៅ​ច្រើន។ ងាក​មក​វិស័យ​សំណង់​វិញ ក៏មាន​ការ-រីកដុះដាល​ជា​បន្តបន្ទាប់​ដែរ ដូចជា​សំណង់​សណ្ឋា-គារ កាស៊ីណូ និង​មានការ​សាងសង់​ផ្ទះល្វែង ការ​ពុះ​ដីឡូត៍​សម្រាប់​លក់​បង់​រំលស់​ដូច​នៅ​ទីក្រុង​ភ្នំពេញ​ដែរ។ ត្រង់ចំណុច​នេះ​លោក គីម ហ៊ាង បញ្ជាក់ថា “ស្រុកកំណើត​ខ្ញុំ គឺ​នៅ​ទីនោះ កាលពី20មុន ដី​តំបន់​នោះ 1ហិកតា​តម្លៃ1ជី​មាស ក៏​មិនមាន​អ្នកទិញ​ដែរ ព្រោះ​មិនមាន​អ្នកណា​ដឹងថា វា​នឹង​ឡើងថ្លៃ​ដូច្នេះ​ឡើយ។ ពីមុន​ដីធ្លី​នៅ​ទីនោះ​ជា​កន្លែង​ដែល​កសិករ​ធ្វើស្រែ និង​ដើរ​ចាប់​ត្រី ប៉ុន្តែ​មកទល់ពេលនេះ​ដី​ទាំងអស់​នោះបាន​ឡើងថ្លៃ​យ៉ាងខ្លាំង 1ហិកតា 30
ម៉ឺន​ដុល្លារ រហូតដល់ 3លាន​ដុល្លារ ដោយ​គ្មាន​អ្នកណាម្នាក់​អាច​នឹកស្មាន​ដល់”។

ក្រៅពី​សំណង់​ទាំងនោះ ក្រុង​បាវិត​ក៏មាន​សក្តានុពល​ខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម​ដែរ មាន​រោងចក្រ​សហគ្រាស មាន​តំបន់​សេដ្ឋកិច្ច​ពិសេស បង្កឱ្យមាន​សកម្មភាព​រស់​រវើក និង​រីកចម្រើន​ខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម បន្ទាប់ពី​រាជធានី​ភ្នំពេញ ដែល​អាច​ផ្តល់​ការងារ និង​ប្រាក់ចំណូល​ដល់​ពលរដ្ឋ​នៅក្នុង​តំបន់ និង​អ្នក​ចំណាកស្រុក​ឱ្យ​ពួកគេ​បាន​ដោះស្រាយជីវភាព និង​សន្សំ​ប្រាក់​មួយចំនួន​ទិញ​ដី​យកចំណេញ ឬ​ទិញ​ដី​សាង​សង់ផ្ទះ​សម្រាប់​ស្នាក់នៅ​ផ្ទាល់ខ្លួន​ផងដែរ។

អ្វីដែល​ជាការ​កត់សម្គាល់​មួយទៀត​គឺ ខេត្តកណ្តាល​ក៏មាន​សក្តានុពល​ខ្លាំង​ផងដែរ ក្នុងការ​ពុះ​ដីឡូត៍ និង​សាងសង់​ផ្ទះល្វែង​លក់ ស្ទើរ​មិន​ចាញ់​រាជធានី​ភ្នំពេញ​ឡើយ ខណៈដែល​ក្រុមហ៊ុនធំៗបាន​ទៅ​បោះទីតាំង​មាន​សក្តានុពល​សាងសង់​សំណង់​បុរីទំនើបៗ និង​អគារ​ខុន​ដូ​ខ្ពស់​ស្កឹមស្កៃ​នៅ​មាត់ទន្លេ​បាសាក់​បង្កើតជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ខណៈ​ខេត្ត​មួយ​នេះ​មាន​ទីតាំងនៅ​ជិត​រាជធានី​ភ្នំពេញ ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅ-មក​បំពេញការងារ និង​ប្រក​បរបរផ្សេងៗ ហើយ​ខេត្ត​នេះ​ក៏មាន​ច្រកទ្វារ​អន្តរជាតិ​មួយ​ផងដែរ គឺ​ច្រកព្រំដែន​ជ្រៃ​ធំ​ក្នុងការ-​ដោះដូរ​ទំនិញ​ជាមួយ​ប្រទេស​វៀតណាម។

ទោះជា​ដូច្នេះ​ក្ដី លោក គឹម ហ៊ាង បាន​បញ្ជាក់ថាមិន​មែនមាន​ត្រឹមតែ​ខេត្ត ឬ​ច្រកព្រំដែន​ខាងលើ​ប៉ុន្មាន​នោះទេ​ដែលមាន​សក្តានុពល​ដីធ្លី ខេត្តបាត់ដំបង​ដែលជា​ខេត្ត​មួយ​ល្បីល្បាញ​ខាង​ផលិត​ស្រូវ និង​ខេត្តកំពង់ចាម​ដែលមាន​សក្តានុពល​ខាង​ដំណាំ​កៅស៊ូ និង​ដំណាំ​កសិកម្ម​ផ្សេងទៀត បច្ចុប្បន្ន​ក៏មាន​សក្តានុពល​ខ្លាំង​ផងដែរ​ក្នុងការ​សាងសង់​សំណង់​សណ្ឋាគារ ផ្ទះសំណាក់ ឬ​ផ្ទះល្វែង​សម្រាប់​លក់​ទៅឱ្យ​អតិថិជន ដែល​អាចធ្វើឱ្យ​ទីក្រុង​ទាំងនោះ​កំពុងមាន​ការផ្លាស់ប្តូរ​មុខមាត់​របស់ខ្លួន​កាន់តែប្រសើរឡើងៗដែរ៕

Advertisement