ឡស​ម្ងួ​ត​ស្រូវ​ធំជាងគេ​នៅ​ខេត្តកំពង់ស្ពឺ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់

ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​ធំជាងគេ​នៅ​ខេត្តកំពង់ស្ពឺ ដែលមាន​សមត្ថភាព​ស្តុក​ស្រូវ​បាន 5ម៉ឺន​តោន និង​ឡ​ដែល​អាច​ស​ម្ងួ​ត​ស្រូវ​បាន​ចំនួន 1,500តោន​ក្នុង​មួយថ្ងៃ ត្រូវ​បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​កាលពី​ម្សិលមិញ។

ឯក​ឩ​ត្ត​ម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​លើកឡើងថា កន្លងមក​ដោយ​មើលឃើញ​ពី​បញ្ហា​តម្លៃ​ស្រូវ​នៅលើ​ទីផ្សារ​មានការ​ធ្លាក់ចុះ​ដោយ​មិន​សម​ហេតុផល ជាពិសេស​កាលពី​ឆ្នាំ2016 ដែល​នៅពេលនោះ​រាជរដ្ឋាភិបាល​បាន​រិះរក​ដំណោះស្រាយ​បន្ទាន់​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​តម្លៃ​ស្រូវ​របស់​កសិករ​មាន​ស្ថិរភាព​ឡើងវិញ។

ឯកឧត្តម បន្តថា ភ្លាមៗប្រមុខ​រាជរដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ឥណទាន​ពិសេស​បន្ទាន់​មួយ​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ដើម្បី​ផ្ដល់ជូន​ដល់​បណ្តា​រោង​ម៉ាស៊ីន​ទាំងឡាយណា​ដែលមាន​តម្រូវការ​ឥណទាន​ក្នុងការ​ប្រមូល​ទិញស្រូវ​ក្នុងតម្លៃ​ទីផ្សារ។

ទន្ទឹមនេះ​ជា​ដំណោះស្រាយ​យូរអង្វែង រាជរដ្ឋាភិបាល​បាន​ទម្លាក់​នូវ​ឥណទាន​ពិសេស​បន្ថែម​មក​ធនាគារ​អភិវឌ្ឍន៍ជនបទ ដើម្បី​ធ្វើជា​ប្រតិបត្តិ​ករ​អនុវត្ត​គម្រោង​ផ្តល់​ឥណទាន​ជូន​ក្រុមហ៊ុន​ឯកជន​ឱ្យធ្វើ​ការសាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​ស្រូវ ដែល​ក្នុងនោះ​មាននៅ​ខេត្តបាត់ដំបង​មានលទ្ធភាព​ស្តុក​ស្រូវ​បាន​ចំនួន 2សែន​តោន និង​មានលទ្ធភាព​ស​ម្ងួ​ត 3,000តោន​ក្នុង​មួយថ្ងៃ និង​នៅ 3តំបន់​ផ្សេងទៀត រួមមាន​ខេត្តកំពង់ធំ តាកែវ និង​ព្រៃវែង ហើយ​តំបន់នីមួយៗមាន​សមត្ថភាព​ស្តុក​ស្រូវ​បាន​ចំនួន 5ម៉ឺន​តោន និង​ឡ​ដែលមាន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ​បាន​ចំនួន 1,500តោន​ក្នុង​មួយថ្ងៃ។

បន្ទាប់ពី​យន្តការ​នេះ​បានដាក់​ចេញមក តម្លៃ​ស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្ទុះ​ងើបឡើង​វិញ​ពី​ចន្លោះ 1,150រៀល ទៅ1,200រៀល​ក្នុង​មួយ​គីឡូក្រាម​ក្នុងពេល​បច្ចុប្បន្ននេះ។

គួរ​បញ្ជាក់ថា ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ដែល​ធំជាងគេ​នៅក្នុង​ខេត្តកំពង់ស្ពឺ​នេះ ស្ថិតក្រោម​គម្រោង​វិនិយោគ​ពិសេស​ក្នុង​ទម្រង់​ជា​បំណុល​របស់​រាជរដ្ឋាភិបាល​នៃ​កម្ពុជា ជាមួយ​ក្រុមហ៊ុន​ខ្មែរ​ហ្វូ​ត គ្រុប ភីអិលស៊ី តាមរបៀប “សាងសង់-ប្រតិបត្តិការ-និង​ទូទាត់​សំណង” (B.O.P.) ក្នុងតម្លៃ​សរុប​ចំនួន 5លាន​ដុល្លារ​អាមេរិក៕

Advertisement