ប្រជាជន​កម្ពុជា​ចូលចិត្ត​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង

បច្ចុប្បន្ន​យើង​សង្កេតឃើញថា ការបង្កើត​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​មាន​ភាព​ផុសផុល​គួរឱ្យកត់-សម្គាល់ ដែល​អាជីវកម្ម​មួយចំនួន​បង្កើតឡើងតាមៗគ្នា ជាហេតុ​នាំឱ្យមាន​ការប្រកួត​ប្រជែង​យ៉ាងខ្លាំង​នៅលើ​ទីផ្សារ។ ម្ចាស់​អាជីវកម្ម​ខ្លះ​មិនសូវ​បានគិត និង​វិភាគ​ពី​ហានិភ័យ​ជាច្រើន​ដែល​អាច​នឹង​កើតឡើង​បន្ទាប់ពី​បើក​ដំណើរការ ហើយ​មិនបាន​ប៉ុន្មាន​ក៏​បិទ​ទៅវិញ។

អ្នកជំនាញ​សេដ្ឋកិច្ច​បាន​ពន្យល់​អំពី​អ្វីដែល​ហៅថា សហគ្រិនភាព ឬ​ភាពជា​ម្ចាស់​នៃ​សហគ្រាសដែល​ការធ្វើ​ខ្លួន​ជា​ម្ចាស់​នៃ​សហគ្រាស​នេះ សហគ្រិន​ត្រូវមាន​ចំណេះដឹង​លើ​ការគ្រប់គ្រង​ទាំង​ផ្នែក​ធនធានមនុស្ស និង​ផ្នែក​ហិរញ្ញវត្ថុ រួមទាំង​ការចេះ​សម្លឹងមើល​ទីផ្សារ​ផងដែរ ទើប​អាជីវកម្ម​របស់ខ្លួន​អាច​ទទួលបាន​ជោគជ័យ ឬ(Sustainable Growth) ការធ្វើឱ្យមាន​កំណើន​ប្រកបដោយ​ចីរភាព​សម្រាប់​អាជីវកម្ម។

ឯកឧត្តម វ​ង្សី វិស្សុត​រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា កម្ពុជានៅតែ​ស្វាគមន៍​ការវិនិយោគ​ផ្ទាល់​ពី​បរទេស តែ​យើង​ក៏​ចង់ឃើញ​វិនិយោគិន​ខ្មែរ​ងើបឡើង​កាន់តែច្រើន​នៅក្នុង​បរិយាកាស​ប្រកួតប្រជែង​មួយ​ប្រកបដោយ​ការ​ស្មើភាព និង​យុត្តិធម៌​រវាង​អ្នក​ក្នុងស្រុក និង​អ្នក​ក្រៅ​ស្រុក​ដែរ។

ឯកឧត្តម​ វ​ង្សី វិស្សុត​របាន​គូសបញ្ជាក់​ទៀតថា កន្លងមក​រាជរដ្ឋាភិបាល​បាន​ជួយ​ទ្រទ្រង់​ច្រើន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ក្នុងនោះ ទី1. បាន​ជួយកាត់បន្ថយ​ថ្លៃដើម​ក្នុង​ការធ្វើ​ធុរកិច្ច​តាមរយៈ​ការកាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន និង​កាត់​បន្ថយថ្លៃ​អគ្គិសនី ព្រមទាំង​បាន​បង្កើត​មូលនិធិ​បណ្តុះបណ្តាល​សម្រាប់​ជួយ​ដល់​សហគ្រិន​ដែល​ខ្វះ​ជំនាញ​នៅពេល​ចាប់ផ្តើម​ដំបូង​ជាដើម។ ទី2.ខាង​ផ្នែក​យុត្តិកម្ម និង​បាន​ជួយ​សម្រួល​ដល់​កិច្ចការ​ពាណិជ្ជកម្ម ការអនុគ្រោះ​ពន្ធ និង​ការបន្ធូរបន្ថយ​ពន្ធ ព្រមទាំង​ជួយ​រៀបចំ​បញ្ជីស្នាម​គណនេយ្យ​ឱ្យ​កាន់តែ​សាមញ្ញ​ដើម្បី​បង្កលក្ខណៈ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ចូលទៅក្នុង​វិស័យ​ផ្លូវការ។ និង​ទី3. ជួយ​ផ្នែក​ហិរញ្ញប្បទាន​តាមរយៈ​ការបង្កើត​ធនាគារ SME ក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រៅពីនេះ​យើង​ក៏​នឹង​កសាង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​មួយដែល​កាន់តែ​អនុគ្រោះ​ថែមទៀត​ដើម្បី​លើកកម្ពស់​បរិយាកាស​ប្រកួតប្រជែង​ដែល​ធានា​ដល់​ការលូតលាស់​នៃ​សហគ្រិន​តាមរយៈ​ក្របខ័ណ្ឌ​ច្បាប់​ចាំបាច់​មួយចំនួន ដូចជា​ច្បាប់​ក្ស័យធន ច្បាប់​ប្រកួតប្រជែង និង​ការការពារ​កម្មសិទ្ធិបញ្ញា​ជាដើម។

ឯកឧត្តម វ​ង្សី វិស្សុត ក៏បាន​លើកឡើង​ផងដែរ​ថា នៅក្នុង​ក្របខ័ណ្ឌ​នៃ​មូលនិធិ​លើកកម្ពស់​សហគ្រិនភាព​ដែលជា​គំនិត​ផ្តួចផ្តើម​ថ្មី​របស់​រាជរដ្ឋាភិបាល​នេះ នឹង​ជួយ​លើកកម្ពស់​សហគ្រិនភាព​តាមរយៈ​ការជួយ​កសាង​សមត្ថភាព និង​ការផ្តល់សេវា​ប្រឹក្សា​យោបល់ រួមទាំង​ការបង្កើត​បណ្តាញ​ទំនាក់ទំនង​ទាំង​សម្រាប់​ការស្វែងរក​ប្រភព​ហិរញ្ញប្បទាន​ពី​ធនាគារ និង​ទាំង​ទទួលបាន​ចំណេះដឹង​ជំនាញ​បច្ចេកវិទ្យា​ចំណេះធ្វើ​ពិសោធ និង​គំនិតថ្មី។ ចំពោះ​ការគ្រប់គ្រង​មូលនិធិ​គាំទ្រ​នេះ​ក៏​នឹងមាន​ការចូលរួម​ពី​វិស័យ​ឯកជន​ផងដែរ ពីព្រោះថា សហគ្រិនភាព​គឺជា​ដំណើរ​នៃ​ការរៀបចំ​អាជីវកម្ម និង​ជា​កិច្ចការ​មួយ​ដែល​មានការ​ប្រឈម​ខ្ពស់​នឹង​ហានិភ័យ​នៃ​ការបរាជ័យ​ផងដែរ។ ប្រទេស​កម្ពុជា​នៅ​ត្រូវការ​ឧកញ៉ា​ជាច្រើនរូប​ថែមទៀត ឬក៏​សហគ្រិនចំណានៗជាច្រើន​ទៀត​ដើម្បី​ជួយ​ឱ្យ​ប្រទេសជាតិ​ឈាន​ឡើងជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030 និង​ជា​

ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050។ នេះ​បើតាម​ការលើកឡើង​រប​ស់​ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី “ការលើកកម្ពស់​សហគ្រិន​ភាព​នៅ​កម្ពុជា”។

លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​បាន​ពន្យល់​បន្ថែ​ម​ថា ការណ៍​នេះ​សំដៅ​ទៅលើ​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​បាន​ឈរជើង​នឹង​ក្នុង​ទីផ្សារ និង​មានលទ្ធភាព​បន្ថែមទៀត​ក្នុងការ​អភិវឌ្ឍ​ក្រុមហ៊ុន​នោះ​ឱ្យ​រីកចម្រើន​លើស​មួយកម្រិត​ទៀត។ ដូច្នេះ​ដើម្បី​ធានា​ក្នុងការ​អភិវឌ្ឍ​អាជីវកម្ម​ប្រកបដោយ​ស្ថិរភាព​នោះ សហគ្រិន​ក៏ត្រូវ​ស្គាល់ និង​យល់​ពី​តម្រូវការ​ទីផ្សារ​ឱ្យបាន​ច្បាស់ និង​ធ្វើយ៉ាងណា​ដើរ​ឱ្យបាន​មុន​គូប្រកួត​ប្រជែង​ផងដែរ។

លោក​បន្តថា កម្ពុ​ជាមាន​សហគ្រិន​ច្រើនជាងគេ បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់ ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​ចូលចិត្ត​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង ប៉ុន្ដែ​អាជីវកម្ម​ទាំងនោះ​នៅតូចៗនៅឡើយ ដូច្នេះ​ពួកគេ​គួរតែ​យល់ដឹង​បន្ថែម​ពី​សហគ្រិនភាព​ដើម្បី​អាច​វាយលុក​ចូល​ទីផ្សារ​បាន។ “លក្ខណសម្បត្តិ​របស់​ស​ហ​គ្រិន​ទូទៅ​គឺ​ត្រូវមាន​ភាពក្លាហាន​ក្នុងការ take risks ឬក៏​ប្រថុយប្រថានព្រោះ​យើង​មាន​ក្ដី​ស្រមៃ ប៉ុន្ដែ​បើ​យើង​អត់​ហ៊ាន​ប្រថុយ​ដើម្បី​ទៅ​បង្កើត ឬ​ធ្វើ​វា​ឡើង យើង​នឹង​អត់​បានជោគជ័យ​មកវិញ​ទេ ហើយក៏​ត្រូវ​មានគំនិត​ច្នៃប្រឌិត និង​មាន flexibility ការចេះ​បត់បែន ប៉ុន្ដែ​មិនមែន​បត់បែន​ទៅរក​ផ្លូវ​អាក្រក់​នោះទេ យើង​បត់បែន​ទៅតាម​ស្ថានភាព​របស់​សង្គម ហើយ​និង​ស្ថានភាព​របស់ business (អាជីវកម្ម)”៕

Advertisement