មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ឧស្សាហកម្ម​ថ្មី នឹង​បញ្ចប់​ការសាងសង់​នៅ​ដំណាច់ឆ្នាំ2019

មន្ទីរពិសោធន៍​ថ្មី​មួយ​សម្រាប់​ធ្វើតេស្ត​ពិសោធ​ផលិតផល​ក្នុងស្រុក និង​ចេញ​លិខិតបញ្ជាក់​គុណភាព​នាំចេញ នឹង​បើក​ឱ្យ​ដំណើរការ​នៅ​ដំណាច់ឆ្នាំ2019ខាងមុខ។ នេះ​បើតាម​ការ​ឱ្យដឹងពី​ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម។

ឯកឧត្ដម ចម ប្រសិទ្ធ បានឱ្យដឹង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ទីតាំង​ដែល​មន្ទីរពិសោធន៍​ដែល​កំពុង​ត្រូវបាន​សាងសង់​ដោយបាន​ថ្លែងថា៖ «មន្ទីរពិសោធន៍​នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ធំ និង​ទំនើប​បំផុត​មួយ​នៅ​កម្ពុជា និង​ជា​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ឧស្សាហកម្ម​ទី2 នៅ​កម្ពុជា» ដោយ​ការសាងសង់​ត្រូវ​រំពឹងថា នឹង​បញ្ចប់​នៅ​ចុងឆ្នាំ2019 ហើយ​វា​នឹង​ក្លាយជា​គន្លឹះ​សំខាន់​ក្នុង​ការជំរុញ​សេដ្ឋកិច្ច និង​បង្កើត​ការងារ។

បើតាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​បានឱ្យដឹងថា មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​នេះ​នឹង​ស្ថិតនៅក្រោម​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា(ISC ៖ The Institute of Standards of Cambodia) ហើយ​វា​នឹង​ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​មន្ទីរពិសោធន៍ទំនើបៗដើម្បី​ពិសោធ​ផលិតផល​គ្រប់​ប្រភេទ​សម្រាប់​នាំចេញ និង​ធានាថា ផលិតផល​ទាំងនោះ​ត្រឹមត្រូវ​តាម​ស្តង់ដារ​ជាតិ និង​អន្តរជាតិ ហើយក៏​អាច​ប្រកួតប្រជែង​ជាមួយនឹង​ផលិតផលផ្សេងៗទៀត​បានដែរ។

លោក អ៊ុំ សុថា អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ប្រាប់​គេហទំព័រ​ឡា​រ៉ែ​ន​តាម​ទូរស័ព្ទ​ថា ការពង្រីក​សមត្ថភាព​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​នេះ​បានចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី3 របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី5 ក្នុង​គោលបំណង​ចូលរួមចំណែក​ពង្រឹងគុណភាព​ផលិតផល​របស់​ខ្មែរ។

លោក​បន្តថា គោលការណ៍​ដែល​យើង​ទៅធ្វើ​ការប្រកួតប្រជែង​ខាងក្រៅ វា​ផ្តោតទៅលើ​គុណ​ភាពជា​ចម្បង ដូច្នេះ​ដើម្បីឱ្យ​ប្រាកដថា ទំនិញ​យើង​ត្រូវ​ស្តង់ដារ​ឬ​នៅ? យើង​ត្រូវ​លើកទឹកចិត្ត​ផ្នែក​ឯកជន ធ្វើយ៉ាងណា​ឱ្យ​គាត់​ងាក​មក​ផលិត​តាម​ស្តង់ដារ ដែល​អាច​ជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​ក៏បាន​និង​ប្រកួតប្រជែង​ក្នុងស្រុក​ក៏បាន គឺ​យើង​ត្រូវ​ពង្រីក​សមត្ថភាព​ក្នុង​មន្ទីរពិសោធន៍​ឧស្សាហកម្ម​កម្ពុជា។

លោក​បញ្ជាក់ថា កន្លងមក​យើង​មាន​មន្ទីរពិសោធន៍​ឧស្សាហកម្ម​ចាស់ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ5 តែមាន​ទំហំ​តូច និង​ឧបករណ៍​ក៏​មិន​ទំនើប​ដែរ។ ថ្វីដ្បិតតែ​មន្ទីរពិសោធន៍​យើង​ត្រូវបាន​ទទួលស្គាល់​ពី​ស្ថាប័ន​ពិសោធន៍​អន្តរជាតិ ទទួលបាន ISO ពី​អង្គការ​ស្តង់ដារ​អន្តរជាតិ​ហើយ​ថា មន្ទីរពិសោធន៍​របស់​យើង​មានលទ្ធភាព សមត្ថភាព​វាយតម្លៃ និង​ធ្វើ​ពិសោធន៍​លើ​ផលិតផល​របស់​យើង​បាន​មែន​ក្ដី តែ​នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​ទំហំ​រោងចក្រ-សិប្បកម្ម​ដែល​កំពុង​រីកចម្រើន​នាពេល​សព្វថ្ងៃនេះ​ទេ ព្រោះ​គ្រាន់តែ​រោងចក្រ យើង​មាន​ប្រមាណ​ជាង1,600កន្លែង ឯ​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ប្រមាណ​ជា10ម៉ឺន ដូច្នេះ​ការពង្រីក​មន្ទីរពិសោធន៍​ថ្មី​ជាការ​ចាំបាច់​ណាស់។

លោក​បន្តថា គម្រោង​នេះ​ថ្មី តែ​អង្គភាព​មិនមែន​ថ្មី​ទេ ដែលថា​ថ្មី​នោះ​គឺ ការពង្រីក​សមត្ថភាព​ព្រោះ​មន្ទីរពិសោធន៍​ថ្មី​នេះ​នឹង​ត្រូវបាន​បង្កើតឡើង​ដោយមាន​កម្ពស់ 7ជាន់ ដែលមាន​សមត្ថភាព​ធំ​ជាង​មុន និង​បំពាក់​ដោយ​ឧបករណ៍ទំនើបៗជាង​បន្ទប់ពិសោធន៍​ដែលមាន​ស្រាប់​នៅក្នុង​ខណ្ឌឫស្សីកែវ​នោះ និង​ប្រហែលជា​ត្រូវ​ចំណាយ​ច្រើន​ទៀតផង តែ​យើង​ក៏មាន​បណ្តា​ប្រទេស​ជាច្រើន​ចង់​ជួយ​ជា​ឧបករណ៍​ពិសោធន៍ទំនើបៗដែរ ប៉ុន្តែ​ដោយសារ​យើង​មិនទាន់មាន​មន្ទីរពិសោធន៍ធំៗដែល​អាចដាក់​ឧបករណ៍​ពិសោធន៍ទំនើបៗទាំង​នោះបាន ទើប​យើង​ត្រូវខិតខំ​រៀបចំ​ទីតាំង​ថ្មី​នេះ​សិន។

អ្នកនាំពាក្យ​ក្រសួង​រូបនោះ​បានបញ្ជាក់​ទៀតថា៖ «គោលបំណង​របស់​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ថ្មី​របស់​យើង គឺ​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ផលិតកម្ម​ក្នុងស្រុក ក្នុង​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​ទាំងមូល»។ លោក​បាន​បន្ថែមថា រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​ធ្វើការ​ចរចា​ជាមួយ​ប្រទេស​អ្នកទិញ​ដើម្បីឱ្យ​ពួកគេ​ទទួលស្គាល់​លទ្ធផល​នៃ​មន្ទីរពិសោធន៍​នេះ។

លោក​បញ្ជាក់ថា មន្ទីរពិសោធន៍​ថ្មី​នេះ​នឹងត្រូវ​ធ្វើឱ្យ​ដំណើរការ តែ​រោងចក្រ-សហគ្រាស​ត្រូវ​បង់ថ្លៃ​សេវា​តាម​មុខទំនិញ ឬ​ផលិតផល​ដែល​ខ្លួន​បាន​ផលិត ប៉ុន្តែ​មានពេលខ្លះ​ផលិតផល​ដែល​ត្រូវ​វិភាគ​យើង​មិន​ទាមទារ​ឱ្យមាន​ការបង់ថ្លៃ​សេវា​ទេ ឧទាហរណ៍​ដូចជា​ផលិតផល​មាន​ជាតិពុល ឬ​ផលិតផល​ដែល​យើង​សង្ស័យ ក្រុមអធិការកិច្ច​យើង​នឹង​ចុះទៅ​ធ្វើ​តែម្តង ក្នុង​គោលដៅ​ការពារ​ផលប្រយោជន៍​សាធារណៈ។

លោក​បញ្ជាក់ថា មួយវិញទៀត វា​គឺជា​តម្រូវការ​មួយ​ដែល​យើង​ត្រូវធ្វើ​ពិសោធន៍​ឱ្យគេ និង​ជូន​ដល់​វិស័យ​ឯកជន​ក្នុងនាម​ជា​អ្នកផ្តល់​សេវា​ឱ្យ​អតិថិជន​ថា តើ​ផលិតផល​របស់​ពួកគេ​ត្រូវ​តាម​កម្រិតស្តង់ដារ និង​មាន​គុណភាព​គ្រប់គ្រាន់​ឬទេ? គេ​ត្រូវយក​ផលិតផល​នោះ​ទៅ​មន្ទីរពិសោធន៍ ដើម្បី​គេ​ទទួលបាន​វិញ្ញាបនបត្រ​ដែល​បញ្ជាក់​ពី​ផលិតផល​របស់គេ។ នៅពេលដែល​គេ​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​នៃ​ផលិតផល​ពី​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​យើង​ហើយ ផលិតផល​របស់​ក្រុមហ៊ុន-សហគ្រាស ទាំងនោះ​នឹងមាន​កម្រិតស្តង់ដារ​ត្រឹមត្រូវ​តែម្តង។

លោក​បាន​បន្ថែមថា វិស័យ​ឯកជន គាត់​នឹង​លែង​ព្រួយបារម្ភ​ពី​បញ្ហា​នាំ​ផលិតផល​ចេញ​ទៀតហើយ ព្រោះ​ផលិតផល​ដែល​បាន​ឆ្លងកាត់​មន្ទីរពិសោធន៍​ថ្មី​នេះ​នឹងមាន​ការទទួលស្គាល់​ជា​អន្តរជាតិ ដោយហេតុថា មន្ទីរពិសោធន៍​ថ្មី​របស់​យើង​នេះ​មានការ​ទទួលស្គាល់​ពី​ស្ថាប័ន​អន្តរជាតិ​រួចហើយ។ យើង​កំពុង​រង់ចាំ​មន្ទីរពិសោធន៍​ថ្មី​ដែល​យើង​រំពឹងថា នឹងធ្វើ​ឱ្យអ្វីៗកាន់​តែមាន​ភាពប្រសើរ​ឡើង និង​កាន់តែ​ងាយស្រួល​សម្រាប់​យើង ព្រោះអ្វីៗដែល​យើង​រំពឹងទុក និង​ចាប់​ផ្តើមធ្វើ​នេះ គឺ​ក្នុង​គោលបំណង​ជួយ​ដល់​វិស័យ​ឯកជន​ក្នុងទិសដៅ​ជំរុញ​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​យើង៕

Advertisement