កម្ពុជា​ចាប់ផ្ដើម​ជំរុញ​ឧស្សាហកម្ម​ដំឡូង​មី​ទៅកាន់​ទីផ្សារ​ពិភពលោក

រដ្ឋាភិបាល​កម្ពុជា បានចាប់ផ្តើម​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​ថ្មី​របស់ខ្លួន​សម្រាប់​ឧស្សាហកម្ម​ដំឡូង​មី​ក្នុង​គោលបំណង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​អ្នកផ្គត់ផ្គង់​ផលិតផល​ដំឡូង​មី ដែល​អាច​ទុកចិត្តបាន​ដល់ទី​ផ្សារ​ពិភពលោក​តាមរយៈ​គោលនយោបាយ​ជាតិ​សម្រាប់​ឧស្សាហកម្ម​ដំឡូង​មី។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​គោលនយោបាយ​ជាតិ​សម្រាប់​ឧស្សាហកម្ម​ដំឡូង​មី​កាលពី​ថ្ងៃទី10 ម្សិលមិញ នៅ​ទីស្ដីការក្រសួង​ក្នុង​រាជធានី​ភ្នំពេញ​ថា យុទ្ធសាស្ត្រ​ថ្មី​នេះ​គ្របដណ្ដប់ 5ឆ្នាំ ចាប់ពី​ឆ្នាំ2018 ដល់​ឆ្នាំ2022 ហើយ​មាន​គោលបំណង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយទៅជា​ប្រភព​សម្រាប់​ឧស្សាហកម្ម​កែច្នៃ​ដំឡូង​មី។ គោលនយោបាយ​ថ្មី​នេះ​នឹង​ជួយ​ផ្លាស់ប្តូរ​វិស័យ​ដំឡូង​មី ពី​កសិកម្ម​ចិញ្ចឹមជីវិត ទៅជា​ផលិតកម្ម​សម្រាប់​ពាណិជ្ជកម្ម​ព្រមជាមួយ​ការផ្តល់​អាទិភាព​ដល់​ការកែលម្អ​ស្តង់ដារ​ជីវភាព​សម្រាប់​កសិករ។

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា៖ «គោលនយោបាយ​នេះ​នឹង​ជួយ​ដល់​រោងចក្រ​កែច្នៃ​សកម្ម​និង​ទាក់ទាញ​ការវិនិយោគ​ដើម្បី​ផលិត​ផលិតផល​ដំឡូង​មី​ដែលមាន​តម្លៃបន្ថែម​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ចម្រុះ។ ជាងនេះទៀត ក៏​នឹង​ជួយ​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ដំឡូង​មី និង​សំណ​ល់ពី​ចំណី​សត្វ​និង​ជី ជា​សម្ភារ​ដែលមាន​តម្លៃ​ថោក​សម្រាប់​កសិករ​ខ្មែរ។ ផលិតកម្ម​ពាណិជ្ជកម្ម ក៏​នឹង​ជួយ​បង្កើន​សមត្ថភាព​ដល់ក​សិ​ករ​ទាំងអស់​ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​បរិបទ​នៃ​ការប្រែប្រួល​តម្លៃ ការប្រើប្រាស់​ដីធ្លី​ប្រកបដោយ​និរន្តរភាព និង​កសិកម្ម​ដែល​ឆ្លាត​វៃ​តាម​អាកាសធាតុ»។

អ្នកសេដ្ឋកិច្ច អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​នៅ​កម្ពុជា(UNDP) លោក Richard Marshall បាន​ថ្លែងថា អង្គការ​យូ​អិន​ឌី​ភី​បានធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើ​សេចក្តីព្រាង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ដំឡូង​មី។ គោលបំណង គឺ​ធ្វើឱ្យ​កម្ពុជា​បង្កើន​ខ្សែចង្វាក់​តម្លៃ​ដោយ​កែលម្អ​គុណភាព​ផលិតកម្ម​ដំឡូង​មី និង​បង្កើន​ភាពជឿជាក់។ គោលនយោបាយ​នេះ​មានបំណង​ផ្លាស់ប្តូរ​ដំឡូង​មី​ទៅជា​ដំណាំ​ផ្ដល់​ផលចំណេញ​ដល់​កសិករ​ខ្នាតតូច និង​ជា​ប្រភព​នៃ​ការអភិវឌ្ឍ​ឧស្សាហកម្ម​សម្រាប់​កម្ពុជា។

លោក​បាន​មានប្រសាសន៍ថា ដើម្បី​ចាប់ផ្តើម​ដំណើរការ​ផ្លាស់ប្តូរ​នេះ ការធ្វើ​ពាណិជ្ជកម្ម​នៃ​ផលិតកម្ម​ដំឡូង​មី និង​ការអភិវឌ្ឍ​ក​សិ-ពាណិជ្ជកម្ម​គួរតែ​ត្រូវបាន​ធ្វើឡើង​ក្នុងពេល​ដំណាលគ្នា​ដើម្បី​លើកកម្ពស់​ដំណាំ​នៅតាម​តំបន់​ផ្សេងទៀត​ក្នុង​ពិភពលោក” ។

ជារួម គោលនយោបាយ​នេះ​នឹង​លើកទឹកចិត្ត​ដល់​ការវិនិយោគ​បន្ថែមទៀត ហើយ​វា​នឹង​ជំរុញ​តម្លៃ​ដំឡូង​មី និង​បង្កើន​ជីវភាព​រស់នៅ​របស់​ក​សិ​ករ ខណៈដែល​ប្រទេស​កម្ពុ​ជាមាន​កសិករ​ប្រហែល90,000គ្រួសារ​ដែល​ផលិត​ដំឡូង​មី។

បច្ចុប្បន្ននេះ​ក្រសួងពាណិជ្ជកម្ម បាននិងកំពុង​ប្រឹងប្រែង​ជំរុញ​ការនាំចេញ​ផលិតផល​ដំឡូង​មី​ទៅកាន់​ប្រទេស​ចិន​ដោយសារតែ​ប្រទេស​ទាំង2 បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​លក្ខខណ្ឌ​តម្រូវ​ផ្នែក​ភូតគាម​អនាម័យ និង​អនាម័យ ហើយ​បាននិងកំពុង​សិក្សា​ពី​លទ្ធភាព​កែច្នៃ​ដំឡូង​មី​និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ។

នៅក្នុង​ប្រទេស​កម្ពុជា ដំឡូង​មី​ត្រូវបាន​ដាំ​ដុះ​ក្នុង​ខេត្ត​ចំនួន13 នៅលើ​ផ្ទៃដី​ជាង 570,000ហិកតា និង​ផ្តល់​ទិន្នផល​ប្រមាណ 13លាន​តោន​ក្នុង​មួយឆ្នាំ។ កាលពី​ឆ្នាំ2017 កម្ពុជា​បានក្លាយ​ជា​ប្រទេស​ដែល​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី8 ក្នុងចំណោម​ប្រទេស​ផលិត​ដំឡូង​មីធំៗទាំង១០នៅលើ​ពិភពលោក៕

Advertisement