NBC ប្រកាស​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្នការប្រើ​កម្ចី​ខុសច្បាប់

ក្នុង​គោលដៅ​ចៀសវាង​ហានិភ័យ​ក្នុងការ​ប្រើប្រាស់​កម្ចី​ពី​ក្រុមហ៊ុន​ខុសច្បាប់​មួយចំនួន ធនាគា​រជាតិ​នៃ​កម្ពុជា បានចេញ​សេចក្តីប្រកាស​ថ្មី​មួយ​កាលពី​សប្តាហ៍​មុន អំពាវនាវ​ដល់​ពលរ​ដ្ឋ​កុំឱ្យ​ជឿ​តាម​ការ-ឆបោក ឬ​លួងលោម​របស់​ភ្នាក់ងារ​ក្រុមហ៊ុន​ឥណទាន​ខុសច្បាប់​ដែល​ទើប​មាន​វត្តមានថ្មីៗនៅលើ​ទីផ្សារ​កម្ពុជា។

ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ផលវិបាក​នៃ​ការប្រើ​កម្ចី​ខុសច្បាប់ បានឱ្យដឹងថា កន្លងទៅថ្មីៗក៏ដូចជា​ពេលបច្ចុប្បន្ន​នេះដែរ ធនាគារជាតិ​នៃ​កម្ពុជា​បានកត់សម្គាល់​ឃើញថា ថ្មីៗនេះ​ក្រុមហ៊ុន​ឯកជន​មួយចំនួន​បានធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាងសកម្ម​តាមរយៈ​បណ្តាញ​សង្គម ការចែក​ខិត្តប័ណ្ណ និង​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ជាដើម ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​កម្ចី​ជួប​ការលំបាក​ជាខ្លាំង។

ការទទួលយក​កម្ចី​ពី​ក្រុមហ៊ុន​ខុសច្បាប់​នេះ​នឹង​បង្ក​ផល​លំបាក​ជាច្រើន​ដូចជា 1.អតិថិជន​អាច​ប្រឈម​នឹង​បំណុល​វ័ណ្ឌក ដោយសារ​អត្រា​ការប្រាក់ និង​កម្រៃ​សេវាផ្សេងៗខ្ពស់​ខ្លាំង​ជាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ស្របច្បាប់ និង​ការ​គណនា​ប្រាក់​ពុំ​ត្រឹមត្រូវ​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ។ 2.អតិថិជន​អាច​ប្រឈម​នឹង​ការគំរាមកំហែង កៀបសង្កត់ គ្រោះថ្នាក់ ឬ​ក្នុង​រូបភាពផ្សេងៗដើម្បី​បង្ខំ​ឱ្យ​សង​ប្រាក់​ដើម ការប្រាក់ និង​ប្រាក់​ពិន័យ​ដែល​មិន​សម​ហេតុផល​ទៅ​ក្រុមហ៊ុន​វិញ។ ម្យ៉ាងទៀត 3.ទ្រព្យ​ធានា​របស់​អតិថិជន​អាចត្រូវបាន​ក្រុមហ៊ុន ឬ​អ្នកផ្តល់​កម្ចី​ខុសច្បាប់​នោះ​រឹបអូស​ដោយ​ពុំបាន​ឆ្លងកាត់​ការសម្រេច​ពី​តុលាការ​ជាដើម។

ករណីនេះ ធនាគារជាតិ​នៃ​កម្ពុជា បាននិងកំពុង​ស្នើសុំ​ការសហការ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ក្រុមហ៊ុន ឬ​អ្នកផ្តល់​កម្ចី​ខុសច្បាប់​គ្រប់​រូបភាព​ទាំងអស់ ដែល​កំពុង​ធ្វើ​សកម្មភាព​ប្រាសចាក​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ពាក់ព័ន្ធ​ករណីនេះ​អ្នកស្រី វ៉ា ស្រីមុំ ប្រជាពលរដ្ឋ​រស់នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញបានឱ្យដឹងថា ថ្មីៗនេះ​មាន​ភ្នាក់ងារឥណទានថ្មីៗមួយចំនួន ពិសេស​បុគ្គលិក​ក្រុមហ៊ុន​ឥណទាន​មួយ​ដែលមាន​ឈ្មោះថា ឈាង ហ្វុ​ង បាន​ដើរ​ចែក​ខិត្ត-ប័ណ្ណ និង​មាន​ប័ណ្ណ​របស់ខ្លួន ឱ្យទៅ​ប្រជាពលរដ្ឋ​នៅតាម​ផ្ទះនីមួយៗ ហើយ​បាន​ប្រាប់ថា ពួកគេ​ជា​ភ្នាក់ងារឥណទាន​សម្រាប់​ផ្ដល់​លើ​តម្រូវការ​កម្ចី​ទូទៅ ឬ​កម្ចី​សម្រាប់​ទិញ​រថយន្ត និង​ទិញ​ផ្ទះ​ជាដើម ដោយ​អះអាងថា ពួកគេ​ជា​អ្នកមាន​ជំនាញ​វិជ្ជាជីវៈ រក្សា​ការសម្ងាត់​របស់​អ្នក​ខ្ចី មាន​សុវត្ថិភាព ហើយ​ផ្តល់​ប្រាក់កម្ចី​លឿន និង​ងាយស្រួល​ជាដើម។

អ្នកស្រី​អះអាងថា ពលរដ្ឋ​នៅក្បែរ​លំនៅឋាន​របស់​អ្នកស្រី​ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោកខណ្ឌ​ពោធិ៍​សែន​ជ័យ​នៅ​មិនទាន់មាន​អ្នកណាម្នាក់​ហ៊ាន​ខ្ចីប្រាក់​ពី​ភ្នាក់ងារឥណទាន​ដែល​ទើប​មកដល់ថ្មីៗនោះឡើយ ដោយសារ​ខ្លាច​ជាប់​ការប្រាក់​ខ្ពស់ ឬ​ការប្រាក់​ផ្គួប​ធ្វើឱ្យ​បំណុល​កើន​ឡើងជា​រៀងរាល់ថ្ងៃ​លំបាក​សង និង​លំបាក​ដកខ្លួន​ចេញពី​បំណុល​របស់គេ ដូចដែល​ស្ត្រី​ម្នាក់​បាន​ចាញ់បោក​គេ ហើយ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពីពេល​កន្លង​ទៅនោះ។

លោក ណុប សូ​នី ប្រធាន​ផ្នែក​ឥណទាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធី​ប៊ី​ប៊ី ខេ​ម​បូ​ឌា ភីអិលស៊ី​មានប្រសាសន៍ថា កន្លងមក​លោក​ក៏​ធ្លាប់​ឮ​អតិថិជន​ត្អូញត្អែរ​ជា​បន្តបន្ទាប់​ផងដែរ អំពី​ប្រតិបត្តិ​ករ​ឥណទាន និង​ក្រុមហ៊ុន​ឥណទាន​មួយចំនួន​ដែល​ដើរ​កៀងគរ​ពលរដ្ឋ​ឱ្យ​ខ្ចីប្រាក់ រួចហើយ​គិតការ​ប្រាក់​ខ្ពស់​រហូត​ដោះស្រាយ​បំណុល​មិន​រួច។ លោក​ថា ថ្មីៗនេះ​មាន​ក្រុមហ៊ុន​ចិន​មួយ​បាន​ដើរ​ផ្តល់​កម្ចី​ឱ្យ​អាជីវករ​តូចតាច និង​អ្នករត់ម៉ូតូឌុប​មួយចំនួន​នៅតាម​ផ្សារ​ឱ្យទទួល​យកប្រាក់​កម្ចីរ​បស់​គេ​ដោយ​មិនចាំបាច់​មានទ្រព្យ​បញ្ចាំ​ច្រើន​ទេ គ្រាន់តែ​ធ្វើ​កិច្ចសន្យា​ខ្ចីប្រាក់ មាន​អត្តសញ្ញាណប័ណ្ណ មាន​កាត​គ្រី​ម៉ូតូ​នោះ​នឹង​អាច​ទទួលបាន​ប្រាក់កម្ចី​តែម្តង ដែល​ភាគច្រើន​ធ្វើ​កម្ចី​ក្រោម 1ពាន់​ដុល្លារ។ ហើយ​ជួនកាល​ខ្ចី​ច្រើនជាង​នេះ គេ​គ្រាន់តែ​យក​ប្លង់ដី(ប្លង់​ទន់)ធ្វើជា​ទ្រព្យ​បញ្ចាំ គឺអាច​ទទួលបាន​កម្ចី​តែម្តង ដោយ​មិនចាំបាច់​មានការ​ទទួល​ស្គា​ល់ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ។ “ខ្ញុំ​បាន​ជួប​លោក​អ៊ំ​ម្នាក់​នៅ​ផ្សារ គាត់​ប្រាប់ថា ខ្ចីយូរៗទៅ ការប្រាក់​ច្រើនជាង​ប្រាក់​ដើម រហូត​ធ្វើឱ្យ​គាត់​រកប្រាក់​សង​ទៅឱ្យ​ក្រុមហ៊ុន​វិញ​មិនបាន ក៏​សម្រេចចិត្ត​ឈប់​លក់ទំនិញ​ក្នុង​ផ្សារ ហើយ​រត់​គេចខ្លួន​តែម្តង”។

លោក ណុប សូ​នី ប្រធាន​ផ្នែក​ឥណទាន​នៃ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធី​ប៊ី​ប៊ី ខេ​ម​បូ​ឌា ភីអិលស៊ី​

លោក​ថា ករណីនេះ គេ​មិនដឹងថា​ក្រុមហ៊ុន​ឥណទាន​ខុសច្បាប់​ទាំងនោះ គណនា​រូបមន្ត​កំណត់​ការប្រាក់​តាម​វិធីសាស្ត្រ​ណា​ទេ ទើប​ខ្ចីយូរៗទៅ ការប្រាក់​កើនឡើង​ច្រើនជាង​ប្រាក់​ដើម រហូត​ធ្វើឱ្យ​អាជីវករ​មួយចំនួន​បាត់បង់​មុខរបរ​ទទួលទាន​ទៀតផង។ ករណីនេះ​លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពល​រដ្ឋ​ទាំងអស់ សូមឱ្យ​មានការ​ប្រុងប្រយ័ត្ន​មុននឹង​សម្រេចចិត្ត​ទទួលយក​កម្ចី​ពី​ក្រុមហ៊ុន​ដែល​មិន​ស្គាល់​ប្រវត្តិ​ច្បាស់លាស់ ចៀសវាង​ជាប់បំណុល​វ័ណ្ឌក រហូតមិនដោះរួច៕

ធនាគារជាតិនៃកម្ពុជា
Advertisement