ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​ខ្នាត​ធំនៅក្នុង​ខេត្តចំនួន2 ត្រៀមខ្លួន​ជួយ​កសិករ​ក្នុង​រដូវ​ប្រមូល​ផល

ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​ចំនួន2 ត្រូវ​បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​នៅក្នុង​ខេត្ត2 ផ្សេងគ្នា គឺ​ខេត្តបាត់ដំបង និង​ខេត្តកំពង់ធំ ដែល​ឃ្លាំង​ស្តុក​ស្រូវ និងឡស​ម្ងួ​ត​ទាំង2 នេះ​នឹង​ជួយ​ដល់​ប្រជាកសិករ​បាន​ច្រើន​ក្នុង​រដូវ​ប្រមូល​ផល​ស្រូវ​ខាងមុខនេះ។

ទី1-ឃ្លាំង​ស្តុក​ស្រូវ​ចំនួន 5ម៉ឺន​តោន និងឡស​ម្ងួ​ត​ស្រូវ​ដែលមាន​សមត្ថភាព​ស​ម្ងួ​តបាន1,500តោន​ក្នុងមួយថ្ងៃ​ដែល​ធំជាងគេ​នៅក្នុង​ខេត្តកំពង់ធំ ស្ថិតក្រោម​គម្រោង​វិនិយោគពិសេស​ក្នុង​ទម្រង់​ជា​បំណុល​របស់​រាជរដ្ឋាភិបាល​កម្ពុជាជាមួយ​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍(ខេ​ម​បូ​ឌា) ខូ​អិ​ល​ធី​ឌី តាមរបៀប“សាងសង់ប្រតិបត្តិការ-និង​ទូទាត់​សំណង”(B.O.P.=Build, operate, and pay compensation)ក្នុងតម្លៃ​សរុប​ចំនួន 5លាន​ដុល្លារ​អាមេរិក​ត្រូវបានដាក់ឱ្យ​ដំណើរការ​នៅក្នុង​ខេត្តកំពង់ធំ។

ទី2-ឃ្លាំង​ស្តុក​ស្រូវ​ដែល​អាច​ស្តុក​ស្រូវ​បាន20ម៉ឺន​តោន និង​ឡស​ម្ងួ​ត​ដែលមាន​សមត្ថភាព​ស​ម្ងួ​តស្រូវ​បាន 3ពាន់​តោន​ក្នុង1ថ្ងៃ ដែលជា​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​ខ្នាត​ធំជាងគេ​នៅ​កម្ពុជា​ស្ថិតក្រោម​គម្រោង​វិនិយោគ​ពិសេស​ក្នុង​ទម្រង់​ជា​បំណុល​របស់​រាជរដ្ឋាភិបាល​កម្ពុជាជាមួយ​ក្រុមហ៊ុន​ធនាគារ​ស្រូវ (កម្ពុជា) ភីអិលស៊ី តាមរបៀប“សាងសង់-ប្រតិបត្តិការ-និង​ទូទាត់​សំណង” (B.O.P) ក្នុងតម្លៃ​សរុប​ចំនួន 15លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ខេត្តបាត់ដំបង។

លោក រស់ សីល​វ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានថ្លែងថា៖ “ឃ្លាំង​ស្តុក​ស្រូវរបស់​ក្រុមហ៊ុន អេ​ម​រុ​រ៉ា​យស៍ (ខេ​ម​បូ​ឌា) ខូ​អិ​ល​ធី​ឌី គឺជា​សមិទ្ធផល​ថ្មី​របស់​រាជរដ្ឋាភិបាល​សម្រាប់​ជា​មជ្ឈមណ្ឌល​ប្រមូល​ទិញស្រូវ និងកិន​កែច្នៃស្រូវ-អង្ករដែលមាន​លទ្ធភាព​ប្រមូល​ទិញស្រូវ​មួយ​ភាគ​ធំ​នៅក្នុងតំបន់​ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ពិតជា​រួមចំណែក​យ៉ាង​មាន​ប្រសិទ្ធភាព​ដើម្បី​ដោះស្រាយបញ្ហា​កង្វល់​របស់​កសិករ ជាពិសេស​ការធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ​ដោយ​គ្មាន​ហេតុផល”។

លោក​បន្តថា យន្តការ​អន្តរាគមន៍​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​ជា​បន្តបន្ទាប់​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ ជា​ប្រតិបត្តិ​ការអនុវត្ត​គម្រោង​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​ដែល​នឹង​បង្កើន​ការប្រមូល​ទិញស្រូវ​ក្នុង​បរិមាណ​ច្រើន និង​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ស្តុក​ស្រូវ​នៅក្នុង​តំបន់សំខាន់ៗ និង​ធ្វើឱ្យ​តម្លៃ​ស្រូវ​របស់​កសិករ​ល្អប្រសើរ​ឡើង​ទៀតផង ជាពិសេស​តម្លៃ​ស្រូវ​សែន​ក្រអូប​បាន​កើន​ឡើងដល់​ប្រមាណ 1,200រៀល/គីឡូក្រាម​នា​រដូវ​ប្រមូល​ផល​ឆ្នាំ2017-2018 បើ​ធៀប​នឹង​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​បាន​ប្រមាណ​តែ 900រៀល/គីឡូក្រាម​ប៉ុណ្ណោះ។

លោក កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ RDB(Rulral Development Bank of Cambodia)បាន​បញ្ជាក់ថា ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ បានធ្វើការ​ទម្លាក់ឥណទាន​ជា​បន្តបន្ទាប់​ដល់​ក្រុមហ៊ុន​ប្រមូល​ទិញស្រូវ និង​រោង​ម៉ាស៊ីនកិនស្រូវ​ដើម្បី​ធ្វើការ​ទិញស្រូវ​ពី​បងប្អូន​ប្រជាកសិករ​តាម​តម្លៃ​ទីផ្សារ ហើយ​តាមរយៈ​យន្តការ​នេះ​បានធ្វើឱ្យ​ទីផ្សារ​ស្រូវ និង​តម្លៃ​ស្រូវ​របស់​បងប្អូន​មាន​ស្ថិរភាព និង​មានតម្លៃ​តាម​ស្តង់ដារ​ឡើងវិញ។ ទន្ទឹមនេះ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​ស្រូវ​ខ្នាត​ធំ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យន្តការ​អន្តរាគមន៍​ពិសេស​ក្នុង​ទម្រង់​ជា​បំណុល ដោយ​អនុញ្ញាតឱ្យ​វិស័យ​ឯកជន​ទទួល​គម្រោង​ធ្វើ​ប្រតិបត្តិ​ការសាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​ស្រូវ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ស្រូបយក​ស្រូវ​របស់​បងប្អូន​នៅក្នុង​តំបន់។

លោក​សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍​បាន​ថ្លែងប្រាប់​ឡា​រ៉ែ​ន​ថា ការដែល​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​នៅ​ខេត្តកំពង់ធំ​មាន​ទំហំ​តូច​ជាង​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​នៅ​ខេត្តបាត់ដំបង​នោះ គឺ​ទី1-ដោយសារ​រដ្ឋាភិបាល​កំ​ណ​ត់​តំបន់ គឺ​នៅ​តំបន់​នេះ​ការប្រមូល​ផល​ពី​កសិករ​នឹង​គ្រប់គ្រាន់​សម្រាប់​ទំហំ​ឃ្លាំង និង​ឡស​ម្ងួ​ត​ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​នេះ។ ដូច្នេះ​យើង​ជា​ក្រុមហ៊ុន​ឯកជន ត្រូវអនុវត្ត​ទៅតាម​គម្រោង​ថវិកា​របស់​រដ្ឋាភិបាល។ ទោះជា​មាន​ទំហំ​តូច​ជាង​ឡ និង​ឃ្លាំង​នៅ​បាត់ដំបង​មែន តែ​ឡ និង​ឃ្លាំង​នៅ​កំពង់ធំ​របស់​អេ​ម​រុ​រ៉ា​យស៍​នេះ​ជាប់​លេខ​រៀង​ទី2 ដែរ។

លោក សារ៉ន បាន​បន្តថា ការទទួលបាន​សមិទ្ធ​ផលនេះ អេ​ម​រុ​រ៉ា​យស៍​មាន​ក្តី​រីករាយ​ច្រើន៖ ទី1-ដោយសារ​ឡ និង​ឃ្លាំង​នេះ​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ដែលមាន​លក្ខណៈ​ស្វ័យប្រវត្តិ សូម្បីតែ​ទូរស័ព្ទ​ស្មា​ត​ក៏​អាច​ចុច​បញ្ជា​បានដែរ។ ទី2-ការដែល​ឡស​ម្ងួ​ត​មាន​លក្ខណៈ​ទំនើប គឺ​ជួយ​កាត់បន្ថយ​ថ្លៃដើម​ដោយ​មិន​ប្រើ​ពលកម្ម​មនុស្ស​ច្រើន។ ទី3-ជាការ​ជួយ​រក និង​បង្កើត​ទីផ្សារ​ឱ្យ​កសិករ​មិនចាំបាច់​ឱ្យ​គាត់​ទៅ​លក់​ដល់​ប្រទេស​ថៃ ឬ​វៀតណាម​ទេ គឺ​យើង​មាន​ទីផ្សារ​នៅក្បែរ​គាត់។ ទី4-យើង​បង្កើត​ក្រុម​សហគមន៍​ផលិត(មាន​ជាង 50សហគមន៍)ដែល​គាត់​ផលិត រួច​លក់​ឱ្យ​ឡស​ម្ងួ​ត​យើង​ដែល​បច្ចុប្បន្ន​មាន 1ម៉ឺន​គ្រួសារ និង​គ្រោង​បង្កើន​ឱ្យបាន10ម៉ឺន​គ្រួសារ ដែល​អាច​ផ្គត់ផ្គង់​ការផលិត​ស្រូវ​មក​ឡស​ម្ងួ​ត​ចំនួន 20ម៉ឺន​តោន​ក្នុង1ឆ្នាំ(ដែល​មួយឆ្នាំ​យើង​អាច​ប្រមូល​ផល​បាន 3ដង)។

ដោយឡែក​ឃ្លាំង​ស្តុក​ស្រូវ​ទំហំ 200,000តោន និង​ឡស​ម្ងួ​ត​ដែលមាន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ3000តោន​ក្នុង1ថ្ងៃ ដែលជា​ឃ្លាំង​ស្តុក​ស្រូវ និង​ឡស​ម្ងួ​ត​ខ្នាត​ធំជាងគេ​នៅ​កម្ពុជា​ដែលមាន​តម្លៃ​សរុប​ចំនួន 15លាន​ដុល្លារ​អាមេរិក​ដែលមាន​លទ្ធភាព​ប្រមូល​ទិញស្រូវ​មួយ​ភាគ​ធំ​នៅ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​ក៏បាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ដែរ ដោយ​លោក ជូ គឹម​ឡេង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លោក រដ្ឋលេខាធិការ​បាន​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឱ្យ​ពង្រីក​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​ឱ្យបាន​កាន់តែ​ធំ និង​មាន​លក្ខណៈ​ស្តង់ដារ​ក្នុងការ​រក្សាទុក​ស្រូវ-អង្ករ​ឱ្យមាន​គុណភាព​ល្អ សំដៅ​ធានាបាន​នូវ​ស្ថិរភាព​ថ្លៃ​ស្រូវ-អង្ករ​សម្រាប់​បងប្អូន​ប្រជាកសិករ និង​បម្រុង​ទុក​ស្រូវ-អង្ករ​គ្រប់គ្រាន់​សម្រាប់​បម្រើឱ្យ​ការនាំចេញ​ប្រកបដោយ​និរន្តរភាព​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការនាំ​អង្ករ​ចេញ1លាន​តោន។

យោងទៅលើ​សមិទ្ធផល​ទាំង2 នេះ ប្រជាកសិករ​ក្នុង​តំបន់​នឹង​ធានា​រក្សាបាន​នូវ​តម្លៃ​ស្រូវ​តាម​ទីផ្សារ​សម្រាប់​រយៈពេល​វែង និង​ដោះស្រាយ​បញ្ហា​កង្វល់​លើ​ការខូចខាត​ស្រូវ​របស់​បងប្អូន​បាន​ទៀតផងហើយ​ក្នុងនោះ​រួមទាំង​ការកាត់បន្ថយ​ថ្លៃដើម​ផលិត និង​តម្លៃ​ដឹកជញ្ជូន​របស់​កសិករ​មកកាន់​ទីផ្សារ​ទៀតផង៕

Advertisement