ឆមាស​ទី1ឆ្នាំនេះ ប្រាក់ចំណូល​ពន្ធគយ​កើនឡើង​ចំនួន 27.8ភាគរយ

យោងតាម​សេចក្តីថ្លែងការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE = The General Department of Customs and Excise)បានឱ្យដឹងថា នាយកដ្ឋាន​បាន​ប្រមូលប្រាក់​ចំនួន 1.2 ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល 6ខែ​ដំបូង​នៃ​ឆ្នាំនេះ។

ការកើនឡើង​ប្រាក់ចំណូល គឺ​ដោយសារតែ​ការប្រមូល​ពន្ធគយ​ពី​ការ​នាំចូល​យានយន្ត​ដែល​បាន​កើនឡើង 40,5% ថាមពល និង​ប្រេង​ដែល​បាន​កើនឡើង 10,5% និង​សម្ភារ​សំណង់​ដែល​បាន​កើនឡើង 26,6%។

ឯកឧត្តម គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​មានប្រសាសន៍ថា​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​ប្រាក់ចំណូល​បាន​ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ និង​ស្ថិរភាព​នយោបាយ។ ការរីកចម្រើន​គួរឱ្យកត់សម្គាល់​នៃ​ពាណិជ្ជកម្ម​អន្ដរជាតិ​ក៏​នាំឱ្យមាន​ការកើនឡើង​នូវ​ចំណូល​ពន្ធ​នេះដែរ។ លោក​បញ្ជាក់ថា៖ «កត្តា​សំខាន់​ដែល​គាំទ្រ​ការកើនឡើង​នេះ គឺ​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​ដែល​ធានា​ដល់​កំណើន​ពាណិជ្ជកម្ម ការវិនិយោគ ការផលិត និង​ការប្រើប្រាស់»។

ឯកឧត្តម​បានលើកឡើង​ថា​ក្នុង​ឆមាស​ទី1 ឆ្នាំ2018នេះ ចំណូល​សរុប​ដែល​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មាន​ប្រមាណ 4.736ប៊ី​លាន​រៀល ឬ​ប្រមាណ​ជា1,172លាន​ដុល្លារ​អាមេរិក។ តួលេខ​ចំណូល​នេះ​ត្រូវជា​ប្រមាណ 56.7%នៃ​ផែន​ការដែល​កំណត់ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2018។ បើ​ធៀប​នឹង​ឆមាស​ទី1 ឆ្នាំ2017 ចំណូល​នេះ​កើនឡើង​ប្រមាណ27.8% ដែល​ក្នុងនោះ​ចំណូល​ពីមុខ​ទំនិញ​យានយន្ត​មាន​កំណើន40.5% មុខទំនិញ​ប្រេង និង​ថាមពល​កើនឡើង 10.5% គ្រឿងសំណង់​កើនឡើង 26.6% និង​មុខទំនិញ​ចម្រុះ​ផ្សេងទៀត​មាន​កំណើន 27%។

ឯកឧត្តម​បានឱ្យដឹង​ដែរ​ថា ប្រភេទ​ពន្ធ និង​អាករសំខាន់ៗដែល​ប្រមូលបាន​ដោយ​គយ មាន​ពន្ធគយ(ពន្ធ​នាំចូល) អាករ​ពិសេស និង​អាករ​លើ​តម្លៃបន្ថែម(VAT)។ នៅក្នុង​ឆមាស​ទី1 ឆ្នាំ2018នេះ បើ​ប្រៀបធៀប​នឹង​ឆមាស​ទី1 ឆ្នាំ2017 លទ្ធផល​ចំណូល​តាម​ប្រភេទ​ពន្ធ​មានការ​ប្រែប្រួល​ដូចតទៅ៖ ពន្ធគយ​មាន​កំណើន​ជិត 16% អាករ​ពិសេស​មាន​កំណើន 39.4% ហើយ​VAT មាន​កំណើន 27%។

សេចក្តីថ្លែងការណ៍​ក៏បាន​និយាយ​ផងដែរ​ថា ការនាំ​ចូល​បាន​កើនឡើង 17% ខណៈដែល​ការនាំចេញ​បាន​កើនឡើង 7%។ ការប្រមូល​ពន្ធគយ​បាន​កើនឡើង13% សម្រាប់​ការនាំចេញ​សម្លៀកបំពាក់​និង 53%សម្រាប់​ការនាំចេញ​អង្ករ និង​ស្រូវ។

កាលពី​ឆ្នាំមុន GDCE បាន​ប្រមូល​ប្រាក់ចំណូល​ពន្ធ​ចំនួន 1.9 ពាន់​លាន​ដុល្លារ។ ប្រាក់ចំណូល​របស់ GDCE កើនឡើង 28 %៕

Advertisement