ដាំ​ប្រទាល​កន្ទុយក្រពើ​តិចតួច​នៅផ្ទះ អាច​រកចំណូលបាន​ពី6-8ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ

ប្រទាល​កន្ទុយក្រពើ គឺជា​ប្រភេទ​ដំណាំ​ដែល​ងាយស្រួល​ដាំ ហើយ​អាច​យកទៅ​ច្នៃ​ធ្វើជា​ថ្នាំ​ព្យាបាល​ជំងឺផ្សេងៗ និង​មិន​ត្រឹមតែ​យកទៅ​ធ្វើជា​ឱសថ​បុរាណ​ដ៏​ស័ក្តិ​សិទ្ធិនោះទេ ថែមទាំង​អាច​យកទៅ​កែច្នៃ​ធ្វើជា​ភេសជ្ជៈ ទទួលបាន​ការពេញនិយម​ពី​អតិថិជន​ទៀតផង។

កសិករ​ឈ្មោះ គង់ ថុល រស់នៅ​ភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង បាន​ប្រាប់ថា ដើមឡើយ​ប្រទាល​កន្ទុយក្រពើ ភាគច្រើន​គេ​ដាំ​នៅក្នុង​របង​ផ្ទះ ដោយ​អ្នកភូមិ​ដាំ​មួយ​គុម្ព ពីរ​គុម្ព​ប៉ុណ្ណោះ គឺ​ទុក​សម្រាប់​ធ្វើជា​ឱសថ​កែរោគផ្សេងៗតាមបែប​ចាស់​-បុរាណ ដូចជា​ប្រើ​សម្រាប់​បន្ថយកម្ដៅ​ក្នុង​ខ្លួន ព្យាបាល​ក្រពះ ពោះវៀន​ជាដើម។ ដោយសារបច្ចុប្បន្ន​មាន​តម្រូវការ​នៅលើ​ទីផ្សារ ទើប​អ្នកភូមិ​របស់គាត់​ចាប់ផ្ដើម​នាំគ្នា​ដាំច្រើនឡើងៗ ដោយ​មួយគ្រួសារៗមាន​ពី4 ទៅ10រងនៅក្បែរៗផ្ទះ ហើយក៏​មិនបាន​ដាំ​ជា​ចម្ការធំៗរាប់សិប​ហិកតា​ដូច​ដំណាំផ្សេងៗឡើយព្រោះ​តម្រូវការ​មានកំណត់ ប៉ុន្តែ​ប្រសិនបើ​មាន​ក្រុមហ៊ុន​សហគ្រាស​ណា​កុម្ម៉ង់​ទិញ​មាន​កុងត្រា​ត្រឹមត្រូវ​នោះ ពួកគាត់​នឹង​ខំប្រឹង​ដាំ​ឱ្យបាន​ច្រើន។

អ្នកស្រី​បាន​បន្តថា ប្រទាល​កន្ទុយក្រពើ ចាប់ពី​ដាំ​រហូតដល់ 8ខែ​គឺអាច​កាត់​លក់បាន​ហើយ និង​មិន​ពិបាក​ថែទាំ​អ្វី​ឡើយ គ្រាន់តែ​ស្រោច​ទឹក និង​ដាក់​ជីលា​មក​គោ​តែប៉ុណ្ណោះ ហើយក៏​មិនចាំបាច់​ប្រើ​ជីគីមី ឬ​ថ្នាំ​សម្លាប់​សត្វល្អិត​អ្វី​ដែរ ព្រោះ​គ្មាន​សត្វល្អិតណា​មក​បំផ្លាញ​នោះទេ ចំណែកឯ​តម្លៃ​វិញ​ក៏​មិនសូវ​ជា​ឡើង-ចុះ​ប៉ុន្មាន​ដែរ ហើយ​ឈ្មួញ​តែង​ចុះមក​ទិញ​ដល់ផ្ទះ​តែម្តង ដោយ​ក្នុង1គុម្ព​បាន​តម្លៃ​ពី 3,000រៀល ទៅ4,000រៀល​ដែរ និង​អាច​កាត់​វិលជុំ​បាន​រាល់ថ្ងៃ ដែល1ថ្ងៃៗអាច​កាត់​បាន​ប្រមាណ​ពី20ទៅ30គុម្ព​ដែរ។ឈ្មួញកណ្តាល​ម្នាក់​ឈ្មោះ យ៉េ​ងឡេង​ហេង នៅ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​បានឱ្យដឹងថា លោក​បាន​ប្រកប​របរ​ទិញ​-លក់​ប្រទាល​កន្ទុយក្រពើ ដើម្បី​យកទៅ​ធ្វើ​ភេសជ្ជៈ អស់​រយៈពេល​ជាង 6ឆ្នាំ​មកហើយ ហើយ​តែង​មក​ទិញ​នៅ​ពី​អ្នកភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​នេះ​ជាប្រចាំ។

លោក​បាន​បន្តថា ជា​រៀងរាល់ថ្ងៃ​លោក​តែង​មក​ទិញ​ប្រទាល​កន្ទុយក្រពើ​នៅទីនេះ យកទៅ​បោះ​ដុំ​ឱ្យ​ម៉ូយ​នៅ​ផ្សារ​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​យកទៅ​កែច្នៃ​ធ្វើ​ទឹក​ប្រទាល​កន្ទុយក្រពើ​លក់​ខ្លួនឯង​ផងដែរ និង​ក្នុង1ថ្ងៃ​អាច​លក់បាន​ប្រមាណ​ជាង 200ដប​ដែរ និង​លក់បាន 2,000រៀល​ក្នុង​មួយ​ដប ហើយ​ទឹក​ប្រទាល​នេះ​មានគុណ​ប្រយោជន៍​ច្រើនណាស់ គឺ​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួន ធ្វើឱ្យ​ស្បែ​កមាន​សំណើម​ស្រស់ថ្លា និង​ថែមទាំង​ជួយ​ព្យាបាល​ជំងឺ​ក្រពះ ពោះវៀន​បាន​យ៉ាង​ស័ក្តិសិទ្ធិ​ទៀតផង។

មេឃុំ​ព្រែក​អំបិល លោក ឃុ​ត ខុន បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ភូមិ​កូន​ជ្រែ​នេះ ប្រមាណ​ជាង 30ភាគរយ​បាន​ដាំ​ប្រទាល​កន្ទុយក្រពើនៅក្បែរៗលំនៅឋាន ហើយ​ពេល​លក់​មិនចាំបាច់​កាត់​យកទៅលក់​នៅ​ផ្សារ​ទេ គឺមាន​ម៉ូយ​គេ​មក​កាត់​ដល់ផ្ទះ​ស្រេច​តែម្ដង ឯ​ចំណូល​ដែល​បាន​ពី​ការលក់​ប្រទាល​កន្ទុយក្រពើ​នេះ បាន​ជួយ​ឱ្យ​អ្នកភូមិ​មាន​ជីវភាព​កាន់តែ​ល្អប្រសើរ​ឡើង​ទៀតផង៕

Advertisement