ស្ថាប័នហិរញ្ញវត្ថុ 6 ផ្តល់កម្ចី​លើការអប់រំ​វិស័យ​ទេសចរណ៍

ស្ថាប័នហិរញ្ញវត្ថុ​ចំនួន6 ចាប់ផ្តើម​ផ្តល់ប្រាក់​កម្ចី​ជាពិសេស​ដើម្បី​ជួយ​ដល់​និស្សិត​សម្រាប់​ការអប់រំ​វិស័យ​ទេសចរណ៍។ កម្មវិធី​នេះ​ព្យាយាម​ដោះស្រាយ​បញ្ហា​កង្វះ​អ្នកជំនាញ​ទេសចរណ៍​ដោយ​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ឥណទាន​របស់​និស្សិត​ដែល​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​វគ្គ​សិក្សា​នៅតាម​សាកលវិទ្យាល័យ និង​មជ្ឈមណ្ឌល​វិជ្ជាជីវៈ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងទេសចរណ៍។

សេចក្តីប្រកាស​នេះ​បានឱ្យដឹងថា ស្ថាប័នហិរញ្ញវត្ថុ​ចំនួន6 រួមមានៈ ធនាគារ អេស៊ីលីដា​(ACLEDA Bank) ធនាគារ កាណាឌីយ៉ា (Canadia Bank) ហ្វូ​តា​បាមីក្រូហិរញ្ញវត្ថុ (Futaba Micro Finance) ហត្ថា​កសិករ លីមីត​ធី​ត (Hattha Kaksekar Limited)​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត​(KREDIT Microfinance Institution Ltd) និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សេ​អឹម​កា CMK Microfinance Institution បាន​ចូលរួម​ក្នុង​គម្រោង​ហិរញ្ញប្បទាន​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល។

ក្រសួង​បាន​បន្ត​ឱ្យដឹងថា ដំណើរការ​ទាក់ទង​នឹង​ការធានា​ប្រាក់កម្ចី គឺមាន​លក្ខណៈសាមញ្ញ​ហើយ​លក្ខខណ្ឌ​ត្រូវបាន​រក្សាទុក​ទាប រួមទាំង​មិនមាន​តម្រូវការ​វត្ថុ​បញ្ចាំ។ ការទូទាត់​នឹងមាន​រយៈពេល​ប្រហែល 7ឆ្នាំ ដោយ​អ្នក​ខ្ចី​អាចមាន​ជម្រើសផ្សេងៗដើម្បី​សង​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប។

ក្រសួង​បានបញ្ជាក់​ទៀតថា ការទូទាត់​សង​មាន​ច្រើន​ជម្រើស​ដែល​រួមមាន៖
-នៅក្នុង​អំឡុងពេល​សិក្សា អ្នក​ខ្ចី​អាច​បង់​សង​តែ​ការប្រាក់​ប្រមាណ 4ដុល្លារ​ក្នុង 1ខែ​សម្រាប់​ទំហំ​ប្រាក់កម្ចី​ចំនួន 500ដុល្លារ។
-នៅក្នុង​អំឡុងពេល​សិក្សា អ្នក​ខ្ចី​អាច​បង់ប្រាក់​ដើម និង​ការប្រាក់​ប្រមាណ 46ដុល្លារ​ក្នុង 1ខែ​ក្នុង​រយៈពេល 1ឆ្នាំ​សម្រាប់​ទំហំ​ទឹកប្រាក់​កម្ចី​ចំនួន 500ដុល្លារ។
-បន្ទាប់ពី​បញ្ចប់​ការសិក្សា ពេល​រក​ការងារ​ធ្វើបាន​ហើយ ទើប​អ្នក​ខ្ចី​បង់​សង​ក៏បាន ដែលមាន​ទាំង​ប្រាក់​ដើម និង​ការប្រាក់​ប្រមាណ 46ដុល្លារ​ក្នុង 1ខែ​ក្នុង​រយៈពេល 1ឆ្នាំ សម្រាប់​ទំហំ​ទឹកប្រាក់​កម្ចី​ចំនួន 500ដុល្លារ។

លោក ហូ វណ្ឌី អគ្គលេខាធិការ​នៃ​សម្ព័ន្ធភាព​ទេសចរណ៍​ជាតិ​កម្ពុជា បាន​កោតសរសើរ​កម្ម​វិធី​នេះ​ដោយ​និយាយថា វា​នឹង​បង្កើន​ធនធានមនុស្ស​នៅក្នុង​ឧស្សាហ​កម្មនេះ។ “វា​គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាបនិស្សិត​ក្នុងការ​ពង្រឹង​ជំនាញ​របស់​ពួកគេ​ហើយ​វា​ចាំបាច់​ខ្លាំងណាស់​ព្រោះ​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​បច្ចុប្បន្ន ខ្វះ​អ្នកជំនាញ ជាពិសេស​នៅក្នុង​សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន​អាកាសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ និង​ភោជនីយដ្ឋាន”។

លោក ហូ វណ្ឌី អគ្គលេខាធិការ​នៃ​សម្ព័ន្ធភាព​ទេសចរណ៍​ជាតិ​កម្ពុជា

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍បាន​ថ្លែងជារឿយៗថា វិស័យ​ទេសចរណ៍​មាន​សក្ដានុពល​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ដោយបាន​បង្កើត​ការងារ​ជូន​ពលរដ្ឋ​កាត់បន្ថយ​ការ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​ព្រមទាំង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ។

ឯកឧត្តមបាន​បន្តថា ដើម្បី​រក្សា​តម្រូវការ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវការ​ការបណ្ដុះបណ្ដាលយ៉ាងហោចណាស់​ចំនួន 5ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ។“គោលនយោបាយ​របស់​យើង​នៅតែ​បន្ត​ជំរុញឱ្យមាន​អ្នកជំនាញ​ទេសចរណ៍​នៅ​កម្ពុជា ហើយ​យើង​ជឿថា នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​ក្នុង​ការធ្វើ​ដូច្នេះ”។ គិត​ត្រឹម​រយៈពេល 5ឆ្នាំ​មកនេះ​វិស័យ​ទេសចរណ៍​បា​នរក​ចំណូល​ចូលក្នុង​សេដ្ឋកិច្ច​ជាតិប្រមាណ 15.145លាន​ដុល្លារ​អាមេរិក។

សូមបញ្ជាក់ថា គិត​ត្រឹម​ឆ្នាំ2017 កម្ពុ​ជាមាន​រមណីយដ្ឋាន​ទេសចរណ៍​ចុះបញ្ជី​ផ្លូវការ​ប្រមាណ394កន្លែង រួមមាន​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​ចំនួន 114កន្លែង រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ធម្មជាតិ 21កន្លែង រមណីយដ្ឋាន​កែច្នៃ33កន្លែង រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ធម្មជាតិ27កន្លែង និង​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ 196កន្លែង។

រមណីយដ្ឋាន​ទាំងអស់នេះ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​នៅ​រយៈពេល 4ខែ​ដើមឆ្នាំ2018នេះ​មាន​ចំនួន​ជាង 2លាន​នាក់​កើនឡើង​ជិត14% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។ ទន្ទឹមគ្នានេះ​បើតាម​ការ​ព្យាករ​កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ 6លាន 2សែន​នាក់​នៅ​ដំណាច់ឆ្នាំ2018នេះ និង​ប្រមាណ 7លាន​នាក់​នៅ​ឆ្នាំ2020 ហើយ​អាច​នាំមក​នូវ​ចំណូល​ប្រមាណ 5,000លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ឱកាស​ការងារ​បាន​ប្រមាណ 1លាន​នាក់​ផងដែរ។

របាយការណ៍​បាន​បញ្ជាក់ថា នៅ​ឆ្នាំ2013 ចំណូល​បានមកពី​វិស័យ​ទេសចរណ៍​មាន​ចំនួន 2,547លាន​ដុល្លារ ឆ្នាំ2014 មាន​ចំនួន 2,736លាន​ដុល្លារ ឆ្នាំ2015មាន​ចំនួន 3,012លាន​ដុល្លារ ឆ្នាំ2016 មាន​ចំនួន3,212លាន​ដុល្លារ និង​ឆ្នាំ2017 មាន​ចំនួន 3,638លាន​ដុល្លារ។ សរុប​ក្នុង​រយៈពេល 5ឆ្នាំ​មកនេះ វិស័យ​ទេសចរណ៍​រកចំណូលបាន​ចំនួន 15,145លាន​ដុល្លារអាមេរិក៕

Advertisement