ត្រឹម​រយៈពេល6ខែ ស្ថាប័ន​ឥណទាន​ជនបទចំនួន50 ត្រូវបាន​បិទទ្វារ

ត្រឹមតែ​រយៈពេល 6ខែ​ដើមឆ្នាំ2018 ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ប្រមាណ​ជា 50ស្ថាប័ន​ត្រូវបាន​បិទទ្វារ ដោយ​មួយចំនួន​ត្រូវ​បង្ខំចិត្ត​បិទទ្វារ​ដោយ​ខ្លួនឯង ហើយ​មួយចំនួនទៀត​ត្រូវបាន​បិទទ្វារ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ដោយសារ​មិន​គោរព​តាម​លក្ខខណ្ឌ​ដែល​កំណត់ដោយ​ច្បាប់។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សរុប​លទ្ធផល​ការងារ​ឆមាស​ទី1 និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆមាស​ទី2 ឆ្នាំ2018 បានឱ្យដឹងថា នៅ​ឆមាស​ទី1នេះ គ្រឹះស្ថាន​ឥណទាន​ជនបទ​ប្រមាណ​ជា 50ស្ថាប័ន​ដែល​មិន​គោរព​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែលមាន​ជា​ធរមាន​របស់​កម្ពុជា​ត្រូវបាន​បិទទ្វារ ដែល​ក្នុងនោះ​មាន​គ្រឹះស្ថាន​មួយចំនួន​បាន​បញ្ឈប់​ដំណើរការ​ដោយ​ខ្លួនឯង និង​គ្រឹះស្ថាន​ផ្សេងទៀត​ត្រូវបាន​បញ្ឈប់​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា

ឯកឧត្តម​មានប្រសាសន៍​បន្តថា លើសពីនេះអត្រា​ការប្រាក់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​ធ្លាក់ចុះ គួរឱ្យកត់សម្គាល់​ពី34% ចំពោះ​ឥណទាន​ប្រាក់រៀល និង29% ចំពោះ​ឥណទាន​ជា​ប្រាក់​ដុល្លារ​អាមេរិក​តាំងពី​ឆ្នាំ2016 មក​ត្រឹម17.85% និង 17.15%តាម​លំដាប់។ការធ្លាក់ចុះ​នេះ​បានផ្តល់​ភាពអំណោយ​ផល​ដល់​ប្រជាកសិករ សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងការ​ទទួលបាន​ឥណទាន​ពីវិស័យ​មីក្រូហិរញ្ញវត្ថុ​ក្នុង​កម្រិត​សមស្រប​សម្រាប់​លើកស្ទួយ​ជីវភាព​រស់នៅ​ និង​កាត់បន្ថយ​ភាពក្រីក្រ។ ម្យ៉ាងទៀត​ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា ទប់ស្កាត់​ការ​ចរាចរការដោះដូរ Cryptocurrency និង​កាស​មួយចំនួនទៀត​ដែល​មិនមាន​ការអនុញ្ញាត ការផ្តល់​កម្ចី​អត្រា​ការប្រាក់​ខ្ពស់​របស់​អ្នកផ្តល់​កម្ចី​ខុសច្បាប់​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​កុំឱ្យ​ចាញ់បោក និង​ខាតបង់​ដោយសារ​ជនខិលខូច​មួយចំនួន​ដែល​បាន​ដើរ​ធ្វើ​សកម្មភាព​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ឱ្យ​ទទួលយក​កម្ចី​ពី​ស្ថាប័ន​របស់ខ្លួន​ក្នុង​លក្ខខណ្ឌ​ងាយស្រួល តែ​ទារ​សង​ត្រឡប់មកវិញ​ក្នុង​អត្រា​ការប្រាក់​ខ្ពស់​លើសពី​ការកំណត់​របស់​ធនាគា​រ​ជាតិ 18%ក្នុង​1ឆ្នាំ។

គួរ​បញ្ជាក់ថា វិស័យ​ធនាគារ​បាន​បន្ត​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​បរិ​យា​ប័ន្ន។ ឥណទាន​ត្រូវបាន​ផ្តល់​ដល់​គ្រប់​វិស័យផ្សេងៗនៃ​សេដ្ឋកិច្ច ដោយបាន​កើនឡើង​ក្នុង​អត្រា18.8% ក្នុង​មួយឆ្នាំ​ដែលជា​កម្រិត​សមស្រប​សម្រាប់​គាំទ្រ​ការរីកចម្រើន​សកម្មភាព​សេដ្ឋកិច្ច និង​មិន​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ។ កំណើន​ឥណទាន​នេះ​បាន​ពឹងផ្អែក​កាន់តែច្រើន​លើ​កំណើន​ប្រាក់​បញ្ញើ​ក្នុងស្រុក​មាន​ចំនួន22%។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋ​ពេញវ័យ​ដែល​បានទទួល​សេវា​ហិរញ្ញវត្ថុ​កើនឡើង​ដល់ 57% នៃ​ប្រជាពលរដ្ឋ​ពេញវ័យ​សរុប​ដែល​គាំទ្រ​ជា​ចម្បង​ដោយ​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ។

ទោះជា​យ៉ាងណា ដើម្បី​បន្ត​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព ការត្រួតពិនិត្យ​ និង​បទ​ប្ប​ញ្ញ​តិ្ត​ក៏ត្រូវ​បាន​លើកកម្ពស់​ជា​លំដាប់ ជាពិសេស​លើ​ការពង្រឹង​ភាពរឹងមាំ​នៃ​ដើមទុន​សន្ទនីយ​ភាព និង​ការគ្រប់គ្រង​ហានិភ័យ​ជា​ប្រព័ន្ធ​នានា ទន្ទឹមនឹង​ការពង្រឹង​កិច្ចការពារ​អតិថិជន​ដែល​តម្រូវឱ្យ​ធនាគារជាតិ​មាន​វិធានការ​បន្ទាន់​ក្នុងករណី​ឥណទាន​ជនបទ​ណាមួយ​ដែល​មិន​គោរព​ច្បាប់​ជាគោលការណ៍​របស់​ធនា​គារ​ជាតិ​ដែល​បាន​ដាក់ឱ្យអនុវត្ត​កាលពី​ឆ្នាំ​កន្លងទៅ។

ជាមួយគ្នានេះ​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​ទីផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ មានប្រសាសន៍​ទទួលស្គាល់​ថា ពិតជា​មាន​ករណី​បិទទ្វារ​គ្រឹះស្ថាន​ឥណទាន​ជាច្រើន​នៅតាម​ជនបទ​ពិតប្រាកដ​មែន​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ដោយសារតែ​ស្ថាប័ន​ឥណទាន​ទាំងនោះ​មិន​គោរព​តាម​ការណែនាំ និង​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​បំពេញ​លក្ខខណ្ឌ​ដែល​កំណត់ដោយ​ធនាគារជាតិ ដូចជា​តម្រូវឱ្យមាន​ដើមទុន​គ្រប់​ចំនួន​ជាដើម។ លើសពីនេះ​ឥណទាន​ជនបទ​មួយចំនួន​មិនបាន​សិក្សា​ឱ្យបាន​ស៊ីជម្រៅ​ទៅលើ​តម្រូវការ​កម្ចី​នោះទេ ថែមទាំង​បញ្ចុះបញ្ចូលឱ្យ​ប្រជាពលរដ្ឋ​ទទួលយក​ប្រាក់កម្ចី​កាន់តែច្រើន រួចហើយ​គិត​អត្រា​ការប្រាក់​ខ្ពស់​លើសពី​ការកំណត់​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​ដែល​បានកំណត់​ត្រឹមតែ18% ក្នុង​រយៈពេល​មួយឆ្នាំ​នោះ ជាហេតុ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជាប់បំណុល​វ័ណ្ឌក​ដោះស្រាយ​មិន​រួច ត្រូវ​រត់ចោល​កន្លែង​លក់ដូរ និង​ជួនកាល​លក់​ដី​សង​គេ​ក៏មាន ហើយ​ជួនកាល​រង​ការគំរាមកំហែង​ពី​បុគ្គលិក​ឥណទាន​ជនបទ​ទាំងនោះ​ថែមទៀត។ លោក​បញ្ជាក់ថា “ធម្មតា​មនុស្ស និង​លុយនៅពេលដែល​គាត់​ត្រូវការ ហើយ​យើង​ឱ្យ​ទៅតាម​ការស្នើសុំ​របស់​គាត់​បាន គាត់​ប្រាកដជា​សប្បាយចិត្ត ប៉ុន្តែ​ក្រោយពី​ទទួលបាន​រួច ទើប​គាត់​ជួប​ការលំបាក​ក្នុង​ការបង់​សង​ត្រឡប់​ទៅវិញ ដោយសារ​ការប្រើ​រូបមន្ត​គិត​ទៅលើ​អត្រា​ការប្រាក់​ខ្ពស់ រហូតដល់​ថ្នាក់​គ្មាន​ប្រាក់​សង​ទៀតផង”។

ករណីនេះ លោក​គាំទ្រ​ចំណាត់ការ​របស់​ធនាគា​រ​ជាតិ​ក្នុង​ការជួយ​បញ្ចៀស​ហានិភ័យ​របស់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​របស់​ពួកគាត់ ពិសេស​ជួយ​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុ​ជាមាន​ដំណើរការ​ទៅមុខ​កាន់តែ​ប្រសើរឡើង​ទៀតផង៕

Advertisement