ទុនបម្រុង​ក្នុង​វិស័យ​ធនាគារ​កើនឡើង​ជាង16ភាគរយ

គ្រឹះស្ថាន​ធនាគារ​បាន​បន្ត​រីកចម្រើន​គួរឱ្យកត់សម្គាល់ ក្នុងនោះ​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ​មាន​កំណើន​ប្រមាណ​ជា12.2% ដែលមាន​ទឹកប្រាក់​សរុប​ចំនួន 125.2ទ្រី​លាន​រៀល ឬ​ប្រហែល​នឹង 31ប៊ី​លាន​ដុល្លារ​អាមេរិក នៅត្រឹម​ឆមាស​ទី1 ឆ្នាំ2018នេះ។

របាយការណ៍​របស់​ធ​នាគារ​ជាតិ​បានឱ្យដឹងថា ស្រប​ពេលដែល​ទ្រព្យសកម្ម​កើនឡើង​នេះ បានធ្វើឱ្យ​ឥណទាន​កើន​ឡើងជា​បន្តបន្ទាប់​ដែលមាន​ចំនួន​ប្រមាណ​ជា16.8% ស្មើនឹង70.6ទ្រី​លាន​រៀល។ ក្នុងនោះ​ដើមទុន​មាន​កំណើន​ប្រមាណ​ជា 22.7% ដល់14.8 ទ្រី​លាន​រៀល និង​កំណើន​មូលនិធិ​កម្ចី​ប្រមាណ​ជា33% ស្មើនឹង6.6ទ្រី​លាន​រៀល និង​កំណើន​ប្រាក់​បញ្ញើ​ប្រមាណ 21.5% ស្មើនឹង 77.4ទ្រី​លាន​រៀល។

គ្រឹះស្ថាន​ធនាគារ​បាន​ពង្រីក​ការផ្តល់សេវា​ឱ្យ​កាន់តែ​ទូលំទូលាយ និង​មាន​ភាពងាយស្រួល​ជាង​មុន តាមរយៈ​ការពង្រីក​សាខា​រហូតដល់ 862សាខា ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ(ATM) ដល់​ទៅ 1,593គ្រឿង។ ការប្រើប្រាស់​ប័ណ្ណឥណទាន និង​ប័ណ្ណ​ឥណ​ពន្ធ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ជាមួយនឹង​កំណើន 36.6% ស្មើនឹង 88,533ប័ណ្ណ និង16.4% ដល់ 1,9 លាន​ប័ណ្ណ​តាម​លំដាប់។

របាយការណ៍​បង្ហាញថា ឥណទាន​ជា​ប្រភព​ទុន​យ៉ាងសំខាន់ ក្នុងការ​គាំទ្រ​ដល់​ការបង្កើត និង​ពង្រីក​អាជីវកម្ម និង​តម្រូវការ​ប្រើប្រាស់ ដែលជា​កត្តា​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា និង​ការកាត់បន្ថយ​ភាពក្រីក្រ។ ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ​បាន​ចូលរួមចំណែក​ទៅលើ​វិស័យសេដ្ឋកិច្ច រួមមាន​ការជួញដូរ​រាយ17.4% ការជួញដូរ​ដុំ11.7% កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ9.8% សំណង់9.9% ការផ្ដល់​កម្ចី​ទិញ​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ 9.4% សេវាកម្ម​មិនមែន​ហិរញ្ញវត្ថុផ្សេងៗទៀត7.1% កម្មន្តសាល​កម្ម5.9% ការជួញដូរ​អចលនទ្រព្យ 6.3% សណ្ឋាគារ និង​ភោជនីយដ្ឋាន4.5% និង​វិស័យផ្សេងៗទៀត18%៕

Advertisement