រយៈពេល 5ឆ្នាំ ចំណូល​បាន​ពី​វិស័យ​រ៉ែ សរុប​ជាង 10,305,170,000រៀល

ក្នុង​រយៈពេល 5ឆ្នាំ​ចាប់ពី2013-2017 ចំណូល​ដែល​ប្រមូលបាន​ពី​វិស័យ​រ៉ែ​លើ​ថ្លៃ​ចុះបញ្ជី​ធនធាន​រ៉ែ កម្រៃ​អាជ្ញាប័ណ្ណ ថ្លៃ​ផ្ទេរសិទ្ធិ​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ ចំណូល​ពី​ការទទួលស្គាល់​សមាសភាព​ភាគហ៊ុន ចំណូល​ចេញ​លិខិតបញ្ជាក់​សំណាក​រ៉ែ និង​ធនធាន​រ៉ែ ចំណូល​ពី​សេវា​ពិនិត្យ​រៀបចំ និង​ដំណើរការ​ឯកសារ លិខិតអនុញ្ញាត​បុរេសនា កម្រៃ​ឈ្នួល​ដី សួយ​សារ​ដី និង​ប្រាក់​ពិន័យ​មាន​ចំនួន​សរុប10,305,170,000រៀល និង31,143,116ដុល្លារ​អាមេរិក។ បើ​យោងតាម​របាយការណ៍​ស្ដីពី​សមិទ្ធផលសំខាន់ៗរបស់​រាជរដ្ឋាភិបាល​ក្នុង​រយៈពេល 5ឆ្នាំ ចាប់ពី​ឆ្នាំ2013 ដល់​ឆ្នាំ2017។

របាយការណ៍​បានឱ្យដឹងថា ក្រៅពី​ចំណូល​ពី​វិស័យ​រ៉ែ ក៏មាន​ចំណូល​ថវិការដ្ឋ ដែល​ប្រមូលបាន​ពី​វិស័យ​ប្រេងកាត មានដូចជា​ថ្លៃឈ្នួល​ផ្ទៃក្រឡា កម្រៃ​អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត ប្រាក់រង្វាន់​ចុះហត្ថលេខា កម្រៃ​រដ្ឋបាល និង​ថវិកា​បណ្តុះបណ្តាល មាន​ចំនួន​ប្រមាណ 17លាន​ដុល្លារ​បន្ថែមទៀត។

ជាមួយគ្នានេះ កន្លងមក​ក្រសួង​រ៉ែ និង​ថាមពល បាន​ខិតខំ​អភិវឌ្ឍ​វិស័យ​ប្រេងកាត ដោយ​ទទួលបាន​លទ្ធផល​ការងារ​មួយចំនួន​ដូចជា​ជំរុញ​ដល់​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ឱ្យ​ដំណើរការ​តាម​បច្ចេកទេស​សុវត្ថិភាព និង​នីតិវិធី​នៃ​ការគ្រប់គ្រង​របស់​ក្រសួង​រ៉ែ និង​ថាមពល និង​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ ត្រូវបាន​លក់​ប្រែប្រួល​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ ដោយមាន​រូបមន្ត​ជាក់លាក់។

សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​វិស័យ​ប្រេងកាត និង​កិច្ចប្រតិបត្តិការ​ប្រេងកាត​បាន​ឈានដល់​ដំណាក់កាល​ធ្វើ​ផលិតកម្ម​នៅក្នុង​ប្លុក A ដែល​រំពឹងថា​នឹង​អាច​ផលិត​ប្រេង​បាន​នៅ​ឆ្នាំ2020 ដោយ​ក្រុមហ៊ុន​ឯកជន។

របាយការណ៍​បាន​បន្ថែមថា ការស្រាវជ្រាវ និង​វាយតម្លៃ​សក្តានុពល​ធនធាន​រ៉ែ គឺជា​ការវិនិយោគ​មួយ​ដែល​ទាមទារ​ឱ្យ​អ្នក​វិនិយោគិន​មាន​សមត្ថភាព​ទាំង​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ពិតប្រាកដ និង​ច្បាស់លាស់ ដោយសារ​ការវិនិយោគ​នេះ មាន​ហានិភ័យ​ខ្ពស់​ណាស់ ពីព្រោះ​ធនធាន​រ៉ែ​ដែល​បាន​រកឃើញ​មិន​ប្រាកដថា អាចធ្វើ​អាជីវ​កម្មបាន​ចំណេញ និង​មិន​ប៉ះពាល់​បរិស្ថាន​ឡើយ។

ដូច្នេះ​ក្រសួង​ត្រូវធ្វើ​ការថ្លឹងថ្លែង​ទៅលើ​ទិដ្ឋភាព​ទាំងអស់ ដែល​រួមមាន​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​គូភាគី​ពាក់ព័ន្ធ រដ្ឋ និង​ក្រុមហ៊ុន​ឯកជន សេដ្ឋកិច្ចសង្គម អត្ថប្រយោជន៍ ដែល​ប្រជាពលរដ្ឋ​ទទួលបាន​ពី​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ ផលប៉ះពាល់​បរិស្ថាន​ចំពោះមុខ និង​ទៅ​អនាគត ការតម្រូវ​ឱ្យ​ស្តារ​បរិស្ថាន​នៅក្នុង​ការដ្ឋាន និង​ផលប៉ះពាល់ផ្សេងៗដល់​សុខុមាលភាព​ដល់​ប្រជាពលរដ្ឋ​ដែល​អាច​កើតមានឡើង​នៅពេល​អនាគត បន្ទាប់ពី​ការដ្ឋាន​អណ្តូងរ៉ែ​ត្រូវបាន​បិទ​ជា​ស្ថាពរ។

តែ​ទោះបីយ៉ាងណា រាល់​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​កន្លងមក នៅតែមាន​គតិយុត្ត​នៅក្នុង​ការអនុវត្ត​រហូត​ក្នុង​រយៈពេល​ស្វែង​រុករក​រ៉ែ​ដែល​បានកំណត់​មិនឱ្យ​លើសពី 8ឆ្នាំ​នឹង​ត្រូវផុត​សុពលភាព។ ចំណែក​រាល់​សំណើសុំ​អាជ្ញាប័ណ្ណ​ស្វែង​រុករក​រ៉ែ​លោហៈ និង​អាជ្ញាប័ណ្ណ​ឧស្សាហកម្ម អាជីវកម្ម​រ៉ែ​លោហៈ​នៅ​តំបន់​សម្បទាន​ថ្មី ត្រូវ​អនុវត្តតាម​គោលការណ៍ និង​លក្ខខណ្ឌ​ដែល​បានកំណត់​ក្នុង​អនុក្រឹត្យ។

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ឯកឧត្តម ស៊ុយ សែម បាន​ថ្លែង​ឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា កម្ពុជា​ដល់ពេល​អាច​ប្រមូល​ផល​ពី​ធនធាន​រ៉ែ​របស់ខ្លួន​ដើម្បី​យកមក​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​ហើយ ពិសេស​ប្រាក់ចំណូល​ពន្ធ​បានមកពី​វិស័យ​រ៉ែ និង​ថាមពល​ក៏បាន​កើនឡើង​យ៉ាងខ្លាំង​ផងដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

ឯកឧត្ដម​បន្តថា «ធនធាន​រ៉ែ​កម្ពុ​ជាមាន​ភាព​សម្បូរបែប ប៉ុន្តែ​ក្រុមហ៊ុន​អន្តរជាតិ​មួយ​បាន​រកឃើញ​រ៉ែ​មាស​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ ដែល​អនុញ្ញាតឱ្យ​កម្ពុជា​អាច​ផលិត​មាស ដោយ​ខ្លួនឯងបាន​នៅ​ឆ្នាំ2019 ខាងមុខនេះ»៕

Advertisement