សាលា​រាជធានី​ភ្នំពេញ​បង្កើត​គម្រោង​ធ្វើ​ឡ​ដុត​សំរាម នៅ​សហគមន៍​អណ្តូង

សាលា​រាជធានី​ភ្នំពេញ​បាន​បង្កើត​ឡ​ដុត​សំរាម​មួយកន្លែង​នៅឯ​សហគមន៍​អណ្តូង ស្ថិតនៅក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ក្នុង​បំណង​កាត់បន្ថយ​ការបំពុល​ខ្យល់អាកាស​ពី​សំរាម និង​ដោះស្រាយ​បញ្ហា​កាកសំណល់​ដែល​ប្រជាពលរដ្ឋ​រស់ក្នុង​សហគមន៍​បាន​យកមក​ចាក់ចោល​ដែល​នាំមក​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​នេះ​បាន​មានប្រសាសន៍ថា ឡ​ដុត​សំរាម​នេះ​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​របៀប​ដែល​ទីក្រុង​ដោះស្រាយ​លើ​បញ្ហា​កាកសំណល់ និង​ការបំពុល​បរិយាកាស។ «ការបង្កើតឱ្យមាន​ឡ​ដុត​សំរាម​នៅក្នុង​សហគមន៍​អណ្តូង​នេះ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានគិត​គូរ​ជា​យូរ​មកហើយ អំពី​សុខភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ដោយសារតែ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​នេះ (សហគមន៍​អណ្តូង)ភាគច្រើន ជា​ប្រជាពលរដ្ឋ​ចំណាកស្រុក ដែល​មក​រស់នៅ​ផ្ដុំ​គ្នាច្រើន»។

ជាមួយគ្នា​នោះ ឯកឧត្តម ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឱ្យ​អភិបាលខណ្ឌ​សែន​សុខ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​រៀបចំ​ដោះស្រាយ​លំនៅឋាន​ដែល​រង​ផលប៉ះពាល់​ពី​ការស្ថាបនា​ឡ​ដុត​សំរាម​នេះ​ឱ្យ​ពួកគាត់​បាន​ទៅ​រស់នៅក្នុង​កន្លែង​រៀបរយ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ឱ្យដឹងថា នឹង​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​ព​ន្លឿ​ន​ការដ្ឋាន​ស្ថាបនា​ផ្លូវ និង​ដាក់លូ​ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នោះ​ឱ្យបាន​លឿន​ដើម្បី​បំពេញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​រួម។

អភិបាលខណ្ឌ​ព្រែក​ព្នៅ​លោក សុខ ស​ម្ប​តិ្ត បាន​និយាយថា ឡ​ភ្លើង​ជា​ប្រភេទ​ទីមួយ​នៅក្នុង​ទីក្រុង ហើយនឹង​ត្រូវ​ប្រើ​ធ្វើជា​ការសាកល្បង​គម្រោង​ដែល​ទាក់ទង​នឹង​ការបំពុលធំ។ «វា​មាន​សមត្ថភាព​ដុត​សំរាម​បាន​ចំនួន 5តោន​ក្នុង​មួយថ្ងៃ ប៉ុន្តែ​វា​នឹង​គ្របដណ្តប់​តែ​លើ​ភូមិ​ចំនួន2 ប៉ុណ្ណោះ»។

លោក​បាន​មានប្រសាសន៍ថា៖ «វា​មិនអាច​ទ្រទ្រង់​សង្កាត់​គោក​រកា​ទាំងមូល​បានទេ ប៉ុន្តែ​វា​អាច​យកទៅ​ប្រើ​ជា​គំរូ​នៅ​សង្កាត់​ដទៃទៀត​បាន»។ លោក​បាន​បញ្ជាក់ថា៖ «វា​ល្អ ពីព្រោះ​នៅពេល​វា​ត្រូវបាន​ប្រើ វា​នឹងមិន​បញ្ចេញ​ផ្សែង​ចូលក្នុង​បរិយាកាស​នោះទេ។ វា​ជួយ​កាត់បន្ថយ​ការចំណាយ ហើយ​វា​នឹង​ជួយ​ធានា​ឱ្យ​សហគមន៍​រក្សា​ភាព​ស្អាតស្អំ​បាន​ទៀតផង»។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​សហគមន៍​ខាងលើ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បញ្ជូន​មកពី​សហគមន៍​មិន​រៀបរយ ប៊ុល​ឌិ​ញ សម្បុកចាប ដីក្រហម និង​បុរី​កីឡា តាំងពី​អំឡុង​ឆ្នាំ2016 រហូតមកដល់​បច្ចុប្បន្ន សហគមន៍​ទាំងនោះ​ទទួលបាន​ការអភិវឌ្ឍ​រីកចម្រើន ទាំង​ផ្លូវ បណ្ដាញទឹក- ភ្លើង លូ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ផ្សេងទៀត​ជាច្រើន៕

Advertisement