អគារ​ពាណិជ្ជកម្ម​ភ្លោះ​លំដាប់​អន្តរជាតិ ត្រូវបាន​សាងសង់​នៅ​ខេត្ត​ព្រះសីហនុ

ដោយ​មើលឃើញ​សក្តានុពល​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​ដែលជា​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​ប្រទេស​កម្ពុជា ក្រុម​វិនិយោគិន​បរទេស​បាន​ចូលមកបណ្តាក់ទុន​យ៉ាងច្រើន​ជា​បន្តបន្ទាប់​នៅ​មួយរយៈ​ចុងក្រោយ​នេះ។ ឧទាហរណ៍ អគារ​ពាណិជ្ជកម្ម​ភ្លោះ​លំដាប់​អន្តរជាតិ​ដ៏​ធំ​មួយ​បានចាប់ផ្តើម​សាងសង់ឡើង​ហើយ​នៅក្នុង​ខែសីហា ឆ្នាំ2018នេះ។

លោក ឈី​វ គួរ​ស៊ី​ញ ប្រធាន​ប្រតិបត្តិ​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​មកពី​ប្រទេស​ចិន​ដែល​គ្រប់គ្រង​លើ​គម្រោង​មួយ​នេះ​បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ​សក្តានុពល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម របស់​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​ប្រទេស​កម្ពុជា ក្រុមហ៊ុន​បានសម្រេច​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់​រាប់លាន​ដុល្លារ​សាងសង់​អគារ​ពាណិជ្ជកម្ម​ពហុមុខ​ងារ លំដាប់ថ្នាក់​អន្តរជាតិ​នៅ​ដើមខែ​សីហា ឆ្នាំ2018នេះ ដែល​វា​ជា​ចំណែក​មួយ​ជួយ​ឱ្យ​សរសៃឈាម​សេដ្ឋកិច្ច​របស់​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​មាន​ភាពរស់រវើក និង​រឹងមាំ​ខ្លាំង​ថែមមួយកម្រិត​ឡើង​ទៀត ដោយ​អគារ​ទាំងនេះ​ធ្វើឡើង​ក្នុង​បំណង​បម្រើឱ្យ​វិស័យ​ពាណិជ្ជកម្ម​ទូទៅ និង​ជាពិសេស​រង់ចាំ​ទទួលភ្ញៀវ​ទេសចរ​ចិន​ដែល​នឹង​មក​ស្នាក់នៅ និង​កម្សាន្ត​ប្រទេស​កម្ពុជា​ចំនួន​ប្រមាណ​ជា2លាន​នាក់​នា​ឆ្នាំ2020ខាងមុខ។

លោក​បន្ដថា ទីក្រុង​ព្រះសីហនុ​បាន​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​តាមរយៈ​ការអភិវឌ្ឍ​ទៅជា​ទីក្រុង​អន្ដរជាតិ​ដែលមាន​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត សណ្ឋាគារ​លំដាប់​ផ្កាយ5 មជ្ឈមណ្ឌល​ទិញ​ទំនិញ តំបន់​កម្សាន្ត​លំដាប់​កំពូល និង​ភោជនីយដ្ឋានល្បីៗមក​ប្រមូលផ្តុំ​នៅ​ទីក្រុង​មួយ​នេះ​ដែល​ធ្វើឱ្យ​ទីក្រុង​នេះ​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

លោក​បាន​បន្តទៀតថា គម្រោង​សាងសង់​អគារ​ពហុមុខ​ងារ​នេះ​មានឈ្មោះ ព្រី​នស៍ ធាន ស៊ី វ៉ាន នឹង​ស្ថិតនៅលើ​ទំហំ​ផ្ទៃដី​សរុប​ជាង 3ហិកតា រចនា​ដោយ​ក្រុមហ៊ុន​អន្តរជាតិ​លំដាប់​កំពូល ដោយ​គម្រោង​ពហុមុខ​ងារ​នេះ​រួមមាន សណ្ឋាគារ​លំដាប់​ផ្កាយ5 និង​ផ្កាយ6 សណ្ឋាគារ​ប៊ូ​ទិ​ក អា​ផាត​មិន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម ដែល​នឹងមាន​ផ្តល់ជូន​នូវ​សេវាកម្ម​លំនៅឋាន និង​ពាណិជ្ជកម្ម​លំដាប់ថ្នាក់​អន្តរជាតិ។

គម្រោង​នេះ​ក៏មាន​រួមបញ្ចូល​នូវ​ផ្សារ​ទំនើប សាល​ពិព័រណ៍ សាលសន្និសីទ​អន្តរជាតិ លំនៅឋាន សេវាកម្ម ពាណិជ្ជកម្ម ភោជនីយដ្ឋាន អាង​ហែល​ទឹក​ទំនើប ក្លិប​ទូក​ល្បឿន​លឿន-ល-ជាពិសេស​គម្រោង​នេះ​ក៏មាន​ចំណតរថយន្ត​ដ៏​ទំនើប និង​ធំ​ទូលាយ​ទំហំ 25,000ម៉ែត្រការ៉េ​ផងដែរ។

ពាក់ព័ន្ធ​នឹង​ករណីនេះ លោក​ឧកញ៉ា​នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​ផ្តល់​សេវា​អចលនទ្រព្យ (KFA)បាន​មានប្រសាសន៍ថា ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ជាប់មាត់​សមុទ្រ និង​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​របស់​កម្ពុជា​ដែល​ស័ក្តិសម​នឹង​ទទួលបាន​ការវិនិយោគ​លើ​គ្រប់​វិស័យ​ពី​សំណាក់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស។ខេត្ត​ដ៏​ល្អ​ស្អាត​មួយ​នេះ​មាន​សក្តានុពល​ដោយសារ​តែមាន​មាត់សមុទ្រ មាន​ភាព​អំណោយផល​ពី​ធម្មជាតិ ផ្តល់នូវ​សោភណភាព និង​ទេសភាព​ស្រស់ស្អាត​សម្រាប់​ការរស់នៅ​ជាទី​មនោ​រម្យ មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ផ្លូវ​ដឹកជញ្ជូន​ជាច្រើន ដូចជា​ផ្លូវ​រថយន្ត​ល្បឿន​លឿន​ដែលមាន​រយៈ​ចម្ងាយ​ខ្លី​ជាង​ផ្លូវជាតិ​លេខ4 មាន​ផ្លូវដែក និង​ផ្លូវអាកាស និង​ផ្លូវ​សមុទ្រ​ពិសេស​មាន​កំពង់ផែ​ទឹក​ជ្រៅ អំណោយផល​នៅក្នុងការ​ដឹកជញ្ជូន​ទំនិញ​ចូលមកក្នុង និង​ចេញទៅ​ក្រៅប្រទេស។

ក្រៅពី​ស្ថិរភាព​សេដ្ឋកិច្ច និង​នយោបាយ​ហើយ រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន​បរទេសឱ្យ​ចូលមក​បណ្តាក់ទុនរ​ក​ស៊ី​នៅ​កម្ពុជា​កាន់តែច្រើនដោយ​អនុញ្ញាតឱ្យ​វិនិយោគិន​បរទេស​អាច​បើក​ក្រុមហ៊ុន​ដោយផ្ទាល់ មាន​សិទ្ធិ​កាន់កាប់​ភាគហ៊ុន100% និង​មានការ​សម្រួល​ការបង់​ពន្ធ ជាដើម ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​ទៅ​បណ្តាក់ទុន​រកស៊ី​លើ​គ្រប់​វិស័យ​នៅ​តំបន់​នោះ​មាន​ទាំង​វិស័យ​ទេសចរណ៍រោងចក្រ​ឧស្សាហកម្ម វិស័យ​អចលនទ្រព្យ​ និង​សំណង់​ជាដើម ដើម្បី​ក្លាយជា​ចំណែក​មួយ​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ខេត្ត និង​សេដ្ឋកិច្ចជាតិ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត៕

Advertisement