ខេត្ត 3 មាន​សក្តានុពលសំខាន់ៗ ដែល​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្នើ​ភាគី​ចិន​ជួយ​វិនិយោគ

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បានស្នើ​ប្រតិភូ​ធុរជន​ខេត្ត​ហ៊ូ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឱ្យ​ពិចារណា​វិនិយោគ​នៅក្នុង​ខេត្ត​ចំនួន 3 ដែលមាន​សក្តានុពលសំខាន់ៗរួមមាន​ខេត្តបាត់ដំបង​ដែល​សម្បូរ​ទៅដោយ​ភោគផល​ដំណាំ ផលិតផល​កសិកម្ម ខេត្តសៀមរាប​ដែលមាន​សក្តានុពល​ទេសចរណ៍ និង​ខេត្ត​ព្រះសីហនុ​ដែលមាន​សក្តានុពល​វិស័យ​ឧ​ស្សហកម្ម​សម្រាប់​បម្រើ​ទីផ្សារ​ក្នុងប្រទេស និង​នាំចេញ​ទៅកាន់​ប្រទេស​ចិន។

ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានធ្វើ​ឡើង​ក្នុងជំនួប​ការងារ​កាលពី​ថ្ងៃទី2 ខែសីហា ឆ្នាំ2018 កន្លងទៅ​នៅ​ទីស្តីការក្រសួង​ជាមួយ​លោក យ៉ាង គ័​រពីង(Yang Guoping) ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Global Ecological Co., Ltd. របស់​ខេត្ត​ហ៊ូ​ណាន ដែល​បាន​ដឹកនាំ​សហការី​មក​សិក្សា​អំពី​លទ្ធភាព​ពង្រីក​រោងចក្រ​ម៉ាស៊ីនកិនស្រូវ ការកែច្នៃ​ផលិតផល​កសិកម្ម​នៅក្នុង​ខេត្តបាត់ដំបង និង​ស្វែងយល់​អំពី​សក្តានុពល​វិនិយោគ​នៅក្នុង​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​ដែល​អាច​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច និង​ទេសចរណ៍ ក៏ដូចជា​វិស័យ​ផ្សេងទៀត​ដែរ។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​លើក​ពី​ចំណុច​មួយចំនួន ដែល​ត្រូវ​ការឱ្យ​ចិន​ជួយ​ដោះស្រាយ​នៅក្នុង​វិស័យ​កសិកម្ម​នេះ ដោយមាន​ប្រសាសន៍​ដូច្នេះ​ថា៖ «ការ​ប្រឈម​នៃ​វិស័យ​ស្រូវ​អង្ករ និង​ដំណាំ​សក្តានុពលផ្សេងៗ រួមមាន ស្វាយ មៀន ពោត និង​ដំឡូង​មី ព្រមទាំង​និយាយ​អំពី​អត្ថប្រយោជន៍​នៃ​ការសាងសង់​ឡស​ម្ងួ​ត​ដើម្បី​រក្សាទុក​កសិផល​បាន​ក្នុង​រយៈពេល​យូរ សំដៅ​ដល់​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ និង​ការផ្គត់ផ្គង់»។

បន្ថែម​លើ​នេះ​ឯកឧត្តម​ក៏​សូមឱ្យ​ភាគី​ចិន​ពិចារណា​វិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​នៅក្នុង​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​ដែលមាន​សក្តានុពល​វិស័យ​ទេសចរណ៍ និង​សម្បូរ​ទៅដោយ​ភោគផល​ដំណាំ​ដែលមាន​សក្តានុពល​សម្រាប់​បម្រើ​ទីផ្សារ​ក្នុងប្រទេស និង​នាំចេញ​ទៅកាន់​ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន​ជាដើម។

លើសពីនេះ​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​សក្តានុពល​ខេត្ត​ព្រះសីហនុ​ដែលជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា និង​ជា​ខេត្ត​ដែលមាន​កំពង់ផែ​ទឹក​ជ្រៅ និង​កំពង់ផែ​ពហុ​បំណង ព្រមទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ប្រមូលផ្តុំ​ទៅដោយ​រោងចក្រ​តូចធំ​ជាង 100ក្រុមហ៊ុន​សម្រាប់​បម្រើ​វិស័យ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម។

ជាការ​ឆ្លើយតប​ទៅនឹង​សំណើ​ទាំងនេះ ភាគី​ចិន​បាន​សន្យាថា​នឹង​នាំយក​ព័ត៌មាន​ដែល​លោក​ទទួលបាន​ទាំងនេះ​ទៅ​ជម្រាបជូន​លោក​អភិបាលខេត្ត​ហ៊ូ​ណាន ដែល​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុ​ជានា​ខែវិច្ឆិកា​ខាងមុខ ព្រមទាំង​ផ្សព្វផ្សាយ​បន្ត​ជូន​សមាគម​ធុរជន និង​វិនិយោគិន​ក្នុងប្រទេស​ចិន និង​ក្នុង​ខេត្ត​ហ៊ូ​ណាន ដើម្បី​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​នៅ​កម្ពុជា សំដៅ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាជន និង​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ឱ្យ​រីកចម្រើន​ទៅមុខ៕

Advertisement