ក្រសួងកសិកម្ម និង (IFAD) បន្ថែម​ប្រាក់​ជាង 15លាន​ដុល្លារ​សម្រាប់​ជួយ​កសិករ​រងគ្រោះ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​អាយ​ហ្វេ​ត(International Fund for Agricultural Development ហៅ​កាត់​ថា IFAD)បាន​សហការគ្នា​បង្កើន​ថវិកា​ប្រមាណ​ជាង 15លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត​នៅក្នុង​វិស័យ​កសិកម្ម ពិសេស​គឺ​ជួយ​ដល់​ប្រជាកសិករ​ដែល​រងគ្រោះ។

នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ច​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា ការបង្កើន​ប្រាក់​បន្ថែម​នេះ​គឺ​បន្ទាប់ពី​បាន​សង្កេតឃើញថា កម្មវិធី​នេះ​បាន និង​កំពុងដំណើរការ​ល្អ និង​កំពុង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ដោយ​ថវិកា​នេះ​គឺ​សម្រាប់​អនុវត្ត​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន 11ក្នុង​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ និង​បង្កើន​ភាព​ធន់​របស់​ដំណាំ​កសិកម្ម​តាមរយៈ​កម្មវិធី​ច្នៃប្រឌិត​ថ្មី ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​ពង្រីក (The Agriculture Services Program for Innovation, Resilience and Extension = ASPIRE) ។

IFAD ធ្លាប់បាន​ចំណាយ​ប្រាក់​សរុប 52.4លាន​ដុល្លារ​អាមេរិក​រួចមកហើយ​សម្រាប់​អនុវត្ត​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន11 ក្នុងនោះ​រួមមាន ខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និង​បាត់ដំបង រយៈពេល7ឆ្នាំ គិត​ចាប់ពី​ឆ្នាំ2015 ដល់​ឆ្នាំ2022។ ទាក់ទិន​នឹង​ការងារ​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី6 ខែសីហា ឆ្នាំ2018កន្លងទៅនេះ នៅ​ទីស្តីការ​ក្រសួងកសិកម្ម​បានរៀបចំ​ពិធី​ចែក​ទោចក្រយានយន្ត និង​កុំព្យូទ័រ​បន្ទះ ជូន​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​នៃ​កម្មវិធី ASPIRE ។

ការផ្តល់​យានជំនិះ និង​ឧបករណ៍​ទាំងនេះ​ក្នុង​គោលបំណង​លើកកម្ពស់ និង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ការផ្តល់​សេវាកម្ម​កសិក​ម្ម​ដែល​ឆ្លើយតប​នឹង​តម្រូវការ​កសិករ​ខ្នាតតូច​ដែលមាន​ទំហំ​ផលិតកម្ម​តូច​ចំនួន 120ពាន់​គ្រួសារ​ក៏ដូចជា​ជួយ​កសិករ​ដែលមាន​ទំហំ​ផលិតកម្ម​តូច ក្រីក្រ និង​ងាយ​រងគ្រោះ​ដែល​អាចធ្វើ​ធុរកិច្ច​កសិកម្ម និង​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់។

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​មានប្រសាសន៍​ណែនាំ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បន្ត​យកចិត្តទុកដាក់​ពង្រីក​ចំណះ​ដឹង ភាព​ឆ្លាត​វៃ ភាព​ឆ្នៃប្រឌិត និង​ភាព​ទទួលខុសត្រូវ​ខ្ពស់​សម្រាប់​បន្ត​ដើរតួនាទី​ជា​គ្រូ និង​ដៃគូ​ដ៏​មាន​សមត្ថភាព និង​ប្រសិទ្ធភាព​ដល់​ប្រជាកសិករ ធ្វើយ៉ាងណា​ឱ្យ​ប្រជាកសិករ​មាន​ភាព​រឹង​ប៉ឹង និង​មាន​ភាពម្ចាស់ការ​ដើម្បី​បន្ត​អនុវត្ត​កម្មវិធី​នេះ​នៅពេលដែល​កម្មវិធី​នេះ​ត្រូវបាន​បញ្ចប់​ដូច​ពាក្យ​ថា ទូក​ទៅ កំពង់​នៅ។

ឯកឧត្តម ក៏បាន​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម សាលា​ជាតិ​កសិកម្ម និង​សាលា​កសិកម្ម​ដទៃទៀត​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ ក៏ដូចជា​ស្រាវជ្រាវ​បច្ចេកទេស​និង​បច្ចេកវិទ្យា​ថ្មី​ទំនើប​សម្រាប់​ប្រជាកសិករ រួមចំណែក​កាត់បន្ថយ​កម្លាំង​ពលកម្ម បង្កើន​ផលិតភាព គុណភាព និង​ប្រាក់ចំណូល។ ធ្វើយ៉ាងណា​ដើរ​ឱ្យទាន់​កំណើន​សេដ្ឋកិច្ចជាតិ ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​ប្រែក្លាយ​ប្រទេស​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ2030។

សូមបញ្ជាក់ថា ពិធី​ចែក​ទោចក្រយានយន្ត និង​កុំព្យូទ័រ​បន្ទះ​ខាងលើនេះ គឺជា​ថវិកា​ជំនួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ចែក​ជូនទៅ​ខេត្ត​គោលដៅ​ចំនួន11 ដែលមាន​ទោចក្រយានយន្ត​សរុប​ចំនួន178គ្រឿង និង​កុំព្យូទ័រ​បន្ទះ​សរុប​ចំនួន៥៦០គ្រឿង៕

Advertisement