សមាជិក CBC កើនឡើងដល់152ស្ថាប័ន

ក្រុមហ៊ុន​ក្រេ​ឌី​ត​ប៊ុ​យ​រ៉ូ(ខេ​ម​បូ​ឌា)ខូ​អិ​ល​ធី​ឌី ហៅ​កាត់​ថា (CBC) បានបង្ហាញ​តួលេខ​របស់ខ្លួន​ថាមកទល់​ពេលបច្ចុប្បន្ន ទ្រព្យសកម្ម​នៅក្នុង​ស្ថាប័ន​មួយ​នេះ​មាន​ចំនួន​សរុប​ប្រមាណ​ជា 40.6ប៊ី​លាន​រៀល ដែល​ក្នុងនោះ​មាន​គ្រឹះស្ថាន​ជា​សមាជិក​ក្នុង​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​សរុប​ចំនួន​ជាង 150ស្ថាប័ន។

លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​ការិយាល័យ​ឥណទាន​នៅ​កម្ពុជា(CBC) បានមានប្រសាសន៍ថា កំណើន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ធនាគារ​បាន​ចូល​ជា​សមាជិក(CBC) មាន​ចំនួន​កើន​ឡើងជា​បន្ត​បន្ទាប់ពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ ដោយ​គិត​ត្រឹម​ចុង​ត្រីមាស​ទី4 ឆ្នាំ2017កន្លងទៅ​មាន​ចំនួន 144ស្ថាប័ន​ជា​សមាជិក និង​មកទល់​ឆមាស​ទី1 ឆ្នាំ2018នេះ​មាន​ចំនួន​កើនឡើង​ដល់152ស្ថាប័ន​ជា​សមាជិក​ដែល​ក្នុងនោះ​មាន​គ្រឹះស្ថាន​ធនាគារពាណិជ្ជ​ចំនួន 39ស្ថាប័ន គ្រឹះស្ថាន​ធនាគារ​ឯកទេស​ចំនួន 14ស្ថាប័ន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន 7ស្ថាប័ន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន70ស្ថាប័ន ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​ចំនួន 12 និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន 10ស្ថាប័ន។

លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​ការិយាល័យ​ឥណទាន​នៅ​កម្ពុជា(CBC)

លោក​បញ្ជាក់ថា ការិយាល័យ​ឥណទាន​នៅ​កម្ពុជា​បានផ្តល់​ទិន្នន័យ​ឥណទាន​អតិថិជន​ដ៏​មាន​សារៈសំខាន់​មួយចំនួន ដូចជា ទំហំ​ឥណទាន​ឯកត្តជនចំនួន​អ្នក​ខ្ចីប្រាក់ ចំនួន​អ្នកធានា និង​ចំនួន​ប្រតិបត្តិការ​ប្រើប្រាស់​ព័ត៌មាន​អតិថិជន។ ហើយ​សមតុល្យ​ឥណទាន​ដែល​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជា​សមាជិក​បានផ្តល់ និង​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​ចែករំលែក​ព័ត៌-មាន​ឥណទាន​មាន​ចំនួន 71,940ប៊ី​លាន​រៀល ដែលមាន​គណនី​សរុប 2,772,072 មានអតិថិជន 3,112,390នាក់ និង​អ្នក​ធានា​សរុប​ចំនួន 313,179នាក់ ហើយ​មាន​ប្រតិបត្តិ​ការទាញយក​ព័ត៌មាន​ឥណទាន​ចំនួន 378,833ប្រតិបត្តិការ។

អ្វីដែល​ធ្វើឱ្យ​ស្ថាប័នហិរញ្ញវត្ថុ​ទាំងនោះ​ព្រម​ចូល​ជា​សមាជិក គឺ​ដោយសារតែ​បេសកកម្ម​របស់ CBC បាន​ជួយ​ផ្តល់ព័ត៌មាន​ដែល​អាច​ទុកចិត្តបាន​ដល់​ស្ថាប័នហិរញ្ញវត្ថុ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ទាក់ទង​នឹង​ការផ្តល់​ប្រាក់កម្ចី។ លោក​ថា ចាប់តាំងពី​ការបង្កើតឡើង​ក្នុង​ឆ្នាំ 2012មក CBCបាន​គ្រប់គ្រង​លើ​ការស៊ើបអង្កេត​ឥណទាន​ជាង 15លាន​គណនីហើយ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​លើក​ម្ចី​មិន​ដំណើរការ​នៅ​ទូទាំងប្រទេស​ឱ្យ​ស្ថិតនៅក្រោម​កម្រិត 2% ខណៈដែល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​បានផ្តល់​ប្រាក់កម្ចី​ដល់​អតិថិជន​ដោយ​មិនបាន​យល់ដឹង​ច្បាស់​ពី​ប្រវត្តិ​កម្ចី​របស់​អតិថិជន ដែលជា​បញ្ហា​បង្កឱ្យមាន​ហានិភ័យ​ក្នុង​ប្រតិបត្តិ-​ការផ្តល់​ប្រាក់កម្ចី​របស់ខ្លួន។

គួរ​រំឭក​ដែរ​ថា នៅ​ត្រីមាស​ទី4 ក្នុង​ឆ្នាំ2017 ការស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​បាន​កើនឡើង​ក្នុង​កម្រិត 19% ក្នុងនោះ​រួមមាន៖ 1.ការស្នើសុំ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​កើនឡើង 15%។ 2.ការស្នើសុំ​ប័ណ្ណឥណទាន​កើនឡើង 94% និង3.ការស្នើសុំ​កម្ចី​អចលនទ្រព្យ​កើនឡើង62%។ ដោយឡែក​ការស្នើសុំ​ប័ណ្ណឥណទាន​មាន​កំណើន​គួរឱ្យ​ចាប់អារម្មណ៍ ដោយសារតែ​មានការ​ស្នើ​សុំ​កើនឡើង​ខ្ពស់​នៅក្នុង​តំបន់​ទំនាប​រហូតដល់ 109% ពិសេស​ក្នុង​រាជធានី​ភ្នំពេញ និង​តំបន់​ទន្លេសាប​ចំនួន 35% ក្នុង​ខេត្តសៀមរាប។ ចំណែក​កម្ចី​អចលនទ្រព្យ​មានការ​កើនឡើង​នូវ​ការស្នើសុំ​ក្នុង​ត្រីមាស​ទី4កន្លងទៅ ដោយ​ឃើញ​មាន​ជា​ចម្បង​នៅក្នុង​តំបន់​ទំនាប រួមមាន​ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង និង​ខេត្តតាកែវ។

ស្របតាម​តម្រូវការ​អតិថិជន មកទល់​ឆមាស​ទី1ឆ្នាំ2018នេះ ការផ្តល់សេវា​ភតិសន្យា(កម្ចី)លើ​អចលនទ្រព្យ​ត្រូវបាន​ពង្រីក​យ៉ាង​ឆាប់រហ័ស និង​មាន​ភាព​សម្បូរបែប​បន្ថែ​ម​ទៀត ដូចជា​យានយន្តគ្រឿងយន្ត​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម និង​សំណង់គ្រឿង​អេឡិចត្រូនិក គ្រឿង​សឹ​ង្ហា​រិម និង​ចលនវត្ថុផ្សេងៗទៀត។

បច្ចុប្បន្ន​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​មាន​ចំនួន13ស្ថាប័ន​ដែល​ធ្វើឱ្យ​ទ្រព្យសកម្ម​សរុប​បាន​កើនឡើង​ប្រមាណ 4.3% ដល់​ចំនួន 0.7ទ្រី​លាន​រៀល និង​ការផ្តល់​ភតិសន្យា​សរុប​បាន​កើនឡើង​ប្រមាណ7% ដល់ 0.6ទ្រី​លាន​រៀល ដោយបាន​ផ្តល់​សេវា​ដល់​អតិថិជន​ប្រមាណ​ជា 66,980នាក់ និង​បាន​បែងចែក​ទៅតាម​វិស័យសំខាន់ៗដូចជា ក្រុមគ្រួសារ​ចំនួន43% វិស័យ​កសិកម្ម​ចំនួន 18% សំណង់ 7% ពាណិជ្ជកម្ម 4% និង​វិស័យផ្សេងៗចំនួន 28% បន្ថែមទៀត៕

Advertisement