ការស្នើសុំ​ខ្ចីប្រាក់​សង្គ្រោះបន្ទាន់​ក្នុង​វិស័យ​ស្រូវ​អង្ករ​បាន​បើកចំហ​ហើយ

យោងតាម​ធនាគារ​អភិវឌ្ឍន៍ជនបទ ឬ RDB (Rulral Development Bank of Cambodia)ដែលជា​អ្នកទទួលខុសត្រូវ​ក្នុងការ​ផ្តល់ប្រាក់​កម្ចី​នេះ​បាន​បង្ហាញថា អ្នក​កិនស្រូវ​ដែល​ត្រូវការ​ដើមទុន​អាចដាក់​ពាក្យស្នើសុំ​ប្រាក់កម្ចី​សម្រាប់​វិស័យ​ស្រូវ​អង្ករ​មក​រដ្ឋាភិបាល​បាន​តាមរយៈ ​RDB។ ប្រាក់កម្ចី​នេះ​គឺជា​ផ្នែក​មួយ​នៃ​យន្ត​ការផ្តល់​ប្រាក់កម្ចី​ដែល​បាន​ផ្តួចផ្តើមឡើង​ដោយ​រដ្ឋាភិបាល​កាលពី​ឆ្នាំ2016 ដើម្បី​ជួយ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ដែលមាន​លទ្ធភាព​ទិញស្រូវ​ពី​កសិករ និង​រក្សា​តម្លៃ​នៃ​ទំនិញ​ថេរ។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ RDB បាន​អំពាវនាវ​ឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​ដែលមាន​ការចាប់អារម្មណ៍​ក្នុងការ​ទទួលបាន​ឥណទាន​បន្ថែម​សម្រាប់​រដូវ​ប្រមូល​ផល​នាពេលខាងមុខ​មក​ដាក់​ពាក្យស្នើសុំ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន នៅពេលដែល​តម្រូវការ​ប្រាក់កម្ចី​សង្គ្រោះបន្ទាន់​សម្រាប់​ឆ្នាំនេះ​ត្រូវបាន​រំពឹងថា នឹង​កើនឡើង បន្ទាប់ពី​មានការ-​សាងសង់​កន្លែង​ស្តុក​ស្រូវ​ឡើងជា​បន្តបន្ទាប់​នោះ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ។

លោក កៅ ថាច ប្រធាន​នាយក​ប្រតិបត្តិ​របស់ RDB បាន​និយាយថា៖ “រដូវ​កាល​នេះ​យើង​មាន​ឡស​ម្ងួ​តស្រូវ និង​ឃ្លាំង​ស្តុក​ថ្មី​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ដែល​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​ស្រូវ​អង្ករ ដូច្នេះ​ក្រុមហ៊ុន​ទាំងនោះ​នឹងមាន​តម្រូវការ​ប្រាក់កម្ចី​សម្រាប់​ការប្រមូល​ផល​ស្រូវ ដែល​មានន័យថា ការប្រមូល​ផលស្រូវ​ស្តុក​នឹងមាន​សមត្ថភាព​ផ្ទុក​ក្នុង​កម្រិត​ខ្ពស់”។

លោក សុង សារ៉ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុនអេ​ម​រូ​រ៉ៃ​ស៍ (Amru Rice) បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​របស់លោក​កំពុង​ត្រៀមលក្ខណៈ និង​រៀប​ផែនការ​ក្នុងការ​ស្នើសុំ​កម្ចី​ជាថ្មី​នៅ​ឆ្នាំនេះ​ដើម្បី​ទិញស្រូវ​ចំនួន 1សែន​តោន។ ដោយហេតុថា ក្រុមហ៊ុន​លោក​ធ្លាប់​បានទទួល​ប្រាក់កម្ចី5លាន​ដុល្លារ​ក្នុង​កម្មវិធី​នេះ​កាលពី​ឆ្នាំមុន​ដើម្បី​សាង-សង់​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​នៅក្នុង​ខេត្ដ​កំពង់ធំ​រួចមកហើយ។

លោក សុង សារ៉ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អេ​ម​រូ​រ៉ៃ​ស៍ (Amru Rice)

លោក​បាន​បញ្ជាក់ថា ការត្រៀម​លក្ខណៈ​នេះ ដោយសារតែ​យើង​ចាប់ផ្តើម​គម្រោង​ពី​ខែសីហា​ដល់​ខែធ្នូ ដោយ​ក្នុង1ខែ​នឹង​ប្រមូល​ផល​ស្រូវ​ឱ្យបាន 2ម៉ឺន​តោន។ ដោយ​បច្ចុប្បន្ន​លោក​បាន​ប្រើប្រាស់​លុយ​របស់​ក្រុមហ៊ុន​ផ្ទាល់​សិន រហូតដល់​ខែសីហា​នឹង​ចាប់ផ្តើម​ប្រើ​ប្រាក់កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​ដែល​ធនាគារ​ក៏បាន​ប្រកាស​ផ្តល់​ប្រាក់កម្ចី​រួចជាស្រេច​ហើយ​ដល់​ក្រុមហ៊ុន​ណា​ដែល​ត្រូវការ ។

លោក​បន្តថា យើង​ក៏បាន​ត្រៀមលក្ខណៈ​ដែរ​ថាតំបន់​ណា​ដែល​យើង​ត្រូវ​ប្រមូល​ដើម្បីឱ្យ​បានសម្រេច​គោលដៅ​ចំនួន 10ម៉ឺន​តោន​ក្នុង​ខែធ្នូ ដោយ​ចាប់ផ្តើម​ពី​ខែសីហា​នេះ​ទៅ យើង​នឹង​ដឹងថា​ចំនួន​ប៉ុន្មាន​ដែល​យើង​ត្រូវ​ខ្ចី។ ចំណែក​អត្រា​ការប្រាក់​ដែល RDB បាន​យក​ពី​ក្រុមហ៊ុន​វិញ ជាទូទៅ​គឺ​ចំនួន 5%។

លោក សារ៉ន មានប្រសាសន៍​បន្ថែមទៀត​ថា កម្មវិធី​កម្ចី​សង្គ្រោះបន្ទាន់​បានបង្ហាញ​ថា ជា​គម្រោង​មាន​ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​ដែល​រកស៊ី​ក្នុង​វិស័យ​ស្រូវ​អង្ករ​នៅ​ទូទាំងប្រទេស។ សម្រាប់​ក្រុមហ៊ុន​លោក ការប្រមូលទិញ​នឹង​ចាប់ផ្តើម​ពី​សហគមន៍​ចំនួន 10 ដែល​ប្រជាកសិករ​ទាំងនោះ​មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន បន្ទាប់មក​ទើប​យើង​ទទួល​ទិញ​ពី​ប្រជាពលរដ្ឋ​ដែល​ពុំទាន់​បាន​ចុះ​កិច្ចព្រមព្រៀង។

កាលពី​ឆ្នាំមុន កន្លែង​ស្តុក​អង្ករ​ជាច្រើន​ត្រូវបាន​សាងសង់​នៅក្នុង​ខេត្ត​ផលិត​ស្រូវសំខាន់ៗរបស់​ប្រទេស ដោយ​ក្រុមហ៊ុន​ឯកជន​បាន​ប្រើ​ប្រាក់កម្ចី​សង្គ្រោះបន្ទាន់​ដែល​រដ្ឋាភិបាល​បានផ្តល់​ឱ្យចំ​នួន 15 លាន​ដុល្លា​ដើម្បី​សាងសង់​កន្លែង​ស្តុក​ស្រូវ។

ឆ្នាំ2016 គឺជា​ឆ្នាំ​ដំបូង​ដែល​មូលនិធិ​សង្គ្រោះបន្ទាន់​ត្រូវបាន​គេ​រកឃើញថា ប្រាក់កម្ចី​ចំនួន 27លាន​ដុល្លារ​ត្រូវបាន​ចំណាយ។ នៅ​ឆ្នាំ2017 មូលនិធិ​នេះ​ត្រូវបាន​ពង្រីក​ដល់ 50លាន​ដុល្លារ ប៉ុន្តែ​មានតែ 36លាន​ដុល្លារ​ប៉ុណ្ណោះ​ត្រូវបាន​ផ្តល់ឱ្យ៕

Advertisement