ADB ផ្តល់​ហិរញ្ញប្បទាន​សង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ នៅ​ខេត្តកំពត

រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល​ហិរញ្ញប្បទាន​សម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ADB (The Asian Development Bank) ដើម្បី​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ពាក់ព័ន្ធ​ក្នុង​តំបន់ឆ្នេរ​ចំនួន3 គឺ​ខេត្ត​កែប កំពត និង​ខេត្តកោះកុង ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​ការធ្វើដំណើរ និង​ទេសចរណ៍​តាម​ច្រករបៀង​ទេសចរណ៍​ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម។

            ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​បាន​ប្រារព្ធ​នៅ​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី8 ខែសីហា ឆ្នាំ2018 នៅឯ​ទីតាំង​កំពង់ផែ​អន្តរជាតិ ដែល​ស្ថិត​ក្នុងភូមិ​កំពង់​ទ្រាក ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ។ កំពង់ផែ​ដែល​គ្រប់គ្នា ពិសេស​ប្រជាពលរដ្ឋ​ខេត្តកំពត​កំពុង​ទន្ទឹងរង់ចាំ​នោះ បានចាប់ផ្តើម​សាងសង់​ហើយ ដោយ​អ្នក​ចូលរួមបាន​និយាយថា កំពង់ផែ​នេះ​នាពេលខាងមុខ​នឹង​ជំរុញ​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​ជាមួយ​វៀតណាម និង​ថៃ និង​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍ និង​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​សម្បូរបែប​ឡើង។

            ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យដឹងថា កំពង់ផែ​ទេសចរណ៍​នេះ​កំពុង​ត្រូវបាន​សាងសង់​ដោយ​ប្រាក់​កម្ចីសម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ដែល​ត្រូវ​បានផ្តល់​ជា​ថវិកា​ដើម្បី​បង្កើន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេសជិតខាង ព្រោះ​ការដឹក​ជ​ញ្ចូ​ន​តាម​ផ្លូវទឹក​ក៏​ជា​សេវាកម្ម​ទេសចរណ៍​មួយ​ដែរ។ រដ្ឋាភិបាល​បាន និង​កំពុង​ផ្តោតលើ​ការអភិវឌ្ឍ​ផ្លូវទឹក​ទាំងនេះ​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅក្នុង​តំបន់ឆ្នេរ និង​ច្រករបៀង​ទេសចរណ៍​ភាគខាងត្បូង ដោយ​នឹងមាន​លទ្ធភាព​ផ្តល់​សេវាកម្ម​ដល់ក​ប៉ាល់​កម្សាន្ត​មកពី​ប្រទេស​វៀតណាម និង​ថៃ។

            យោងតាម​របាយការណ៍​ក្រសួងទេសចរណ៍​បានឱ្យដឹងថា នៅ​ឆ្នាំ2017 ប្រទេស​កម្ពុជា​ទទួលបាន​ទេសចរ​អន្ដរជាតិ​ជាង 5.6 លាន​នាក់​កើនឡើង 11.8%ដែល​រកចំណូលបាន​ច្រើនជាង 3.6 ពាន់​លាន​ដុល្លារ (ជិត12%នៃ​ផលិតផល​ក្នុងស្រុក​សរុប) និង​ផ្តល់​ការងារ​ដោយផ្ទាល់​ដល់​មនុស្ស​ជាង 650,000 នាក់។ ចំពោះ​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ចំនួន 3.2 លាន​នាក់​ដោយមាន​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន 740,000 នាក់​កើនឡើង 20%។

            ធនាគារអភិវឌ្ឍន៍អាស៊ី​បានឱ្យដឹងថា​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ក្រោយ។ ដោយ​គ្របដណ្តប់​ផ្ទៃដី 4ហិកតា​នៅ​ស្រុក​ទឹកឈូ កំពង់ផែ​នេះ​នឹង​អាច​ផ្ទុក​ឡាន​ដឹក​ភ្ញៀវទេសចរ​ដែលមាន​សម​ត្ថ​ភាព​ផ្ទុក​បាន​ពី 200 ទៅ300នាក់។ កំពង់ផែ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​បម្រើភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ 360.000នាក់​ក្នុង​មួយឆ្នាំ​នៅក្នុង​ឆ្នាំ​ដំបូង និង442.000នាក់​នៅ​ឆ្នាំ2022។

            តាម​របាយការណ៍​រប​ស់ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បានឱ្យដឹងថា ក្នុង​រយៈពេល 6ខែ ឆ្នាំ2018 នេះ ខេត្តកំពត​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន 857,529នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​ចំនួន92,718នាក់ ហើយ​ខេត្តកំពត​មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន 17កន្លែង សហគមន៍​ទេសចរណ៍​ចំនួន4គោលដៅ​ទាក់ទង នឹង​សេវា​ស្នាក់នៅ​ចំនួន 220កន្លែង ស្មើនឹង 3,112បន្ទប់ និង​សេវា​ម្ហូបអាហារ​ចំនួន 127កន្លែង។ ជាមួយគ្នានេះ ខេត្តកំពត​គឺជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ល្អ​បំផុត​លើ​ពិភពលោក ហើយ​ក្រុង​កំពត​ក៏​ជា​ក្រុង​ដែល​ទទួលបាន​ផ្ការំដួល 3ទង ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​កាលពីដើមឆ្នាំ2018នេះដែរ៕

Advertisement