ក្រុមហ៊ុន​ក្នុងស្រុក​មួយ​សហការ​ជាមួយ​កសិករ​ផលិត​ស្រូវ​នាំទៅ​ក្រៅប្រទេស

August 10, 2018​ ម៉ោង 2:22 pm

ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា និង​លើកកម្ពស់​ជីវភាព​កសិក​រ​ខ្មែរ​នៅតាម​ជនបទ ក្រុមហ៊ុន​ក្នុងស្រុក​មួយ​បាន​សហការ​ជាមួយ​កសិករ​ជាង 20,000គ្រួសារ​ផលិត​ស្រូវ​នាំចេញ​ទៅកាន់​ទីផ្សារ​បរ​ទេស។

លោក ជីវ អា​នុសន នាយក​ក្រុមហ៊ុន​អង្ករ​កសិកម្ម​រុងរឿង ចំកាត់ បាន​ថ្លែង​ក្នុងជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អំពី​គម្រោង​វិនិយោគទុន​ជាមួយ​សហគមន៍​អឺរ៉ុប​លើ​វិស័យ​កសិកម្ម​ថា រហូតមកទល់​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​វិនិយោគ​លើ​ដំណាំ​ស្រូវ និង​កែច្នៃ​អង្ករ​ក្នុង​ខេត្ត​គោលដៅ​ចំនួន4 គឺ​ខេត្តកំពង់ស្ពឺ កំពត តាកែវ និង​ខេត្តកណ្តាល ដោយបាន​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​កសិករ​ជាង 2ម៉ឺន​គ្រួសារ​ដើម្បី​ផលិត​ស្រូវ​ហូប និង​ជាង 2ពាន់​គ្រួសារ​ទៀត​ជា​អ្នក​ផលិត​ស្រូវពូជ តាមរយៈ​ការផ្តល់​ពូជ និង​បច្ចេកទេស រួច​ប្រមូល​ទិញ​មកវិញ​ដើម្បី​ធ្វើការ​កែច្នៃ​រួច​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន និង​អឺរ៉ុប។

លោក​បន្តថា នៅពេល​គម្រោង​ខាងលើ​ជោគជ័យ ទៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន​មាន​គម្រោង​ពង្រីក​ផលិតកម្ម​បន្ថែម​នៅតាម​ខេត្ត​ទូទាំងប្រទេស​ដើម្បី​ជួយ​ឱ្យ​វិស័យ​កសិកម្ម​នៅ​កម្ពុ​ជាមាន​ភាព​រីកចម្រើន ក៏ដូចជា​ជួយ​ឱ្យ​ជីវភាព​របស់​កសិករ​កម្ពុជា​កាន់តែ​ប្រសើរឡើង​តាមរយៈ​ការខ្ចី​ទុនវិនិយោគ​ពី​សហគមន៍​អឺរ៉ុប។

ទាក់ទង​នឹង​គម្រោង​វិនិយោគ​ខាងលើ ក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការស្វាគមន៍ និង​គាំទ្រ​ចំពោះ​គម្រោង​នេះ ក្នុង​គោលដៅ 1.ជួយ​ជំរុញ​ផលិតកម្ម​ពូជស្រូវ​សុទ្ធ​ល្អ ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ។ 2.រួមគ្នា​ជំរុញ​ការធ្វើ​ទំនើបកម្ម​ផលិតកម្ម​ដំណាំ​ស្រូវ និង​ទី3.ចូលរួម​លើកស្ទួយ​កម្រិតជីវភាព​ប្រជាកសិករ តាមរយៈ​ការបង្កើន​ប្រាក់ចំណូល កាត់បន្ថយ​ភាពក្រីក្រ និង​ការធ្វើ​ចំណាកស្រុក។

ជំហាន​ដំបូង ឯកឧត្តម​រដ្ឋមន្ត្រី​ស្នើឱ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម នាយកដ្ឋាន​ពាក់ព័ន្ធ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ខេត្ត​គោលដៅ ដើម្បី​ពិនិត្យ និង​សិក្សា​វាយតម្លៃ​ទៅលើ​គោលការណ៍​ច្បាប់ និង​បច្ចេកទេស​ឱ្យបាន​ទូលំទូលាយ និង​ស៊ីជម្រៅ​ជាមុនសិន៕