កម្ពុជា​នឹង​ទទួលបាន​កម្ចី​ជាង 30លានដុល្លា ​ពី​ ADB សម្រាប់​ពង្រឹង​គម្រោង​ម៉ាស៊ីនកិនស្រូវ

ក្នុង​គោលដៅ​ពង្រឹង និង​ពង្រីក​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាពទូលំទូលាយ សម្រាប់​ផលិត​អង្ករ​ឱ្យបាន​កាន់តែច្រើន ធនាគារអភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា​ ADB គ្រោង​នឹង​ផ្តល់​កម្ចី​រហូតដល់​ជាង 3លាន​ដុល្លា​ទៅកាន់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវនីមួយៗក្នុងចំណោម​រោង​ម៉ាស៊ីនកិនស្រូវធំៗទាំង10 នៅ​កម្ពុជា។

ប្រកាស​ផ្តល់ប្រាក់​កម្ចី​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី​ទៅដល់​ម្ចាស់​រោង​មា​ស៊ីន​កិនស្រូវ​នៅ​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​លោក មូលសា​រិទ្ធីអគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​លោកUng Malar តំណាង​ស្ថាប័ន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍(SBK)​ដើម្បី​ពិភាក្សា​គម្រោង​ស្តីពី​ការអភិវឌ្ឍវិស័យ​ស្រូវ​អង្ករ (Rice Sector Development Program) ក្រោម​ប្រភព​ទុន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី។

លោក Ung Malar បាន​មានប្រសាសន៍ថា កន្លងមក​គម្រោង​នេះ​បាន​សិក្សា​ទៅលើ​ខេត្ត​ចំនួន3 រួមមាន​ខេត្តព្រៃវែង ខេត្តកំពង់ធំ និង​ខេត្តបាត់ដំបង ហើយ​ផ្តោតលើ​ភូមិ​ចំនួន 90(ក្នុង​មួយ​ខេត្ត30ភូមិ) និង​មាន​ប្រព័ន្ធ​ស្រោចស្រព​ដែល​អាច​គ្របដណ្តប់​លើ​ផ្ទៃដី​បាន​រហូតដល់ 10,300ហិកតា ដោយបាន​សហការ​ជាមួយ​ក្រសួង​មួយចំនួន​ដើម្បី​អនុវត្ត​គម្រោងជួយ​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ក្នុងនោះ​ទី1. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ត្រូវ​រៀបចំ​ធ្វើ​ផែនការ​ក្សេត្រ​បរិស្ថាន​ដើម្បី​កំណត់ថា តើ​តំបន់​ណា​ត្រូវ​ជាមួយ​ដំណាំ​ប្រភេទ​អ្វី​ជាដើម។

ទី2. ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​ត្រូវ​រៀបចំ​ធ្វើ​ផែនការ​អភិវឌ្ឍ​ឃុំ​ដើម្បី​កំណត់ថា​តំបន់​ណា​សម្រាប់ធ្វើ​កសិកម្ម តំបន់​ណា​សម្រាប់​ជា​លំនៅឋាន​ជាដើម។ ពិសេស​គម្រោងខាងលើនេះ ខាង ​ADB គ្រោង​នឹង​ផ្តល់​កម្ចី​រហូតដល់​ជាង 3លាន​ដុល្លា​រទៅកាន់​រោងម៉ាស៊ីននីមួយៗ ក្នុងចំណោម​រោង​ម៉ាស៊ីនធំៗ​ទាំង 10 ដែល​គាត់​បាន​សិក្សា​កន្លងមក។

កម្មករកំពុងចាក់ស្រូវ

សេចក្តីប្រកាស​ព័ត៌មាន​របស់​ ADB បានឱ្យដឹងថា គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ទទួលបាន​ព័ត៌មាន​អំពី​បច្ចុប្បន្នភាព​របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ដោយ​ក្នុងឱកាស​នោះដែរ​លោក មូល សា​រិទ្ធី ក៏បាន​ជម្រាបជូន​អំពី​ការរីកចម្រើន​នៃ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា និង​ការងារ​មួយចំនួនទៀត ដែល​ទាមទារ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​បន្ត​ចូលរួម​ឱ្យ​កាន់តែច្រើន។ ពិសេស​ការជួយ​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្តល់​កម្ចី​ដែលមាន​អត្រា​ការប្រាក់​ទាប ដល់​រោង​ម៉ាស៊ីន និង​ដល់​សហគមន៍​កសិកម្ម ព្រោះ​កន្លងមក​ខាង​សហគមន៍​កសិកម្ម​នៅមាន​ការខ្វះខាត​ដើមទុន​ច្រើនជាពិសេស​ដើមទុន​សម្រាប់​ការចាប់​ផ្តើមធ្វើ​ទំនើបកម្ម កសិកម្ម​បាន​ដោយ​ខ្លួនឯង។

គូរ​បញ្ជាក់ថា រយៈពេល 6ខែ គិត​ចាប់ពី​ខែមករា ដល់​ខែមិថុនា​ក្នុង​ឆ្នាំ2018 នេះ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន 271,537តោន។ ​ចំនួន​នេះ​បាន​ថយចុះ 5.9% បើ​ធៀប​នឹង​ការនាំចេញ​អង្ករ​ក្នុង​រយៈពេល​ដូចគ្នានេះ​កាលពី​ឆ្នាំ2017 ដែលមាន​ចំនួន 288,562តោន ដោយ​កត្តា​នេះ​បណ្តាលមកពី​តម្រូវការ​អង្ករ​ក្រៅប្រទេស​បាន​ធ្លាក់ចុះ​ជាង​ឆ្នាំមុន៕

Advertisement