7 ខែ​ដើមឆ្នាំ តួលេខ​ចំណូល​ពន្ធ​នៅ​បន្ត​កំណើន

អគ្គនាយកដ្ឋាន​ពន្ធដា​រ​ដែលមាន​តួនាទី​ស្នូល​ក្នុង​ការប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ ក្នុង​រយៈពេល 7ខែ​ដើម​ឆ្នាំនេះ​ប្រមូល​ចំណូល​ពន្ធ​បាន​ចំនួន​ជាង 1ពាន់​លាន​ដុល្លារ (1,356.36) ឬ​ស្មើនឹង​ជាង70% នៃ​ផែន​ការដែល​កំណត់ដោយ​ច្បាប់។ នេះ​បើតាម​របាយការណ៍​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ។

ឯកឧត្តម គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ថ្លែងឱ្យដឹងថា លទ្ធផល​ក្នុងការ​ប្រមូល​ចំណូល​ពន្ធ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ទទួលបាន​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ (Online) ក្នុង​ខែកក្កដា​កន្លងទៅនេះ​មាន​ចំនួន​ជាង 689ពាន់​លាន​រៀល​ស្មើ​ប្រមាណ​ជាង 172លាន​ដុល្លារ កើនឡើង​ចំនួន 186ពាន់​លាន​រៀល ឬ​ប្រមាណ​ជាង ៤៦លាន​ដុល្លារ​អាមេរិក ស្មើនឹង​ជាង 37% បើ​ធៀប​រយៈពេល​ដូចគ្នា​នៃ​ចំណូល​ក្នុង​ខែកក្កដា កាលពី​ឆ្នាំ2017។

យោងតាម​ការបញ្ជាក់រ​បស់​ឯកឧត្តម គង់ វិបុល ចំណូល​ដែល​ទទួលបាន​ក្នុង​រយៈពេល 7ខែ ដើមឆ្នាំ2018 អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធ-អាករ​បាន​ចំនួន​ជាង 5ពាន់​លាន​រៀល(5,425.56ពាន់​លាន​រៀល)ឬ​ប្រមាណ​ជាង 1ពាន់​លាន​ដុល្លារ(1,356.36លាន​ដុល្លារ)ឬ​ស្មើនឹង​ជាង70%នៃ​ផែនការ ។

ក្នុងនោះ បើ​ធៀប​ទៅនឹង​រយៈពេល 7ខែ​ដើមឆ្នាំ2017 ឃើញថា ការប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​ក្នុង7ខែ ឆ្នាំ2018នេះ បាន​កើនឡើង​ចំនួន​ជាង 700ពាន់​លាន​រៀល (7,085.6ពាន់​លាន​រៀល) ឬ​ប្រមាណ​ជិត 180លាន​ដុល្លារ (177,14លាន​ដុល្លារ) ឬ​ស្មើនឹង​ជាង15%។

ឯកឧត្តម​បាន​បន្តថា​កំណើន​ចំណូល​ពន្ធ​ក្នុង​ខែកក្កដា​នេះ បាន​ឆ្លុះបញ្ចាំង​ថា សាធារណជន និង​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​មាន​ជំនឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​យ៉ាង​មុតមាំ៕

Advertisement