អ្នកជំនាញ​​អចលនទ្រព្យ​ស្វែងរក​ចំណុច​រួម​លើ​ការវិនិយោគ​វិស័យ​ទេសចរណ៍

ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុងមាន​សម្ទុះ​ខ្លាំង​ដោយសារតែ​វិស័យ​ដីធ្លី និង​អចលនទ្រព្យ ក៏មាន​ចំណែក​ពាក់ព័ន្ធ​ជាមួយ​ផងដែរ​បើទោះបីជា​មានកា​របោះ​ឆ្នោតជាតិ​ក៏ដោយ​ក៏​គេ​មើលឃើញថា មិនមាន​ការ​ថមថយ​ណាមួយ​កើតឡើង​ទេ ក្នុងនោះ​ក៏មាន​ការវិនិយោគ​ទៅលើ​កន្លែង​ស្នាក់នៅ រមណីយដ្ឋាន ដែល​សញ្ញាណ​នេះ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ក៏​ចង់បាន​ការវិនិយោគ​ណា​ដែលមាន​និរន្តរភាព​នៅក្នុង​វិស័យ​ទេសចរណ៍​នេះ​ផងដែរ។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ CATA (The Cambodia Association of Travel Agents)។

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បានឱ្យដឹងថា បច្ចុប្បន្ន​តំបន់ឆ្នេរ និង​កោះ​នានា​របស់​កម្ពុជា បាននិងកំពុង​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ដោយ​ទទួលបាន​ការជំរុញ និង​បង្ហាញ​ទិសដៅ​ពី​ក្រសួង​ពាក់ព័ន្ធ​ក្នុងការ​អភិវឌ្ឍ​តំបន់ឆ្នេរ​ឱ្យក្លាយ​ជា​គោលដៅ​ទេសចរណ៍​ថ្មី បន្ទាប់ពី​កម្ពុជា​សម្បូរ​ដោយ​តំបន់​ទេសចរណ៍វប្បធម៌ ដូចជា​ប្រាង្គ​ប្រាសាទ​ជាដើម។ កិច្ច​ខំប្រឹងប្រែង​នេះ ធ្វើឡើង​ដើម្បី​ត្រៀម​ឆ្លើយតប​ទៅនឹង​កំណើន​អ្នកទេសចរ​អន្តរជាតិ​ដែល​នឹង​អាច​កើន​ដល់ 7លាន​នាក់​ក្នុង​ឆ្នាំ2020 ខាងមុខនេះ ខណៈដែល​កម្ពុជា​កំពុង​ផ្តោត​សំខាន់​ទៅលើ​ទេសចរណ៍​បែប​ធម្មជាតិ។

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា

លោកស្រី​បន្ថែមថា បច្ចុប្បន្ន​ចំនួន​ភ្ញៀវទេសចរ​ជាង​កន្លះ​លាន​នាក់​បាន​ទៅ​ទស្សនា​នៅ​តំបន់ឆ្នេរ ដែល​ស្មើនឹង3 ទៅ4ដង​នៃ​តំបន់​ទេសចរណ៍ផ្សេងៗ ដូច្នេះ​យើង​ត្រូវមាន​ផែនការមេ​មួយ​សម្រាប់​អភិវឌ្ឍ​តំបន់ឆ្នេរ ដើម្បី​ធានា​លើ​ការអភិវឌ្ឍ និង​រក្សាបាន​នូវ​ចំណុចល្អៗដែល​យើង​គួរ​មានការ​អភិវឌ្ឍ ដូច​ជាការ​ស្នាក់នៅ ហូបចុក និង​សេវា​កម្សាន្ត​ជាដើម។

សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បានលើកឡើង​ថា ការអភិរក្ស​តំបន់ឆ្នេរ និង​ការរុករក រមណីយដ្ឋាន​ទេសចរណ៍​បន្ថែម ក៏​ជា​ផ្នែក​មួយ​សំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យមក​ទស្សនា​នៅ​កម្ពុជា​ឱ្យមាន​ការកើនឡើង​ដែរ។ លោកស្រី​បញ្ជាក់ថា រមណីយដ្ឋានថ្មីៗដែល​ត្រូវបាន​រកឃើញ រួមមាន​រមណីយដ្ឋាន​ដូង​ទេរ ក្នុង​ខេត្តកំពត រមណីយដ្ឋានឆ្នេរ​កោះ​ឋានសួគ៌ ក្នុង​ខេត្ត​ព្រះសីហនុ និង​រមណីយដ្ឋាន​កោះរ៉ុង​សន្លឹម​ជាដើម។

ឧកញ៉ា សៀ រិទ្ធី ប្រធាន​ក្រុមហ៊ុន​វើ​ល​ប្រ៊ី​ដ (Worldbride Groups) បាន​មានប្រសាសន៍​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​នេះ​ថា ខ្ញុំ​មិនមែន​អ្នក​ប្រក​បរបរ​ខាង​វិស័យ​ទេសចរណ៍​ទេ តែ​ជាការ​សង្កេត និង​ពិនិត្យ​ទៅលើ​វិស័យ​ទេសចរណ៍​ខ្មែរ អ្នក​ប្រកប​អាជីវកម្ម​ទេសចរណ៍​នាំគ្នា​ធ្វើ​អ្វី​ដោយសារ​ការកើនឡើងជា​ចរន្ត​នៃ​វិស័យ​ទេសចរណ៍ (Trend) ដែលមាន​លំហូរ​ចូលមក​ស្រុក​ខ្មែរ។ ខ្ញុំ​បានឃើញ​ប្រតិបត្តិ​ករ​ទេសចរណ៍(Tour Operator) ដែល​ចង់ឱ្យ​ទេសចរ​មកលេង​នៅ​ស្រុក​យើង និង​គិតថា​ត្រូវធ្វើ​យ៉ាងម៉េច​ឱ្យគេ​មកលេង​ម្តង​ហើយ​ម្តងទៀត ព្រោះ​កន្លងមក​ប្រទេស​យើង​គេ​មកលេង​បានតែ​ម្តង​ទេ គេ​មិនដែល​មកជា​លើក​ទី2 ឬ​ទី3ឡើយ។

ឧកញ៉ា សៀ រិទ្ធី ប្រធាន​ក្រុមហ៊ុន​វើ​ល​ប្រ៊ី​ដគ្រុប (Worldbride Groups)

លោក​ឧកញ៉ា​បន្តថា បើ​គេ​មក​មើល​អង្គរវត្ត​គេ​មិន​មកជា​លើក​ទី2 ទេ ព្រោះ​អង្គរ​វត្តមាន​តែមួយ វា​អត់​មាន​ដំណាក់កាល​ថ្មី ដូច្នេះ​ត្រូវ​ស្វែងរក​ដំណាក់កាល​ថ្មី​ថា តើ​ទេស​ចរមក​មើល​អង្គរ គេ​នឹង​ទៅ​កន្លែង​ណា​ទៀត? ខ្ញុំ​ជឿថា Tour Operator បានគិត គ្រាន់តែ​ថា​ការគិត​នោះ​អាចទៅរួច ឬ​ទៅ​មិន​រួច​តែប៉ុណ្ណោះ?។ ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ក្រសួងទេសចរណ៍​ត្រូវ​គិតថា តើ​ត្រូវ​ដើរទៅ​ផ្លូវ​ណា? យើង​មាន​ភ្ញៀវ​ច្រើន​ឬទេ? ឬ​គិតតែ​ត្រឹម​ថា យើង​មាន​រដូវ​មាន​ភ្ញៀវ(High season) រដូវ​អត់​ភ្ញៀវ(Low season) បើ​យើង​គិតតែ 2ចំណុច​ហ្នឹង យើង​មិនអាច​គិតពី​ផលិតផល(Product)ថ្មី​កើត​ទេ។ ឥឡូវ​យើង​មើលទៅ​កោះ​វិញ កោះ​គឺជា Product ថ្មី​របស់​វិស័យ​ទេសចរណ៍​ក្នុងស្រុក​យើងតែ​ការអភិវឌ្ឍ​កោះ​យើង​អាចធ្វើ​ទៅបាន គឺ​អាស្រ័យ​លើ​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ដែរ នេះ​បើ​យើង​និយាយពី​ការអភិវឌ្ឍ​នៅលើ​កោះ ហើយ​បើ​និយាយ​ពី​ការអភិវឌ្ឍ វិស័យ​ទេសចរណ៍ និង​វិស័យ​អចលនទ្រព្យ​ត្រូវតែ​ស្រប​ទៅ​ជាមួយគ្នា។

អ្នកទេសចរ​មាន​សណ្ឋានខុសៗគ្នា អ្នកទេសចរ​ខ្លះ​គាត់​ចូលចិត្ត​បែប​អេកូ អ្នកខ្លះ​គាត់​ចូលចិត្ត​បែប​វប្បធម៌ អ្នកខ្លះ​ចូលចិត្ត​បែប​ធម្មជាតិ អ្នក​ខ្លះទៀត​ចូលចិត្ត​បែប​ឆ្នេរសមុទ្រ ទាំងអស់​ហ្នឹង​ជា​ចំណុច​មួយ​ដែល​បង្ហាញថា អចលនទ្រព្យ​ក៏​ជា​ចង្កោម​របស់​វិស័យ​ទេសចរណ៍​ដែរ ដូច្នេះ​ការអភិវឌ្ឍ​កោះ​ដំណើរការ​ទៅបាន ទាល់តែ​គិត​ជាថ្មី និង​ត្រូវតែ​គិតថា នៅលើ​កោះ តើ​ត្រូវ​សាងសង់​សណ្ឋាគារ ឬ​សង់​រី​សត? យើង​មិនត្រូវ​មើល​តែ​លើ​រដូវ​មាន​ភ្ញៀវ ឬ​រដូវ​អត់​ភ្ញៀវ​នោះទេ ព្រោះ​ស្រុក​ខ្មែរ​យើង​ពី​ដីគោក​ទៅ​កោះ​ជិះ​ត្រឹមតែ40នាទី ឬ1ម៉ោង​ប៉ុណ្ណោះ ហើយ​យើង​មាន​អ្នករកស៊ី​កាណូត​ដ និង​កប៉ាល់​ដឹក​អ្នកដំណើរ​ច្រើន​ប៉ុន្តែ​មិនទាន់មាន​ស្តង់ដារ​នៅឡើយ។

ប្រតិបត្តិ​ករ​ទេសចរណ៍​ត្រូវធ្វើ​អ្វី​ឱ្យមាន​ស្តង់ដារ​ដើម្បី​ឱ្យមាន​ភាព​ទាក់ទាញ​នៅលើ​កោះ។ បើ​វិស័យ​ឆ្នេរ ផ្នែក​ខាង​រី​សត​គេ​អត់​មាន​គិតពី​មាន​រដូវ​មាន​ភ្ញៀវ ឬ​រដូវ​អត់​ភ្ញៀវ​ទេ យើង​ត្រូវ​គិតថា​អ្នកទេសចរ​គេ​មិនមែន​មក​គ្រាន់តែ​គេង ឬ​ហែល​ទឹក​នោះទេ តែ​យើងត្រូវបង្កើត​សកម្មភាព(Activity) ឬ​សេវាកម្ម(service) ផ្សេងទៀត​ដើម្បីឱ្យ​ទេសចរ​គេ​មកលេង។ ដូច្នេះ​ត្រូវ​សំណូមពរ​ទៅ​រដ្ឋាភិបាល​ឱ្យ​គិតគូរ​លើ​កោះ ដោយ​អភិវឌ្ឍ​បែប​ថែរក្សា​បរិស្ថាន បើ​មិន​គិត​ទេ យើង​នឹង​ជួប​បញ្ហា​នៅ​ថ្ងៃក្រោយ​ដូច កោះ​នៅ​អ៊ុយ​រូ​ហ្គា​យ និង​ហ្វ៊ី​លី​ពី​ន​អ៊ីចឹង។

ប្រតិបត្តិ​ករ​ទេសចរណ៍​ត្រូវ​គិតពី​ការអភិវឌ្ឍ​ជា​សណ្ឋាគារ រី​សត ឬ​បាង​ហ្គា​ឡូ ដែលជា​ការទាក់ទាញ​ទេសចរ​ឱ្យមក​ស្រុក​យើង​ឱ្យបាន តែ​យើង​ត្រូវ​ការជួប​ជជែក​ពិភាក្សា​ឱ្យបាន​ច្រើន​រវាង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ទើប​កោះ​យើង​មាន​សកម្មភាព និង​ឈានទៅរក​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​រីកចម្រើន​ឡើង។

លោក តេង រិទ្ធី ស្ថាបនិក និង​នាយក​ក្រុមហ៊ុន Founder & Director,​ Property Investment Realty Partner បាន​មានប្រសាសន៍ថា ខ្ញុំ​យល់ថា ដី​នៅ​កម្ពុជា​នៅសល់​ពី​ការវិនិយោគ​នៅមាន​វិសាលភាព​ធំ​នៅឡើយ។ យើង​នៅមាន​ព្រៃឈើ សម្បត្តិ​ធម្មជាតិ អរិយធម៌ វប្បធម៌​យើង​ល្អ​ជាងគេ​ច្រើន។ ភាគ​ខាងលិច​ប្រទេស​មាន​ឆ្នេរ​ស្រស់ កោះ​ស្អាត មាន​ព្រៃកោងកាងជា​ចំណុច​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍ បើ​ប្រៀបធៀប​នឹង​ប្រទេសជិតខាង។

លោក តេង រិទ្ធី ស្ថាបនិក និង​នាយក​ក្រុមហ៊ុន Founder & Director, Property Investment Realty Partner

លោក រិទ្ធី បន្តថា ពិតមែនតែ​យើង​មាន​អំណោយផល​ក្នុង​វិស័យ​ទេសចរណ៍​មែន តែ​យើង​នៅ​ខ្វះ​អ្នករៀបចំ មិនទាន់មាន​អ្នករៀបចំ​ឱ្យ​ល្អ ឱ្យ​ត្រូវ​ស្តង់ដារ ទើប​មិនទាន់មាន​ការទាក់ទាញ​ខ្លាំង។ ការ​ស្នាក់នៅ​លំដាប់​ខ្ពស់ តែ​សេវាកម្ម​មិនបាន​ល្អ ការទទួល​បដិសណ្ឋារកិច្ច​មិនទាន់​ទៅដល់​លំដាប់​នោះ។ តែ​យើង​ទទួលស្គាល់ថា វិស័យនេះ​រីកចម្រើន​ខ្លាំង ក្នុងនោះ​យើង​ត្រូវ​គិតដល់​សេវាកម្ម អនាម័យ សណ្តាប់ធ្នាប់​ដែល​កត្តា​នេះ​ជាការ​ទាក់ទាញ​សម្រាប់​ប្រតិបត្តិ​ករ​ទេសចរណ៍ ប្រៀបដូចជា​ច្បាប់​ដែល​យើង​ត្រូវគោរព នោះ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​គេ​នឹង​គោរព​តាម។

ឥឡូវ​រដ្ឋាភិបាល​រៀបចំ​បាន​ច្រើន ដែលមាន​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​រហូតដល់​អឺរ៉ុប អាមេរិកទាំង​ក្នុងស្រុក​ក៏បាន​ល្អប្រសើរ​ជាង​មុន​ដែរ តែ​ក៏​មិនត្រូវ​ភ្លេច​ពង្រឹង​នូវ​វិស័យ​នេះដែរ ដោយ​ធ្វើយ៉ាងណា​ឱ្យ​ភ្ញៀវ​ពេញចិត្ត សប្បាយ នៅ​កម្សាន្ត​ឱ្យបាន​យូរ ឬ​មកលេង​លើក​ក្រោយ​ទៀត ដោយ​ត្រូវ​ផ្តល់នូវ​ស្នាមញញឹម​ដល់​គាត់ ដោយ​ប្រើ​សិទ្ធិ​ប្រកួតប្រជែង​ដើម្បីឱ្យ​វិស័យនេះ​រីកចម្រើន​ទាំងអស់គ្នា។ ការប្រើ​សិទ្ធិ​បាន ទាល់តែ​យើង​មាន​ភាព​ស្អាត សេវា​ល្អ សណ្តាប់ធ្នាប់​ល្អ និង​សុវត្ថិភាព។

តាម​ការ​ព្យាករ​របស់​ក្រសួងទេសចរណ៍​បាន​បង្ហាញថា នៅ​ឆ្នាំ2020 ខាងមុខនេះ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ កើន​ឡើងដល់​ប្រមាណ​ជា 7លាន​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​មកលេង​កម្ពុជា​យ៉ាងតិច​ក៏ 2លាន​នាក់​ដែរ ដោយ​នឹង​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ​ជា 5ពាន់​លាន​ដុល្លារ និង​បង្កើត​ឱកាស​ការងារ​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ជិត 1លាន​នាក់៕

Advertisement