តើ​កសិករ​គួរ​ដាំ​អំពៅ​ពេលណា​ ដើម្បី​កុំឱ្យចំណាយ​ច្រើន និង​ទីផ្សារត្រូវការខ្លាំង?

ការប្រកប​របរ​កសិក​ម្ម កសិករ​មិនគួរ​ធ្វើ​ការដាំដុះ​ទៅតាម​ទម្លាប់ ឬ​តាម​ការនឹកឃើញ​នោះទេពោលគឺ​ត្រូវ​លៃលកជ្រើសរើស​ដាំ​ដំណាំនៅ​រដូវ​ណា​ដែល​មិនសូវ​ចំណាយលុយ​ច្រើន ហើយ​ប្រមូល​ផល​លក់​ចំពេល​ដែលមាន​តម្រូវការ​ទីផ្សារ ខ្លាំងដែល​នេះ​ជាការ​លើកឡើង​របស់​ក​សិ​ករ​ដាំ​អំពៅ​នៅក្នុង​ខេត្តកំពង់ឆ្នាំង។

លោក ឡាយ ម៉េង​ហៃ កសិករ​ដាំ​អំពៅ​នៅក្នុង​ភូមិ​ក្តុល ឃុំ​ក្តុល ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា បើ​ចង់​ដាំ​អំពៅ​គេ​ត្រូវ​ដាំ​នៅ​រដូវ​ភ្លៀង​ធ្លាក់ ទើប​យើង​មិនចាំបាច់​ចំណាយ​ប្រាក់​ទិញ​ប្រេង​ដាក់​ម៉ាស៊ីនបូមទឹក​ស្រោច ហើយ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ រដូវ​កាល​ប្រមូល​ផល​មកវិញ​ថា តើ​គួរ​ប្រមូល​ផល​នៅពេលណា​ដែលមាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ?។

លោក​ថា សម្រាប់​បទពិសោធ​រប​ស់លោក គឺ​តែង​ទទួលបាន​ជោគជ័យ​នៅក្នុង​ការប្រកប​របរ​ដាំ​អំពៅ​នេះ ដោយ​លោក​នឹង​ចាប់ផ្តើម​ដាំ​នៅ​ដើមខែ​មិថុនា​ជា​រៀងរាល់ឆ្នាំ ហើយ​តែង​ប្រមូល​ផល​លក់​នៅ​រដូវប្រាំង គឺ​ចាប់ពី​ខែកុម្ភៈ រហូតដល់​ចូលឆ្នាំ​ខ្មែរ​ហើយចន្លោះ​ពី​ខែមេសា ដល់​ខែឧសភា​រៀងរាល់ឆ្នាំនីមួយៗទើប​អំពៅ​កាប់​លក់​អស់ ហើយ​ចាប់ផ្តើម​ភ្ជួរ​ដី​ចោល ទុក​ដាំ​សា​ជាថ្មីទៀត។

លោក​ថា អំពៅ​លក់ដាច់​ខ្លាំង និង​បាន​ថ្លៃ​ខ្ពស់​នៅ​រដូវប្រាំង ដោយសារ​អតិថិជន​ទិញ​បន្ត​យកទៅ​កៀប​ទឹក​លក់​នៅតាម​មុខ​រោងចក្រ សហគ្រាស និង​លក់​តាម​លំនៅឋាន​ប្រជាពលរដ្ឋ​នានា​នៅក្នុង​ក្រុងភ្នំពេញ វា​មានការ​គាំទ្រ​ច្រើន​ដោយសារតែ​អាកាសធាតុ​ក្តៅ ប៉ុន្តែ​បើ​មេឃ​ត្រជាក់ ពិសេស​នៅ​រដូវវស្សា​វិញ​នោះ​មិនមាន​ការទិញ​ច្រើន​ទេ ដែល​នេះ​ជា​កត្តា​ធ្វើឱ្យ​អំពៅ​ធ្លាក់​ថ្លៃ ម្ចាស់​ចម្ការ​អាច​ខាតដើម​ច្រើន ដូច្នេះ​គួរ​ចៀសវាង​ការដាំ​អំពៅ​រួចហើយ​ប្រមូល​ផល​លក់​នៅ​រដូវវស្សា។

កសិករកំពុងប្រមូលផលដើមអំពៅ

ជាទូទៅ​អំពៅ​មួយ​បាច់​មាន 12ដើម ដែល​តម្លៃ​ជា​មធ្យម​ចាប់ពី 8,000រៀល ដល់1,2000រៀល​ក្នុង​មួយ​បាច់ ទៅតាម​គុណភាព​អំពៅ​ល្អ ឬ​មិនល្អ ឬ​អាស្រ័យទៅលើ​ដើម​តូច និង​ដើម​ធំ។ សម្រាប់​ស្តង់​លក់​អំពៅ​របស់លោក ម៉េង ហៃ ដែល​ដាក់លក់​ដោយ​ខ្លួនឯង​នៅ​ម្តុំ​រោងចក្រ​កាណាឌីយ៉ា​លើផ្លូវ​វេ​ង​ស្រេង​មានការ​គាំទ្រ​ច្រើន ដោយ​មួយថ្ងៃ​អាច​លក់បាន​ប្រមាណ​ជា 1,000បាច់​ឯណោះ​នៅ​រដូវប្រាំង ហើយ​នៅ​រដូវ​នោះ​លោក​មិនមាន​អំពៅ​លក់​ទេ ដោយសារ​ចម្ការ​ដាំ​មុន​ត្រូវបាន​កាប់​លក់​អស់​តាំងពី​ខែឧសភា​ក្រោយ​ចូលឆ្នាំ​មកម៉្លេះ ហើយ​ចម្ការ​ថ្មី​ក៏​ទើបតែ​ចាប់ផ្តើម​ដាំ​កាលពី​ខែមិថុនាថ្មីៗនេះ ដែល​នឹង​អាច​ប្រមូល​ផល​លក់បាន​ក៏​នៅ​ពេលមុន​ចូលឆ្នាំ​ឯណោះ ពោលគឺ​ចាប់ពី​ខែកុម្ភៈ ដើមឆ្នាំ​ក្រោយ​ទៅ។

ដើម្បីឱ្យ​ការដាំដុះ​អំពៅ​ទទួលបាន​ផល​ល្អ កសិករគួរ​កាប់​ថ្នាំងអំពៅ ទៅ​ផ្សាំ​ឱ្យ​ដុះ​ចេញ​ជា​កូន​ជាមុនសិន ហើយ​អំឡុង​ពេលនោះ​កសិករ​គួរ​ឆ្លៀតពេល​ភ្ជួរ​ដី​ឱ្យបាន 1លើក​ទៅ 2លើក ដើម្បីឱ្យ​ដី​ក្លាយជា​ល្បាយ​ធូរ និង​ឱ្យ​ស្មៅ​ងាប់​ឱ្យបាន​ច្រើន​ផង ហើយ​ទើប​លើក​រង​ជាជួរៗចន្លោះ​ពីគ្នា​មួយ​ម៉ែត្រមួយ។ នៅពេល​ត្រាក់ទ័រ​ភ្ជួរ​លើក​ជា​រង​រួច កសិករ​ត្រូវ​ជីករណ្តៅ​ដែលមាន​ជម្រៅ 3តឹក និង​មាន​ទំហំ 3តឹក4​ជ្រុង​ឃ្លាត​ពីគ្នា​កន្លះ​ម៉ែត្រ​ក្នុង​មួយ​រណ្ដៅ​សម្រាប់​ដាក់​ដាំ​កូន​អំពៅ។

អំពៅដែលហុចផល

ក្រោយពី​ជីករណ្តៅ​រួច គេ​ត្រូវដាក់​ជី​ទ្រាប់​បាតរួច​ទើប​យក​កូន​អំពៅ​ទៅ​ដាក់​ដាំ​តាម​រណ្តៅ ដែល​គេ​កាប់​រួច​ជាជួរៗទៅតាម​រងនីមួយៗនោះ នៅក្នុងដំណាក់​កាលនោះ​បើសិន​មិនមាន​មេឃ​ភ្លៀង​ទេ គេ​ត្រូវ​បូមទឹក​ស្រោច​មួយ​សប្តាហ៍​ម្តង​រហូតដល់​កូន​អំពៅ​ចាប់​ឫស​ដុះ​លូតលាស់​ល្អ។ ឯ​វិធីសាស្ត្រ​ដាំ​ដុះ​ម្យ៉ាងទៀត គេ​មិនចាំបាច់​បណ្តុះ​កូន​ទុកជាមុន​ក៏បាន​ដែរ តែ​គេ​អាច​រើស​ថ្នាំងអំពៅ​ណា​ដែលមាន​ភ្នែកល្អៗមក​កាប់​ដាក់​ដាំ​នៅតាម​រណ្តៅនីមួយៗតែម្តង ក៏​អំពៅ​អាច​ដុះ​ឡើង​បាន​ដូចគ្នា​ដែរ តែ​ដុះ​មិនសូវ​ល្អ ឬ​មិនបាន​ដុះ​គ្រប់​ចំនួន​តាម​ការដាំ​នោះទេ កសិករ​អាច​យក​ចុង​អំពៅ​ទៅ​ដាក់​ដាំ​ជួស​កន្លែង​ណា​ដែល​មិន​ដុះ​បាន ដើម្បី​កុំឱ្យ​ខាត​ដី និង​កុំឱ្យ​បាត់បង់​ទិន្នផល​ផង។

កសិករ​ខាងលើ​អះអាងថា ជាទូទៅ​លោក​តែង​ដាំ​អំពៅ​នៅពេល​ដឹងថា​ដល់​រដូវ​ធ្លាក់ភ្លៀង​ចៀសវាង​ការចំណាយ​ប្រាក់​ច្រើន​ក្នុង​ការរៀបចំ​ប្រព័ន្ធ​ទឹក ឬ​ទិញ​ប្រេង​មក​បូមទឹក​ស្រោច​អំពៅ។ ហើយ​នៅពេល​ធ្លាក់ភ្លៀង​កូន​អំពៅ​នឹង​លូតលាស់​បានល្អ។ ក្នុងដំណាក់កាល​លូតលាស់​ដំបូង កសិករ​គួរ​ដាក់​ជី​នៅតាម​គុម្ព​អំពៅនីមួយៗ ហើយ​យក​ត្រាក់ទ័រ​ភ្ជូ​រ​ដី​កប់​ជី ដើម្បីឱ្យ​វា​លូតលាស់​រឹតតែ​ល្អ​ឡើង រហូតដល់​ដើមអំពៅ​លូត​ធំ​ឡើង​បាន 5ទៅ6ថ្នាំង គេត្រូវ​សក​ស្លឹក​វា​ចេញ​ម្តង​ដើម្បីឱ្យ​លូត​កម្ពស់បាន​កាន់តែ​ខ្ពស់​ឡើង ហើយ​នៅពេល​ដើម​អំពៅ​លូត​បាន​កម្ពស់​ជាង 1ម៉ែត្រ ទើប​គេ​សក​ស្លឹកវា​ម្តងទៀត។ លោក​ថាក្នុង​មួយឆ្នាំ​គេ​អាច​ប្រើ​ជី 2 ទៅ3លើក ដើម្បីឱ្យ​ដើម​អំពៅ​លូតលាស់​ល្អ និង​មាន​ដើម​ថ្លោសធំៗដែល​អាច​លក់បាន​ថ្លៃ។ ហើយ​បើសិនជា​យើង​ថែទាំ​ភ្ជួរ​ដី​ដាក់​ជី​បានល្អ យើង​នឹង​អាច​ប្រមូលបាន​លឿន​ត្រឡប់មកវិញ ជាពិសេស​អាច​កាប់​លក់​បាន​នៅពេល​ទីផ្សារ​មាន​តម្រូវការ​ខ្លាំង គឺ​ចាប់ពី​ខែកុម្ភៈ​រហូតដល់​ខែឧសភា។

អំពៅដែលប្រមូលផលបាន

គួរ​បញ្ជាក់ថា ក្នុង​មួយ​ហិកតា​គេ​អាច​ដាំ​អំពៅ​បាន​ប្រមាណ​ជា 2ម៉ឺន​គុម្ព ដោយ​ក្នុង​មួយ​គុម្ព​មាន​ជា​មធ្យម 3ដើម ដូច្នេះ​សរុបទៅ​គេ​ទទួលបាន​អំពៅ​ចំនួន 60,000ដើម ឬ​ស្មើនឹង5,000បាច់ ហើយ​បើ​មួយ​បាច់​ថ្លៃ​មានតម្លៃ​ជា​មធ្យម 10,000រៀល ដូច្នេះ​ក្នុង​មួយ​ហិកតា កសិករ​នឹង​ទទួលបាន​ប្រាក់​ជាង1ម៉ឺន​ដុល្លារ ដោយ​ផាត់​សោហ៊ុយ និង​ការចំណាយផ្សេងៗអស់​ទៅ កសិករ​អាច​ទទួលបាន​កម្រៃ​ច្រើន​គួរសម​ដែរ។ ប៉ុន្តែ​បើសិនជា​អំពៅ​គ្មាន​តម្រូវការ​នៅក្នុង​ទីផ្សារ ពេលខ្លះ​កសិករ​ត្រូវ​ទុកចោល ឬ​ដុតចោល​ទាំង​ចម្ការ​ក៏មាន។ ប៉ុន្តែ​សម្រាប់​លោក ម៉េង ហៃ មិនមែនដាំ​អំពៅ​តាម​ការនឹកឃើញ ឬ​ដាំ​ទាំង​ប្រថុយប្រថាន​នោះទេ បើសិនជា​គ្មាន​ម៉ូយ​ទៅ​ទិញ គឺ​លោក​នឹង​ដឹក​មក​លក់​ដោយ​ខ្លួនឯង​នៅ​ភ្នំពេញ​តែម្តង៕

Advertisement