មន្ត្រីទទួលការហ្វឹកហាត់ពង្រឹងសមត្ថភាពលើការយល់ដឹងពី«ព័ត៌មានទីផ្សារ»

សិក្ខាសាលាបណ្តុះបណ្តាលមួយត្រូវបានក្រសួងពាណិជ្ជកម្មរៀបចំឡើងដើម្បីបណ្ដុះបណ្ដាលមន្ត្រីរដ្ឋាភិបាលជាង 40នាក់មកពីទូទាំងប្រទេសអំពីបញ្ហាពាក់ព័ន្ធនឹងការយល់ដឹងពី «ព័ត៌មានទីផ្សារ» ដែលជាប្រធានបទសំខាន់សម្រាប់ជំរុញការអភិវឌ្ឍវិស័យឯកជននៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងពីកិច្ចខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម និងក្រៅពីការធ្វើពិពិធកម្មទីផ្សារថ្មីៗហើយនោះ ក្រសួងក៏បានធ្វើកិច្ចអន្តរាគមន៍មួយចំនួនដើម្បីរក្សាស្ថិរភាពតម្លៃទំនិញនៅលើទីផ្សារ ជាពិសេសមុខទំនិញដែលជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាស្រូវ អង្ករ ប្រេងឥន្ធនៈ អគ្គិសនី និងទឹកស្អាតជាដើម។

ឯកឧត្តមបានគូសបញ្ជាក់ថា៖«ក្រសួងបានចងក្រងជាសមាគមម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ដំឡូងមី ក្រូចថ្លុងកោះទ្រង់ និងជលផលសមុទ្រ ហើយបច្ចុប្បន្នក្រសួងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធធ្វើការចរចាជាមួយភាគីចិនអំពីអនាម័យ និងភូតគាមអនាម័យ (SPS) ដើម្បីសម្រួលដល់ការនាំចេញរបស់អាជីវករ និងពាណិជ្ជករកម្ពុជាថែមទៀត»

ឯកឧត្តម មានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចខិត​ខំ​​ប្រឹងប្រែងទាំងនេះផ្តោតជាពិសេសទៅលើធនធានមនុស្សរបស់ប្រទេស។ «TTRI កំពុងធ្វើការដើម្បីបង្កើនជំនាញមន្ត្រីរដ្ឋាភិបាលនិងអ្នកជំនួញដើម្បីបង្កើនផលិតភាព»

លោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម TTRI (the Trade Training and Research Institute)បានថ្លែងនៅឯសិក្ខាសាលាថា ការបង្កើនការយល់ដឹងអំពីទីផ្សារគឺមានសារៈសំខាន់ក្នុងការជម្នះឧបសគ្គចម្បង ៗ មួយចំនួនដែលផលិតផលក្នុងស្រុកប្រឈមនឹងការជ្រៀតចូលទីផ្សារបរទេស។ «គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីហ្វឹកហាត់មន្ត្រីរដ្ឋាភិបាលលើវិស័យផ្សេងៗ ដូចជានិន្នាការទីផ្សារ និងតម្រូវការនាំចេញ ជាដើម។

លោកបានបញ្ជាក់ថា៖«វគ្គបណ្តុះបណ្តាលនេះនឹងជួយឱ្យមន្រ្តីពាណិជ្ជកម្មយល់ដឹងពីប្រព័ន្ធ និងឧបករណ៍ថ្មីៗដែលត្រូវបានប្រើដើម្បីវិភាគនិន្នាការទីផ្សារសក្តានុពលទីផ្សារ ទំហំទីផ្សារ កំណើនទីផ្សារក៏ដូចជាទាក់ទិននឹងការប្រើប្រាស់ឧបករណ៍វិភាគទីផ្សារអន្តរជាតិ ITC International Market Analysis Tools ដើម្បីកំណត់និន្នាការទីផ្សារ លក្ខខណ្ឌច្រកចូលទីផ្សារព្រមទាំងឱកាស និងបញ្ហាប្រឈមសម្រាប់ជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ។ មន្ត្រីនឹងបញ្ជូនចំណេះដឹងនេះទៅឱ្យពាណិជ្ជករ»

ព័ត៌មានទីផ្សារ ជាទូទៅសំដៅទៅលើព័ត៌មានដែលទាក់ទងទៅនឹងទីផ្សាររបស់ក្រុមហ៊ុនដែលត្រូវបានប្រមូលផ្តុំ និងវិភាគដើម្បីឱ្យមានការសម្រេចចិត្តត្រឹមត្រូវជាពិសេសនៅក្នុងវិស័យ ដូចជាឱកាសទីផ្សារ ការជ្រៀតចូលទីផ្សារ និងការអភិវឌ្ឍទីផ្សារ។ ជាមួយនឹងការយល់ច្បាស់អំពីព័ត៌មានទីផ្សារ មន្រ្តីរបស់យើងអាចជួយដល់ពាណិជ្ជករ និងអ្នកជំនួញដែលចង់បង្កើនការលក់របស់ពួកគេនៅក្នុង និងក្រៅប្រទេស។ មន្រ្តីនឹងត្រូវបានបំពាក់បន្ថែមទៀតដើម្បីជួយដល់ក្រុមហ៊ុនធ្វើការសម្រេចចិត្តទាក់ទងនឹងផលិ​ត​ផល ការផ្តោតលើផលិតផលដែលត្រូវផលិត និងអ្នកដែលត្រូវធ្វើជាដៃគូ និងកន្លែងនាំចេញ៕

Advertisement