អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដាក់​ដំណើរការ System ថ្មី​គ្រប់គ្រង​ការបង់ប្រាក់​យានយន្ដ

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នឹង​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ប្រភេទ​ថ្មី​មួយ​ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរ​ចេញ-ចូល​នៅក្នុង​ព្រលានយន្តហោះ ជាពិសេស​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ នៅមុខ​ព្រលានយន្តហោះ​តែម្តង។ នេះ​បើតាម​ប្រសាសន៍​លោកស្រី CHLOE LAPEYRE អគ្គនាយិកា ក្រុមហ៊ុន CAMBODIA Airports នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី14 ខែសីហា ឆ្នាំ2018។

លោកស្រី​អគ្គនាយិកា បានឱ្យដឹងថា ការដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ប្រភេទ​ថ្មី​នេះ​នឹង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើចរាចរ​ចេញ និង​ចូល​នៅក្នុង​ព្រលានយន្តហោះ​បាន​រហូតដល់​ទៅ 3ដង នេះ​គឺ​ចង់​សំដៅ​ទៅដល់​រថយន្ត​ដែល​បាន​ចរាចរ​នៅក្នុង​ព្រលានយន្តហោះ​អាច​ចេញ-ចូល​បាន​ឆាប់រហ័ស​ជាង​មុន និង​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ជាពិសេស System ថ្មី​នេះ មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​លើ​ការគ្រប់គ្រង​ថវិកា ដោយ​តម្រូវឱ្យ​អ្នកចេញ-ចូល​ត្រូវ​បង់​ថវិកា​តាមរយៈ​ម៉ាស៊ីន​ប្រភេទ​ថ្មី​នេះ​វិញ។

លោកស្រី​ថ្លែងថា Systemប្រភេទ​ថ្មី​មាន​ភាពបត់បែន​ឆាប់រហ័ស​ទៅតាម​ចំនួន​មនុស្ស និង​យានយន្ត​ជាក់ស្តែង​ដែល​កំពុងតែ​ធ្វើ​ចរាចរណ៍​នៅក្នុង​ព្រលានយន្តហោះ​នេះ​ផ្ទាល់។ ទាំងនេះ​ជា​កត្តា​មួយ​ដែល​ធ្វើឱ្យ​ការគ្រប់គ្រង​លើ​ដំណើរការ​ចរាចរណ៍​មាន​ភាពប្រសើរឡើង និង​មាន​សុវត្ថិភាព​ខ្ពស់​ផងដែរ។

នៅ​ថ្ងៃទី16 ខែសីហា ឆ្នាំ2018 ស្អែក​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​បើក​ឱ្យ​ដំណើរការ​ចំណត​ម៉ូតូ​សាធារណៈ និង​ចំណត​តាក់ស៊ី។ ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ដាក់ឱ្យ​ដំណើរការ​កាត​ពណ៌​ស្វាយ​ដែលមាន​សារៈសំខាន់​ចំនួន 3សំខាន់ៗដែល​នឹង​ធ្វើឱ្យ​រថយន្ត​អាច​ចេញ-ចូល​បាន​លឿន​ដើម្បី​ដាក់​ភ្ញៀវ​ចុះ និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត ដោយ​មិន​តម្រូវឱ្យ​អ្នក​ដែលមាន​កាត​ប្រភេទ​នេះ​ចុះទៅ​បង់ប្រាក់​ឡើយ ប៉ុន្តែ​System ប្រភេទ​ថ្មី​នេះ​នឹង​បើក​ច្រក​ទាំង​ចេញ-ទាំង​ចូល​ដោយ​ស្វ័យប្រវត្តិ​តែម្តង។

លោកស្រី​អគ្គនាយិកា​ក្រុមហ៊ុន​បានបញ្ជាក់​ថា ការចូល​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តម្លៃ​ម៉ូតូ និង​ម៉ូតូ​កង់​បី​គឺ 2,000រៀល បង់​នៅ​បញ្ជរ​បង់ប្រាក់​របៀប​ទំ​នើ​ប​គ្មាន​បុគ្គលិក​រង់ចាំ​ទទួល​ទេ គឺ​បង់លុយ​ក្នុង​ម៉ាស៊ីន​ស្វ័យប្រវត្តិ។ រីឯ​រថយន្ត​ធុន​តូច​ចត​ក្នុង​ព្រលានយន្តហោះ​ក្នុង​រយៈពេល15នាទី តម្លៃ 4,000រៀល ចត​លើសពី 15នាទី​ឡើងទៅ ត្រូវ​គិត​បន្ថែមទៀត ហើយ System ថ្មី​នេះ​គឺ​មិនទាន់មាន​ប្រើប្រាស់​នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប​ទេ មានតែ​ក្នុង​ព្រលានយន្តហោះ​អន្តរជាតិ ភ្នំពេញ​ប៉ុណ្ណោះ។

លោកស្រី​បានបញ្ជាក់​ទៀតថា ក្នុង 1ថ្ងៃ​មាន​រថយន្ត​ចំនួន 3,000គ្រឿង បាន​ចូលមកក្នុង​អាកាសយានដ្ឋាន ព្រមទាំង​មាន​ចំណតរថយន្ត​ចំនួន 450ចំណត។ បច្ចុប្បន្ន​ខាង​ក្រុមហ៊ុន​បាន​ដាក់ឱ្យ​ដំណើរការ Systemប្រភេទ​ថ្មី​នេះ​តែ​នៅក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ តែមួយ​ប៉ុណ្ណោះ ដោយសារតែ​នៅ​រាជធានី​ភ្នំពេញ ភាគច្រើន​នៃ​ចំនួន​អ្នកចេញ-ចូលក្នុង​ព្រលានយន្តហោះ ពួកគាត់​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន។ រីឯ​នៅ​ខេត្តសៀមរាប អ្នកចេញ-ចូល​ភាគច្រើន​ជា​ភ្ញៀវទេសចរ​អន្តរជាតិ ដូច្នេះ​គឺ​ពួកគាត់​ប្រើប្រាស់​ការដឹកជញ្ជូន​សាធារណៈ​ដូចជា តាក់ស៊ី និង​មធ្យោបាយផ្សេងៗទៀត៕

Advertisement